មន្ត្រីរដ្ឋាភិបាលបដិសេធថា រដ្ឋាភិបាលមិនបានរារាំងដល់ការផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋក្នុងតំបន់បិទខ្ទប់ដោយសារជំងឺកូវីដ១៩នោះទេ។ មន្ត្រីរូបនោះអះអាងថា គិតរហូតមកទល់ពេលនេះ មិនទាន់មានពលរដ្ឋណាម្នាក់នៅតំបន់បិទខ្ទប់ ស្លាប់ ឬរងទុក្ខវេទនាដោយសារអត់បាយឡើយ។ ការលើកឡើងនេះ ក្រោយអង្គការលើកលែងទោសអន្តរជាតិ (Amnesty International) ជំរុញឱ្យរដ្ឋាភិបាល ចាត់វិធានការបន្ទាន់ដើម្បីបញ្ចៀសវិបត្តិមនុស្សធម៌ និងវិបត្តិសិទ្ធិមនុស្ស ដោយសារពលរដ្ឋក្នុងតំបន់បិទខ្ទប់កំពុងប្រឈមនឹងការដាច់បាយ។
បើទោះបីជាមានពលរដ្ឋជាច្រើនគ្រួសារនៅតំបន់បិទខ្ទប់ ជាពិសេសក្នុង «តំបន់ក្រហម» បានលើកគ្នាជាបន្តបន្ទាប់ចេញមកតវ៉ាផ្ទាល់ ឬតាមបណ្ដាញសង្គមដើម្បីដង្ហោយសុំស្បៀងអាហារពីរដ្ឋាភិបាល ខណៈពួកគេកំពុងប្រឈមនឹងការដាច់ស្បៀងយ៉ាងណាក្តី មន្ត្រីរដ្ឋាភិបាលនៅតែអះអាងថា មិនទាន់មានពលរដ្ឋណាម្នាក់ក្នុងតំបន់បិទខ្ទប់ ស្លាប់ ឬរងទុក្ខវេទនាដោយសារអត់បាយឡើយ។
អ្នកនាំពាក្យគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជារបស់រដ្ឋាភិបាល លោក កត្តា អ៊ន បញ្ជាក់ប្រាប់ អាស៊ីសេរី យ៉ាងដូច្នេះ កាលពីយប់ថ្ងៃទី៣០ ខែមេសា។ លោកអះអាងថា អាជ្ញាធររដ្ឋាភិបាលក៏មិនបានបដិសេធ ឬរារាំងការផ្តល់ជំនួយមនុស្សធម៌ពីសំណាក់អង្គការសង្គមស៊ីវិលនោះដែរ៖ «រដ្ឋាភិបាលកម្ពុជាយើង ក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរពាក់ព័ន្ធ គឺថា យើងស្វាគមន៍រាល់ជំនួយមនុស្សធម៌ផ្សេងៗពីអង្គការសង្គមស៊ីវិល ពីបណ្តាប្រទេសផ្សេងៗ ក៏ដូចជាសប្បុរសជនផ្សេងៗតាំងពីយូរតាំងពីដើមទីមកម្ល៉េះ។ យើងពុំមានការមិនទទួលអំណោយ ឬការរារាំងដូចការលើកឡើងទេ។ ទីពីរ មកដល់ពេលនេះ នៅក្នុងតំបន់ក្រហមក្តី គឺថា មិនទាន់មាននរណាម្នាក់ស្លាប់ដោយសារអត់បាយ ឬមួយក៏រងទុក្ខវេទនាដោយសារអត់អាហារនោះទេ។ អាជ្ញាធរកំពុងតែដុតដៃដុតជើងនៅក្នុងការផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋ»។
ផ្ទុយពីការអះអាងនេះ ពលរដ្ឋម្នាក់ក្នុងចំណោមពលរដ្ឋជាង១០០នាក់ ស្ថិតក្នុងតំបន់ក្រហម នៅភូមិព្នៀត សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ដែលបាននាំគ្នាស្រែកទាមទារសុំជំនួយស្បៀងអាហារពីរដ្ឋាភិបាលកាលពីថ្ងៃទី៣០ មេសា លោកស្រី មួង សម្ភស្ស ឱ្យដឹងថា គ្រួសារលោកស្រីដែលមានសមាជិក៨នាក់ កំពុងប្រឈមការខ្វះស្បៀង។ លោកស្រីព្រួយបារម្ភថា បើការបិទខ្ទប់នៅបន្តអូសបន្លាយរយៈពេលយូរថែមទាំងទៀត នោះគ្រួសារលោកស្រីអាចស្លាប់ដោយសារដាច់បាយមុនស្លាប់ដោយជំងឺកូវីដ១៩៖ «អត់មានអីហូបអ៊ីចឹងមានតែដាច់ខ្យល់មុនកូរ៉ូណាដដែលបើធ្វើអ៊ីចឹងមិនដល់មួយអាទិត្យហើយមួយអាទិត្យ ខ្ញុំព្រួយបារម្ភពីកូនខ្ញុំដែរ»។
