ប្រជា​នេសាទ​នៅ​បាត់ដំបង​ថា នៅ​ពីក្រោយ​ការ​បង្ក្រាប​បទល្មើស​នេសាទ មាន​បង្កប់​អំពើពុករលួយ

0:00 / 0:00

ប្រជា​នេសាទ​នៅ​តំបន់​បឹង​ទន្លេសាប ខេត្ត​បាត់ដំបង​លើកឡើង​ថា នៅក្នុង​រដូវរងា ដែល​ជា​ខែ​សម្បូរ​ត្រី បទល្មើស​នេសាទ​នៅតែ​កើត​មាន ដោយសារ​មន្ត្រី​ជលផល​ទទួល​សំណូក​ពី​ជនល្មើស និង​ទុក​ឱកាស​ឱ្យ​អ្នក​ប្រព្រឹត្ត​បាន​រួចខ្លួន​។ សង្គម​ស៊ីវិល​ជំរុញ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ចុះ​ធ្វើ​អធិការកិច្ច​លើ​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​នៅ​តាម​មូលដ្ឋាន ដើម្បី​ធានា​បាន​នូវ​ការ​អនុវត្ត​ច្បាប់​មាន​តម្លាភាព និង​ត្រឹមត្រូវ។

ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ នៅ​តំបន់​បឹង​ទន្លេសាប ខេត្ត​បាត់ដំបង​ត្អូញត្អែរ​ថា រដូវ​ត្រជាក់​ឆ្នាំនេះ ផល​នេសាទ​ធ្លាក់ចុះ ដោយសារ​បទ​ស្មើ​ស​នេសាទ នៅតែ​កើនឡើង ខណៈ​អាជ្ញាធរ​បង្ក្រាប​បានតែ​បទល្មើស​តូចតាច​ប៉ុណ្ណោះ។

ប្រជា​នេសាទ​នៅ​ភូមិ​បាក់ព្រា ស្រុក​ឯក​ភ្នំ ខេត្ត​បាត់ដំបង លោកស្រី យ៉ាវ ហ្វាន់ ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី៣០ ធ្នូ ថា ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​របស់​មន្ត្រី​ជលផល​កន្លង​មក គឺ​ចាប់​បាន​តែ​បទល្មើស​លក្ខណៈ​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ​។ លោកស្រី​បន្ត​ថា មន្ត្រី​ជលផល និង​អ្នក​ប្រព្រឹត្តិ​បទល្មើស​ធំៗ ហាក់​មាន​ទំនាក់ទំនង​ជាមួយគ្នា ព្រោះ​ពួកគេ​ហាក់​ដឹង​ទុក​មុន​ថា មន្ត្រី​ជលផល​នឹង​ចុះទៅ​បង្ក្រាប​នៅ​ពេល​ណា ដែល​ធ្វើ​ឱ្យ​ពួកគេ​មាន​ឱកាស​រើ​ឧបករណ៍​ខុសច្បាប់ ឬ​គេចខ្លួន។

លោកស្រី យ៉ាវ ហ្វាន់៖ «និយាយ​រួម​ទៅ ប្រជាពលរដ្ឋ រក​(​ត្រី​)ខ្សោយ​ហើយ សមត្ថកិច្ច​ខ្លាំង​លើស​ដើម។ ទ្រង់ទ្រាយ​ធំ គេ​អត់​ទទួលស្គាល់​ទេ គេ​ចាប់​ទ្រង់ទ្រាយ​តូច ថត​ឡាយ​ទៅ មាន​មុខ​គេ​តែ​បន្តិច»។

ប្រជា​នេសាទ​ឱ្យ​ដឹង​ថា ឧបករណ៍​នេសាទ​ខុសច្បាប់ ដែល​កំពុង​មាន​សកម្មភាព​នៅ​លើ​បឹង​ទន្លេសាប មាន​ដូចជា ស្បៃ​មុង មង​ក្រឡា​ញឹក និង​ដាយ​ត្រី ជាដើម ដែល​បាន​ដាក់​ពង្រាយ​ប្រវែង​រាប់ពាន់​ម៉ែត្រ នៅ​តាម​ឡូត៍​នេសាទ​ធំ និង​តំបន់​ព្រៃ​លិច​ទឹក​មួយ​ចំនួន។

ប្រជា​នេសាទ​ម្នាក់​ទៀត នៅ​ភូមិ​ព្រៃចាស់ លោក ឈិន ទី ប្រាប់​ថា នៅ​មុន​ពេល​ដែល​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ម្ដងៗ អ្នកនេសាទ​ដែល​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ហាក់​ដឹង​ច្បាស់​ពី​កាតព្វកិច្ច​ក្នុង​ការ​យក​លុយ​ទៅ​បង់​ឱ្យ​មន្ត្រី​ជលផល ជា​ថ្នូរ​នឹង​ការ​លើកលែង ឬ​ប្រាប់​ដំណឹង​ជាមុន​។ លោក​បន្ត​ថា អំពើពុករលួយ​ក្នុង​បទល្មើស​នេសាទ​នេះ​កើតមានឡើង​ជាច្រើន​ឆ្នាំ​មក​ហើយ ដែល​ធ្វើ​ឱ្យ​អ្នក​ប្រព្រឹត្តិ​បទល្មើស​នេសាទ អាច​បន្ត​សកម្មភាព​រហូត​មក។

