រដ្ឋាភិបាល​បង្កើត​គណៈកម្មការ​អង្កេត​ករណី​ស្លាប់​មនុស្ស​ពេល​បង្ក្រាប​បាតុករ

រដ្ឋាភិបាល​បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ស្វែង​រក​ជន​ដៃ​ដល់​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​នៅ​ក្នុង​ការ​បង្ក្រាប​កម្មករ​រោងចក្រ អែស.អិល (SL) កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា។ បញ្ហា​នេះ ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស​បាន​លើក​ឡើង​ថា គណៈកម្មការ​ស៊ើប​អង្កេត​នេះ ត្រូវ​តែ​ធ្វើ​ឡើង​ដោយ​ឯករាជ្យ និង​ត្រូវ​តែ​រក​ឃាតក​ពិត​យក​មក​ផ្ដន្ទាទោស ដើម្បី​បញ្ចប់​និទណ្ឌភាព​នៅ​កម្ពុជា។
ដោយ ទីន ហ្សាការីយ៉ា
2013-11-13
Share


ស្នងការ​រាជធានី​ភ្នំពេញ បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ករណី​បាញ់​សម្លាប់​ស្ត្រី​លក់​បាយ​នៅ​ក្បែរ​វត្ត​ស្ទឹងមានជ័យ នៅ​ខណៈ​កម្លាំង​សមត្ថកិច្ច​បង្ក្រាប​ក្រុម​បាតុករ​ជា​កម្មករ​រោងចក្រ អែស.អិល កាល​ពី​ថ្ងៃ​ទី​១២ ខែ​វិច្ឆិកា នោះ។

មន្ត្រី​នាំ​ពាក្យ​អគ្គស្នងការ​នគរបាល​ជាតិ លោក គៀត ច័ន្ទថារិទ្ធ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ថា ស្នងការ​នគរបាល​ជាតិ សហការ​ជាមួយ​អគ្គ​ស្នងការ​នគរបាល​ជាតិ បាន​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​លើ​ករណី​ផ្ទុះ​អាវុធ​បង្ក​ឲ្យ​ស្ត្រី​លក់​បាយ​ម្នាក់​នៅ​ស្ទឹងមានជ័យ ឈ្មោះ អេង សុខុម ស្លាប់​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា។ លោក​បញ្ជាក់​ថា មក​ទល់​ពេល​នេះ ខាង​សមត្ថកិច្ច​មិន​ទាន់​សន្និដ្ឋាន ឬ​កំណត់​មុខ​សញ្ញា​ជន​ដៃដល់​ឃើញ​នៅ​ឡើយ។

ការ​បង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​នេះ គឺ​បន្ទាប់​ពី​អង្គការ​សង្គម​ស៊ីវិល​ជា​ច្រើន​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​ថ្កោលទោស​ចំពោះ​អំពើ​ហិង្សា​បង្ក្រាប​ក្រុម​បាតុករ បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​និង​រង​របួស​ជា​ច្រើន​នាក់ ដែល​បង្ក​ឡើង​ដោយ​ក្រុម​សមត្ថកិច្ច​ប្រើ​អាវុធ​ពិត អាវុធ​ផ្សែង ដំបង​ឆក់ ត​ទល់​ជាមួយ​ក្រុម​បាតុករ​ប្រើ​ដុំ​ថ្ម​នោះ។

