ប្រជាពលរដ្ឋមួយចំនួនដែលមកពីតាមខេត្តហើយឡើងមករៀនសូត្រនៅភ្នំពេញ បានត្រលប់ទៅខេត្តវិញអស់ហើយនៅឡើយតែអ្នកមានភារកិច្ចធ្វើការងារនៅភ្នំពេញប៉ុណ្ណោះ។ អ្នកធ្វើការងារនោះទៀតសោត មួយចំនួនធំជាប់បំណុលទើបមិនអាចវិលត្រលប់ទៅស្រុកចូលឆ្នាំជាមួយក្រុមគ្រួសារបាន។ យ៉ាងណាក៏ដោយចុះ កម្មករនិងអាជីវករមួយចំនួន នឹងនៅផ្ទះឈប់សម្រាកក្នុងថ្ងៃចូលឆ្នាំដោយមិនធ្វើដំណើរទៅណាទេ ក្រៅពីយកចង្ហាន់ទៅប្រគេនព្រះសង្ឃនៅវត្តនោះឡើយ។
កម្មករម្នាក់ធ្វើការនៅរោងចក្រហៃសាន់ អេចប៊ី (HayThan HB) ក្នុងខណ្ឌឫស្សីកែវលោក សុត គុយសៀង សោកស្ដាយដែលខកខានទៅលេងស្រុកកំណើតនៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរ ២ ឆ្នាំជាប់គ្នា ដោយសារតែវិបត្តិជំងឺកូវីដ១៩។ កម្មកររូបនេះថា លោកគ្មានជម្រើសក្រៅពីសម្ងំនៅក្នុងផ្ទះទេ នៅថ្ងៃចូលឆ្នាំ ព្រោះមិនអាចដើរចេញក្រៅបាន។ លោកនិងកម្មករនៅបន្ទប់ជួលក្បែរគ្នា គ្រោងនឹងនាំគ្នាសែនព្រេនទទួលទេវតាឆ្នាំថ្មី តាមបន្ទប់រាងខ្លួន និងអាចជួបជជែកគ្នាលេង តាមធម្មតា៖ « ពេលគេឲ្យដេកផ្ទះ អត់មានបានដើរទៅណាទៅណីទៅស្រុកទៅអ្វីនៅផ្ទះជួលក្ដៅសឹងអ្វី ! ទទួលទេវតា យើងដោយអ្នកផ្ទះទេ។ ខ្លះគេទទួលតាមប្រពៃណី ខ្លះក៏អត់អ៊ីចឹងទៅណាបង។ ប៉ុន្តែខ្ញុំសង្កេតឃើញតាមផ្ទះជួល គាត់ដូចមិនសូវយកចិត្តទុកដាក់ អារឿងហ្នឹងដែរ គាត់ចង់តែទៅស្រុក។ ខកចិត្តហ្នឹង ខកហើយ ហួសពីខក តែមិនដឹងធ្វើម្ដេច បើគេបិទផ្លូវអស់ហើយ ណាមួយ យើងខ្លាចថា កូវីដហ្នឹង យើងក៏អត់ទុកចិត្តខ្លួនឯងដែរ។ ខ្លាចទៅផ្ទះអ៊ីចឹង ខ្លាចឆ្លងដល់បងប្អូនកូនក្មួយនៅស្រុកដែរ។ ប៉ុន្តែបើគេកុំតែបិទផ្លូវ នៅតែទៅ ហ្នឹង»។
ទោះជាយ៉ាងណា អាជ្ញាធរបានបិទផ្លូវឆ្លងកាត់ខេត្តទាំងអស់ហើយរហូតដល់ចូលឆ្នាំរួច (២៣ មេសា) និងព្រមានបន្តបិទទៀតបើនៅតែមានការឆ្លងរីករាលដាលជំងឺកូវីដ១៩ ធ្ងន់ធ្ងរបន្តទៀត។ ក្រុមអាជីវករខ្លះដែលឡើងមកលក់ដូរនៅភ្នំពេញក៏ខកខានទៅលេងស្រុកកំណើតដែរ។
អ្នកលក់ទឹកអំពៅតាមម៉ូតូសណ្ដោងរ៉ឺម៉កនៅរាជធានីភ្នំពេញលោកស្រី នាង សាម៉េត ប្រាប់ថា អ្នកមានជីវភាពក្រីក្រខ្លះមិនចាប់អារម្មណ៍នឹងបុណ្យចូលឆ្នាំខ្មែរទេ តែនាំគ្នាបារម្ភគ្មានប្រាក់ជូនឪពុកម្ដាយនិងដោះស្រាយជីវភាពជាង។ អ្នកលក់ទឹកអំពៅរូបនេះ នឹងមិនទៅលេងស្រុកកំណើតទេ ហើយថ្ងៃចូលឆ្នាំគឺលោកស្រី និងប្ដី នឹងបន្តជិះម៉ូតូលក់ទឹកអំពៅតាមការដ្ឋានសំណង់ និងបន្ទប់ជួលរោងចក្រដដែល ក្រែងបានលុយខ្លះដោះស្រាយជីវភាព។
តែយ៉ាងណាលោកស្រី នឹងប្ដី នឹងនាំគ្នាសែនព្រេនទទួលទេវតាឆ្នាំថ្មីតាមផ្ទះនិងឆ្លៀតយកចង្ហាន់ខ្លះទៅវត្តប្រសិនបើព្រះសង្ឃនៅទទួលចង្ហាន់៖ « ធ្វើម្ដេចទេ ! បើកាលៈទេសៈអ៊ីចឹងហើយសោកស្ដាយក៏វាមិនដឹងធ្វើម្ដេច ! វាពិបាកត្រង់ថា ពិបាករកលុយ ( សើច ) ពិបាករកលុយណាស់។ ចូលឆ្នាំមិនសូវបញ្ហាទេ សំខាន់លុយហូបចុក។ ដូចតែគ្នាទេគ្មាននរណាជាងនរណាទេ។ អ្នកលក់ឥឡូវដូចតែគ្នាហ្នឹង លក់អត់បានដូចតែគ្នា។ មិនថា ខ្ញុំមិនថាគេ»។
កាលពីបុណ្យចូលឆ្នាំខ្មែរឆ្នាំមុន «ឆ្នាំជូត» ពលរដ្ឋជាច្រើនក៏បាននាំគ្នាធ្វើពិធីសែនព្រេន និងជួបជុំគ្រួសារជាលក្ខណៈទ្រង់ទ្រាយតូចមិនដើរកម្សាន្ត មិនបង្កើតកម្មវិធីសប្បាយៗតាមវត្តអារាម ដោយសារវិបត្តិការឆ្លងជំងឺកូវីដ១៩នេះដែរ និងការបិទផ្លូវដាក់បម្រាបកុំឲ្យធ្វើដំណើរឆ្លងខេត្ត រាជធានី ជាដើម។ តែឆ្នាំមុន រដ្ឋាភិបាលបានដាក់កំហិតឲ្យមន្ត្រីរាជការ និងស្ថាប័នឯកជនរោងចក្រទាំងអស់នៅធ្វើការដូចធម្មតាក្នុងថ្ងៃចូលឆ្នាំខ្មែរ។
កាលនោះ ការឆ្លងជំងឺកូវីដ១៩ នៅកម្ពុជាមិនមានលក្ខណៈទ្រង់ទ្រាយធំដូចឆ្នាំនេះទេ ហើយពលរដ្ឋនៅអាចជួបជុំគ្នាជាលក្ខណៈទ្រង់ទ្រាយតូច តាមហាងកាហ្វេ ភោជនីយដ្ឋាន និងទីកន្លែងមួយចំនួនបាន។ ចំណែកឆ្នាំនេះ អាជ្ញាធរបានប្រកាសហាមផ្ដាច់ការជួបជុំដាច់ខាតដោយអំពាវនាវឲ្យពលរដ្ឋនៅក្នុងផ្ទះរាងៗខ្លួន កុំចាកចេញពីផ្ទះក្នុងអំឡុងពេលនេះប្រសិនបើមិនចាំបាច់។
ជាមួយគ្នានេះ អាជ្ញាធរមានសមត្ថកិច្ចក៏បានដាក់បម្រាបឲ្យបិទទីតាំងកម្សាន្ត រមណីយដ្ឋានទាំងអស់នៅទូទាំងប្រទេសនៅអំឡុងពេលបុណ្យចូលឆ្នាំខ្មែរនេះ។ អាជ្ញាធរខេត្តខ្លះ ក៏ដាក់បម្រាបហាមលក់គ្រឿងស្រវឹង។ ការណ៍នេះបណ្ដាលឲ្យពិធីបុណ្យចូលឆ្នាំថ្មីនៅឆ្នាំនេះស្ងប់ស្ងាត់ជាងពិធីបុណ្យចូលឆ្នាំណាៗទាំងអស់។
