ក្រសួង​​ព្រមាន​ចាត់​ការ​ម្ចាស់​គណនី​ហ្វេសប៊ុក​ជាង ៦០​ដែល​ផ្សព្វផ្សាយ​ផលិតផល​គ្មាន​ការ​អនុញ្ញាត

សន ចាន់រដ្ឋា
2018-08-14
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ផលិតផល​ឈ្មោះ Firmax 3 Cream ដែល​ក្រសួង​សុខាភិបាល​ហាម​ពលរដ្ឋ​ប្រើប្រាស់។
ផលិតផល​ឈ្មោះ Firmax 3 Cream ដែល​ក្រសួង​សុខាភិបាល​ហាម​ពលរដ្ឋ​ប្រើប្រាស់។
Screenshot

ក្រសួងសុខាភិបាល​ព្រមាន​ចាត់​វិធាន​តាម​ផ្លូវ​ច្បាប់​ប្រឆាំង​នឹង​ម្ចាស់​គណនី​ហ្វេសប៊ុក (Facebook) ជាង ៦០ ដែល​បាន​ផ្សព្វផ្សាយ​ផលិតផល​ឈ្មោះ Firmax 3 Cream ដែល​ក្រសួង​បាន​ចាត់ទុកថា គណនី​ហ្វេសប៊ុក​ទាំងនេះ​បាន​ផ្សព្វផ្សាយ​អំពី​ផលិតផល​នេះ បំផ្លើស​ហួស​ពី​ការពិត។

សេចក្តីប្រកាស​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល ចេញផ្សាយ​កាលពី​ថ្ងៃទី១៤ ខែ​សីហា ឱ្យ​ដឹង​ថា គណនី​ហ្វេសប៊ុក​ជាង ៦០​គណនី កំពុង​ផ្សព្វផ្សាយ​ផលិតផល​ឈ្មោះ Firmax 3 Cream ដែល​ជា​ផលិតផល​របស់​ប្រទេស​ម៉ាឡេស៊ី និង​នាំចូល​ដោយ​ក្រុមហ៊ុន RF 3 World (Cambodia) Co.,LTD ដោយ​ផ្សព្វផ្សាយ​ថា​ផលិតផល​នេះ​ជា​ក្រែម​លាប​តាម​សរសៃ​មាន​លទ្ធភាព អាច​ព្យាបាល​ជំងឺ​សន្លាក់​ដៃជើង ជំងឺ​បេះដូង ខ្លាញ់​រុំ​សរសៃឈាម ជំងឺ​ថ្លើម ជំងឺ​សួត ជំងឺ​រលាក​ច្រមុះ រក្សា​សម្រស់​ឱ្យ​នៅ​ក្មេង​វ័យ ព្យាបាល​ការ​រលាក និង​ព្យាបាល​នូវ​ជំងឺ​ផ្សេងៗ​ជាច្រើន​ទៀត។

ក្រសួងសុខាភិបាល អះអាង​ថា ផលិតផល​ឈ្មោះ Firmax 3 Cream គ្មាន​លទ្ធភាព​ក្នុង​ការ​បង្ការ ឬ​ព្យាបាល​ជំងឺ​ដូច​ការ​ផ្សព្វផ្សាយ​នោះ​ឡើយ។

ក្រសួងសុខាភិបាល បញ្ជា​ឱ្យ​ម្ចាស់​គណនី​ទាំងអស់ ត្រូវតែ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ផលិតផល​គ្រឿង​សំអាង​នេះ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ជាបន្ទាន់។

អាស៊ីសេរី នៅ​មិនទាន់​អាច​ទាក់ទង​សុំ​ការ​ឆ្លើយ​តប​ពី​ក្រុមហ៊ុន RF3 World Cambodia និង​ម្ចាស់​ទំព័រ​ហ្វេសប៊ុក​មួយ​ចំនួន ដើម្បី​សុំ​ការ​ឆ្លើយតប​បាន​នៅឡើយ​ទេ កាលពី​ថ្ងៃ​ទី១៤ ខែ​សីហា។

ទោះជា​យ៉ាងណា គេហទំព័រ​របស់​ក្រុមហ៊ុន RF3 World បង្ហាញ​ថា ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​តាំងពី​ឆ្នាំ​២០១៣ និង​បាន​ចែកចាយ​ផលិតផល​ចំនួន ៣​ប្រភេទ រួម​ទាំង​ផលិតផល​ឈ្មោះ Firmax 3 Cream​។ គេហទំព័រ​ដដែល​ឱ្យ​ដឹង​ថា ផលិតផល​ឈ្មោះ Firmax 3 Cream នេះ​ជា​ប្រភេទ​ផលិតផល​ជំនួយ​ដល់​ស្បែក​តែប៉ុណ្ណោះ។

ក្រសួងសុខាភិបាល​ស្នើ​ឱ្យ​ពលរដ្ឋ​ឈប់​ប្រើប្រាស់​ផលិតផល​ឈ្មោះ Firmax 3 Cream នេះ​ជាបន្ទាន់ ដើម្បី​ចៀសវាង​ការខាតបង់​ប្រាក់ និង​ប៉ះពាល់​ដល់​សុខភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល