អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បញ្ជូន​ចិន ២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ការ​កាន់កាប់​អាវុធ​ខុសច្បាប់

ដោយ ហ៊ុំ ចំរើន
2024.02.22
អាវុធហត្ថ​ខេត្ត​បន្ទាយមានជ័យ​បញ្ជូន​ចិន ២​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​ការ​កាន់កាប់​អាវុធ​ខុសច្បាប់ ជនសង្ស័យជនជាតិចិន ២នាក់ ដែល​កងកម្លាំង​អាវុធហត្ថខេត្តបន្ទាយមានជ័យ​​បង្ក្រាបបាន ជាមួយអាវុធ និងគ្រឿងញៀន​ កាល​ពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ឆ្នាំ​២០២៤។
រូប៖ ហ្វេសប៊ុកមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ

កម្លាំង​អាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​បញ្ជូន​ជនជាតិ​ចិន​ចំនួន ២​នាក់​ទៅ​តុលាការ​ដោយ​ចោទប្រកាន់​ថា ពួកគេ​កាន់កាប់​អាវុធ​ខុសច្បាប់ និង​បង្ក​ហិង្សា​ដោយ​ចេតនា។ មន្ត្រី​សង្គម​ស៊ីវិល​នៅតែ​ព្រួយ​បារម្ភ និង​មាន​ចម្ងល់​ចំពោះ​ជនបរទេស​ដែល​អាច​កាន់កាប់​អាវុធ​សម្រាប់​ប្រើប្រាស់​លើ​ទឹកដី​កម្ពុជា ដែល​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ។

តុលាការ​ខេត្ត​បន្ទាយមានជ័យ​នៅ​ថ្ងៃទី​២២ ខែ​កុម្ភៈ បាន​បើកសវនាការ​លើ​ជនជាតិ​ចិន ២​នាក់ បន្ទាប់ពី​កម្លាំង​អាវុធហត្ថ និង​ព្រះរាជអាជ្ញា​សាលាដំបូង​ខេត្ត​បន្ទាយមានជ័យ លោក កើត វណ្ណារ៉េត បាន​កសាង​សំណុំរឿង​ដោយ​ចោទ​ប្រកាន់​ថា បង្ក​ហិង្សា​ដោយ​ចេតនា និង​កាន់កាប់​អាវុធ​ខុសច្បាប់។

មន្ទីរ​ស្រាវជ្រាវ និង​បង្ក្រាប​បទល្មើស​កងរាជអាវុធហត្ថ​ខេត្តបន្ទាយមានជ័យ​ឱ្យ​ដឹង​ថា កម្លាំង​អាវុធហត្ថ​បាន​បង្ក្រាប​ជនជាតិ​ចិន​ចំនួន ២​នាក់​កាល​ពី​ថ្ងៃទី​២០ ខែ​កុម្ភៈ ក្នុង​ក្រុង​ប៉ោយប៉ែត បន្ទាប់ពី​ទទួល​បាន​ពាក្យបណ្ដឹង​ពី​ជន​ជាតិចិន​ដូចគ្នា កាល​ថ្ងៃទី​១៩ ខែ​កុម្ភ:។ មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត​លោក នួន នីណារ៉ូ បញ្ជាក់​ថា ក្រោយ​ប្រតិបត្តិការ​បង្ក្រាប​បាន​ជនសង្ស័យ​កម្លាំង​អាវុធហត្ថ​បាន​រក​ឃើញ​វត្ថុតាង​កាំភ្លើង​ខ្លីម៉ាក ជី ឡុ​ក (G Lock) ចំនួន ៣​ដើម កាំភ្លើង​វែង​ម៉ាក​ស្នប់ ១​ដើម ដំបង​ឆក់ ខ្នោះដៃ គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់ និង​គ្រឿងញៀន​មួយចំនួន។

ប៉ុន្តែ ជនសង្ស័យ​ទាំង ២​នាក់​បាន​សារភាព​ថា ពួកគេ​ទទួល​បាន​កាំភ្លើង​ទាំងនោះ​ពី​ថៅកែ​របស់​ខ្លួន​កាលពី​ឆ្នាំ​២០២៣ ដោយ​ថៅកែ​ប្រគល់​ឱ្យ​សម្រាប់​ការពារ​ហាង​ឈ្មោះ អេ ផ្លើស៍ (A Plus) ហើយ​ពួកគេ​ក៏បាន​យក​កាំភ្លើង​ទាំង​នោះ​មក​ទុក​បន្ទប់​ជួល​ពួកគេ​ក្នុង​ក្រុង​ប៉ោយប៉ែត។

វិទ្យុ​អាស៊ីសេរី​មិនអាច​ទាក់ទង​មេបញ្ជាការ​មូលដ្ឋាន​កងរាជ​អាវុធហត្ថ​ក្រុង​ប៉ោយប៉ែត លោក នួន នីណារ៉ូ ដើម្បី​សាកសួរ​ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី២២ ខែ​កុម្ភៈ។ ចំណែក អ្នកនាំពាក្យ​តុលាការខេត្ត​បន្ទាយមានជ័យ លោក រឿន លីណា ក៏​មិន​អាច​ទាក់ទង​បាន​ដែរ។

ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព (PDP) លោក យង់ គិមអេង លើកឡើង​ថា ជន​ជាតិចិន​មួយ​ចំនួន នៅ​កម្ពុជា​សព្វថ្ងៃ​ហាក់​មាន​សេរីភាព និង​មាន​ឥទ្ធិពល​ខ្លាំង​ក្នុង​ការ​បញ្ជាទិញ​អាវុធ​ប្រើប្រាស់​។ លោក​រិះគន់​ថា បញ្ហា​នេះ​ដោយសារតែ​មន្ត្រី​អាជ្ញាធរ​មិន​បាន​អនុវត្ត​ច្បាប់​តឹងរ៉ឹង និង​អាច​មាន​ការប្រព្រឹត្ត​អំពើពុករលួយ ក្នុង​ការ​សម្រួល​ឱ្យ​ឈ្មួញ​នាំចូល​អាវុធ​មក​កម្ពុជា។

លោក យង់ គិមអេង៖ «ប្រសិនបើ​យើង​គ្រប់គ្រង​ប្រទេស​មិនបាន​ល្អ​ទេ ពួក​ក្រុម​ជនបរទេស​ខិលខូច​ទាំងអស់​ហ្នឹង អាច​យក​ទឹកដី​កម្ពុជា​ទៅ​បង្ក​អសន្តិសុខ​សម្រាប់​ក្នុងស្រុក និង​សម្រាប់ [​ភ្ញៀវ​] អន្តរជាតិ ទៅទៀត​។ រឿង​ទាំង​អស់ហ្នឹង​ដែល​ត្រូវ​គិត​ពី​យុទ្ធសាស្ត្រ​វែងឆ្ងាយ ត្រូវ​បង្ការ​កុំឱ្យ​ជនបរទេស​អាច​ធ្វើ​នូវ​ទង្វើ​បែប​នោះ​បាន បើ​មិន​អ៊ីចឹង​ទេ​កម្ពុជា​នឹង​រង​គ្រោះ​ព្រោះ​ជនបរទេស​ខិលខូច​ទាំងអស់​ហ្នឹងហើយ»

លោក​ជំរុញ​ឱ្យ​រដ្ឋាភិបាល និង​អាជ្ញាធរ​ពាក់ព័ន្ធ​ទប់ស្កាត់​បញ្ហា​នៃ​ជនបរទេស​ប្រើប្រាស់​អាវុធ​ខុសច្បាប់​នៅ​កម្ពុជា​ឱ្យ​មាន​ប្រសិទ្ធភាព ព្រោះ​លោក​ថា តម្រុយ​នៃ​ការស្រាវជ្រាវ​សមត្ថកិច្ច​ហាក់​មិន​ពិបាក​ក្នុង​ការ​ស្វែង​រកមុខ​មេខ្លោង​នោះ​ទេ ដោយសារតែ​អាវុធ​ដែល​សមត្ថកិច្ច​រឹបអូស​បាន​ភាគច្រើន​សុទ្ធ​តែ​មាន​លេខ​សម្គាល់។ លោក​បារម្ភ​ចំពោះ​សេដ្ឋកិច្ចជាតិ និង​ការរស់នៅ​ប្រជាពលរដ្ឋ​ថា នឹង​ប្រឈម​រង​ប៉ះពាល់​កាន់តែ​ខ្លាំង ប្រសិនបើ​ជនបរទេស​នៅតែ​អាច​មាន​អាវុធ​ប្រើប្រាស់ បាញ់​បោះ​ដោយ​សេរី ដែល​ធ្វើ​ឱ្យ​ភ្ញៀវ​អន្តរជាតិ​មិន​ហ៊ាន​ចូល​មក​កម្ពុជា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។