មន្ត្រី​រដ្ឋាភិបាល​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន​នឹង​ប្រើប្រាស់​ទុន​ក្នុងស្រុក​លើស​ពី ៥១​ភាគរយ

ដោយ ម៉ៅ សុធានី
2024.05.25
មន្ត្រី​រដ្ឋាភិបាល​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន​នឹង​ប្រើប្រាស់​ទុន​ក្នុងស្រុក​លើស​ពី ៥១​ភាគរយ តម្រាយនៃ​គម្រោង​ព្រែកជីក​ហ្វូណន ដែលរដ្ឋាភិបាលគ្រោងសាងសង់។
រូប៖ ហ្វេសប៊ុកក្រសួង​សាធាំរណការ និង​ដឹក​ជញ្ជូន

មន្ត្រី​រដ្ឋាភិបាល​របស់​បក្ស​កាន់អំណាច លើកឡើង​ថា ព្រែកជីក​ហ្វូណន នឹង​ប្រើប្រាស់​ថវិកា ដែល​បាន​មក​ពី​វិនិយោគិន និង​វិស័យ​ឯកជន​ក្នុងស្រុក​យ៉ាងតិច ៥១​ភាគរយ ដោយ​មិន​ពឹង​ផ្អែកលើ​ក្រុមហ៊ុន​របស់​ចិន ទាំងស្រុង​ឡើយ​។ អ្នកឃ្លាំមើល ថា ការ​ផ្លាស់ប្ដូរ​ផែនការ​នេះ អាច​ជា​យុទ្ធសាស្ត្រ របស់​រដ្ឋាភិបាល ដើម្បី​បញ្ចៀស​ការរិះគន់​ជុំវិញ​ការ​ផ្ដល់​សិទ្ធិ​ផ្ដាច់មុខ​ឱ្យ​ចិន​សាងសង់ ដែល​នាំ​ឱ្យ​មានការ​សង្ស័យ​ថា ជា​ព្រែកជីក​បម្រើ​ឱ្យ​វិស័យ​យោធា​របស់​ចិន។

បន្ទាប់ពី​រង​ការរិះគន់ និង​មាន​ភាព​ចម្រូងចម្រាស លើ​គម្រោង​ព្រែកជីក​ហ្វូណន ថា សាងសង់​ដោយ​ក្រុមហ៊ុន​ចិន និង​បម្រើ​ឱ្យ​វិស័យ​យោធា ពេលនេះ​គម្រោង​ព្រែកជីក​ហ្វូណន ហាក់​មានការ​ប្រែប្រួល​ហើយ ក្រោយ​មន្ត្រី​រដ្ឋាភិបាល បាន​ពាំនាំ​ពាក្យសម្ដី​របស់​នាយករដ្ឋមន្ត្រី មក​ប្រាប់​ថា គម្រោង​ព្រែកជីក​មួយ​នេះ នឹង​ប្រើប្រាស់​លុយ​របស់​វិស័យ​ឯកជន​ក្នុងស្រុក​លើស​ពី​ពាក់កណ្ដាល និង​មិន​ពឹងផ្អែក លើ​កញ្ចប់​ថវិកា​បរទេស​ទាំងស្រុង​ឡើយ។

ប្រធាន​លេខាធិការដ្ឋាន នៃ​ឧត្ដមក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ និង​ជា​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ថ្លែងប្រាប់​អ្នកសារព័ត៌មាន ក្រោយ​បញ្ចប់​កិច្ចប្រជុំ​ជាមួយ​គណបក្ស​ទាំង​២៩ កាលពី​ថ្ងៃទី​២៤ ខែ​ឧសភា ថា នៅក្នុង​កិច្ចប្រជុំ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើកឡើង​ពាក់ព័ន្ធ​នឹង​គម្រោង​ព្រែកជីក​ហ្វូណន​នេះ​ថា នឹង​ប្រើប្រាស់​ទម្រង់ BOT ដោយ​ផ្ដល់​សិទ្ធិ ដល់​ម្ចាស់​ទុន​កាន់កាប់​មួយ​រយៈ ដែល​ក្នុង​នោះ ក្រុមហ៊ុន​ខ្មែរ​នឹង​ត្រូវ​បាន​លើកតម្កើង​ឱ្យ​មាន​ការ​ចូលរួម​សរុប ចំនួន​៥១​ភាគរយ ក្នុង​ទុន​សរុប​ចំនួន ១​ពាន់ ៧​រយ លាន​ដុល្លារ។