កាលពីថ្ងៃទី៣០ មេសា អង្គការលើកលែងទោសអន្តរជាតិថា អង្គការនេះបានទទួលសេចក្តីរាយការណ៍នានាគួរឱ្យភ្ញាក់ផ្អើលដែលថា សូម្បីតែអង្គការសង្គមស៊ីវិលផ្នែកមនុស្សធម៌ ត្រូវបានអាជ្ញាធររដ្ឋាភិបាលរារាំងមិនឱ្យចែកស្បៀងអាហារ និងផ្តល់ជំនួយចាំបាច់ផ្សេងទៀតដល់ពលរដ្ឋនៅក្នុងតំបន់ក្រហម បើទោះបីជាពួកគេត្រូវការជំនួយជាបន្ទាន់យ៉ាងណាក្តី។
នាយិកាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការលើកលែងទោសអន្តរជាតិ អ្នកស្រី យ៉ាមីនី មីស្រា (Yamini Mishra) ថ្លែងក្នុងសេចក្តីថ្លែងការណ៍ផ្សាយនៅថ្ងៃទី៣០ មេសា ថា ការចាត់ចែងខុសយ៉ាងធ្ងន់ធ្ងររបស់រដ្ឋាភិបាលក្នុងតំបន់បិទខ្ទប់ កំពុងបង្កើតនូវទុក្ខវេទនា និងការរំលោភសិទ្ធិមនុស្សនៅទូទាំងប្រទេស។ អ្នកស្រីបន្តថា ឥឡូវនេះ ពលរដ្ឋក្នុង «តំបន់ក្រហម» និងនៅតាមកន្លែងដទៃទៀតនៅកម្ពុជាកំពុងតែដាច់បាយ ដោយសារតែគោលនយោបាយមិនសមហេតុផលរបស់រដ្ឋាភិបាល។ អ្នកស្រីជំរុញឱ្យអាជ្ញាធរកម្ពុជាចាំបាច់ត្រូវកែប្រែរបៀបរបបចាត់ចែងការបិទខ្ទប់នេះ ដោយធ្វើការជាមួយអង្គការសង្គមស៊ីវិល និងទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ដើម្បីជួយសម្រួលលទ្ធភាពផ្តល់ជំនួយមនុស្សធម៌ដល់ពលរដ្ឋរស់នៅក្នុងតំបន់ក្រហម។ អ្នកស្រីថា ពលរដ្ឋគ្រប់រូបក្នុងតំបន់បិទខ្ទប់ ត្រូវតែទទួលបាននូវស្បៀងអាហារហូបចុក ទឹក សេវាថែទាំសុខភាព និងតម្រូវការចាំបាច់នានាដទៃទៀត។
បើតាមអង្គការអន្តរជាតិមួយនេះ នៅភ្នំពេញមានពលរដ្ឋប្រមាណជាង ៨ម៉ឺន ៧ពាន់គ្រួសារ (៨៧.៣៤៩គ្រួសារ) ស្មើនឹងជិត ៣សែននាក់ (២៩៣.៧៩១នាក់) កំពុងស្ថិតក្នុងតំបន់បិទខ្ទប់។ រីឯ នៅខេត្តព្រះសីហនុឯណោះវិញ មានពលរដ្ឋជិត ៥ពាន់គ្រួសារ (៤.៨៨៦គ្រួសារ) ស្មើនឹងប្រមាណ ២ម៉ឺន៣ពាន់នាក់ (២៣.៨៥៤នាក់)។
លោក កត្តា អ៊ន អះអាងថា បញ្ហាតម្រូវការស្បៀងអាហារពុំទាន់មានលក្ខណៈធ្ងន់ធ្ងរដូចការលើកឡើងរបស់អង្គការលើកលែងទោសអន្តរជាតិនោះទេ៖ « ខ្ញុំមិនដឹងថា Amnesty International មានភ្នែកទិព្វពីណាមកមើលទេ ប៉ុន្តែយើងឃើញថា យើងឃើញមានបងប្អូនមួយចំនួននៅកម្ពុជាយើងសព្វថ្ងៃនេះ ការចែកអំណោយស្ម័គ្រចិត្តនៃការចែកអំណោយផ្សេងៗ អ្នកមានមួយចំនួនគេបរិច្ចាគអំណោយ ចែកអំណោយនៅមុខផ្ទះ ឬបរិច្ចាគនៅតាមតំបន់ផ្សេងៗជាហូរហែ។ ជួនកាលអ្វីដែល Amnesty International លើកឡើងនេះ ខ្ញុំជឿថា ព័ត៌មានដែលបញ្ជូនទៅឱ្យនេះជាព័ត៌មានបំផ្លើសដែលធ្វើឱ្យអង្គការនេះយល់ច្រឡំមកលើកម្ពុជា»។
ផ្ទុយពីការអះអាងនេះ អង្គការលើកលែងទោសអន្តរជាតិថា កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការផ្តល់ជំនួយស្បៀងអាហារធ្វើឡើងដោយគ្មានផែនការច្បាស់លាស់ ឬច្របូកច្របល់ មិនគ្រប់គ្រាន់ ហើយរើសអើងលើពលរដ្ឋដែលគេដឹងថា ជាអ្នករិះគន់គណបក្សកាន់អំណាច។ រីឯ ផែនការចែកលុយដល់ក្រុមពលរដ្ឋក្រីក្រទៀតសោត ក៏ត្រូវរដ្ឋាភិបាលលុបចោលភ្លាមៗ។ ចំណែក ក្រសួងពាណិជ្ជកម្ម ដែលបានដាក់លក់ទំនិញដល់ពលរដ្ឋក្នុងតំបន់ក្រហមវិញ មានការបញ្ចុះតម្លៃតិចតួច ហើយផលិតផលភាគច្រើនជាប់ពាក់ព័ន្ធនឹងផលប្រយោជន៍អាជីវកម្មរបស់មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា។
ទន្ទឹមនឹងនេះ អង្គការអន្តរជាតិនេះ ព្រួយបារម្ភថា ពលរដ្ឋក្នុងតំបន់បិទខ្ទប់ដែលបានចេញមុខតវ៉ាជាសាធារណៈ និងលើកឡើងពីការដាច់ស្បៀង អាចនឹងត្រូវប្រឈមនឹងការសងសឹក ឬគំរាមកំហែងណាមួយពីអាជ្ញាធររដ្ឋាភិបាល។ អង្គការនេះគូសបញ្ជាក់ថា ផ្អែកតាមអង្គការសិទ្ធិមនុស្សក្នុងស្រុក លីកាដូ (LICADHO) យ៉ាងហោចណាស់មានមនុស្ស ២៥៨នាក់ ត្រូវបានអាជ្ញាធរចាប់ខ្លួន ក្រោមច្បាប់ប្រឆាំងនឹងជំងឺកូវីដ១៩ ក្នុងចន្លោះពីថ្ងៃទី១០ ដល់ថ្ងៃទី២៥ មេសា។ ក្នុងនោះ ពលរដ្ឋ ៨៣នាក់ត្រូវបានចោទប្រកាន់ និងបញ្ជូនទៅឃុំខ្លួនក្នុងគុក។ ពលរដ្ឋក្រៅពីនេះ បានរងនូវការផាកពិន័យ និងបញ្ជូនទៅមណ្ឌលចត្តាឡីស័ក។
នាយិកាប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកនៃអង្គការលើកលែងទោសអន្តរជាតិ អ្នកស្រី យ៉ាមីនី មីស្រា គូសបញ្ជាក់បន្ថែមថា ពលរដ្ឋកម្ពុជារាប់លាននាក់ បានរងគ្រោះរួចស្រាប់ទៅហើយដោយសារភាពលំបាកលំបិនផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ អស់រយៈពេលពេញមួយឆ្នាំដោយសារជំងឺរាតត្បាតសាកលកូវីដ១៩។ អ្នកស្រីសង្កត់ធ្ងន់ថា សម្រាប់មនុស្សភាគច្រើន ការបិទខ្ទប់ដែលរដ្ឋាភិបាលគ្រប់គ្រងមិនបានត្រឹមត្រូវបែបនេះ បាននាំឱ្យកម្ពុជាធ្លាក់ចូលក្នុងវិបត្តិមនុស្សធម៌។ អ្នកស្រីថា ពលរដ្ឋដែលអត់ស្បៀងមិនអាចស្នាក់នៅក្នុងផ្ទះជារៀងរហូតបាននោះទេ ដូច្នេះហើយ រដ្ឋាភិបាលត្រូវបង្កើនការដាក់ចេញវិធានការគាំពារសង្គម និងជំនួយមនុស្សធម៌ឱ្យបានជាចាំបាច់៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។