របបលោក ហ៊ុន សែន បង្កើតអង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល
2019.03.14
របបក្រុងភ្នំពេញបានសម្រេចបង្កើត អង្គភាពអ្នកនាំពាក្យរដ្ឋាភិបាល សម្រាប់សាធារណជន ដើម្បីពង្រឹងថែរក្សាវប្បធម៌សន្ទនា ឆ្លងឆ្លើយ សម្រាប់កិច្ចសហការដ៏ជិតស្និទ្ធជាមួយស្ថាប័នជំនាញគ្រប់វិស័យរបស់រដ្ឋ។
សេចក្ដីប្រកាសព័ត៌មាន នៅថ្ងៃទី១៤ មីនា បញ្ជាក់ថា អង្គភាពនាំពាក្យរដ្ឋាភិបាលនេះ គឺស្ថិតនៅក្នុងបំណង និងគោលដៅពង្រឹងការយល់ដឹងរបស់មហាជន ដែលប្រជាពលរដ្ឋជាចំណែកមួយនៃការងារអភិបាលកិច្ចល្អ និង ការប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងកិច្ចការកំណែទម្រង់ស៊ីជម្រៅ។
ទោះបីជាយ៉ាងនេះក្ដី ក្រុមអ្នកឃ្លាំមើលផ្នែកអភិវឌ្ឍន៍សង្គម លោក បណ្ឌិត មាស នី លើកឡើងថា ការបង្កើតអង្គភាពនាំពាក្យនេះ ជាការត្រឹមត្រូវមួយ ប៉ុន្តែការបង្កើតស្ថាប័ននេះ អាចគ្រាន់តែសម្រាប់ទប់ទល់ ឬសម្រាប់ការឆ្លើយតបទៅ ប្រជាពលរដ្ឋឬ អ្នករិះគន់ ។ ហើយអង្គភាពនេះ អាចសម្រាប់គំរាមអ្នករិះគន់រដ្ឋាភិបាលវិញក៏ថាបាន។
ម្យ៉ាងវិញទៀត នៅតាមស្ថាប័នរដ្ឋនីមួយៗ មានអ្នកនាំពាក្យរបស់ខ្លួន ក៏ប៉ុន្តែអ្នកនាំពាក្យស្ថាប័នរដ្ឋភាគច្រើន មិនបានបំពេញតួនាទីរបស់ខ្លួន សម្រាប់ផ្ដល់ព័ត៌មានឱ្យពលរដ្ឋ និងអ្នកសារព័ត៌មាន ជាតិ អន្តរជាតិឱ្យនោះឡើយ ដោយសារតែអ្នកនាំពាក្យទាំងនោះ គ្មានសិទ្ធិពេញលេញសម្រាប់ផ្ដល់ព័ត៌មាន ឬតាមឆ្លងកាត់ថ្នាក់លើជាមុនសិន៕