កម្មករ​រោងចក្រ​ហ្គាវ័ន្ត​នៅ​តាខ្មៅ​​បន្ត​តវ៉ា​បិទ​ផ្លូវ​ទាមទារ​បើក​ប្រាក់​ឈ្នួល

ដោយ ជាតិ ចំណាន
2017-12-29
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
និមិត្ត​សញ្ញា​អាស៊ីសេរី។
និមិត្ត​សញ្ញា​អាស៊ីសេរី។
Photo: RFA

សម្រែក​ទាមទារ​របស់​កម្មករ​រោងចក្រ ហ្គាវ័ន្ត (GAWON Apparel) បាន​លាន់ឮ​ពេញ​មុខ​រោងចក្រ ស្រប​ពេល​ថៅកែ​រោងចក្រ​នៅតែ​មិន​បើកប្រាក់​ឈ្នួល​ដល់​ពួកគេ ហើយ​ស្ថាប័ន​របស់​រដ្ឋ​ដែល​អ្នកពាក់ព័ន្ធ​រឿង​មិនទាន់​អន្តរាគមន៍​នៅឡើយ​។ ខណៈ ថៅកែ​រោងចក្រ​ចោទប្រកាន់ថា ក្រុមកម្មករ​បាន​បំផ្លាញ​ទ្រព្យសម្បត្តិ​រោងចក្រ​ដែល​ធ្វើ​កម្មករ​ដទៃទៀត​មានការ​ព្រួយ​បារ​ម្ភ​។​

​ក្រុម​កម្មករ​រោងចក្រ​ហ្គាវ័ន្ត កាន់​​តែ​ច្រើន​នាំ​គ្នា​បន្ត​ធ្វើ​បាតុកម្ម ប៉ុន្តែ​ថ្ងៃ​នេះ​ពួកគេ​បាន​បិទ​ផ្លូវ​មុខ​រោងចក្រ​ហ្គាវ័ន្ត នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល។ កម្មករ​ជាង ៤០០​នាក់​ក្នុង​ដៃ​មាន​កាន់​បដា​ទាមទារ​ប្រាក់​ឈ្នួល និង​រូប​លោក ហ៊ុន សែន ផង​នោះ ប្រកាស​ថា បើ​ការ​ទាមទារ​របស់​ពួកគេ​មិន​ទទួល​បាន​ដំណោះស្រាយ ពួកគេ​មិន​ព្រម​ឡើយ។ ក្រុម​កម្មករ​ស្នើ​ទៅ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍​ដល់​ពួកគេ ព្រោះ​ករណី​នៅ​រោងចក្រ​នេះ គ្មាន​អ្នក​ណា​អាច​ដោះស្រាយ​បាន​ឡើយ។

​កម្មករ​រោងចក្រ​ហ្គាវ័ន្ត​ម្នាក់ លោកស្រី រីតា ឲ្យ​ដឹង​ថា  ពេល​នេះ​ថៅកែ​រោងចក្រ​ចោទ​ប្រកាន់​ថា កម្មករ​វាយ​កម្ទេច​អីវ៉ាន់​នៅ​ក្នុង​រោងចក្រ។ លោកស្រី​ថា ការ​ចោទ​ប្រកាន់​នេះ លោកស្រី​ព្រួយ​បារម្ភ​ខ្លាច​ថៅកែ​រោងចក្រ​ប្រើ​វិធានការ​ផ្លូវ​ច្បាប់​ធ្វើ​ទុក្ខ​ទោស​លើ​កម្មករ៖ «»។

​កម្មការិនី​រោងចក្រ​ហ្គាវ័ន្ត ម្នាក់​ទៀត លោកស្រី យឹម សុខា ឲ្យ​ដឹង​ថា​ លោកស្រី​បាន​ចេញ​មក​តវ៉ា​ចំនួន ៧​ថ្ងៃ​មក​ហើយ ប៉ុន្តែ​មិន​បាន​ទទួល​ដំណោះស្រាយ​ទេ។ កម្មករ​រូប​នេះ​ស្នើ​ទៅ​លោក ហ៊ុន សែន ជួយ​អន្តរាគមន៍៖ «»។