ចំណែកអ្នកនៅតាមភូមិស្រុកមួយចំនួន ក៏អំពាវនាវឲ្យកូនចៅកំពុងធ្វើការនៅរាជធានីភ្នំពេញ និងទីប្រជុំជនឯទៀតមិនចាំបាច់ត្រលប់ទៅលេងស្រុកកំណើតទេ។ អ្នកស្រុកកំពង់សៀមខេត្តកំពង់ចាមម្នាក់លោកស្រី សៅ សុគន្ធី ដែលមានកូនប្រុស ស្រី ២នាក់ ធ្វើការនៅសណ្ឋាគារនៅក្រុងសៀមរាបឲ្យដឹងថា លោកស្រី បានប្រាប់កូនរួចហើយ ថាមិនចាំបាច់ត្រលប់ទៅស្រុកកំណើតទេ ព្រោះបើកូនត្រឡប់ទៅវិញ អាជ្ញាធរនឹងតម្រូវឲ្យពួកគេធ្វើចត្តាឡីស័កមិនបានជួបជុំគ្រួសារដដែល។ ស្ត្រីមេម៉ាយរូបនេះរំពឹងថា ស្ថានភាពជំងឺកូវីដ១៩ នឹងលែងឆ្លងរាលដាល ហើយវិលរកសភាពអាចធ្វើដំណើរបានជាធម្មតាវិញក្រោយពិធីបុណ្យចូលឆ្នាំខ្មែរ។
រីឯឪពុកម្ដាយខ្លះដែលមានកូនធ្វើការជាពលករនៅប្រទេសថៃ ក៏មិនចង់ឲ្យកូនត្រឡប់ទៅស្រុកកំណើតចូលរួមពិធីបុណ្យចូលឆ្នាំខ្មែរដែរ ព្រោះស្ថានភាពជំងឺកូវីដ១៩ កំពុងឆ្លងខ្លាំងទាំងនៅប្រទេសថៃ និងប្រទេសកម្ពុជា។
ថ្វីត្បិតតែគ្រប់កន្លែងនៅកម្ពុជា ប្រារព្ធពិធីបុណ្យចូលឆ្នាំខ្មែរក្នុងសភាពស្ងប់ស្ងាត់ ប៉ុន្តែព្រះសង្ឃនៅតាមវត្តអារាម នឹងនៅតែទទួលចង្ហាន់ពីពុទ្ធបរិស័ទដដែល។ ព្រះប្រធានលេខាធិការដ្ឋានគណៈសង្ឃនាយកនៃគណៈមហានិកាយព្រះអង្គ ឃឹម សន មានព្រះថេរៈដីកាថា តាមវត្តដែលមិនជាប់បម្រាបបិទវត្តនឹងរៀបចំឲ្យមានព្រះសង្ឃគង់នៅចាំទទួលចង្ហាន់។
ប៉ុន្តែពុទ្ធបរិស័ទអាចចូលទៅប្រគេនចង្ហាន់ម្នាក់ម្ដងដោយអនុវត្តវិធានការរក្សាគម្លាតសុវត្ថិភាពនិងការពាក់ម៉ាស់ជាដើម។ ការប្រគេនចង្ហាន់ទៀតសោត ក៏មិនត្រូវឲ្យមានការជុំគ្នាច្រើន និងមិនអាចនៅវត្តបានយូរទេ គឺប្រគេនចង្ហាន់រួច ត្រូវតែត្រលប់ទៅផ្ទះវិញ៖ « វត្តខ្លះប្រហែលជាអ្នកទ្រទ្រង់បាន។ ប៉ុន្តែជួនកាលវត្តខ្លះនៅដាច់ស្រយាល ឆ្ងាយអ្វី អ៊ីចឹងទៅប្រហែលមើលទៅមិនអាចទ្រទ្រង់បាន។ រហូតមកដល់ពេលនេះមានវត្តខ្លះបិទទៅទៀត។ ដូចនៅរាជធានីភ្នំពេញមានវត្តនៅខណ្ឌខ្លះបិទវត្តទាំងស្រុងតែម្ដង។ អ៊ីចឹងទៅ អាត្មាកំពុងតែឲ្យព្រះសង្ឃ ញាតិញោមពុទ្ធបរិស័ទអ្វីចាត់ចែងដើម្បីធ្វើម្ដេចឲ្យព្រះសង្ឃគង់នៅក្នុងហ្នឹង ដប់ ម្ភៃអង្គ មានញាតិញោមអ្វីដូនជី សីលវន្ត សីលវត្ដី ខ្លះហ្នឹងដើម្បីធ្វើម្ដេចឲ្យមានចង្ហាន់ឲ្យមានអ្វីទទួលទាននៅក្នុងវត្តហ្នឹង ! ពរ»។
