រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​បន្ថែម​ដើម្បី​ស្ដារ​សេដ្ឋកិច្ច ក្រោយ​រង​ផល​ប៉ះ​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩

ដោយ​ សេក បណ្ឌិត
2020.12.25
រដ្ឋាភិបាល​ដាក់​ចេញ​វិធានការ​បន្ថែម​ដើម្បី​ស្ដារ​សេដ្ឋកិច្ច ក្រោយ​រង​ផល​ប៉ះ​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កម្មករ​រោងចក្រ​កាត់ដេរ នា​ពេល​កន្លង​មក។
រូប​ហ្វេសប៊ុក

រដ្ឋាភិបាល​នៅ​ថ្ងៃ​ទី​២៤ ធ្នូ​នេះ បាន​ប្រកាស​ដាក់​ចេញ​វិធានការ​បន្ថែម​មួយ​ចំនួន​ទៀត ដើម្បី​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ ក្រោយ​រង​ផល​ប៉ះ​ពី​វិបត្តិ​ជំងឺ​កូវីដ​១៩ និង​បន្ត​ជួយឧបត្ថម្ភ​ដល់​ពលរដ្ឋ​ក្រីក្រ​ដែល​ងាយ​រងគ្រោះ​។ នៅ​ក្នុង​នោះ វិស័យ​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​ត្រូវ​បាន​លើក​យក​មក​ជា​អាទិភាព​សម្រាប់​ជួយ​ដល់​កម្មករ​និយោជិក និង​រោងចក្រ សហគ្រាស អាជីវកម្ម​ជាដើម​។ សហជីព​មួយ​ចំនួន យល់ថា វិធានការ​ខ្លះ ហាក់​ផ្ដល់​ផលប្រយោជន៍​ឱ្យ​និយោជក និង​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​កម្មករ​ជា​ខ្លាំង ហើយ​រដ្ឋាភិបាល​គួរ​ពិនិត្យ​មើល​ចំណុច​ទាំង​នោះ​ឡើង​វិញ។

រដ្ឋាភិបាល​លោក ហ៊ុន សែន ដាក់​ចេញ​នូវ​វិធានការ​ចំនួន ៦​ចំណុច ដើម្បី​រក្សា​លំនឹង​អាជីវកម្ម និង​ស្តារ​ឡើង​វិញ​នូវ​ធុរកិច្ច អាជីវកម្ម និង​ទ្រទ្រង់​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ ក្នុង​អំឡុង​ពេល​ដែល​កម្ពុជា​កំពុង​ប្រឈម​នូវ​វិបត្តិ​ជំងឺ​កូវីដ​១៩។ វិធានការ​ទាំងនោះ​រួមមាន ការ​បន្ត​ជួយ​ដល់​វិស័យ​កាត់ដេរ​-​វាយនភណ្ឌ ស្បែកជើង ផលិតផល​ធ្វើ​ដំណើរ កាបូប និង​វិស័យ​ទេសចរណ៍ ការ​បន្ត​ជួយ​ដល់​វិស័យ​អាកាសចរណ៍ វិធានការ​ជួយ​រោងចក្រ សហគ្រាស និង​អាជីវកម្ម វិធានការ​ទ្រទ្រង់​កំណើន​ការ​បន្ធូរបន្ថយ​ការអនុវត្ត​ពន្ធ​កាត់​ទុក​លើ​ការប្រាក់​សម្រាប់​អ្នកផ្ដល់​កម្ចី​ក្នុងស្រុក និង​ក្រៅ​ស្រុក (Withholding Tax) និង​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ។

ក្នុង​វិស័យ​កាត់ដេរ រដ្ឋាភិបាល​បាន​អនុញ្ញាត​ឱ្យ​ថៅកែ​រោងចក្រ សហគ្រាស និង​អាជីវកម្ម ព្យួរ​កិច្ចសន្យាការងារ​ពី​ក្រសួង​ការងារ និង​បន្ត​ផ្តល់​ប្រាក់​ឧបត្ថម្ភ ដល់​កម្មករ​និយោជិត ក្នុង​ម្នាក់ ៤០​ដុល្លារ ដោយ​ម្ចាស់​រោងចក្រ សហគ្រាស ត្រូវ​បន្ថែម ៣០​ដុល្លារ​ពីលើ​នេះ​ផង​ដែរ​។ រដ្ឋាភិបាល បាន​អនុញ្ញាត​ឱ្យ​រោងចក្រ​សហគ្រាស និង​អាជីវកម្ម​គ្រប់​វិស័យ ពន្យារ​ពេល​ទូទាត់​ប្រាក់​រំលឹក​អតីតភាព​ការងារ និង​ប្រាក់​បំណាច់​អតីតភាព​ការងារ របស់​កម្មករ និង​យោ​ជិត ក្នុង​ឆ្នាំ​២០១៩ ២០២០ និង​២០២១ ទៅ​ឆ្នាំ​២០២២​វិញ ដោយ​កំណត់​នីតិវិធី និង​ធ្វើការ​ទូទាត់​ជា​ដំណាក់កាល​ៗ ប្រសិនបើ​ស្ថានភាព​សង្គម​-​សេដ្ឋកិច្ច​ត្រឡប់​មក​ដូច​ដើម​វិញ។

ចំណុច​នេះ មាន​ការ​ប្រតិកម្ម​ពី​សហជីព​មួយ​ចំនួន ដោយ​ពួកគេ​អះអាង​ថា វិធានការ​នេះ ហាក់​ផ្ដល់​អត្ថប្រយោជន៍​ដល់​ម្ចាស់​អាជីវកម្ម ថៅកែ​រោងចក្រ​ជាដើម ប៉ុន្តែ​កម្មករ​ជាច្រើន​នឹង​បាត់បង់​អត្ថប្រយោជន៍​របស់​ខ្លួន ប្រសិន​បើ​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សហគ្រាស រោច​ក្រ និង​ម្ចាស់​អាជីវកម្ម​មួយ​ចំនួន ពន្យារ​ពេល​នៃ​ការ​ទូទាត់ ប្រាក់​អត្ថប្រយោជន៍​ទាំងនោះ។

ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​អ្នកស្រី យ៉ាង សុភ័ណ្ឌ ឱ្យ​ដឹង​ថា គោលការណ៍​ដែល​រដ្ឋាភិបាល​បាន​ដាក់​ចេញ​បន្ត​នេះ រដ្ឋាភិបាល​មិនបាន​សិក្សា​លើ​ផល​ប៉ះពាល់​របស់​កម្មករ ថា​តើ​អ្នកណា​ជា​អ្នក​រងគ្រោះ​ពិតប្រាកដ​នោះ​ទេ​? អ្នកស្រី​លើកឡើង​ថា ការ​ពន្យារ​ពេល​មិន​បើកប្រាក់​អត្ថប្រយោជន៍​ឱ្យ​កម្មករ​ក្នុង​ឆ្នាំ​២០២១​នេះ គឺ​ធ្វើ​ឱ្យ​ពួកគេ​ប្រឈម​កាន់តែ​ខ្លាំង​រឿង​ជីវភាព​គ្រួសារ​ប្រចាំថ្ងៃ និង​បញ្ហា​បំណុល​ជាដើម​។ អ្នកស្រី​ថា រដ្ឋាភិបាល​ហាក់​គិតគូរ​ពី​ភាគី​និយោជក​ជាជាង​កម្មករ​និយោជិក​ដែល​រងគ្រោះ​ពិតប្រាកដ ហើយ​ធ្វើ​ឱ្យ​កម្មករ​ពិបាក​ទទួល​យក​នូវ​វិធានការ​ទាំងនេះ​។ អ្នកស្រី​អះអាង​ថា កម្មករ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ក៏​ជា​អ្នករងគ្រោះ​ធ្ងន់ធ្ងរ​ផង​ដែរ ហើយ​ពួកគេ​មិន​ត្រូវ​បាន​យកចិត្តទុកដាក់​ពី​សំណាក់​រដ្ឋាភិបាល​នោះ​ទេ​។ អ្នកស្រី​ស្នើ​ឱ្យ​រដ្ឋាភិបាល​គិតគូរ​ឡើងវិញ​នូវ​ចំណុច​ទាំងនេះ៖ «ខ្ញុំ​ទទួលស្គាល់​ថា សេដ្ឋកិច្ច​វា​ប្រឈម​ទាំងអស់​គ្នា ប៉ុន្តែ​ខ្ញុំ​ស្នើសុំ​ថា ឱ្យ​មានការ​គិតគូរ​ទាំង​វិស័យ​ឯកជន​ក្រុមហ៊ុន​ហ្នឹង ហើយ​យើង​ចង់​រក្សា​ស្ថិរភាព​របស់​ពួកគាត់ យើង​ក៏​ចង់​រក្សា​ស្ថិរភាព​កម្លាំង​ពលកម្ម​របស់​យើង ហើយ​យើង​ក៏​មិន​ចង់​ឱ្យ​បងប្អូន​កម្មករ​យើង​ស្លាប់​ដែរ​។ អ៊ីចឹង​សូម​ឱ្យ​គិតគូរ​ដល់​គាត់ មិន​ព្យាយាម​នៅ​ក្នុង​ការ​គិតគូរ​ដល់​វិស័យ​ឯកជន ថៅកែ និយោជក​អស់ហ្នឹង​ទេ បន្ទាប់​មកៗ​សម្លាប់​បងប្អូន​កម្មករ​ដោយ​ការ​កាត់​នូវ​ផលប្រយោជន៍​របស់​គាត់ ឬក៏​ពន្យារ​នៅ​ក្នុង​ផលប្រយោជន៍​របស់​គាត់​។ ចំណុច​ហ្នឹង ខ្ញុំ​ឃើញ​ថា ហាក់ដូចជា​អត់​ទាន់​មាន​ភាព​យុត្តិធម៌​ដល់​បងប្អូន​កម្មករ»

ស្រដៀង​គ្នា​នេះ អ្នក​គ្រប់គ្រង​កម្មវិធី​សិទ្ធិ​ការងារ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឃុន ថារ៉ូ មាន​ប្រសាសន៍​ថា កម្មករ​និយោជិក​ក្នុង​វិស័យ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ វិស័យ​សេវាកម្ម វិស័យ​សំណង់ និង​វិស័យ​សណ្ឋាគារ ដែល​មាន​កម្មករ​រាប់​សែន​នាក់ បាត់បង់​ការងារ ហើយ​មិន​ស្ថិត​នៅ​ក្រោម​គោល​នយោបាយ​របស់​រដ្ឋាភិបាល​ក្នុង​ការ​ផ្តល់​ប្រាក់​ឧបត្ថម្ភ​នោះ​ទេ​។ លោក​បន្ត​ថា នេះ​ជា​រឿង​អយុត្តិធម៌​មួយ​សម្រាប់​ពួកគេ​ដែល​មិន​ទទួល​បាន​កិច្ច​អន្តរាគមន៍ ឬ​ការ​គាំពារ​ពី​រដ្ឋាភិបាល។ លោក​លើកឡើង​ទៀត​ថា និយោជក​មួយ​ចំនួន​បាន​កេង​ប្រវ័ញ្ច​កម្លាំង​ពលកម្ម​របស់​កម្មករ​និយោជិក និង​ជិះជាន់​លើ​សិទ្ធិ​មូលដ្ឋាន​របស់​កម្មករ មេដឹកនាំ​សហជីព​ជាដើម ក្នុងអំឡុងពេល​វិបត្តិ​ជំងឺ​កូវីដ​១៩​នេះ៖ «​យើង​ត្រូវ​ថ្លឹងថ្លែង​ឱ្យ​ស្មើភាព​ទៅ​នឹង​គោលនយោបាយ ធ្វើ​ឱ្យ​មាន​តម្លាភាព​។ យើង​គាំពារ​តែ​វិស័យ​ឯកជន​តែមួយ​មុខ​ដោយ​ផាត់​ចោល​កម្មករ​ឱ្យ​នៅ​ប្រឈម​ទៅ​នឹង​បញ្ហា​លំបាក​ហ្នឹង គឺ​វា​មិនមែន​ជា​គោល​នយោបាយ​មួយ​ដែល​ត្រឹមត្រូវ​ទេ​។ យើង​គិត​ថា ប្រជាពលរដ្ឋ​ទាំងអស់ កម្មករ​ហ្នឹង គួរតែ​ទទួល​បាន​នូវ​សិទ្ធិ​រស់រាន​មានជីវិត ប្រកប​ដោយ​សេចក្ដី​ថ្លៃថ្នូរ តាមរយៈ​នៃ​ការ​គាំពារ​ដោយ​រាជរដ្ឋាភិបាល ហើយ​អាហ្នឹង​ជា​កាតព្វកិច្ច​របស់​រដ្ឋ អ៊ីចឹង​គោលនយោបាយ​ណា​ដែល​ធ្វើ ដើម្បី​បម្រើ​ផលប្រយោជន៍​តែ​ពួក​ឈ្មួញ ពួក​ឯកជន នាយទុន ឬក៏​អ្នក​ដែល​មាន​លុយ​មានអំណាច​ហ្នឹង​ខ្ញុំ​គិត​ថា វា​ជា​គោល​នយោបាយ​មួយ​ដែល​មិន​សន្តិភាព​នៅ​ក្នុង​សង្គម​មួយ​ដែល​រាជរដ្ឋាភិបាល​ត្រូវតែ​មាន​កាតព្វកិច្ច​នៅ​ក្នុង​ការ​ផ្តល់​សេវា និង​ក្នុង​ការ​គាំពារ​ឱ្យ​ប្រជាពលរដ្ឋ​នោះ»

លោក ឃុន ថារ៉ូ បញ្ជាក់​ថា ចំពោះ​ការ​ស្តារ​សេដ្ឋកិច្ច​ឡើងវិញ រដ្ឋាភិបាល​ត្រូវ​ធានា​ឱ្យ​ប្រទេស​កម្ពុជា​ទទួល​បាន​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ទាំងស្រុង​ឡើងវិញ ដើម្បី​ទ្រទ្រង់​សេដ្ឋកិច្ច​ឱ្យ​ងើបឡើង​វិញ​។ លោក​ថា ការ​បន្ត​ព្យួរ​ការងារ​របស់​កម្មករ​និយោជិក​ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​១៩​នេះ នឹង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ពួកគេ​ជា​ខ្លាំង ដោយសារ​ប្រាក់ឧបត្ថម្ភ​ពី​រដ្ឋាភិបាល និង​ម្ខាង​សហគ្រាស ចំនួន ៧០​ដុល្លារ​ក្នុង​ម្នាក់ មិន​គ្រប់គ្រាន់​សម្រាប់​ពួកគេ​នោះ​ទេ​។ មន្ត្រី​សិទ្ធិ​ការងារ​រូប​នេះ លោក​ស្នើ​ឱ្យ​រដ្ឋាភិបាល​ធ្វើ​យ៉ាងណា​ត្រូវ​កាត់បន្ថយ​ទំហំ​នៃ​ការ​ព្យួរ​ការងារ​របស់​កម្មករ និង​ត្រូវ​ធ្វើ​អធិការកិច្ច​ប្រកបដោយ​ប្រសិទ្ធភាព៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។