ចំណែក​លោកស្រី អូន សុខឃឿន និយាយ​ថា លោកស្រី​បាន​ធ្វើ​ការ​នៅ​រោងចក្រ​នេះ​ជាង ៥​ឆ្នាំ មក​ហើយ ប៉ុន្តែ​ទើប​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ ថៅកែ​រោងចក្រ​មិន​ប្រាក់ខែ​ឲ្យ​កម្មករ​មិន​ទៀង​ទាត់ និង​គ្រប់គ្រាន់។ លោកស្រី​ប្រាប់​ថា ប្រាក់​ខែ​ក្នុង​ខែ​វិច្ឆិកា ដែល​កម្មករ​បាន​ធ្វើ​រួច​មក​ហើយ ក៏​ថៅកែ​មិន​ទាន់​បើក​ប្រាក់​ឈ្នួល​ឲ្យ​ពួកគេ​ដែរ៖ «»។

ជម្លោះ​ដ៏​រ៉ាំរ៉ៃ​រវាង​កម្មករ និង​ថៅកែ​រោងចក្រ​ហ្គាវ័ន្ត​នេះ បាន​ឆ្លង​កាត់​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​បាន​ចូល​ដល់​ដៃ​តុលាការ​ខេត្ត​កណ្ដាល។  កម្មករ​នាំ​គ្នា​បាតុកម្ម​ដោយសារ​ពួកគេ​អះអាង​ថា​ថៅកែ​មិន​បាន​បើក​ប្រាក់​ខែ​ទៀត​ទាត់ និង​គ្រប់​ចំនួន។

​ការ​បន្ត​ធ្វើ​បាតុកម្ម​របស់​ក្រុម​កម្មករ​កម្មការិនី​នេះ ព្រោះ​កម្មករ​ចង់​ឲ្យ​ថៅកែ​រោងចក្រ​បើកប្រាក់​ឲ្យ​ពួកគេ​ឲ្យ​គ្រប់ ១០០​ភាគរយ​ក្នុង​ពេល​ពួកគេ​ធ្វើ​បាតុកម្ម ប៉ុន្តែ​ថៅកែ​រោងចក្រ​យល់​ព្រម​ផ្តល់​ឲ្យ ៥០​ភាគរយ។

​តំណាង​សហជីព​ស៊ីខៅឌូ ប្រចាំ​រោងចក្រ​ហ្គាវ័ន្ត លោក ប្រាក់ ចាន់ថន ឲ្យ​ដឹង​ថា កាល​ពី​ថ្ងៃទី​២៨ ខែ​ធ្នូ តុលាការ​ខេត្ត​កណ្ដាល បាន​ដីកា​បង្គាប់​ឲ្យ​កម្មករ​ចូល​ធ្វើ​ការ ប៉ុន្តែ​កម្មករ​មិន​បាន​ចូលធ្វើ​តាម​ដីកា​របស់​តុលាការ​ទេ ខណៈ​ពួកគេ​ទាមទារ​មិន​ទាន់​បាន​សម្រេច។ តំណាង​សហជីព​រូប​នេះ​អះអាង​ការ​ទាមទារ​របស់​កម្មករ​កន្លង​មក ក្រុម​កម្មករ​មិន​បាន​បំផ្លិចបំផ្លាញ​ទ្រព្យ​សម្បត្តិ​រោងចក្រ​ដូច​ការ​ចោទ​ប្រកាន់​របស់​ថៅកែ​រោងចក្រ​ទេ៖ «»។

​ទោះ​មាន​ការ​ព្រមាន និង​ការ​ចោទ​ប្រកាន់​មក​លើ​ក្រុម​កម្មករ​ក្តី ប៉ុន្តែ​កម្មករ​អះអាង​ថា បើ​ថៅកែ​រោងចក្រ​មិន​បើក​ប្រាក់​ឈ្នួល​គ្រប់គ្រាន់​ទេ កម្មករ​នៅ​តែ​បន្ត​ទាមទារ និង​ដេក​យាម​រោងចក្រ​ខ្លាច​ថៅកែ​លួច​ដឹក​អីវ៉ាន់​ចេញ​ពី​រោងចក្រ។ តំណាង​សហជីប​ស៊ីខៅឌូ ប្រចាំ​រោងចក្រ​ហ្គាវ័ន្ត លោក ប្រាក់ ចាន់ថន ថា​ការ​ដោះស្រាយ​ជម្លោះ​កន្លង​មក ស្ថាប័ន​របស់​រដ្ឋ​រួម​មាន​អាជ្ញាធរ​មូលដ្ឋាន ក្រុមប្រឹក្សា​អាជ្ញាកណ្តាល និង​តុលាការ តែងតែ​លំអៀង​ទៅ​រក​ថៅកែ​រោងចក្រ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល