ទូរទស្សន៍​ក្នុង​ស្រុក​នឹង​​ឈប់​​ផ្សាយ​ភាពយន្ត​បរទេស​ចាប់​ពី​ម៉ោង​៧-៩​យប់​​នៅ​ថ្ងៃ​១ មករា

ដោយ អ៊ុំ រង្សី
2015-12-30
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​នៅ​ក្នុង​កិច្ច​សន្ទនា​ជាន់​ខ្ពស់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន កាល​ពី​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
អនុរដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន និង​ជា​អ្នក​នាំ​ពាក្យ​នៃ​ក្រុម​ការងារ​បច្ចេកទេស​តាក់តែង​សេចក្ដី​ព្រាង​ច្បាប់​សិទ្ធិ​ទទួល​ព័ត៌មាន លោក អ៊ុក គឹមសេង ថ្លែង​នៅ​ក្នុង​កិច្ច​សន្ទនា​ជាន់​ខ្ពស់​ស្តីពី​សិទ្ធិ​ទទួល​បាន​ព័ត៌មាន កាល​ពី​ទី​៨ ខែ​ធ្នូ ឆ្នាំ​២០១៥។
RFA/Um Raingsy

តំណាង​ក្រសួង​ព័ត៌មាន ឲ្យ​ដឹង​ថា បណ្ដា​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​អស់​នឹង​បញ្ឈប់​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​នៅ​ពី​ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ដោយ​ត្រូវ​អនុវត្ត​ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ត​ទៅ។ ទន្ទឹម​គ្នា​នេះ តំណាង​សមាគម​សិល្បៈ​យល់​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ដើម្បី​ជួយ​លើក​ស្ទួយ​វិស័យ​ភាពយន្ត​ខ្មែរ។

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​ព័ត៌មាន​អះអាង​ថា បណ្ដា​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​អស់​បាន​យល់​ព្រម​បញ្ឈប់​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​នៅ​ពី​ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ដែល​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ចាត់​ទុក​ជា​ម៉ោង​មាស ដោយ​ត្រូវ​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ​ជំនួស​វិញ ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ត​ទៅ។

អនុរដ្ឋលេខាធិការ និង​ជា​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី ថា ក្រោយ​មាន​កិច្ចប្រជុំ​ជាមួយ​តំណាង​ទូរទស្សន៍​ក្នុង​ស្រុក​ទាំង​អស់​កាល​ពី​ថ្ងៃ​ទី​២៩ ខែ​ធ្នូ តំណាង​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ​អះអាង​ថា បាន​ត្រៀម​ខ្លួន​រួចរាល់​ហើយ ដើម្បី​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ ដូចជា​ខ្សែ​ភាពយន្ត វីដេអូ​ខ្មែរ តន្ត្រី​សម័យ​បុរាណ កម្មវិធី​កម្សាន្ត​ផ្សេងៗ និង​កម្មវិធី​កីឡា ជាដើម តាម​វិធានការ​របស់​ក្រសួង​កាល​ពី​ពេល​កន្លង​ទៅ៖ «ស្ថានីយ​មួយ​ចំនួន​ធំ ពួក​គាត់​បាន​យល់ព្រម ហើយ​បាន​ត្រៀម​ខ្លួន​រួច​រាល់​ហើយ ទាំងអស់​គ្នា​បាន​យល់ព្រម​ថា នឹង​រៀបចំ​ពេលវេលា​រយៈពេល ២​ម៉ោង គឺ​ចាប់​ពី ៧ ដល់ ៩​យប់​ហ្នឹង រាល់​វណ្ណកម្ម​ខ្មែរ​ជំនួស​វិញ»

អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន រូប​នេះ​មាន​ប្រសាសន៍​បន្ត​ថា ចាប់​ពី​ថ្ងៃ​ទី​១ ខែ​មករា ឆ្នាំ​២០១៦ ត​ទៅ ប្រសិនបើ​ស្ថានីយ​ទូរទស្សន៍​ណា​ល្មើស​ទៅ​នឹង​ការ​សម្រេច និង​អនុវត្ត​មិន​មាន​ប្រសិទ្ធភាព​តាម​ការ​ឯកភាព​នេះ ក្រសួង​ព័ត៌មាន​នឹង​មាន​វិធានការ​ពីរ គឺ​អាច​នឹង​ដោះស្រាយ​តាម​ប្រព័ន្ធ​តុលាការ និង​ដក​អាជ្ញាប័ណ្ណ​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ៖ «ក្រសួង​បាន​ព្រមាន​ហើយ ក្រសួង​ថា បើ​តំណាង​ស្ថានីយ​ទូរទស្សន៍​មិន​អនុវត្ត ស្ថានីយ​ទាំង​នោះ​នឹង​ប្រឈម​នឹង​ការ​ដោះស្រាយ​តាម​ផ្លូវ​តុលាការ និង​អាច​ដក​អាជ្ញាប័ណ្ណ​ក្នុង​រយៈពេល​ណា​មួយ»

ទាក់ទិន​នឹង​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​យល់​ព្រម​បញ្ឈប់​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​ចាប់​ពី​ថ្ងៃ​ទី​១ មករា ឆ្នាំ​២០១៦ នេះ​ដែរ ប្រធាន​សមាគម​សិល្បករ​ខ្មែរ លោក សុះ ម៉ាច មាន​ប្រសាសន៍​ថា វិធានការ​នេះ​ហាក់​បី​ដូច​ជា​យឺតយ៉ាវ​បន្តិច។ ប៉ុន្តែ​លោក​ថា នេះ​ជា​សញ្ញា​ល្អ​ចំពោះ​វិស័យ​សិល្បៈ​ខ្មែរ ពិសេស​មិន​ត្រឹមតែ​ជួយ​លើក​ទឹក​ចិត្ត​ដល់​សិល្បករ​ប៉ុណ្ណោះ​ទេ វា​ក៏​ជា​ឱកាស​ដល់​ផលិតករ​ខ្មែរ​ផលិត​ភាពយន្ត​ឲ្យ​កាន់​តែ​មាន​ស្តង់ដារ​ថែម​ទៀត។

បន្ថែម​ពី​នេះ​ទៀត លោក សុះ ម៉ាច អះអាង​ថា ក្នុង​មួយ​ឆ្នាំៗ​កម្ពុជា ខាត់​បង​ថវិកា​ប្រមាណ​ជាង ៦​លាន​ដុល្លារ ដោយសារ​លំហូរ​ភាពយន្ត​បរទេស៖ «មួយ​ឆ្នាំៗ កម្ពុជា ដោយសារ​លំហូរ​ចូល​ពី​ភាពយន្ត​បរទេស ប៉ះពាល់​ដល់​ផ្នែក​សេដ្ឋកិច្ច វប្បធម៌ ការ​អប់រំ ហើយ​ពេល​ដែល​យើង​ងាក​មក​ភាពយន្ត​ខ្មែរ​វិញ វា​នឹង​ជួយ​បាន​ច្រើន»

​វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នក​គ្រប់គ្រង​ស្ថានីយ​ទូរទស្សន៍ៗ​ក្នុង​ស្រុក​ដែល​បាន​ចាក់​ផ្សាយ​ភាពយន្ត​បរទេស និង​កម្មវិធី​ល្បីៗ​នៅ​ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ដើម្បី​សួរ​បន្ថែម​ពី​បញ្ហា​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​៣០ ខែ​ធ្នូ។

ប៉ុន្តែ​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន លោក អ៊ុក គឹមសេង អះអាង​ថា ក្រៅ​ពី​វិធានការ​នេះ ក្រសួង​ព័ត៌មាន ក៏​បាន​រំលឹក​ឲ្យ​បណ្ដា​ស្ថានីយ​ទូរទស្សន៍​ទាំង​នោះ មិន​ត្រូវ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​ស្រវឹង​ចាប់​ពី​ម៉ោង ៦ ដល់​ម៉ោង ៨​យប់​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ទាំង​អស់​ផង​ដែរ។

​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​កញ្ញា កន្លង​ទៅ ក្រសួង​ព័ត៌មាន បាន​សម្រេច​ហាមឃាត់​ការ​ចាក់​ផ្សាយ​ភាពយន្ត​បរទេស​គ្រប់​ប្រភេទ នៅ​តាម​កញ្ចក់​ទូរទស្សន៍​ទាំង​អស់​ក្នុង​ប្រទេស​កម្ពុជា ចន្លោះ​ម៉ោង ៧ ដល់​ម៉ោង ៩​យប់ ដោយ​ត្រូវ​តែ​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ​ដើម្បី​ចូល​រួម​លើក​ស្ទួយ​វប្បធម៌ និង​អត្តសញ្ញាណ​ភាពយន្ត​ខ្មែរ។ ក្រសួង​ព័ត៌មាន បាន​បញ្ជា​ឲ្យ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់​ត្រូវ​តែ​ចាក់​ផ្សាយ​វណ្ណកម្ម​ខ្មែរ ដូចជា​ខ្សែភាពយន្ត និង​វីដេអូ​ខ្មែរ តន្ត្រី​សម័យ​បុរាណ កម្មវិធី​កម្សាន្ត​ផ្សេងៗ និង​កម្មវិធី​កីឡា​ជំនួស​វិញ។

យ៉ាង​ណា​ក៏ដោយ ផលិតកម្ម​ក្នុង​ស្រុក អ្នក​ស្រាវជ្រាវ​បញ្ហា​សង្គម អ្នក​ប្រើប្រាស់​បណ្ដាញ​សង្គម និង​សិល្បករ នៅ​តែ​ចង់​ឃើញ​វិធានការ​របស់​ក្រសួង​មាន​ប្រសិទ្ធភាព និង​ជំរុញ​ឲ្យ​ម្ចាស់​ស្ថានីយ​ទូរទស្សន៍​ទាំង​អស់​ត្រូវ​គោរព​តាម​វិធានការ​នេះ​ឲ្យ​មាន​ប្រសិទ្ធភាព មិន​មែន​អនុវត្ត​គ្រាន់តែ​រយៈពេល​ខ្លី​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

It will not change anything without other country movies to your teenager,your gangster if they don't stop committed a crime and teenager don't stop wearing look like nothing,color hear green,yellow etc...

Dec 30, 2015 10:07 PM

គេហទំព័រ​ទាំងមូល