សហជីព និងអង្គការផ្នែកសិទ្ធិការងារលើកឡើងថា រោងចក្របិទទ្វារអាចធ្វើឲ្យកម្មករមួយចំនួនខ្វះថវិកាបង់ឲ្យម្ចាស់បំណុល ហើយប្រឈមមុខនឹងអស់ទ្រព្យសម្បត្តិដោយសារម្ចាស់បំណុលរឹបអូសនៅពេលគ្មានលុយបង់។ ពួកគេថា រដ្ឋាភិបាលមិនមានដំណោះស្រាយទៅលើរឿងទាំងអស់នេះនៅឡើយទេ។
សហជីពឯករាជ្យព្រួយបារម្ភអំពីកម្មករមួយចំនួនដែលបាត់បង់ការងារធ្វើ ដោយសារ រោងចក្របិទទ្វារ ធ្វើឱ្យពួកគាត់មិនមានថវិកាផ្គត់ផ្គង់គ្រួសារ ដោះស្រាយបំណុលធនាគារ ព្រមទាំងប្រឈមមុខនឹងម្ចាស់បំណុលរឹបអូសផ្ទះសំបែងទៀតផង។
ប្រធានសហព័ន្ធសហជីពសេរីកម្មករនៃព្រះរាជាណាចក្រកម្ពុជា (FTUWKC) អ្នកស្រី ទូច សើ ប្រាប់វិទ្យុអាស៊ីសេរី នៅថ្ងៃទី១៩ ខែមេសា ថា រោងចក្របិទទ្វារធ្វើឲ្យប៉ះពាល់ដល់ជីវភាពកម្មករធ្ងន់ធ្ងរ ខណៈកម្មករភាគច្រើនសុទ្ធតែមានជំពាក់បំណុលធនាគារ។ អ្នកស្រីបន្តថា កត្តានេះធ្វើឲ្យកម្មករមួយចំនួនប្រឈមមុខនឹងការរឹបអូសទ្រព្យសម្បត្តិ។
អ្នកស្រី ទូច សើ៖«កម្មករនៅស្រុកខ្មែរព្យួរការងារច្រើន ឬមួយបាត់បង់ការងារច្រើនគាត់អត់មានគិតថារោងចក្ររើសបុគ្គលិក ឬកម្មករខ្មែរចូលធ្វើការនៅចន្លោះនេះដូចជាអត់មានទេ អត់មានបាត់ស្ងាត់ឈឹង អត់មានថា រដ្ឋាភិបាលត្រូវតែជួយផ្គត់ផ្គង់ដើម្បីនៅស្រុកខ្មែរឲ្យកម្មករមានការងារធ្វើអ៊ីចឹង»។ប្រធានសហជីពរូបនេះអំពាវនាវឲ្យរដ្ឋាភិបាលជួយបង្កើនការងារឲ្យបានច្រើន សម្រាប់កម្មករកម្មការិនី ដើម្បីកុំឲ្យពួកគាត់ប្រថុយជីវិតធ្វើចំណាកស្រុកខុសច្បាប់ ព្រោះតែអត់ការងារធ្វើនៅក្នុងស្រុក។
កម្មការិនីរោងចក្រដាលីស៣ នៅរាជធានីភ្នំពេញ លោកស្រី ឈាន ថា រៀបរាប់ទាំងទឹកភ្នែកថា លោកស្រីជំពាក់បំណុលគេ ជិតមួយពាន់ដុល្លារ ដូច្នេះលោកស្រីក៏សម្រេចមកចូលធ្វើការនៅរោងចក្រ ដើម្បីរកលុយដោះបំណុល ប៉ុន្តែពេលនេះរោងចក្របិទទ្វារ ធ្វើឲ្យលោកស្រីបាត់បង់ចំណូលជាប្រចាំខែ។ លោកស្រីបន្ថែមថា លោកស្រីគ្មានទីពឹងទៀតនោះទេ ព្រោះប្ដីរបស់លោកស្រីបានស្លាប់ជាង ២ឆ្នាំហើយ ដូច្នេះលោកស្រីក៏បង្ខំចិត្តស៊ីឈ្នួលដើរលាងចាន និងចិតបន្លែឱ្យគេបានប្រាក់ ១ម៉ឺនរៀលទៅ ៣ម៉ឺនរៀលក្នុងមួយថ្ងៃ បន្ទាប់ពីរោងចក្រព្យួរការងារ។
លោកស្រី ឈាន ថា៖«ទៅស៊ីឈ្នួលលាងចានចិតបន្លែឲ្យគេបានមួយថ្ងៃ១ម៉ឺន គ្រាន់បានបន្តជីវិតអ៊ីចឹងទៅ ទៅរកខ្ចីនរណាគេ គេមិនឲ្យយើងទេយើងអត់មានអីសង្ឃឹម គេអត់ហៅផងនិងចាំមើលមួយថ្ងៃហើយមួយថ្ងៃទៀត ណាមួយលុយថ្លៃផ្ទះអត់មានអីបង់ឲ្យផង»។
វិទ្យុអាស៊ីសេរីមិនអាចទាក់ទងអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ លោក ហេង សួរ ដើម្បីសុំអត្ថាធិប្បាយរឿងនេះបានទេ នៅថ្ងៃទី១៩ខែមេសា។
ទាក់ទងរឿងនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីដើមខែមីនា បានប្រកាសឧបត្ថម្ភសាច់ប្រាក់ដល់កម្មករ-កម្មការិនីរោងចក្រជាង ៣ម៉ឺន ២ពាន់នាក់ បន្ទាប់ពីរោងចក្រមួយចំនួនក្នុងរាជធានីភ្នំពេញ បានកាត់បន្ថយម៉ោងការងារ និងព្យួរកិច្ចសន្យា។
ជុំវិញរឿងនេះ នាយកប្រតិបត្តិមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស ហៅថា សង់ត្រាល់ (CENTRAL) លោក មឿន តុលា យល់ឃើញថា គោលនយោបាយរបស់រដ្ឋាភិបាលជួយ៧០ដុល្លារទៅកម្មករដែលរងការព្យួរការងារនោះ វាជារឿងល្អ។ ប៉ុន្តែលោកថា ដើម្បីធ្វើឲ្យមានប្រសិទ្ធភាពជាងនេះទៀតនោះ រដ្ឋាភិបាលគួរមានគោលនយោបាយអនុគ្រោះដល់កម្មករដែលត្រូវសងបំណុលទៅធនាគារ នៅពេលកម្មករកំពុងបាត់បង់ការងារធ្វើ ព្រោះពួកគាត់មិនមានប្រាក់ចំណូលប្រចាំខែ។
លោក មឿន តុលា៖«រដ្ឋក៏ត្រូវតែពិចារណាដែរ អំពីលទ្ធភាពក្នុងបង្កើតមុខរបរ និងការងារដល់ពលរដ្ឋវិញ បើមិនអ៊ីចឹងទេ ពលរដ្ឋយើងកាន់តែច្រើនបាត់បង់ចំណូលកាន់តែច្រើនយើងមានហានិភ័យកាន់តែខ្ពស់»។
ចាប់ពីដើមឆ្នាំ២០២២មក វិស័យកាត់ដេររបស់កម្ពុជាជួបប្រទះបញ្ហាជាបន្តបន្ទាប់ ដោយសារការប្រកួតប្រជែងតម្លៃលើទីផ្សារ និងខ្វះវត្ថុធាតុដើម ដែលបណ្ដាលមកពីការរីករាលដាលជំងឺកូវីដ១៩ វិបត្តិសង្គ្រាមឈ្លានពានរបស់រុស្សី(Russia) លើប្រទេសអ៊ុយក្រែន (Ukraine) ព្រមទាំងការដកប្រព័ន្ធអនុគ្រោះពន្ធ EBA ចំនួន ២០% របស់សហភាពអឺរ៉ុប និងការមិនបន្តប្រព័ន្ធអនុគ្រោះពន្ធទូទៅ ឬ GSP របស់សហរដ្ឋអាមេរិកដល់កម្ពុជា៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។