លោក ឈឹម ផលវរុណ៖ «អ៊ីចឹង​បាន​ន័យថា កញ្ចប់​ថវិកា​ទាំងស្រុង មិនមែន​ជា​កញ្ចប់​ថវិកា​របស់​រដ្ឋ​ទេ ប៉ុន្តែ​ជា​កញ្ចប់​ថវិកា​នៃ​ការ​រួម​ចំណែក របស់​ភាគី​ខ្មែរ ដែល​យើង​ហៅថា​ក្រុមហ៊ុន​ឯកជន​យ៉ាងតិច​គឺ ៥១​ភាគរយ ហើយ​កញ្ចប់​ថវិកា​ដែល​ជា​ការ​រួមចំណែក​របស់​ទុន​បរទេស​គឺ​ក្រោម ៥១​ភាគរយ»

ក្នុង​ចំនួន​៥១​ភាគរយ នៃ​ទុន​សរុប ១​ពាន់ ៧​រយ​លាន​ដុល្លារ ក្នុង​គម្រោង​ព្រែកជីក​ហ្វូណន ដែល​លោក ហ៊ុន ម៉ាណែត បាន​លើកឡើង​ក្នុង​កិច្ចប្រជុំ​នេះ គឺ​ស្មើនឹង ៨៦៧​លាន​ដុល្លារ។

វិទ្យុ​អាស៊ីសេរី មិនអាច​ទាក់ទង អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ដើម្បី​សុំ​ការ​បកស្រាយ ជុំវិញ​រឿង​នេះ​បាន​ទេ នៅ​ថ្ងៃទី​២៥ ខែ​ឧសភា។

ទោះជា​យ៉ាងណា ប្រធាន​ព្រឹទ្ធសភា លោក ហ៊ុន សែន កាល​ពី​ថ្ងៃទី​២៦ ខែ​មេសា បាន​ប្រកាស​ដោយ​សុទិដ្ឋិនិយម​ថា កម្ពុជា​ត្រូវតែ​សាងសង់​ព្រែកជីក​ហ្វូណន ឱ្យ​បាន ទោះបី​ជា​កម្ពុជា មិន​អាច​រក​ទុន​ពី​បរទេស​មក​វិនិយោគ​ក្ដី ក៏​កម្ពុជា​ត្រូវ​រក​ទុន​ក្នុងស្រុក តាមរយៈ​ក្រុម​ឧកញ៉ា និង​អ្នក​មាន​ធនធាន ឱ្យមក​ចូលរួម​ជីក​ព្រែក​មួយ​នេះ។

