លោក ហ៊ុន សែន គ្រោង​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ដើម្បី​យក​ចិត្ត​ថៅកែ និង​ពង្រឹង​ខ្លួន​ទប់ EBA

ដោយ ម៉ៅ សុធានី
2019-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ពិធី​សំណេះសំណាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៨។
ពិធី​សំណេះសំណាល​របស់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​កម្មករ​រោងចក្រ​នៅ​ក្រុង​បាវិត ខេត្ត​ស្វាយរៀង នៅ​ថ្ងៃ​ទី១០ ខែ​ឧសភា ឆ្នាំ​២០១៨។
Photo courtesy of Hun Sen Facebook page

កម្មករ​រោងចក្រ​មួយ​ចំនួន​ សំដែង​ការ​មិន​ពេញ​ចិត្ត​នឹង​សំណើ​របស់​លោក ហ៊ុន សែន ដែល​គ្រោង​នឹង​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​របស់​ពលរដ្ឋ ដើម្បី​បំពេញ​ចិត្ត​ថៅកែ​រោងចក្រ។ ប្រតិកម្ម​នេះ ដោយ​សារ​តែ​លោក ហ៊ុន សែន អះអាង​ថា របប លោក​ត្រូវតែ​កាត់​ថ្ងៃ​ឈប់​សម្រាក ដើម្បី​ជួយ​បំពេញ​ចំណូល ពេល​កម្ពុជា​អត់​ការ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ (EBA)។

កម្មការិនី​រោងចក្រ​​កាត់ដេរ​សំលៀកបំពាក់ យីហោ សេឌូណូ (Seduno Cambodia Co.Ltd) នៅ​ខណ្ឌ​ដង្កោ អ្នកស្រី យ៉ង់ ស្រ៊ុន យល់​ថា ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​នឹង​បណ្ដាល​ឱ្យ​​ប៉ះពាល់​ដល់​ចំណូល ​សតិ​អារម្មណ៍​ និង​សុខភាព«ថ្ងៃ​ឈប់​សម្រាក ជា​ទូទៅ​ ទោះ​យើង​មិន​បាន​បំពេញ​ការងារ ក៏​គេ​មាន​លុយ​ប៉ូវ​ឱ្យ​កម្មករ​ដែរ។ បើ​ឱ្យ​មក​ធ្វើ​ការងារ វា​ប៉ះពាល់​ដែរ»

លោក ហ៊ុន សែន មេ​ដឹកនាំ​របប​ឯក​បក្ស នៅ​ព្រឹក​ថ្ងៃ​ទី​២៧ មីនា បាន​ប្រកាស​ថា របប​លោក នឹង​ប្រកាស​លទ្ធផល​​កំណែ​ទម្រង់​គ្រប់​វិស័យ​ជា​កញ្ចប់​ នៅ​ថ្ងៃ​ទី​២៩ មីនា​ខាង​មុខ​នេះ ក្នុង​នោះ របប​លោក​ ក៏​​មាន​ផែនការ ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ សម្រាប់​ឆ្នាំ​២០២០​ដែរ ព្រោះ​ខ្លាច​​​ថៅកែ ឬ​និយោជក ឈប់​វិនិយោគ​នៅ​កម្ពុជា។

ចំនួន​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​២០១៩ ទាំង​បុណ្យ​ជាតិ និង​បុណ្យ​អន្តរ​ជាតិ សរុប​មាន ២៨​ថ្ងៃលោក ហ៊ុន សែន ពន្យល់​ថា ដើម្បី​ឱ្យ​មាន​ភាព​ចំណេញ​រៀងៗ​ខ្លួន ទាំង​ថៅកែ និង​កម្មករ លោក​ផ្ដល់​យោបល់​ ឱ្យ​កម្មករ​សន្សំ​ ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ ​ទុក​ឈប់​សរុប​ នៅ​ក្នុង​ពេល​មាន​ពិធី​បុណ្យ​ជាតិ​ធំៗ ដូច​​ជា បុណ្យ​ចូល​ឆ្នាំ​ខ្មែរ និង​បុណ្យ​ភ្ជុំ​បិណ្ឌ​វិញ។

លោក ហ៊ុន សែន ស្នើ​សុំ​​ឱ្យ​ប្រជាពលរដ្ឋ មន្ត្រីរាជការ​យោគយល់​ លើ​ការ​សម្រេច​បែប​នេះ ព្រោះ​ការ​ធ្វើ​បែប​នេះ គឺ​ជា​ការ​ធ្វើ​កំណែ​ទម្រង់ ដើម្បី​ធានា​ដល់​ដំណើរការ ​ពាណិជ្ជកម្ម​របស់​កម្ពុជា ដើម្បី​បង្ហាញ​ការ​មិន​ខ្វល់​ថា ទោះ​មាន​ ឬ គ្មាន​ការ​អនុគ្រោះ​ពន្ធ អ៊ី.ប៊ី.អេ (EBA) ក៏​របប​លោក មិន​ស្លាប់​ដែរ«យើង​មាន​កំណែ​ទម្រង់​ច្រើន​ណាស់។ ប៉ុន្តែ​បញ្ហា​នេះ គឺ​ជា​បញ្ហា​រសើប​មួយ ដែល​សុំ​ការ​យោគយល់​ទុក​ជាមុន។ បើ​មិន​អ៊ីចឹង​ទេ អ្នក​រកស៊ី​នៅ​ប្រទេស​របស់​យើង យើង​គិត​តែ​ទារ​ឡើង​ប្រាក់ខែ ជា​មួយ​គ្នា ទារ​ថ្ងៃ​ឈប់​សម្រាក​ឱ្យ​កាន់​តែ​ច្រើន។ អ៊ីចឹង​ទេ អ្នក​រកស៊ី (និយោជក) គឺ​នឹង​ចាកចេញ​ពី​យើង ចាកចេញ​ពី​យើង។ យើង​ធ្វើ​នេះ ​ដោយ​មិន​គិត​ថា មាន​ភាព​អនុគ្រោះ​ ឬ​អត់​ភាព​អនុគ្រោះ គឺ​គិត​តែ​ពី​កម្លាំង​ខ្លួន​ឯង ធ្វើ​ឱ្យ​ក្លាយ​ទៅ​ជា​ប្រទេស​ខ្លួន​ឯង ដោយ​មាន​ការ​​អភិវឌ្ឍន៍​មួយ ដោយ​មិន​ពឹង​ពាក់ ដោយ​មិន​​ ដោយ​មិន​គិត​ថា ខ្លួន​មាន​ភាព​អនុគ្រោះ​ពី​នរណា​ទាំងអស់​ ដើម្បី​កុំ​ឱ្យ​ប្រទេស​របស់​យើង​ត្រូវ​ទទួល​រង​ការ​ប្រមាថ ហើយ​កង្វល់​របស់​គេ​ ត្រូវ​ចាប់​បង្ខំ​ឱ្យ​យើង​ជា​អ្នក​អនុវត្ត​ គឺ​អត់​ទេ»