លោក គៀត ច័ន្ទថារិទ្ធ បាន​បដិសេធ​ថា ការ​ផ្ទុះ​អាវុធ​នេះ​មិន​មែន​ជា​សមត្ថកិច្ច​នោះ​ទេ គឺ​អាច​មាន​ជន​ទី​បី​បាញ់​ទៅ​លើ​ប្រជាពលរដ្ឋ​ទាំង​នោះ។ តែ​យ៉ាង​នេះ​ក្ដី លោក​បញ្ជាក់​ថា គណៈកម្មការ​ស៊ើប​អង្កេត​នឹង​ស្វែង​រក​ឃាតក​ពិត​ចំពោះ​ករណី​បាញ់​ប្រហារ​នេះ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី ក្រុម​មន្ត្រី​សិទ្ធិ​មនុស្ស និង​ក្រុម​អ្នក​ច្បាប់​បាន​ថ្កោលទោស​ចំពោះ​ការ​ផ្ទុះ​អាវុធ​បង្ក្រាប​ក្រុម​បាតុករ និង​ប្រើ​អំពើ​ហិង្សា​ធ្ងន់ធ្ងរ​ទៅ​លើ​កម្មករ​និង​ប្រជាពលរដ្ឋ​នេះ។ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំង​នោះ បាន​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ជា​អ្នក​ទទួល​ខុស​ត្រូវ​ក្នុង​ការ​ស្វែង​រក​ជន​ដៃ​ដល់​ពិត​យក​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​ច្បាប់។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​នៃ​អង្គការ​សិទ្ធិ​មនុស្ស​លីកាដូ លោក អំ សំអាត មាន​ប្រសាសន៍​ថា ការ​បង្កើត​គណៈកម្មការ​ជា​រឿង​ល្អ​មួយ​ដើម្បី​ស្វែង​រក​ឃាតក​ពិត ប៉ុន្តែ​គណៈកម្មការ​ដែល​ដឹក​នាំ​ដោយ​ស្នងការ​រាជធានី​ភ្នំពេញ​នេះ លោក​មិន​រំពឹង​ថា នឹង​មាន​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​ឯករាជ្យ​នោះ​ឡើយ ពីព្រោះ​ចុះ​បង្ក្រាប​នេះ ក៏​ជា​កង​កម្លាំង​ស្នងការ​រាជធានី​ភ្នំពេញ​ដែរ ដែល​បាន​ប្រើ​អាវុធ​ក្នុង​ការ​បង្ក្រាប​នេះ។ លោក អំ សំអាត អះអាង​ថា លោក​យល់​ថា ការ​បាញ់​សម្លាប់​ស្ត្រី​ម្នាក់​នេះ​មិន​មែន​ជា​ជន​ទី​បី​នោះ​ឡើយ។

នៅ​បន្ទាប់​ពី​ក្រុម​សមត្ថកិច្ច​បង្ក្រាប​បាតុករ​នៅ​ថ្ងៃ​ទី​១២ វិច្ឆិកា នោះ សមត្ថកិច្ច​បាន​ចាប់​ខ្លួន​ប្រជាពលរដ្ឋ និង​ព្រះសង្ឃ​សរុប​ចំនួន ៣៨​នាក់ ក្នុង​នោះ​មាន​ព្រះសង្ឃ​វត្ត​ស្ទឹងមានជ័យ ៧​អង្គ យក​ទៅ​ឃុំ​នៅ​ស្នងការ​រាជធានី​ភ្នំពេញ ប៉ុន្តែ​ព្រះសង្ឃ ៧​អង្គ ត្រូវ​បាន​គេ​ដោះលែង​វិញ​នៅ​យប់​ថ្ងៃ​ទី​១២ វិច្ឆិកា ដដែល។

ដោយ​ឡែក​នៅ​សល់​ពលរដ្ឋ ៣១​នាក់​ទៀត សមត្ថកិច្ច​បាន​ដោះលែង​នៅ​ល្ងាច​ថ្ងៃ​ទី​១៣ វិច្ឆិកា ចំនួន ២៩​នាក់ បន្ទាប់​ពី​ធ្វើ​ការ​សាកសួរ។ នៅ​សល់​ពីរ​នាក់​ទៀត សមត្ថកិច្ច​បាន​បញ្ជូន​មក​សាលាដំបូង​រាជធានី​ភ្នំពេញ។

លោក គៀត ច័ន្ទថារិទ្ធ អះអាង​ថា អ្នក​ទាំង​ពីរ​នេះ សមត្ថកិច្ច​មាន​ភស្តុតាង​ថា ជា​អ្នក​ដុត​រថយន្ត និង​ម៉ូតូ​សមត្ថកិច្ច​នៅ​មុខ​វត្ត​ស្ទឹងមានជ័យ ជា​ទី​ដែល​ក្រុម​កម្មករ​និង​សមត្ថកិច្ច​ប៉ះ​ទង្គិច​គ្នា​កាល​ពី​ថ្ងៃ​ទី​១២ វិច្ឆិកា៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅក្នុង​អត្ថបទ​នេះ​៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ៕

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល