ភ្លើង​ឆេះ​ក្លឹប​កម្សាន្ត​ស្កាយផត​នៅ​ផ្លូវ​២០០៤​រាជធានី​ភ្នំពេញ

ដោយ ប្រាជ្ញ ចេវ
2015-09-18
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
សមត្ថកិច្ច​កំពុង​បាញ់​ទឹក​ពន្លត់​ភ្លើង​ឆេះ​ក្លឹប​កម្សាន្ត​ស្កាយផត (Sky Port) នៅ​តាម​ផ្លូវ​២០០៤ ភូមិ ត្រពាំងល្វា សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៥។
សមត្ថកិច្ច​កំពុង​បាញ់​ទឹក​ពន្លត់​ភ្លើង​ឆេះ​ក្លឹប​កម្សាន្ត​ស្កាយផត (Sky Port) នៅ​តាម​ផ្លូវ​២០០៤ ភូមិ ត្រពាំងល្វា សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ នៅ​យប់​ថ្ងៃ​ទី​១៨ ខែ​កញ្ញា ឆ្នាំ​២០១៥។
RFA/Brach Chev

ស្ត្រី​បម្រើ​ការងារ​នៅ​ក្លឹប​កម្សាន្ត ស្កាយ ផត (Sky Port) ម្នាក់ ឲ្យ​វិទ្យុ​អាស៊ីសេរី ដឹង​កាល​ពី​យប់​ថ្ងៃ​ទី​១៨ កញ្ញា ថា នៅ​ខណៈ​ភ្លើង​កំពុង​ឆេះ​ក្លឹប​កម្សាន្ត​នេះ ពេល​អគ្គីភ័យ​ផ្ដើម​ឆេះ​ដំបូង អ្នក​គ្រប់គ្រង​ក្លឹប បាន​បិទ​របង​មិន​ឲ្យ​ភ្ញៀវ និង​បុគ្គលិក​ចេញ​ក្រៅ​បរិវេណ​ទេ។ ស្ត្រី​ដដែល​ពន្យល់​ថា មូលហេតុ​ដែល​គេ​បិទ​របង​នេះ ព្រោះ​ខ្លាច​ភ្ញៀវ​រត់​ចេញ​មក​ក្រៅ​មិន​ឲ្យ​លុយ​ថ្លៃ​ច្រៀង​ខារ៉ាអូខេ។

ស្ត្រី​ដែល​បាន​ឃើញ​ហេតុការណ៍​នេះ​បន្ត​ថា ភ្លើង​បាន​ឆេះ​ចេញ​ពី​ជាន់​លើ។ ប្រភព​បន្ត​ថា នៅ​ពេល​របង​ក្លឹប​ត្រូវ​បិទ​ដូច​នេះ អ្នក​ខ្លះ​បាន​ឡើង​លើ​របង​ដើម្បី​រត់​ចេញ ហើយ​អ្នក​ផ្សេង​ទៀត​បាន​រុញ​ទម្លុះ​របង​ដើម្បី​ចេញ​ក្រៅ ស្រប​ពេល​ដែល​មាន​អណ្ដាត​ភ្លើង និង​ផ្សែង​ខ្មៅ​ហុយ​ខ្មួលខ្មាញ​ពេញ​ហាង។

ក្លឹប​កម្សាន្ត ស្កាយ ផត មាន​ទីតាំង​កែង​ផ្លូវ​២០០៤ ស្ថិត​ក្នុង​ភូមិ​ត្រពាំងល្វា សង្កាត់​កាកាប ខណ្ឌ​ពោធិ៍សែនជ័យ។ អគ្គីភ័យ​ចាប់​ផ្ដើម​ឆេះ​កាល​ពី​ម៉ោង​ជាង ៨​យប់ និង​ត្រូវ​ពន្លត់​ដោយ​ប៉ូលិស និង​ទាហាន​កងពល​តូច​លេខ​៩០ ដែល​នៅ​ក្បែរ​នោះ នៅ​ម៉ោង​ជាង ១០ ក្នុង​រាត្រី​ដដែល។ សមត្ថកិច្ច​ប្រើ​ឡាន​ជិត ២០​គ្រឿង​ដើម្បី​ពន្លត់។

ស្នងការ​រង​រាជធានី​ភ្នំពេញ ទទួល​បន្ទុក​ពន្លត់​អគ្គីភ័យ លោក នេត វន្ថា ឲ្យ​ដឹង​ថា របាយការណ៍​​បឋម​ដែល​ទទួល​បាន គ្មាន​មនុស្ស​ស្លាប់ ឬ​របួស​នៅ​ក្នុង​ហេតុការណ៍​នេះ​ទេ ប៉ុន្តែ​ខូចខាត​ទ្រព្យសម្បត្តិ​ខ្លះៗ​នៅ​ក្នុង​ហាង។ លោក​បន្ត​ថា អគ្គីភ័យ​ផ្ដើម​ឆេះ​ដំបូង​ចេញ​ពី​បន្ទប់​មួយ​ក្នុង​ចំណោម​បន្ទប់​ទាំង​១០ ដែល​កំពុង​តែ​មាន​ភ្ញៀវ​ច្រៀង​ខារ៉ាអូខេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល