កម្លាំង​សមត្ថកិច្ច​រក​ឃើញ​សាកសព​អាកាស​យានិក​ម្នាក់​ទៀត​នៅ​ចម្ងាយ​ពី​កន្លែង​ធ្លាក់​ជាង​២០០​ម៉ែត្រ

ដោយ អាស៊ីសេរី
2024.07.30
កម្លាំង​សមត្ថកិច្ច​រក​ឃើញ​សាកសព​អាកាស​យានិក​ម្នាក់​ទៀត​នៅ​ចម្ងាយ​ពី​កន្លែង​ធ្លាក់​ជាង​២០០​ម៉ែត្រ ឧទ្ធម្ភាគចក្រ ​ប្រភេទ Z-9 ផលិត​នៅ​ប្រទេស​ចិន ដែល​បាត់ដាន ១៧​ថ្ងៃ ក្រុមអ្នករុករក​ទើបតែ​​រក​ឃើញ​នៅ​​ព្រៃខ្នងភ្នំយ៉ាវយ៉ៃ ឃុំថ្មដា ស្រុកវាលវែង ខេត្តពោធិ៍សាត់ នៅថ្ងៃ​ទី២៩ ខែកក្កដា ឆ្នាំ២០២៤។
​រូប៖ ហ្វេសប៊ុក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ

កម្លាំង​រុករក​នៃ​ក្រសួង​ការពារ​ជាតិ នៅ​ព្រឹក​ថ្ងៃ​ទី៣០ ខែកក្កដា រក​ឃើញ​សាកសព​​​អាកាសយានិក​ម្នាក់​ទៀត​ហើយ ដែល​មាន​ចម្ងាយ​ពី​កន្លែង​ធ្លាក់​ឧទ្ធម្ភាគចក្រ​ជាង ២០០​ម៉ែត្រ ស្ថិត​នៅ​ចំណុច​លើ​ខ្នង​ភ្នំយ៉ាវយ៉ៃ ស្ថិត​នៅ​ក្នុង​ឃុំថ្មដា ស្រុកវាលវែង។ សាកសព​អាកាសយានិក​ដែល​ទើប​រក​ឃើញ មាន​ឈ្មោះ ស៊ុន ផ្លា គឺ​ជា​មេក្រុម។

អនុប្រធាន​ទី១នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ លោក គន់ គីម បញ្ជាក់​តាមរយៈ​វីដេអូ​ផ្សព្វផ្សាយ​លើ​ហ្វេសប៊ុក​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ នៅ​ថ្ងៃ​នេះ​ថា សព​អាកាសយានិក​ដែល​ទើប​រក​ឃើញ​នេះ ទំនង​ជា​ស្លាប់​ក្រោយ​ពី​ខ្លួន​ខំ​ដើរ​រក​ជំនួយ ក្រោយ​ពី​ជួប​ឧបទ្ទវហេតុ។

កាល​ពី​ថ្ងៃ​ទី២៩ ខែកក្កដា កម្លាំង​រុករក​បាន​រក​ឃើញ​សាកសព​អាកាស​យានិក​ម្នាក់ និង​ឧទ្ធម្ភាគចក្រ ដែល​រក​ឃើញ​មាន​ឈ្មោះ ខេង ឆៃយុទ្ធ។

ឧទ្ធម្ភាគចក្រ​ដែល​ជួប​គ្រោះថ្នាក់​កាល​ពី​ថ្ងៃទី១៣ កក្កដា គឺ​ប្រភេទ Z-9 ជា​យន្តហោះ​ផលិត​នៅ​ប្រទេស​ចិន (China) ដែល​រដ្ឋាភិបាល​កម្ពុជា បាន​បញ្ជា​ទិញ​ចំនួន ១២គ្រឿង កាល​ពី​ឆ្នាំ២០១៣។ ឧទ្ធម្ភាគចក្រ​ប្រភេទ Z-9 ដូចគ្នា កាលពីឆ្នាំ២០១៤ បាន​ធ្លាក់​ម្ដង​ហើយ នៅ​ក្នុង​សង្កាត់​ព្រៃស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ បណ្ដាល​ឱ្យ​មនុស្ស​ចំនួន ៤នាក់ បាត់បង់​ជីវិត និង​ម្នាក់​ទៀត​រង​របួស ក្នុង​ពេល​កំពុង​ហោះហើរ​ហ្វឹកហ្វឺន។

សូម​រង់ចាំ​អាន និង​ស្ដាប់​ព័ត៌មាន​ពិស្ដារ​ក្នុង​កម្មវិធី​ផ្សាយ​នា​រាត្រី​នេះ...

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
មេធាវី​គ្រោង​ដាក់​សេចក្តី​សន្និដ្ឋាន​ទៅ​សាលាឧទ្ធរណ៍​ភ្នំពេញ​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​លោក កឹម សុខា
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។