ប្រធាន​សហភាព​ការងារ​កម្ពុជា លោក អាត់ ធន់ សង្កេត​ឃើញ​ថា រដ្ឋាភិបាល​បាន​ជួយ​ថៅកែ​ច្រើន​ហើយ ដូច​ជា ការ​លើក​លែង​ត្រួតពិនិត្យ​តាម​ផ្លូវ ជាដើម ដូច្នេះ​មិន​គួរ​កាត់បន្ថយ​ថ្ងៃ​ឈប់​សម្រាក​របស់​កម្មករ​ទេ ព្រោះ​ជា​ការ​ខាត​ប្រយោជន៍​កម្មករ។ លោក អាត់ ធន់ ថា តាម​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរ​ជាតិ​ អាយ.ឡួ (ILO) ការ​ឈប់​សម្រាក​របស់​កម្មករ​នៅ​កម្ពុជា មិន​ច្រើន​ជាង​ប្រទេស​ដទៃ​ទេ ព្រោះ​កម្មករ​នៅ​ប្រទេស​ផ្សេង​ឈប់​សម្រាក​មួយ​សប្ដាហ៍​ពីរ​ថ្ងៃ។ ឯ​នៅ​កម្ពុជា​វិញ កម្មករ​ឈប់​បាន​តែ​មួយ​ថ្ងៃ​ប៉ុណ្ណោះ ក្នុង​មួយ​សប្ដាហ៍«ទោះ​បី​មាន​ថ្ងៃ​ឈប់​សម្រាក​ច្រើន​មែន​ ប៉ុន្តែ​ថ្ងៃ​សៅរ៍ យើង​ធ្វើ​ការ​ដល់​ថ្ងៃ​សៅរ៍ តែ​ប្រទេស​ខ្លះ គេ​មិន​ធ្វើការ​ដល់​ថ្ងៃ​សៅរ៍ បើ​ទូទាត់​គ្នា វា​ស្មើ​គ្នា។ ប្រាកដ​អត់​ថា ធ្វើ​បែប​ហ្នឹង​ដើម្បី​ការពារ​និយោជក ឱ្យ​នៅ​។ តែ​តាម​ការ​មើល​ទៅ និយោជក ទាមទារ​នេះ ទាមទារ​នោះ ច្រើន​ជាង»

កម្មករ​​រោងចក្រ បូវឃ័រ (Bowker Cambodia Comment factory Company Limited) នៅ​ ស្រុក​អង្គស្នួល ខេត្ត​កណ្ដាល លោក ឡឹក សុភ័ក្រ យល់​​ថា ការ​ធ្វើ​បែប​នេះ ជា​ការ​ដាក់​សម្ពាធ​មក​លើ​កម្មករ ព្រោះ​ថៅកែ​រោងចក្រ​មិន​ដែល​ខាត​​​ទេ គឺ​ថៅកែ​តែ​ចំណេញ​ជានិច្ច ហើយ​ចំណេញ​ច្រើន​ទៀត ពី​ការ​វិនិយោគ​កន្លង​មក។ លោក​ថា កម្មករ​ធ្វើការ​ងារ​រោងចក្រ​មាន ក្នុង​មួយ​សប្ដាហ៍​ឈប់​បាន​តែ​​១ថ្ងៃ​ទេ គឺ​ថ្ងៃ​អាទិត្យ ហើយ​កម្មករ​​ខ្លះ ត្រូវ​បង្ខំ​ចិត្ត​​ធ្វើការ​ថែម​ម៉ោង​រហូត​ដល់​១០ម៉ោង ក្នុង​មួយ​ថ្ងៃ និង​រំពឹង​ទទួល​បាន​ប្រាក់​ថែម​ម៉ោង​ខ្លះ ពី​ថ្ងៃ​ឈប់​សម្រាក។ តែ​បើ​​​​កាត់​បន្ថយ​ថ្ងៃ​​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ​ សុខភាព​កម្មករ នឹង​កាន់​តែ​ទ្រុឌទ្រោម ហើយ​ប្រភព​ចំណូល​​ក៏​តិច​ជាង​មុន៖ «សម្រាប់​ថៅកែ​ក្រុមហ៊ុន គេ​មិន​ដែល​ខាត​ទេ។ វិនិយោគ​ទុន​គេ នាំចេញ​រាប់​លានៗ។ គេ​មិន​ដែល​ខាត​ទេ។ អត់​មាន​អ្វី​ ត្រូវ​ខាត​ទេ»

