កម្មករ​សំណង់​៥​នាក់​ស្លាប់ ដោយសារ​ដាច់​ខ្សែ​កន្ត្រក​យោង​នៅ​ការដ្ឋាន​មួយ​កន្លែង​នៅ​ភ្នំពេញ

ដោយ យ៉ង ចាន់តារា
2024.09.29
កម្មករ​សំណង់​៥​នាក់​ស្លាប់ ដោយសារ​ដាច់​ខ្សែ​កន្ត្រក​យោង​នៅ​ការដ្ឋាន​មួយ​កន្លែង​នៅ​ភ្នំពេញ សំណង់អគារ​ អូឡាំព្យ៉ា ស៊ីធី (Olympia City) នៅជាប់​ពហុកីឡដ្ឋាន​អូឡាំពិក ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន OCIC របស់​ឧកញ៉ា ពុង ឃាវវសែ។
រូប៖ ហ្វេសប៊ុក Olympia City Leasing

កម្មករ​សំណង់​ចំនួន​៥នាក់ ស្លាប់​ដោយសារ​ដាច់​ខ្សែ​កន្ត្រក​យោង នៅ​ការដ្ឋាន​សាងសង់​មួយ​កន្លែង​ក្នុង​រាជធានី​ភ្នំពេញ ។ សហជីព​ថា កម្មករ​វិស័យ​សំណង់​នៅ​តែ​ប្រឈម​នឹង​គ្រោះថ្នាក់​ការងារ​កម្រិត​ខ្ពស់ និង​ស្នើ​ដល់​រដ្ឋាភិបាល ឲ្យ​កំណត់​ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករ​លើ​វិស័យ​នេះ។

កម្មករ​សំណង់​ចំនួន​៥នាក់ បាន​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍ ដាក់​ខ្សែ​កន្ត្រក​យោង​នៅ​ការដ្ឋាន​សាងសង់​មួយ​កន្លែង នៃ​អគារ​អូឡាំព្យ៉ា (Olympia) ស្ថិត​នៅ​សង្កាត់​វាលវង់ ខណ្ឌ​ ៧ មករា រាជធានី​ភ្នំពេញ កាលពី​រសៀល​ថ្ងៃទី ២៧ ខែ​កញ្ញា។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ​កម្ពុជា លោក យ៉ាន់ ធី ប្រាប់​អាស៊ីសេរី នៅ​ថ្ងៃទី២៨ ខែ​កញ្ញា​ថា ហេតុការណ៍​គ្រោះថ្នាក់​ខាង​លើ​នេះ ភាគី​និយោជក ឬ​ថៅកែ គឺ​ជា​អ្នក​ទទួល​ខុស​ត្រូវ​ទាំង​ស្រុក​លើ​ករណី​នេះ ហើយ​ក្រសួង​ការងារ និង​ក្រសួង​ដែនដី ក៏​ត្រូវ​ចូលរួម​ចំណែក​ទទួល​ខុស​ត្រូវ​ផង​ដែរ។

