គ្រោះថ្នាក់នៃការប្រើធុងហ្គាសកែច្នៃ
2014.03.31
ករណីផ្ទុះធុងហ្គាសរថយន្តបានកើតមានជាបន្តបន្ទាប់ ដោយសារម្ចាស់រថយន្តទាំងនោះបានប្រើប្រាស់ធុងហ្គាសកែច្នៃ កាត់ផ្សារពង្រីកឲ្យធំ និងមានមុខតំណច្រើន ដោយពុំមានបច្ចេកទេស ដើម្បីបើកចូលទៅក្នុងទឹកថៃ ដឹកហ្គាសមកលក់នៅក្នុងទឹកដីខ្មែរ។
បញ្ហាគ្រោះថ្នាក់ដោយសារការផ្ទុះធុងហ្គាសកែច្នៃនេះ បានបង្កឲ្យមានក្តីបារម្ភថា អាចនឹងប៉ះពាល់ដល់អាយុជីវិតមនុស្សថែមទៀត បើសិនពុំមានវិធានការទប់ស្កាត់ទេនោះ។
ការប្រើប្រាស់រថយន្តដោយមានការកែច្នៃធុងហ្គាសពង្រីកឲ្យធំដើម្បីដឹកហ្គាសឲ្យបានបរិមាណច្រើន កំពុងមានចំនួនកើនឡើងនៅតំបន់ជាយដែនខ្មែរថៃ។ ជាក់ស្ដែងនៅច្រកទ្វារអន្តរជាតិប៉ោយប៉ែត រថយន្តប្រភេទនេះ ត្រូវបានប្រជាពលរដ្ឋខ្មែរប្រើប្រាស់ច្រើន សម្រាប់បើកចូលទៅក្នុងទឹកដីថៃ ដើម្បីដឹកហ្គាសយកមកបូមលក់នៅក្នុងទឹកដីខ្មែរ។
មុខរបរដឹកហ្គាសពីទឹកដីថៃ មកលក់នៅក្នុងទឹកដីខ្មែរនេះ វាអាចទទួលបានប្រាក់កម្រៃចំណេញច្រើនបន្តិចក៏ពិតមែន ប៉ុន្តែប្រភេទរថយន្តដែលមានការកែច្នៃធុងហ្គាស ពង្រីកឲ្យធំដើម្បីផ្ទុកបានបរិមាណហ្គាសច្រើន កំពុងប្រឈមទៅនឹងគ្រោះថ្នាក់ខ្ពស់ អាចបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតមនុស្សថែមទៀត។
ជាក់ស្ដែងក្នុងរយៈកាលកន្លងទៅ គេសង្កេតឃើញមានគ្រោះថ្នាក់ផ្ទុះធុងហ្គាសកែច្នៃនេះជាបន្តបន្ទាប់ បណ្ដាលឲ្យខូចខាតរថយន្ត និងម្ចាស់រថយន្តរងរបួស ហើយអ្នកខ្លះទៀត បានរងគ្រោះរហូតដល់ស្លាប់ក៏មាន។ ដោយមើលឃើញករណីគ្រោះថ្នាក់កើតមានឡើងជាបន្តបន្ទាប់មកនេះ បានធ្វើឲ្យប្រជាពលរដ្ឋមានការព្រួយបារម្ភខ្លាំង។
ទន្ទឹមគ្នានេះ ប្រជាពលរដ្ឋបានអំពាវនាវសុំឲ្យអាជ្ញាធរមានវិធានការទប់ស្កាត់កន្លែងកែច្នៃធុងហ្គាសជាច្រើនកន្លែងនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ៖ «ស្លាប់ម្នាក់ ហើយម្យ៉ាងទៀត អ្នកដែលកែច្នៃហ្នឹងមិនទទួលខុសត្រូវលើបញ្ហាសពហ្នឹងទៀត។ ប្រជាពលរដ្ឋរអ៊ូរទាំខ្លាំងពាក់ព័ន្ធបញ្ហាសន្តិសុខ ករណីផ្ទុះធុងហ្គាស ហើយគាត់បានសុំឲ្យអាជ្ញាធរមានសមត្ថកិច្ច កុំឲ្យបង្កើតការកែច្នៃទៀត ព្រោះបញ្ហាហ្នឹងកើតឡើងនៅក្រុងប៉ោយប៉ែត ញឹកញាប់ដែរ ហើយម្យ៉ាងទៀត នៅក្នុងប្រទេសថៃ ក៏មានការផ្ទុះធ្វើឲ្យប្រទេសគេផ្អាករថយន្តមួយរយៈ។ សមត្ថកិច្ចគួរពង្រឹងបញ្ហាហ្នឹងកុំឲ្យមាន»។