ក្រៅពីការណែនាំឲ្យរក្សាស្ថានភាពស្ងប់ស្ងាត់ និងកុំចល័ត កុំធ្វើដំណើរក្នុងពិធីបុណ្យចូលឆ្នាំហើយនោះ អាជ្ញាធរអំពាវនាវឲ្យពលរដ្ឋអនុវត្តតាមវិធានការបង្ការជំងឺកូវីដ១៩ ឱ្យបានខ្ជាប់ខ្ជួន ហើយត្រូវថែរក្សាអនាម័យ លាងសម្អាតដៃ ខ្លួនប្រាណឱ្យបានញឹកញាប់និងត្រូវពាក់ម៉ាស់ការពារមាត់ និងច្រមុះជានិច្ច រាល់ការធ្វើដំណើរចេញក្រៅផ្ទះ។
ពាក់ព័ន្ធពិធីបុណ្យចូលឆ្នាំខ្មែរនេះដែរ អង្គការសុខភាពពិភពលោក (WHO) ព្រមានពីគ្រោះមហន្តរាយដ៏ធំដែលអាចនឹងកើតមានឡើង និងទទូចឱ្យពលរដ្ឋខ្មែរត្រូវនៅផ្ទះរៀងៗខ្លួនអំឡុងពិធីបុណ្យចូលឆ្នាំថ្មី ដើម្បីការពារគ្រួសារ សហគមន៍ និងប្រទេសជាតិទាំងមូល។
តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជាបានចេញសេចក្តីថ្លែងការណ៍បន្ទាន់មួយកាលពីថ្ងៃទី១០ ខែមេសាថា កម្ពុជាឈរនៅមាត់ជ្រោះនៃសោកនាដកម្ម ដែលបង្កឡើងដោយការរាតត្បាតជំងឺកូវីដ-១៩។ អ្នកស្រីបន្តថា ទោះជាភាគីពាក់ព័ន្ធបានប្រឹងប្រែងអស់ពីសមត្ថភាពយ៉ាងណាក៏ដោយក៏ការគ្រប់គ្រងវីរុសនេះនៅតែប្រឈមនឹងការលំបាក។ អ្នកស្រីបន្ថែមថា បើមិនបញ្ឈប់ការផ្ទុះរាតត្បាតឥឡូវនេះទេ ប្រព័ន្ធសុខាភិបាលកម្ពុជានឹងប្រឈមបន្ទុកយ៉ាងធ្ងន់ធ្ងរ ដែលអាចនឹងមានផលវិបាកជាមហន្តរាយដ៏ធំ។
ជាមួយគ្នានេះ អង្គការសុខភាពពិភពលោកបានកោតសរសើរចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តអន្តរាគមន៍ជាគោលដៅ និងរួមបញ្ចូលគ្នានូវវិធានការសុខភាពសាធារណៈមិនមែនឱសថ ដូចជា ការហាមឃាត់ការធ្វើដំណើរជាដើម។ ក៏ប៉ុន្តែអង្គការសុខភាពពិភពលោកស្នើសុំពលរដ្ឋម្នាក់ៗក៏ត្រូវរួមចំណែកក្នុងការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺនេះដែរ។ ក្នុងបរិបទនេះ អង្គការសុខភាពពិភពលោកទទូចដល់ពលរដ្ឋខ្មែរឱ្យប្រារព្ធពិធីបុណ្យចូលឆ្នាំនៅផ្ទះរៀងៗខ្លួន៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។