HRW អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ស៊ើប​អង្កេត​ឃាតកម្ម​បណ្ឌិត កែម ឡី ឡើង​វិញ

ដោយ មាន ឫទ្ធិ
2017.07.09
ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) ៦២០ លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) នាយក​រង​នៃ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) ប្រចាំ​អាស៊ី ផ្ដល់​បទសម្ភាសន៍​ដល់​វិទ្យុ​អាស៊ីសេរី កាល​ពី​អំឡុង​ខែ​​​មីនា ឆ្នាំ​២០១៥។ RFA
Photo: RFA

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) កាល​ពី​ថ្ងៃ​អាទិត្យ ទី​៩ ខែ​កក្កដា អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​ចំពោះ​ករណី​ឃាតកម្ម​បណ្ឌិត កែម ឡី។

សេចក្តី​ថ្លែងការណ៍​របស់​នាយក​រង​ទទួល​បន្ទុក​កិច្ចការ​តំបន់​អាស៊ី​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) លោក ហ្វីល រ៉ូប៊ឺតសុន (Phil Robertson) បញ្ជាក់​ថា ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី តម្រូវ​ឲ្យ​មាន​នូវ​ការ​ស៊ើប​អង្កេត​យ៉ាង​ហ្មត់ចត់ ប្រកប​ដោយ​វិជ្ជាជីវៈ និង​មិន​លម្អៀង​មួយ ដែល​នឹង​ត្រូវ​ធ្វើ​ឡើង​ផ្អែក​តាម​អង្គ​ហេតុ​ជាក់ស្តែង ដើម្បី​វែក​មុខ​រក​រាល់​បុគ្គល​ដែល​ពាក់ព័ន្ធ​នឹង​ករណី​សំណុំ​រឿង​ឃាតកម្ម​នេះ មក​ទទួល​ខុស​ត្រូវ​ទាំងអស់ មិន​ថា​បុគ្គល​ទាំងនោះ​មាន​អំណាច ឬ​កាន់កាប់​មុខ​តំណែង​ណា​ឡើយ។

សេចក្តី​ថ្លែងការណ៍​បន្ត​ថា ការ​ស៊ើប​អង្កេត​នេះ​ត្រូវ​តែ​មាន​ការ​ចូលរួម​ពី​សំណាក់​តំណាង​អង្គការ​សហប្រជាជាតិ ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស និង​មន្ត្រី​ជំនាញ​ផ្នែក​ច្បាប់​ដទៃ​ទៀត​ដែល​ពុំ​មាន​ជាប់​ពាក់ព័ន្ធ​នឹង​រាជ​រដ្ឋាភិបាល​កម្ពុជា។

ជាមួយ​គ្នា​នេះ​ដែរ អង្គការ​នេះ​ក៏​បាន​សម្ដែង​ក្តី​សោកស្ដាយ​របស់​ខ្លួន​ផង​ដែរ ដែល​ថា​ក្តី​រំពឹង​ថា​នឹង​មាន​ករណី​ស៊ើប​អង្កេត​ឯករាជ្យ​បែប​នេះ​អាច​នឹង​កើត​មាន​ឡើង គឺ​ស្ទើរ​តែ​គ្មាន​ទាល់​តែ​សោះ ខណៈ​ដែល​ប្រជាពលរដ្ឋ​កម្ពុជា កំពុង​ប្រារព្ធ​ខួប​រំឭក​មួយ​ឆ្នាំ​នៃ​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី។

សេចក្តី​ថ្លែងការណ៍​ដដែល​នេះ​បញ្ជាក់​ថា ចំណាត់ការ​របស់​រដ្ឋាភិបាល​នា​ពេល​ខាង​មុខ ឆ្លើយតប​ចំពោះ​រាល់​ការ​ទាមទារ និង​សំណូមពរ​ទាំងឡាយ​ទាក់ទង​នឹង​ករណី​ឃាតកម្ម​លោក​បណ្ឌិត កែម ឡី នឹង​ក្លាយ​ជា​ផ្នែក​មួយ​ក្នុង​ការ​វាយតម្លៃ​ដល់​ដំណើរការ​បោះឆ្នោត​ថ្នាក់​ជាតិ​ឆ្នាំ​២០១៨ និង​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ការ​លើក​ស្ទួយ​សិទ្ធិ​មនុស្ស និង​នីតិរដ្ឋ​នៅ​កម្ពុជា។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) បាន​ចាត់​ទុក​ថា ករណី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី ដែល​បាន​កើត​មាន​ឡើង​កាល​ពី​មួយ​ឆ្នាំ​កន្លង​ទៅ​នៅ​កណ្ដាល​ក្រុង​ភ្នំពេញ ភ្លាមៗ​ក្រោយ​ពី​មាន​ការ​រិះគន់​ជា​សាធារណៈ​ចំពោះ​ទ្រព្យ​សម្បត្តិ​ដ៏​ច្រើន​មហាសាល​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន និង​ក្រុម​គ្រួសារ​របស់​លោក ថា​ធ្វើ​ឡើង​ក្នុង​គោលដៅ​ដើម្បី​បំបិទ​មាត់​អ្នក​រិះគន់​ដ៏​ល្បីល្បាញ​មួយ​រូប​នេះ និង​ដើម្បី​បញ្ជាក់​សាជាថ្មី​ថា រាល់​ការ​និយាយ​ស្តី​ពាក់ព័ន្ធ​នឹង​ប្រធានបទ​រសើប​នានា នឹង​ត្រូវ​ទទួល​រង​នូវ​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​អន្តរជាតិ យូមែន រ៉ៃត៍ វ៉ច្ឆ (Human Rights Watch) អះអាង​ថា ពុំ​មាន​នរណា​ម្នាក់​គេ​ជឿ​លើ​រឿងរ៉ាវ​ដែល​ប្រឌិត​ឡើង​ដោយ​ឃាតក​ឈ្មោះ អឿត អាង នោះ​ទេ ពោល​គឺ​សូម្បី​តែ​ភរិយា និង​ក្រុម​គ្រួសារ​របស់​ឃាតក​រូប​នេះ​ក៏ដោយ ហើយ​ថា ក៏ប៉ុន្តែ​នៅ​ក្នុង​ប្រព័ន្ធ​យុត្តិធម៌​ដែល​គ្រប់គ្រង​ដោយ​គណបក្ស​កាន់​អំណាច រឿងរ៉ាវ​ទាំងអស់​នេះ​ពុំ​ចាំបាច់​តម្រូវ​ឲ្យ​មាន​ទំនុក​ចិត្ត​តែ​បន្តិច​សោះ​ណា​ឡើយ​ចំពោះ​ការ​កាត់​ទោស​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។