កម្មករ​រោងចក្រ​ហ្គាវ័ន្ត​នៅ​តាខ្មៅ​បន្ត​តវ៉ា​បិទ​ទ្វា​រោងចក្រ​បន្ទាប់​ពី​ថៅកែ​មិន​ទូទាត់​លុយ

ដោយ អាស៊ីសេរី
2017-12-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ក្រុម​កម្មករ​នៃ​រោងចក្រ ហ្គាវ័ន អាប់ភែរឹល (Gawon Apparel) ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​ខាង​ក្នុង​នៃ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​នា​ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
ក្រុម​កម្មករ​នៃ​រោងចក្រ ហ្គាវ័ន អាប់ភែរឹល (Gawon Apparel) ប្រមូល​ផ្តុំ​គ្នា​នៅ​បរិវេណ​ខាង​ក្នុង​នៃ​រោងចក្រ រង់ចាំ​ដំណោះស្រាយ​នា​ទីក្រុង​តាខ្មៅ ខេត្ត​កណ្ដាល នៅ​ថ្ងៃ​ទី​១៧ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

ក្រុម​កម្មករ​រោងចក្រ ហ្គាវ័ន្ត (GAWON) នៅ​ក្រុង​តាខ្មៅ ខេត្ត​កណ្ដាល បន្ត​បណ្ដាក់​គ្នា​បិទ​ច្រក​ទ្វា​ចេញចូល​រោងចក្រ នៅ​ថ្ងៃ​ទី​១៦ ធ្នូ។ ការ​បិទ​នេះ គឺ​ដើម្បី​កុំ​ឱ្យ​ថៅកែ​រោងចក្រ​នេះ ដឹក​សម្ភារៈ​កាត់ដេរ​ចេញ មុន​ការ​ទូទាត់​លុយ​គ្រប់គ្រាន់​ដល់​ពួកគាត់។

កម្មករ​មិន​ប្រាប់​ឈ្មោះ​មួយ​រូប ដែល​អះអាង​ថា​ជា​តំណាង​កម្មករ នៃ​រោងចក្រ​ហ្គាវ័ន្ត​នេះ មាន​ប្រសាសន៍​ថា មូលហេតុ​ដែល​ក្រុម​កម្មករ​បន្ត​ការ​តវ៉ា​នេះ ក៏​ព្រោះតែ​ខាង​ថៅកែ​រោងចក្រ​មិន​គោរព​តាម​ពាក្យសន្យា​ជាមួយ​កម្មករ៖ «គឺ​ថៅកែ​គាត់​បើក​លុយ​យឺត ហើយ​ដល់​ខែ​នេះ គាត់​អត់​បាន​តាម​ពាក្យសន្យា​គាត់ ដោយសារ​គាត់​ឱ្យ​កម្មករ​ដាច់​លុយ​ប្រាំពីរ​ថ្ងៃ។ អ៊ីចឹង​កម្មករ​គាត់​ខឹង​គាត់​តវ៉ា។ ពី​មុន​មក​យើង​មាន​កិច្ច​សន្យា​ថា បើសិនជា​ខែក្រោយ ថៅកែ​បើក​លុយ​ឱ្យ​យើង​យឺតយ៉ាវ ពួក​យើង​ខ្ញុំ​កម្មករ​ទាំងអស់​គ្នា​ហ្នឹង​នឹង​អង្គុយលេង ដោយ​គិត​ប្រាក់​ឈ្នួល​ឱ្យ ហើយ​ខែ​ដប់​យើង​អត់​ធ្វើ​ទេ គឺ​យើង​អង្គុយលេង​ប្រហែល​មួយ​អាទិត្យ។ ដល់​ពេល​អ៊ីចឹង យើង​ធ្វើការ​ខែ​ដប់ យើង​បើក​លុយ​ខែ​ដប់​មួយ។ អ៊ីចឹង​បើក​លុយ​មក​គាត់​អត់​ឱ្យ​ក្រដាស​យើង​មើល​ទេ គឺ​ក្រដាស​លុយ​ដែល​យើង​ធ្លាប់​មើល​រាល់​ខែ​ហ្នឹង។ គាត់​អត់​ឱ្យ​មើល​ទេ ដល់ពេល​បើក​លុយ​មក​បាន​គាត់​ឱ្យ​មើល។ ដល់​រួចហើយ កាត់​លុយ​គាត់​ប្រាំពីរ​ថ្ងៃ​ហ្នឹង គឺ​គាត់​តវ៉ា​ខ្លាំង​មែនទែន»

កាលពី​ព្រឹក​ថ្ងៃ​ទី​១៥ ធ្នូ កម្មករ​នាំគ្នា​បិទ​ផ្លូវ​ជាតិ​លេខ២១ ពី​ក្រុង​តាខ្មៅ​ឆ្ពោះ​ទៅ​ស្រុក​កោះធំ ច្រក​ព្រំដែន​កម្ពុជា​-​វៀតណាម ព្រោះ​រឿង​ថៅកែ​កាត់​លុយ​បន្ថែម​របស់​ពួកគាត់។ តំណាង​កម្មករ​អះអាង​ទៀត​ថា កម្មករ​ចន្លោះ​ពី ៣០០ ទៅ ៦០០​នាក់ ក្នុង​ចំណោម​កម្មករ​សរុប​ជាង ១​ពាន់​នាក់ នៃ​រោងចក្រ ហ្គាវ័ន្ត បាន​ចូលរួម​តវ៉ា​កាលពី​ថ្ងៃទី១៥ ធ្នូ ដោយ​អ្នកខ្លះ​បិទ​ផ្លូវ​ជាតិ​លេខ​២១ និង​ខ្លះ​ទៀត​បិទ​ច្រក​ទ្វា​ខាងមុខ និង​នៅ​ផ្លូវលំ​ខាងក្រោយ។ ពួកគាត់​ត្អូញត្អែរ​ថា ការ​តវ៉ា​កើត​មាន​ជា​ហូរហែ តាំងពី​ខែ​មីនា​មក ហើយ​កម្មករ​ខ្លះ​ឈប់​ធ្វើការ ដោយសារតែ​ថៅកែ​រោងចក្រ​នេះ បើកប្រាក់​ឈ្នួល​ឱ្យ​កម្មករ​យឺត និង​បើក​ម្ដង​បន្តិចៗ ៣ ទៅ ៤​ដង​ក្នុង​មួយ​ខែ។ កម្មករ​សង្ស័យ​ថា ខាង​ថៅកែ​ព្យាយាម​បិទ​រោងចក្រ ព្រោះ​កម្មករ​ជាច្រើន​នាក់ ត្រូវ​បាន​ព្យួរ​ការងារ ហើយ​ដឹក​ម៉ាស៊ីន​ចេញ ដោយ​មិនទាន់​ទូទាត់​ប្រាក់​ឈ្នួល​គ្រប់គ្រាន់។

ដោយឡែក​ភាគី​ថៅកែ​រោងចក្រ អ្នកស្រី ឆា ក្យុងហ៊ី នៅ​ថ្ងៃ​ទី១៣ ធ្នូ បាន​រាយការណ៍​ទៅ​មន្ទីរ​ការងារ​ខេត្ត​កណ្ដាល​ថា ការ​ដឹក​ម៉ាស៊ីន​ចេញ​នោះ គឺ​ដើម្បី​ផ្លាស់ប្ដូរ​ម៉ាស៊ីន​ថ្មី តម្រូវ​តាម​ការ​បញ្ជា​ទិញ​របស់​ភ្ញៀវ​ថ្មី។ អ្នកស្រី​ហៅ​ការ​តវ៉ា​របស់​កម្មករ ដែល​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី ១០ ធ្នូ នោះ​គឺ​ខុសច្បាប់។ ករណី​រោងចក្រ​នេះ មិន​ទាន់​មាន​ដំណោះស្រាយ​ទេ គឺ​កំពុង​ឋិត​នៅ​ក្នុង​សមត្ថកិច្ច​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល​នៅឡើយ។ ទោះជា​យ៉ាងណាក្ដី ក្រុម​កម្មករ​ថ្លែង​ថា ពួកគាត់​នឹង​បន្ត​យាម​ច្រក​ទ្វា​រោងចក្រ​រហូត​មាន​ដំណោះស្រាយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល