កម្មករ​ដែល​ថៅកែ​មិន​ព្រម​បើកប្រាក់​ខែ​ឲ្យ​តាំងពី​ខែ​មករា​អត់​លុយ​ទៅ​ស្រុកកំណើត

ដោយ សេក បណ្ឌិត
2018.04.08
កម្មករ ៦១០ កម្មករ​រោងចក្រ​កាត់​ដេរ ហ្វឺសហ្គាវ័ន កម្ពុជា (First Gawon Apparel-Cambodia) នៅ​តាម​ផ្លូវ​ជាតិ​លេខ ២ ក្នុង​សង្កាត់​ចាក់អង្រែក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ធ្វើ​កូដកម្ម​ទាមទារ​ឱ្យ​មាន​ការ​កែលំអ​លក្ខខណ្ឌ​ការងារ កាល​ពី​ថ្ងៃ​ទី២០ ខែ​សីហា ឆ្នាំ​២០១៣។
RFA/Leng Maly

ក្រុម​កម្មករ កម្មការិនី ដែល​មាន​ជម្លោះ​ជាមួយ​ថៅកែ​រោងចក្រ រឿង​មិន​ព្រម​បើក​ប្រាក់ខែ​ឲ្យ​តាំង​ខែ​មករា ដើម​ឆ្នាំ​២០១៨​នេះ អះអាង​ថា នៅ​ពេល​បុណ្យចូលឆ្នាំ​នេះ ពួកគេ​គ្មាន​គម្រោង​ទៅលេង​ស្រុក​កំណើត ដូច​កម្មករ​ដទៃ​ទេ ដោយសារ​ពុំ​មាន​ប្រាក់​ចាយវាយ​ដូច​គេឯង​ដទៃ​ទៀត។

ក្រុម​សហជីព​ទាមទារ​ឲ្យ​ថៅកែ​គោរព​ច្បាប់​ការងារ បើក​លុយ​ឲ្យ​កម្មករ​មុន​ចូលឆ្នាំ ដើម្បី​ឲ្យ​ពួកគាត់ មាន​ឱកាស​ទៅ​ជួបជុំ​គ្រួសារ នៅ​ស្រុកកំណើត។

កម្មការិនី នៃ​រោងចក្រ​ហ្វើសហ្គាវ័ន្ដ អាប់ភើរ៉ែល (First GAWON Apparel) នៅ​សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌ​មានជ័យ រាជធានី​ភ្នំពេញ ប្រាប់​ថា ពិធីបុណ្យ​ចូលឆ្នាំ នៅ​ឆ្នាំនេះ ពួកគាត់​មិន​អាច​ទៅលេង​ស្រុកកំណើត ដូច​កម្មករ​ធ្វើការ​នៅ​រោងចក្រ​ដទៃ​ទេ ដោយសារ ថៅកែ​ជា​ជនជាតិ​កូរ៉េ នៅតែ​មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​ពួកគាត់។

កម្មការិនី ប្រាប់​ថា ពួកគាត់​ភាគច្រើន បាន​នាំគ្នា​វេច​ចាន ឆ្នាំង មុង​កន្ទេល មក​ចង​តង់​ដេក​មុខ​រោងចក្រ​តម្រៀប​គ្នា​អស់ហើយ ព្រោះ​៣​ខែ​ហើយ ដែល​ពួកគាត់​មិនទាន់​ទទួល​បាន​ប្រាក់​ឈ្នួល ដូច្នេះ​ពួកគាត់ គ្មាន​ប្រាក់​បង់ថ្លៃ​ផ្ទះ និង​មាន​អ្នកខ្លះ​ជំពាក់​ធនាគារ​ថែមទៀត។

