កម្ពស់​ទឹក​នៅ​ខេត្ត​ស្ទឹងត្រែង​កំពង់ចាម​និង​កណ្ដាល​លើស​ពី​កម្រិត​ប្រកាស​អាសន្ន

អាស៊ីសេរី
2018.08.09
ទន្លេ​មេគង្គ កំពង់ចាម ៨៥៥ ស្ថានភាព​ទឹក​ទន្លេ​មេគង្គ នា​ក្រុង​កំពង់ចាម ខេត្ត​កំពង់ចាម នៅ​​ថ្ងៃ​ទី​២០ ខែ​កញ្ញា ឆ្នាំ​២០១៦។
RFA

រដ្ឋាភិបាល​ប្រកាស​ថា ស្ថានភាព​ទឹកទន្លេ គិត​ត្រឹម​ម៉ោង ៥​ល្ងាច នៅ​ថ្ងៃទី៩ បាន​ឡើង​ខ្ពស់​ផុត​ពី​កម្រិត​ប្រកាស​ការប្រុងប្រយ័ត្ន។

ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម​ឱ្យ​ដឹង​ថា​កម្ពស់​ទឹក​នៅ​ស្ថានីយ ចំនួន​៣ ដែល​កម្ពស់​ទឹក​បាន​ឡើង​ហួស​ពី​កម្រិត​ប្រុងប្រយ័ត្ន​នោះ រួមមាន ស្ថានីយ​ខេត្ត​ស្ទឹងត្រែង ខេត្ត​កំពង់ចាម និង​ស្ថានីយ​កោះ​ខែល នៅ​ខេត្ត​កណ្ដាល។

ទន្ទឹម​នឹង​កម្ពស់​ទឹក​នៅ​តាម​ខេត្ត​ចំនួន ៣ បាន​ឡើង​ផុត​ពី​កម្រិត ប្រុងប្រយ័ត្ន កម្ពស់​ទឹក​នៅ​ខេត្ត​ចំនួន ៤​ផ្សេងទៀត ក៏​កំពុង​ឡើង ជិត​ដល់​កម្រិត​កម្ពស់​ប្រុងប្រយ័ត្ន​ដែរ ក្នុង​នោះ​មាន​ស្ថានីយ​ទន្លេ​មេគង្គ ខេត្ត​ក្រចេះ ស្ថានីយ​ទន្លេបាសាក់ ចតុមុខ ស្ថានីយ​ទន្លេ​មេគង្គ អ្នក​លឿង និង​ស្ថានីយ​ទន្លេសាប ព្រែកក្តាម។

សេចក្ដីជូនដំណឹង​របស់​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី៦ ខែ​សីហា បាន​ព្យាករណ៍​ថា កម្ពុជា​នឹង​មាន​ភ្លៀង​ធ្លាក់ ពី​មធ្យម ទៅ​ច្រើន នៅ​តាម​តំបន់​ខ្ពង់រាប ភាគ​ឦសាន តំបន់​ទន្លេ​សេកុង ទន្លេ​សេសាន និង​ទន្លេ​ស្រែពក បាន​ធ្វើ​អោយ​ទឹកទន្លេ​ទាំង​បី​នេះ ឡើង​បន្តិច។ ក្រៅ​ពី​នេះ​មាន​ប្រព័ន្ធ សម្ពាធ​ទាប​មួយ​ផ្សេងទៀត​បាន អូស​កាត់​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​ថៃ និង​ឡាវ ដែល​បង្ក​អោយ​មាន​ភ្លៀង ធ្លាក់​ពី​កម្រិត​តិច ទៅ​មធ្យម។

ទោះ​យ៉ាងណា​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម មាន​សុទិដ្ឋិនិយម​ថា ផ្ទៃ​បឹង​ទន្លេសាប ដែល​ទើប​មាន​កម្ពស់​ទឹក​ប្រាំ​ម៉ែត្រ និង​ជាង ៣៣​សង់ទីម៉ែត្រ អាច​មាន​លទ្ធភាព​ស្រូប​យក​ទឹកជំនន់​បាន​បន្ថែម​ទៀត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។