ភ្លើងឆេះផ្ទះពលរដ្ឋអស់១២ខ្នងនៅខេត្តកំពង់ចាម
2014.12.24
អគ្គីភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋនៅភូមិរកា សង្កាត់សំបួរមាស ក្រុងកំពង់ចាម អស់ចំនួន ១២ខ្នង នៅរសៀលថ្ងៃទី២៤ ធ្នូ។ ចំណែកផ្ទះ ១៣ខ្នងផ្សេងទៀតដែលនៅជិតគ្នា ត្រូវអាជ្ញាធរសម្រេចរុះរើ ដើម្បីទប់ស្កាត់ការឆេះរាលដាលតទៅទៀត។
ស្នងការនគរបាលខេត្តកំពង់ចាម លោក ប៉ែន រ័ត្ន ដែលដឹកនាំកម្លាំងផ្ទាល់នៅកន្លែងកើតហេតុឲ្យដឹងថា មូលហេតុពិតប្រាកដនៃការឆេះនោះ អាជ្ញាធរមិនទាន់សន្និដ្ឋានបានយ៉ាងណាទេ ពីព្រោះភ្លើងផ្ដើមចេញពីផ្ទះដែលម្ចាស់មិននៅ។ លោកបន្តថា ក្នុងអគ្គីភ័យនោះមិនបង្កឲ្យពលរដ្ឋណារងគ្រោះធ្ងន់ធ្ងរទេ គ្រាន់តែមានពលរដ្ឋម្នាក់សន្លប់ដោយឈ្លក់ផ្សែងភ្លើង។ លោកបន្តថា ផ្ទះឆេះ គឺភាគច្រើនជាពលរដ្ឋឥស្លាមរស់នៅ ចំណែកការខូចខាតមិនទាន់វាយតម្លៃបានទេ៖ «បាទ! យើងគ្រប់គ្រងបានទាំងស្រុងហើយអូន! ហើយឥឡូវឡានទឹកយើងបីត្រៀមចាំនៅហ្នឹង ខ្លាចកម្រើកឡើងវិញ»។
លោកបន្តថា អាជ្ញាធរខេត្តនឹងនាំនូវជំនួយខ្លះទៅជូនពលរដ្ឋរងគ្រោះនៅថ្ងៃទី២៥ ធ្នូ។ យ៉ាងណា លោកស្នើឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការប្រើប្រាស់ភ្លើងអគ្គិសនី គប្បីប្រើប្រាស់ឲ្យបានត្រឹមត្រូវតាមបច្ចេកទេស៕