កម្មការិនី​ម្នាក់ អ្នកស្រី សុខ សំណាង ប្រាប់​ថា គាត់​សោកស្ដាយ​ចំពោះ​ការ​ខកខាន​ទៅលេង​ស្រុក​កំណើត​នៅ​ឆ្នាំនេះ។ បើទោះជា​ពួកគាត់​បាន​ស្វះ​ស្វែងរក​កិច្ច​អន្តរាគមន៍ នៅ​ក្រសួង​ការងារ​ជាច្រើន​ដង​ហើយ ប៉ុន្តែ​នៅតែ​មិនទាន់​មាន​លទ្ធផល។ អ្នកស្រី សុខ សំណាង ទាមទារ​ឲ្យ​រដ្ឋាភិបាល​អន្តរាគមន៍ ក្នុង​រឿង​នេះ ដើម្បី​ណែនាំ ឬ​បង្ខំ​ឲ្យ​ថៅកែ​រោងចក្រ​គោរព​ច្បាប់​ការងារ និង​គួរ​ចេញមុខ​ផ្ដល់​ប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ក្នុង​រោងចក្រ រួច​ចាំ​កាត់​យក​ពី​ថៅកែ​វិញ ដើម្បី​អាច​ឲ្យ​ពួកគាត់​មាន​លទ្ធភាព​ទៅលេង​ស្រុកកំណើត នៅ​រដូវ​ចូលឆ្នាំ។ «»

កាលពី​ថ្ងៃ​ទី​១៨ ខែ​មករា កម្មករ​រោងចក្រ ហ្វើស ហ្គាវ័ន អាប់ភែរឹល បាន​លើ​ដាក់​ញត្តិ​នៅ​ខុទ្ទកាល័យ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ម្ដង​ហើយ ដើម្បី​ស្នើសុំ​ដោយ​ផ្ទាល់​ឲ្យ​លោក ហ៊ុន សែន ជួយ​រក​ដំណោះស្រាយ​ដល់​ពួកគាត់។ កម្មករ​រោងចក្រ​ហ្វើសហ្គាវ័ន្ដ ឲ្យ​ដឹង​ទៀត​ថា ថៅកែ​រោងចក្រ ជនជាតិ​កូរ៉េខាងត្បូង ធ្លាប់​មាន​ប្រវត្តិ​ថ្មីៗ​នេះ រត់ចោល​កម្មករ មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ​ម្ដង​ហើយ នៅ​រោងចក្រ​ហ្គាវ័ន្ដ ក្នុង​ក្រុង​តាខ្មៅ។ ប៉ុន្តែ​រោងចក្រ​ហ្គាវ័ន្ដ នៅ​ក្រុង​តាខ្មៅ ត្រូវ​តុលាការ​ចេញ​ដីកា​បង្គាប់​ឲ្យ​កម្មករ​នាំគ្នា​លក់​ឡាយឡុង សម្ភារៈ​រោងចក្រ ក្រោយពេល​កម្មករ​ដេក​យាម​រាប់​ខែ ទាំងថ្ងៃ​ទាំង​យប់ នៅមុខ​រោងចក្រ។

ជម្លោះ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ​ហ្វើសហ្គាវ័ន្ដ​នេះ អូស​បន្លាយ​តាំងពី​ខែ​មករា ដើម​ឆ្នាំ​២០១៨ មក​ម្ល៉េះ។ ក្រុម​កម្មករ ប្រាប់​ថា ថៅកែ​រោងចក្រ​តែង​ប្រើប្រាស់​ផ្លូវ​តុលាការ​ដើម្បី​បង្ខំ​ឲ្យ​កម្មករ ចូល​ធ្វើការ​វិញ ក្នុង​រយៈពេល​មិនបាន​បើកប្រាក់​ឈ្នួល​៣​ខែ​មកនេះ។ ពួកគាត់​ថា ដើម្បី​រង់ចាំ​ទទួល​ប្រាក់​ឈ្នួល និង​ជៀសវាង​ថៅកែ​មាន​លេស​ចោទ កម្មករ និង​សហជីព ថា​មាន​ចរិត​ញុះញង់ ឬ​បិទ​ផ្លូវ ជាដើម ពួកគាត់​បាន​បង្ខំចិត្ត​ចូល​ធ្វើការ​វិញ តាម​សេចក្ដី​បង្គាប់​របស់​តុលាការ បើទោះជា​៣​ខែ​ហើយ ពួកគាត់​គ្មាន​បាន​ប្រាក់​ឈ្នួល​សោះ។