ចំណែក ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​និយោជិក​វិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល អះអាង​ថា ការ​កាត់​បន្ថយ​ថ្ងៃ​ឈប់​សម្រាក​ប្រចាំ​ឆ្នាំ នឹង​ប៉ះពាល់​ដល់​កម្មករ​ក្នុង​វិស័យ​ទេសចរណ៍ ព្រោះ​​បច្ចុប្បន្ន​ កម្មករ​ក្នុង​វិស័យ​ទេសចរណ៍​ទទួល​បាន​ប្រាក់​កម្រៃ​បន្ថែម សម្រាប់​ផ្គត់ផ្គង់​គ្រួសារ ដោយសារ ​ធ្វើ​ការ​បន្ថែម​ម៉ោង​ នៅ​ថ្ងៃ​ឈប់​​សម្រាក និង​មាន​ពេល​បន្តិច​បន្តួច​សម្រាប់​ជួប​ជុំ​គ្រួសារ«ថ្ងៃ​បុណ្យ​ជាតិ​ហ្នឹង គិត​ថា ជា​ថ្ងៃ​សំខាន់​ហើយ ដែល​គាត់​(កម្មករ)​យក​ពេល​វេលា​ហ្នឹង ទៅ​ជួប​ជុំ​គ្រួសារ​របស់​គាត់ ឬ​ក៏​គាត់​​អាច​មាន​ពេល​វេលា​ដើរ​លំហែ​កាយ​ ជាមួយ​ក្រុម​គ្រួសារ​គាត់ ហូប​ចុក​​ជុំ​គ្នា ជាមួយ​ក្រុម​គ្រួសារ​គាត់។ អ៊ីចឹង បើ​សិន​ជា​គាត់​ធ្វើការ​ថ្ងៃ​បុណ្យ​ជាតិ​ គាត់​ត្រូវ​បាន​លុយ​ ដល់​អ៊ីចឹង ប្រសិន​បើ​ថ្ងៃ​បុណ្យ​ជាតិ ឬ​ក៏​មិន​ឱ្យ​លុយ​ទៅ​គាត់​ នៅ​ពេល​មក​ធ្វើការ​នៅ​ថ្ងៃ​បុណ្យ​ជាតិ វា​ប៉ះពាល់​ដល់​សតិ​អារម្មណ៍​កម្មករ​ហើយ។ អ៊ីចឹង​ ការ​ធ្វើ​បែប​ហ្នឹង វា​មិន​បាន​ផ្ដល់​ផល​ចំណេញ​ដល់​កម្មករ​ទេ វា​ផ្ដល់​ចំណេញ​ទៅ​ឱ្យ​ថៅកែ​វិញ»

លោក ហ៊ុន សែន មិន​ទាន់​​​ប្រកាស​ព័ត៌មាន​លំអិត​នៃ​ការ​កាត់​ថ្ងៃ​ឈប់​សម្រាក​នៅ​ឡើយ​ទេ។ ប៉ុន្តែ​កន្លង​មក គណបក្ស​ប្រឆាំង ធ្លាប់​ទាមទារ​ឱ្យ​របប​ឯកបក្ស លុប​ចោល​ថ្ងៃ​ទី​៧ ខែ​មករា ចេញ​ពី​ថ្ងៃ​បុណ្យ​ជាតិ ព្រោះ​ ពួកគេ​យល់​ថា ៧​មករា ជា​ថ្ងៃ​ជ័យជំនះ​របស់​គណបក្ស​ប្រជាជន​កម្ពុជា មិន​មែន​សម្រាប់​ខ្មែរ​ទាំង​មូល​ទេ៕

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

តេីប្អូនៗកម្មករ ជាពិសេសកម្មារិនី នៅសប្បាយចិត្តថតរូបជាមួយសម្តេចអ្នកទៀតទេ អត់អុីប៊ីអេក៏មន្រ្តីពុករលួយ ឈ្មួញទុច្ចរិត មិនងាប់ឬឈឺក្បាលដែរ។ ប៉ុន្តែប្អូនៗទេដែលរងគ្រោះ តេីនៅជឿការឃោសនាបោកប្រាស់ទៀតទេ? ភ្លេចមួយទៀត នរបាលបង់ពន្ធផងកុំភ្លេវណាបងៗ៕

Mar 28, 2019 10:41 PM

គេហទំព័រ​ទាំងមូល