លោក ហុង លីម ស្នើ​ប្អូន​ប្រុស​លោក កែម ឡី កុំ​យក​លុយ​ចូល​បុណ្យ​ពី​លោក ហ៊ុន សែន

ដោយ ប្រាជ្ញ ចេវ
2017.07.21
Share on WhatsApp
Share on WhatsApp
ខួប​១០០​ថ្ងៃ​លោក កែម ឡី អូស្ត្រាលី ២០១៦ ៨៥៥ តំណាង​រាស្ត្រ​អូស្ត្រាលី សញ្ជាតិ​ខ្មែរ លោក ហុង លីម (ស្ដាំ) ក្នុង​ពិធី​បុណ្យ​ខួប ១០០​ថ្ងៃ​បណ្ឌិត កែម ឡី នៅ​ប្រទេស​អូស្ត្រាលី ថ្ងៃ​ទី​៩ ខែ​តុលា ឆ្នាំ​២០១៦។ RFA/Chun Chanbot
RFA/Chun Chanbot

សមាជិក​សភា​រដ្ឋ​វ៉ិកតូរីយ៉ា (Victoria) ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ហុង លីម ស្នើ​ទៅ​ប្អូន​ប្រុស​លោក​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត កុំ​ឲ្យ​យក​លុយ​ចូល​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​របស់​លោក ហ៊ុន សែន។ ប៉ុន្តែ​សំណើ​នេះ​​ត្រូវ​ប្អូន​លោក​បណ្ឌិត កែម ឡី បដិសេធ​ដោយ​ពន្យល់​ថា ការ​ចូល​បុណ្យ​ជា​សទ្ធា​របស់​លោក​នាយករដ្ឋមន្ត្រី ដូច្នេះ​លោក​ទទួល​បាន​លុយ​នេះ​រួច​ហើយ មិន​អាច​ប្រគល់​ត្រឡប់​លោក ហ៊ុន សែន វិញ​ទេ។

​លើក​ឡើង​ក្នុង​វេទិកា​អ្នក​ស្ដាប់​អាស៊ីសេរី សមាជិក​សភា​រដ្ឋ​វ៉ិកតូរីយ៉ា ប្រទេស​អូស្ត្រាលី ដើម​កំណើត​ខ្មែរ លោក ហុង លីម ដែល​តែងតែ​រិះគន់​រដ្ឋាភិបាល លោក ហ៊ុន សែន មិន​សំចៃ​នោះ​យល់​ថា សទ្ធា​របស់​លោក ហ៊ុន សែន ចូល​លុយ​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​ជួយ​ចេញ​ថ្លៃ​បបរ​ជា​ការ​ប្រមាថ​វិញ្ញាណក្ខន្ធ លោក​បណ្ឌិត កែម ឡី និង​វិញ្ញាណក្ខន្ធ​អ្នក​ផ្សេង​ទៀត​ដែល​ស្លាប់​ព្រោះ​ការ​បាញ់​សម្លាប់៖ «ខ្ញុំ​សូម​អំពាវនាវ​ទៅ​គ្រួសារ​លោក កែម ឡី ប្អូន​ប្រុស​លោក កែម ឡី ជា​ពិសេស សូម​មេត្តា​កុំ​ទទួល​លុយ​គេ (លោក ហ៊ុន សែន)។ យើង​ដឹង​ហើយ​តើ ថា​នរណា​ជា​អ្នក​សម្លាប់​លោក កែម ឡី?»

​លោក ហុង លីម អះអាង​ថា លុយ​ខ្វះ​ថ្លៃ​បបរ​ជិត ៨​ពាន់​ដុល្លារ​នោះ លោក​អាច​រៃ​អង្គាស​ប្រាក់​ដើម្បី​បង្គ្រប់​បាន។ ចំណែក​ស្ថាបនិក​បណ្ដាញ​ព្រះសង្ឃ​ឯករាជ្យ​ដើម្បី​យុត្តិធម៌​សង្គម ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ មាន​ថេរដីកា​ថា ពិធី​បុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​លោក កែម ឡី ដែល​ធ្វើ​នៅ​ខេត្ត​តាកែវ ដែល​មាន​អ្នក​ចូលរួម​ប្រមាណ ៦​ពាន់​នាក់​នោះ មិន​សម​អស់​ថ្លៃ​បបរ​ដល់​ថ្នាក់​នេះ​ទេ៖ «របៀប​បូក​លេខ​គេ​បូក​យ៉ាង​ម៉េច​បាន​ជា​ខាត​សម្បើម​ម្ល៉េះ?»