អាស៊ីសេរី មិន​អាច​សុំ​ការ​បំភ្លឺ​ពី​អ្នកនាំពាក្យ​ក្រសួង​ការងារ លោក ហេង សួគិ៍ បាន​ទេ ជុំវិញ​ករណី​កម្មករ​គ្មាន​លុយ​ទៅលេង​ស្រុក​នៅ​រដូវ​ចូលឆ្នាំ ដោយសារ​ថៅកែ​មិន​ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ។

ប្រធាន​សហជីព​ស៊ីខៅឌូប្រចាំ​រោងចក្រ ហ្វើសហ្គាវ័ន្ដ លោក ខឹម មករា ឲ្យ​ដឹង​ថា ក្រុម​កម្មករ​ទើប​នាំគ្នា​ចេញ​មក​ធ្វើ​កូដកម្ម​ចង​តង់​ដេក​មុខ​រោងចក្រ​ម្ដងទៀត កាលពី​ថ្ងៃ​ទី​៦ មេសា។ លោក​ថា កាលពី​ថ្ងៃទី៥ មេសា ភាគី​ទាំង​៣ មាន​សហជីព ថៅកែ​រោងចក្រ និង​មន្ត្រី​ក្រសួង​ការងារ បាន​ប្រជុំ​គ្នា​រក​ដំណោះស្រាយ ប៉ុន្តែ ថៅកែ​ប្រាប់​ថា យល់ព្រម​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ ក្នុង​ម្នាក់​ទទួល​បាន ១៧​ដុល្លារ ស្មើនឹង​ប្រហែល​ខ្ទង់ ៦​ម៉ឺន ៨​ពាន់ (៦៨០០០)​រៀល ក្នុង​មួយ​ខែ ព្រោះ​ថៅកែ​គ្មាន​លទ្ធភាព​បើក​ឲ្យ​កម្មករ។ សហជីព​ថា កម្មករ​មិន​ព្រម​ទទួលយក​ដំណោះស្រាយ​បែបនេះ​ទេ ទើប​ពួកគាត់​សម្រេចចិត្ត នាំគ្នា​ចេញ​ធ្វើ​កូដកម្ម​ម្ដងទៀត។ «»

សហជីព​ប្រាប់​ថា បើ​ទោះ​ជា​គ្មាន​ប្រាក់​បើក​ឲ្យ​កម្មករ ប៉ុន្តែ​ថៅកែ​ជា​ជនជាតិ​កូរ៉េ គឺ អ្នកស្រី ផាក់ ក្យុងហ៊ី មិន​ព្រម​រត់ចោល​កម្មករ​ដូច​កាល​គាត់​រត់ចោល​កម្មករ​រោងចក្រ​ហ្គាវ័ន្ដ នៅ​ក្រុង​តាខ្មៅ​ឡើយ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​កម្មករ​មិន​អាច​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន។ កម្មករ​និង​សហជីព សំណូមពរ​ឲ្យ​របប​ក្រុងភ្នំពេញ ចេញមុខ​បើកប្រាក់​ឈ្នួល​ឲ្យ​កម្មករ ទាំង​៣​ខែ​សិន ដើម្បី​ពួកគាត់​អាច​ទៅលេង​ស្រុកកំណើត នៅ​ពេល​បុណ្យចូលឆ្នាំ​បាន រួច​ចាំ​ទូទាត់​ជាមួយ​ថៅកែ​រោងចក្រ​វិញ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។