លោក យ៉ាន់ ធី៖ «ខ្ញុំ​គិត​ថា សំណង​ដែល​ត្រូវ​ផ្ដល់​ឲ្យ​យ៉ាង​ហោច​ណាស់​ឲ្យ​បាន​ដូច​អត្ថប្រយោជន៍​របស់​ប..ស ទៅ​ប្រសិន​បើ​គាត់​អត់​ទាន់​បាន​ចុះ​បញ្ជី​ក៏ដោយ ប៉ុន្តែ​ទី១​គួរតែ​បាន​ប្រាក់​សោហ៊ុយ​បូជា​សព ព្រោះ​តែ​គាត់​គ្រោះថ្នាក់​ការងារ ហើយ​បន្ទាប់​មក​ក៏​មាន​ប្រាក់​សម្រាប់​ផ្ដល់​ឲ្យ​ក្រុម​គ្រួសារ​គាត់ ប្រសិនបើ​គាត់​មាន​ប្រពន្ធ​មាន​កូន​តូច​គួរតែ​បាន​យ៉ាងហោចណាស់​តាម​លក្ខខណ្ឌ​ប..ស ​ទៅ​យើង​មិន​ទាមទារ​លើស​ហ្នឹង​ទេ។ ទី២ ដែល​គាត់​ត្រូវ​ទទួល​បាន​ហ្នឹង គឺ​យុត្តិធម៌​សម្រាប់​កម្មករ​ ក្រុម​គ្រួសារ​គាត់​ ដែល​បាន​ស្លាប់​ទៅ ព្រោះ​វា​ជា​ការ​ធ្វេសប្រហែស​មួយ​របស់​និយោជក របស់​ក្រុមហ៊ុន ដែល​មិន​បាន​ត្រួតពិនិត្យ​ទៅ​លើ​សម្ភារៈ​សម្រាប់​ប្រើប្រាស់ ដែល​នាំ​ឲ្យ​គ្រោះថ្នាក់​ដល់​កម្មករ​»

ផ្សារ​ទំនើប​អូឡាំព្យ៉ា ជា​របស់​ក្រុមហ៊ុន​វិនិយោគទុន​អាណិកជន​កម្ពុជា ឬ​ហៅ​កាត់​ថា (OCIC) របស់​ឧកញ៉ា ពុង ឃាវសែ ដែល​ជា​អ្នក​ជំនួញ​ស្និទ្ធ​នឹង​ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន។ អគារ​នៃ​ផ្សារ​ទំនើប​នេះ សាងសង់​ឡើង​ដោយ​ក្រុមហ៊ុន ឌឺ អូឡាំព្យ៉ា ស៊ីធី ឌីវើលប់មិន (The Olympia City Development) ជា​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន OCIC

វិទ្យុ​អាស៊ីសេរី នៅ​មិន​ទាន់​អាច​ទាក់ទង​អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ លោក កត្តា អ៊ន និង​អ្នកនាំពាក្យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ លោក សេង ឡូត ដើម្បី​សុំ​ការ​អត្ថាធិប្បាយ​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី២៨ ខែ​កញ្ញា។ វិទ្យុ​អាស៊ីសេរី ក៏​មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​អូឡាំព្យ៉ា ដើម្បី​សាកសួរ​រឿង​នេះ បាន​ដែរ​នៅ​ថ្ងៃ​ដដែល​នេះ។

ទាក់ទង​នឹង​គ្រោះថ្នាក់​ការងារ​នេះ​ដែរ សហជីព​កត់សម្គាល់​ឃើញ​ថា ទោះជា​ក្រសួង​ដែន​ដី បាន​តែងតាំង​មន្ត្រី​ មន្ត្រី​អធិការកិច្ច​ជិត ៤រយ (៣៦២) នាក់ ដើម្បី​ចុះ​តាម​អង្កេត ស្រាវជ្រាវ ត្រួតពិនិត្យ និង​ជំរុញ​ការ​អនុវត្ត​ច្បាប់​ស្ដីពី​សំណង់​នៅ​ទូទាំង​ប្រទេស កាលពី​ឆ្នាំ​២០២០​ក៏ដោយ ក៏​ករណី​គ្រោះថ្នាក់​បណ្ដាល​មក​ពី​​កង្វះខាត​ការ​ត្រួតពិនិត្យ​ការដ្ឋាន​នៅ​តែ​បន្ត​កើត​មាន។ ជាក់ស្ដែង​ករណី​កម្មករ​សំណង់​ចំនួន​៤នាក់ បាត់បង់​ជីវិត និង​ម្នាក់​ទៀត​រង​របួស​ធ្ងន់ នៅ​ក្នុង​ហេតុការណ៍​ដាច់​ខ្សែ​កន្ត្រក​យោង​នៅ​ខេត្ត​ព្រះសីហនុ​កាល​ពី​ឆ្នាំ​២០២២ ​ជាដើម។