អ្នក​តាមដាន​ភូមិសាស្ត្រ​នយោបាយ​តំបន់​អាស៊ីអាគ្នេយ៍ និង​ប៉ាស៊ីហ្វិក លោក សេង វណ្ណលី យល់ឃើញ​ថា ការ​សាងសង់​ព្រែកជីក​ហ្វូណន ដោយ​ប្រើប្រាស់​លុយ​របស់​អ្នក​វិនិយោគ​ក្នុងស្រុក លើស​ពី ៥១​ភាគរយ នេះ អាច​ជា​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល ដើម្បី​បញ្ចៀស​ការ​រិះគន់ ពី​បណ្ដា​ប្រទេស​មួយ​ចំនួន ជុំវិញ​ការ​ប្រគល់​សិទ្ធិ ឱ្យ​ក្រុមហ៊ុន​ចិន​សាងសង់​ផ្ដាច់មុខ ដោយ​គេ​រំពឹង​ថា ព្រែកជីក​នេះ អាច​នឹង​បម្រើ​ឱ្យ​វិស័យ​យោធា​ចិន​។ ទន្ទឹម​គ្នា​នេះ លោក​លើកឡើង​ថា ការ​ផ្លាស់ប្ដូរ​ឱ្យ​ក្រុម​វិនិយោគ​ក្នុងស្រុក ចូលរួម​ដាក់​ទុន​ជីក​ព្រែក​នេះ ហាក់​មាន​ភាព​ច្របូកច្របល់ និង​អាច​ធ្វើ​ឱ្យ​ក្រុមហ៊ុន​របស់​បរទេស ឆ្លៀតឱកាស​កេង​ចំណេញ តាមរយៈ​ការបង្កើត​ក្រុមហ៊ុន​ក្នុងស្រុក ដើម្បី​បាន​សិទ្ធិ​បណ្ដាក់ទុន។

លោក សេង វណ្ណលី៖ «យើង​គួរតែ​សិក្សា​ដែរ ដោយសារ​វា​អាច​មាន​ចរន្ត នៃ​ការ​លាង​លុយ​ហ្នឹង​កើតឡើង​។ ខ្ញុំ​គិតថា​រដ្ឋាភិបាល គួរតែ​មាន​ភាព​ប្រុងប្រយ័ត្ន គឺ​គួរតែ​ពិនិត្យមើល​ប្រភព​លុយ របស់​ក្រុមហ៊ុន​ក្នុងស្រុក​ដែរ​ថា ពិត​ជា​ក្រុមហ៊ុន ដែល​វិនិយោគ ដោយ​អ្នក​វិនិយោគិន​ខ្មែរ​ពិតប្រាកដ​ឬ​គ្រាន់តែ​ជា​ក្រុមហ៊ុន ដែល​បង្កើត​ឡើង គ្រាន់តែ​ជា​ក្រុមហ៊ុន Proxy របស់​ក្រុមហ៊ុន​បរទេស ហើយ​យក​ប្រជាជន​កម្ពុជា ទៅ​ឈរឈ្មោះ​ប៉ុណ្ណោះ​នោះ​ទេ អ៊ីចឹង​រដ្ឋ​គួរតែ​បើក​ការ​ដេញ​ថ្លៃ លើ​គម្រោង​ហ្នឹង ឱ្យ​មាន​តម្លាភាព»

កន្លងមក រដ្ឋាភិបាល​កម្ពុជា ធ្លាប់​លើកឡើង​ថា នឹង​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​គ្រប់គ្រង​ដោយ​រដ្ឋអំណាច​ចិន​ឈ្មោះ China Road and Bridge Corporation (CRBC) សាងសង់​គម្រោង​ព្រែកជីក​ហ្វូណន​នេះ ក្រោម​កិច្ចព្រមព្រៀង សាងសង់ ប្រតិបត្តិ និង​ផ្ទេរ ឬ BOT ដែល​មាន​រយៈពេល ៥០​ឆ្នាំ​។ គម្រោង​ដែល​មាន​តម្លៃ ១​ពាន់ ៧​រយ​លាន​ដុល្លារ​នេះ គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នៅ​ចុងឆ្នាំ​២០២៤ ហើយនឹង​បញ្ចប់​ត្រឹម​ឆ្នាំ​២០២៨ ដោយ​ត​ភ្ជាប់​ផ្លូវទឹក​រវាង​ទន្លេ ទៅកាន់​សមុទ្រ របស់​កម្ពុជា និង​ឆ្លងកាត់​ខេត្ត​កណ្ដាល តាកែវ កំពត និង​កែប ដែល​មាន​ប្រវែង​ប្រមាណ ១៨០​គីឡូម៉ែត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។