ប្អូន​ប្រុស​បង្កើត​របស់​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី អំពី​ការ​រៀបចំ​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។
ប្អូន​ប្រុស​បង្កើត​របស់​បណ្ឌិត កែម ឡី គឺ​លោក កែម រិទ្ធិសិត ផ្ដល់​បទសម្ភាសន៍​ដល់​អាស៊ីសេរី អំពី​ការ​រៀបចំ​បុណ្យ​ខួប ១​ឆ្នាំ​នៃ​ការ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី នា​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​៨ ខែ​កក្កដា ឆ្នាំ​២០១៧។
RFA

ការ​លើក​ឡើង​របស់​អ្នក​គោរព​ស្រលាញ់​លោក​បណ្ឌិត កែម ឡី ក្នុង​វេទិកា​អ្នក​ស្តាប់​អាស៊ីសេរី កាល​ពី​យប់​ទី​២០ ខែ​កក្កដា ដូច​នេះ ក្រោយ​ពេល​ប្អូន​ប្រុស​លោក កែម ឡី គឺ​លោក កែម រិទ្ធិសិត ប្រកាស​សុំ​ជំនួយ​តាម​សារព័ត៌មាន​ហ្វ្រេស ញូវ (FreshNews) ក្រោយ​ធ្វើ​បុណ្យ​គម្រប់​ខួប​មួយ​ឆ្នាំ បណ្ឌិត កែម ឡី មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង លោក ហ៊ុន សែន ក៏​សម្រេច​ចូល​បុណ្យ​មួយ​ម៉ឺន​ដុល្លារ​ដល់​ប្អូន​លោក កែម ឡី។

ឆ្លើយ​តប​ការ​លើក​ឡើង​នេះ ប្អូន​ប្រុស​លោក កែម ឡី លោក កែម រិទ្ធិសិត ថា បំណង​របស់​លោក ហុង លីម ជា​រឿង​ល្អ​ដែល​លោក​ទទួល​យក។ ប៉ុន្តែ​លោក​ថា ថវិកា​ដែល​បាន​លោក​ទទួល​ពី​លោក​នាយករដ្ឋមន្ត្រី​រួច​ហើយ លោក​មិន​អាច​ប្រគល់​ទៅ​វិញ​បាន​ទេ។ ជាង​នេះ​ទៅ​ទៀត លោក​ថា បើ​លោក ហុង លីម មាន​សទ្ធា​ជ្រះថ្លា លោក ហុង លីម អាច​ចូល​រួម​ថវិកា​ជួយ​សាងសង់​ចេតិយ​របស់​លោក កែម ឡី ខណៈ​ការ​សាងសង់​នេះ​កំពុង​ជួប​ការ​ខ្វះខាត​ថវិកា​យ៉ាង​ច្រើន៖ «ឥឡូវ​បើ​សិន​ជា​សម្ដេច​គាត់​ចូល​បុណ្យ​ហើយ គាត់​ចូល​លុយ​ធ្វើ​ចេតិយ​ទៀត យើង​ទទួល​ទៀត យើង​មិន​អាច​ប្រកែក​ទេ ព្រោះ​យើង​អំពាវនាវ​ទៅ​ហើយ»

​ក្រោយ​ឃាតក​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦ ជាង​មួយ​ឆ្នាំ​មក​នេះ សមត្ថកិច្ច​ទើប​រក​ឃើញ​ឃាតក​ម្នាក់​តែប៉ុណ្ណោះ​មក​កាត់​ទោស គឺ​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ ដែល​តុលាការ​ក្រុង​ភ្នំពេញ​សម្រេច​ផ្ដន្ទាទោស​ឲ្យ​ជាប់​គុក​អស់​មួយ​ជីវិត។ អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ចោទ​ប្រកាន់​ថា ឃាតកម្ម​នេះ គឺ​រដ្ឋាភិបាល​លោក ហ៊ុន សែន ជា​អ្នក​រៀបចំ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ជួប​អ្នក​គាំទ្រ នៅ​បុរី​ញូវយ៉ក ខណៈ​គណបក្ស​ប្រឆាំង​គ្រោង​ធ្វើ​បាតុកម្ម​ប្រឆាំង​លោក
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។