អគ្គលេខាធិការ​សហព័ន្ធ​សហជីព​កម្មករ​សំណង់ និង​ព្រៃឈើ លោក យ៉ាន់ ធី ទទូច​ដល់​មន្ត្រី​អធិការកិច្ច​សំណង់ ឲ្យ​អនុវត្ត​តួនាទី​របស់​ខ្លួន និង​ស្នើ​ដល់​ក្រសួងការងារ ឲ្យ​បង្កើន​ការ​ដាក់​បញ្ចូល​កម្មករ​សំណង់​ទៅ​ក្នុង​ប្រព័ន្ធ​កិច្ច​គាំពារ​សង្គម ឬ​ហៅ​ថា ប..ស។

លោក យ៉ាន់ ធី៖ «ខ្ញុំ​គិត​ថា ពួកគាត់ (ក្រុម​អធិការកិច្ច) គួរតែ​សកម្ម​ឡើងវិញ ដើម្បី​ចុះ​ពិនិត្យ និង​ចុះ​អធិការកិច្ច​ទៅ​លើ​ក្រុមហ៊ុន​ការដ្ឋាន​សំណង់ ដើម្បី​បញ្ចៀស​គ្រោះថ្នាក់​មក​លើ​មក​លើ​កម្មករ ហើយ​ពង្រឹង​ អនុវត្ត​បទដ្ឋាន​គតិយុត្តិ ដែល​មាន​ស្រាប់​ដូច​ជា ច្បាប់ ឬ​ក៏​ប្រកាស​របស់​ក្រសួង​ពាក់ព័ន្ធ​ពី​ព្រោះ ក្រសួង​ដែល​ពាក់ព័ន្ធ​មាន​ពីរ គឺ​ក្រសួង​ការងារ និង​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ និង​អាជ្ញាធរ​មូលដ្ឋាន ដែល​ជា​អ្នក​អនុវត្ត​ផ្ទាល់ ដែល​ឃើញ​ផ្ទាល់​ទាក់ទង​នឹង​ក្រុមហ៊ុន​ការដ្ឋាន ដែល​កំពុង​តែ​សាងសង់ ហើយ​មួយ​ចំនួន​មាន​ស្តង់ដារ ហើយ​មួយចំនួន​ទៀត​មិន​បាន​គោរព​តាម​គោលការណ៍ ឬ​ស្តង់ដារ ឬ​បទដ្ឋាន​គតិយុត្តិ​របស់​ក្រសួង​ទាំង​នោះ​ទេ»

កម្មករ​សំណង់ ជា​កម្មករ​ធ្វើការ​ដោយ​ប្រើ​កម្លាំង​បាយ ប្រឈម​នឹង​គ្រោះថ្នាក់​ការងារ​គ្រប់​ពេល​វេលា ប៉ុន្តែ​ពួកគាត់​ទទួល​បាន​ប្រាក់​ខែ​តិច ហើយ​ប្រាក់​ឈ្នួល​គោល​អប្បបរមា រដ្ឋាភិបាល​នៅ​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ។

សហជីព ទាមទារ​ឲ្យ​ក្រុមហ៊ុន​សាងសង់​ទទួល​ខុសត្រូវ​ និង​ផ្ដល់​សំណង​ដល់​ក្រុម​គ្រួសារ​សព​តាម​ច្បាប់ ក្នុង​ករណី​ខ្វះ​ការ​ត្រួតពិនិត្យ​បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​៥នាក់​នេះ ព្រមទាំង​ទទូច​ដល់​ក្រសួង​ដែន​ដី និង​ក្រសួង​ការងារ ចុះ​ធ្វើ​អធិការកិច្ច​លើ​ក្រុមហ៊ុន​សាងសង់​ទាំង​អស់ ដើម្បី​បង្ការ​គ្រោះថ្នាក់​ជាយថាហេតុ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។