លោក ឈិន ទី៖ «គេ​ដាក់​ច្រើន​នាក់​ដែរ ប៉ុន្តែ​នៅ​ពេល​ជលផល​ចុះ​មក គេ​ឱ្យ​លុយ​ទៅ ដល់​ពេល​រួច​ទៅ នរណា​មាន​ខ្នង​ធំ អត់​អី​ទេ នរណា​អត់​មាន​ខ្នង អត់ឱ្យ​លុយ​គេ​(​ជលផល​)គេ​ចាប់​ទាំងអស់​។ នរណា​មាន​ខ្សែ​ធំ គេ​ដោះស្រាយ​ចេញ ប៉ុន្តែ​បើ​យើង​អត់​មាន​ខ្សែ គេ​ដោះស្រាយ​អត់​ចេញ គេ​កាប់ឆ្ការ​(​ឧបករណ៍​)​អស់​ទៅ»។

វិទ្យុ​អាស៊ីសេរី​មិន​អាច​ទាក់ទង នាយ​ខណ្ឌ​រដ្ឋបាល​ជលផល ខេត្តបាត់ដំបង លោក ជួង សុភា និង​អភិបាលស្រុក​ឯកភ្នំ លោក ម៉ិល សុផល ដើម្បី​សុំ​ការ​បកស្រាយ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ធ្នូ។

កាលពី​ថ្ងៃទី​២៧ ខែធ្នូ អាជ្ញាធរ​ខេត្ត​បាត់ដំបង បាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់ ក្នុងភូមិសាស្ត្រ​ចំណុច​អូរដារ ច្រាំង​ចោទ បឹងសំ អតីត​តំបន់​ឡូត៍​នេសាទ​លេខ​២ តំបន់​រ៉ាំសា ព្រែក​ទាល់ និង​បន្ទាយ​សត្វ​ស្លាប ស្ថិត​ក្នុង​ឃុំ​កោះ​ជីវាំង ស្រុក​ឯក​ភ្នំ​។ ក្នុង​ប្រតិបត្តិការ​នោះ អាជ្ញាធរ​បាន​ចុះ​បង្ក្រាប​កន្លែង​នេសាទ​ជា​លក្ខណៈ​សិប្បកម្ម ក្នុង​កន្លែង​អភិរក្ស​ជលផល ចំនួន ០៤​ករណី និង​កាប់​បំផ្លាញ សាច់​មង ប្រវែង​ជាង ៣​ពាន់​ម៉ែត្រ (៣.៥០០) ឡុកចាប់​ត្រី​ចំនួន ១១​គ្រឿង បង្គោល​ចំនួន ៨​រយ​ដើម ព្រលែង​ត្រី​ចម្រុះ​ចំនួន ៤​រយ​គីឡូក្រាម។

ទោះជា​បែបនេះ​ក្ដី ប្រជា​នេសាទ លើកឡើង​ថា ការ​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​នេះ ហាក់​ទទួល​បាន​លទ្ធផល​តិចតួច និង​មិន​សូវ​មាន​ប្រសិទ្ធភាព​នោះ​ទេ ព្រោះ​ជនល្មើស​បាន​ដឹង​ខ្លួន​ជាមុន ខណៈ​អាជ្ញាធរ​នៅតែ​មិនអាច​ចាប់​អ្នក​ប្រព្រឹត្ត​យក​មក​ផ្ដន្ទាទោស​បាន។

ទាក់ទិន​រឿង​នេះ អ្នកសម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​បាត់ដំបង លោក យិន ម៉េងលី ជំរុញ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ចុះ​ធ្វើ​អធិការកិច្ច​លើ​ប្រសិទ្ធភាព​ការងារ​របស់​មន្ត្រី​នៅ​តាម​មូលដ្ឋាន ដើម្បី​ធានា​បាន​នូវ​ការអនុវត្ត​ច្បាប់​មាន​តម្លាភាព និង​ត្រឹមត្រូវ។

លោក យិន ម៉េងលី៖ «អ្នក​ដែល​ដាក់​ឧបករណ៍ បន និង​រ៉ាវ​រាប់​រយ​គីឡូ​នេះ វា​មិន​មែន​ប្រជាជន​ក្រីក្រ​ទេ​។ ព្រោះ​ការរៀបចំ​សម្ភារៈ​ហ្នឹង ដែល​ខ្ញុំ​ធ្លាប់​ជួប​ពី​សហគមន៍​ហ្នឹង វា​មានតម្លៃ​រាប់​ម៉ឺន​ដុល្លារ​ឯណោះ​។ អ៊ីចឹង​ប្រជាពលរដ្ឋ​ធម្មតា គាត់​មិន​មាន​លទ្ធភាព​ទេ។ សម្រាប់​ខ្ញុំ ខ្ញុំ​យល់​ឃើញ​ថា ខេត្ត​ណា​ដែល​កើត​បទល្មើស​ដដែលៗ ជំនាញ​ណា ដែល​ជា​អ្នកទទួលខុសត្រូវ នៅក្នុង​បទល្មើស​ហ្នឹង បើ​បង្ក្រាប​មិន​បាន​ទេ យើង​ដក​មន្ត្រី​ហ្នឹង​ចេញ ដាក់​មន្ត្រី​ថ្មី​មក​វិញ»។

ប្រជា​នេសាទ ស្នើ​ឱ្យ​អាជ្ញាធរ​ថ្នាក់​ជាតិ ស៊ើប​សង្កេត​អំពើពុករលួយ​ក្នុង​បទល្មើស​នេសាទ ជាពិសេស​លុប​បំបាត់​ក្រុម​បក្ខពួក​និយម របស់​អ្នក​ប្រព្រឹត្ត​បទល្មើស ជាមួយ​មន្ត្រី​ជលផល ដើម្បី​ទប់ស្កាត់​ការ​ធ្លាក់ចុះ​នៃ​ផល​នេសាទ និង​មុខរបរ​របស់​ប្រជាពលរដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។