ប្រភពពីប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត បន្តថា ទីតាំងសិប្បកម្មកែច្នៃធុងហ្គាសរថយន្តមួយចំនួននៅក្រុងប៉ោយប៉ែត កំពុងបើករបរធ្វើអាជីវកម្មនេះ ប៉ុន្តែប្រភេទធុងហ្គាសដែលគេកែច្នៃនោះ បានផលិតឡើងពុំមានលក្ខណៈត្រឹមត្រូវតាបបទដ្ឋានបច្ចេកទេស និងពុំមានសុវត្ថិភាពនោះឡើយ។
ម្ចាស់សិប្បកម្មទាំងនោះបានយកធុងហ្គាសដែលផលិតមកពីក្រៅប្រទេស ទៅផ្សារកាត់ពុះជ្រែកមានមុខតំណ ផ្សារភ្ជាប់គ្នាជាច្រើនកន្លែង ដើម្បីពង្រីកធុងឲ្យធំផ្ទុកហ្គាសបានច្រើន៖ «បើសិនជាអាជ្ញាធរដែនដីគាត់នៅតែបណ្ដែតបណ្ដោយអោយក្រុមជាងកែច្នៃធុងខុសលក្ខណៈបទដ្ឋានបច្ចេកទេសហ្នឹង វាអាចបង្កឲ្យមានគ្រោះថ្នាក់ ហានិភ័យខ្ពស់ដល់អ្នកប្រើប្រាស់ និងអាចបង្កដល់អ្នកជិតខាង បើសិនជាកន្លែងកែច្នៃហ្នឹងនៅជិតទីប្រជុំជន បើសិនវាផ្ទុះអាចបង្កជាអគ្គិភ័យ។ ម្យ៉ាងវិញទៀត បើគាត់ប្រើប្រាស់បង្កឲ្យឆេះរថយន្តខ្លួនឯង អាចបាត់បង់ជីវិតដល់អ្នកដែលនៅក្បែរហ្នឹងទៀត»។
ឆ្លើយតបចំពោះបញ្ហានេះ អភិបាលខេត្តបន្ទាយមានជ័យ លោក គោ ស៊ុំសារឿត មានប្រសាសន៍ថា ថ្មីៗនេះ លោកបានដាក់បទបញ្ជាឲ្យអាជ្ញាធរដែនដីក្រុងប៉ោយប៉ែត និងមន្ត្រីជំនាញនៃមន្ទីរឧស្សាហកម្ម សិប្បកម្ម ចាត់វិធានការត្រួតពិនិត្យគ្រប់ទីកន្លែងសិប្បកម្មកែច្នៃធុងហ្គាសទាំងអស់ ដើម្បីទប់ស្កាត់ និងការពារកុំគ្រោះថ្នាក់កើតមានជាបន្តទៀត៖ «ទីមួយយើងបានមន្ទីរឧស្សាហកម្ម សិប្បកម្ម ចុះទៅធ្វើការបន្ថែមនៅក្រុងប៉ោយប៉ែត ហើយទី២ សាលាក្រុងខ្លួនឯងគាត់ក៏បញ្ចេញមនុស្សសំខាន់ៗចុះទៅតាមសិប្បកម្ម ដើម្បីអប់រំបងប្អូនតើត្រូវធ្វើម៉េចឲ្យគោរពស្តង់ដារ កុំកែច្នៃខ្លួនឯង ព្រោះធុងហ្គាសហ្នឹងគ្រោះថ្នាក់ណាស់ ហើយមិនមែនគ្រោះថ្នាក់តែគេអ្នកជិតខាងទេ គ្រោះថ្នាក់ទាំងយើងដែរ»។
លោកអភិបាលខេត្តបន្តថា កម្ពុជាមានច្បាប់សម្រាប់គ្រប់គ្រងលើវិស័យឧស្សាហកម្មសិប្បកម្ម ប៉ុន្តែពុំមានច្បាប់សម្រាប់គ្រប់គ្រងការកែច្នៃធុងហ្គាសរថយន្តនោះឡើយ។ ការកែច្នៃធុងហ្គាសរថយន្តនេះ ត្រូវទាមទារឲ្យជំនាញបច្ចេកទេសច្បាស់លាស់ ទើបអាចធ្វើទៅបាន។
វិទ្យុអាស៊ីសេរី មិនអាចសុំការបញ្ជាក់ពីលោក ញិល ប៊ុនធឿន ប្រធានមន្ទីរឧស្សាហកម្មសិប្បកម្មខេត្តបន្ទាយមានជ័យ បានទេ។ ចំណែកអភិបាលក្រុងប៉ោយប៉ែត លោក ង៉ោ ម៉េងជ្រួញ ក៏មិនអាចសុំការបញ្ជាក់បានដូចគ្នា។
អធិការនគរបាលក្រុងប៉ោយប៉ែត លោក អ៊ុំ សុផល បញ្ជាក់ថា ក្រោយមានពីករណីផ្ទុះធុងហ្គាសកែច្នៃកើតឡើងនៅក្នុងក្រុងប៉ោយប៉ែត សមត្ថកិច្ចនគរបាលចុះធ្វើជំរឿនដល់កន្លែងសិប្បកម្មកែច្នៃធុងហ្គាសជាបន្ទាន់។ រហូតមកដល់ពេលនេះ លោកថា សមត្ថកិច្ចបានរកឃើញសិប្បកម្មកែច្នៃធុងហ្គាសនៅក្នុងក្រុងប៉ោយប៉ែតចំនួន ៦កន្លែង៖ «នៅក្រុងប៉ោយប៉ែត មានកន្លែងសិប្បកម្មកែច្នៃធុងហ្គាសមាន ៦កន្លែង យើងបានរាយការណ៍ជូនអភិបាលក្រុង អភិបាលក្រុងជាប់រវល់ ពេលគាត់ហៅមកប្រជុំហើយបិទតែម្ដង។ យើងបានរាយការណ៍ជូនលោកស្នងការ ជូនលោកអភិបាលក្រុងរួចហើយ»។
បច្ចុប្បន្ននៅក្នុងប្រទេសកម្ពុជា គេសង្កេតឃើញថា ប្រជាពលរដ្ឋខ្មែរដែលមានរថយន្តប្រើប្រាស់ភាគច្រើនពួកគាត់បាននិយមកែច្នៃរថយន្តពីការប្រើប្រាស់ប្រេងសាំងមកប្រើហ្គាស ប៉ុន្តែធុងហ្គាសដែលពួកគាត់បានប្រើប្រាស់ដាក់ក្នុងរថយន្តនោះ គឺនាំយកមកពីប្រទេសថៃ ប្រទេសវៀតណាម និងប្រទេសចិន ជាដើម។
ម្ចាស់រថយន្តទាំងនោះបញ្ជាក់ថា ធុងហ្គាសដែលនាំចូលមកពីក្រៅប្រទេសទាំងនោះ មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងធានាបាននូវសុវត្ថិភាព៖ «សូម្បីផលិតមកពីប្រទេសវៀតណាម ប្រទេសចិន កុំឲ្យតែយើងកែច្នៃជាលក្ខណៈបច្ចេកទេស ល្អ ដោយតែធុងគេត្រូវអោយក្លាយជាសាច់តែមួយ អ៊ីចឹងមិនងាយមានគ្រោះថ្នាក់ទេ សូម្បីតែឡានហ្នឹងបុកគ្នាបាក់បែកជាបីកំណាត់ ក៏នៅក្នុងហ្នឹងនៅរក្សាភាពដើមមិនដែលឃើញធុងហ្នឹងផ្ទុះទេ។ ដោយឡែកធុងដែលគេធ្វើនៅប៉ោយប៉ែត គឺធុងដែលគេវះកាត់ ហើយគេផ្សារធំអ៊ីចឹង ដែលហ្នឹងវាមិនមែនសាច់តែមួយ វាត្រូវផ្សារភ្ជាប់គ្នា យកថ្នាំបាញ់ពីលើទៅវាអត់មានគុណភាព ហ្នឹងផ្ទុះជាបន្តបន្ទាប់ទៀត»។
កាលពីឆ្នាំ២០១៣ កន្លងទៅ មានករណីផ្ទុះធុងហ្គាសកែច្នៃនេះនៅស្រុកភ្នំព្រឹក និងនៅស្រុកកំរៀង ខេត្តបាត់ដំបង បណ្ដាលឲ្យមនុស្ស ៩នាក់រងរបួស និងឆេះរថយន្តអស់ចំនួន ៦គ្រឿង។ ក្រោយមកនៅចុងឆ្នាំ២០១៣ រថយន្តខ្មែរដែលផ្ទុកទៅដោយធុងហ្គាសកែច្នៃ បានផ្ទុះចំនួនពីរករណីនៅក្នុងទឹកដីថៃ ក្បែរច្រកទ្វារអន្តរជាតិប៉ោយប៉ែត និងគ្រោះថ្នាក់ផ្ទុះធុងហ្គាសកែច្នៃមួយករណីថ្មីទៀត នៅក្រុងប៉ោយប៉ែត បណ្ដាលឲ្យកម្មករជាអ្នកកែច្នៃម្នាក់រងរបួសរហូតដល់ស្លាប់នៅពេលបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ៕