លោក ហ៊ុន ម៉ាណែត លើក​យក​រឿង​ព្រែកជីក​ហ្វូណន ទៅ​ពិគ្រោះ​ក្នុង​កិច្ចប្រជុំ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់

ដោយ សេក បណ្ឌិត
2024.05.25
លោក ហ៊ុន ម៉ាណែត លើក​យក​រឿង​ព្រែកជីក​ហ្វូណន ទៅ​ពិគ្រោះ​ក្នុង​កិច្ចប្រជុំ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដើម្បី​​ស្វែងរក​ការ​គាំទ្រ​គម្រោង​ព្រែកជីក​ហ្វូណន ពី​មន្ត្រី​មក​ពី​គណបក្ស​នយោបាយ​ផ្សេង​ទៀត។
រូប៖ ហ្វេសប៊ុកលោក​ ហ៊ុន ម៉ាណែត

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដឹកនាំ​កិច្ចប្រជុំ​ជាមួយ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ដោយ​លើក​យក​គម្រោង​ព្រែកជីក​ហ្វូណន មក​ស្វែងរក​ការ​គាំទ្រ​ពី​មន្ត្រី​មក​ពី​គណបក្ស​នយោបាយ​ផ្សេង​ទៀត។ អ្នក​ឃ្លាំមើល​ថា ការ​លើក​យក​គម្រោង​នេះ​មក​ពិភាក្សា​ក្នុង​កិច្ចប្រជុំ​ឧត្ដម​ក្រុមប្រឹក្សា និង​ពិគ្រោះ ពុំ​មាន​លទ្ធផល​ស៊ីជម្រៅ​នោះ​ឡើយ ព្រោះ​សមាជិក​ទាំង ២៨គណបក្ស​ចាំ​តែ​លើក​ដៃ​គាំទ្រ​មេ​ដឹកនាំ​រដ្ឋាភិបាល។

បន្ទាប់ពី​មាន​បញ្ហា​ចម្រូងចម្រាស រហូត​ដល់​មាន​ការ​ដេញដោល​ជាមួយ​ប្រទេស​ពាក់ព័ន្ធ និង​ប្រទេស​មហា​អំណាច​នោះ ពេល​នេះ​រឿង​គម្រោង​ព្រែកជីក​ហ្វូណន បាន​ធ្លាក់​មក​ជា​ប្រធានបទ​ក្នុង​កិច្ចប្រជុំ របស់​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ វិញ​ម្ដង ដោយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​សុំ​យោបល់​ពី​គណបក្ស​សម្ព័ន្ធ ដែល​គ្មាន​សំឡេង​នៅ​ក្នុង​រដ្ឋសភា។

ប្រធាន​គណបក្ស​ខ្មែរ​អភិរក្ស លោក រៀល ខេមរិន្ទ្រ ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា ថា ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆមាស របស់​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាន​លើក​ឡើង​ពី​គម្រោង​ព្រែកជីក​ហ្វូណន ដោយ​ស្នើ​ឱ្យ​សមាជិក​ឧត្ដម​ក្រុមប្រឹក្សា គាំទ្រ និង​ជួយ​ផ្សព្វផ្សាយ​បន្ត​ថា គម្រោង​នេះ​ធ្វើឡើង​ដើម្បី​ផលប្រយោជន៍​សង្គមជាតិ។ លោក​បន្ត​ថា នៅ​ក្នុង​កិច្ចប្រជុំ​នេះ សមាជិក​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ក៏​បាន​ជជែក​ពិភាក្សា លើ​បញ្ហា​សង្គម មាន​ដូចជា កសិកម្ម សុខាភិបាល និង​ការ​បំពេញ​តួនាទី​របស់​មន្ត្រី​សាធារណៈ ធ្វើ​ជា​ទស្សនាទាន​ដល់​រដ្ឋាភិបាល​ផង​ដែរ។

លោក រៀល ខេមរិន្ទ្រ៖ «សម្ដេច ហ៊ុន ម៉ាណែត លោក​បាន​ថ្លែង​អំណរគុណ ចំពោះ​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ​យោបល់​ទាំងអស់ ដែល​នាំគ្នា​គាំទ្រ​យ៉ាង​ពេញទំហឹង ចំពោះ​គម្រោងការ​ហ្នឹង ហើយ​លោក​បាន​មាន​ប្រសាសន៍​ថា លោក​ចង់​ឱ្យ​យើង​ទាំងអស់​គ្នា​យល់​អំពើ​គម្រោង​ព្រែកជីក​ហ្វូណន​តេជោ​ហ្នឹង មិនមែន​ដូច​គេ​ថា មាន​ការ​ពាក់ព័ន្ធ​ទៅ​នឹង​រឿង​នយោបាយ​ជាមួយ​នឹង​ចិន​ទេ»

Real_Camerin_in_meeting_with_Hun_Manet_052324_HMN_FB.jpg
(រូបទី៣ រាប់ពីខាង​ស្ដាំ) លោក រៀល ខេមរិន្ទ្រ ប្រធាន​គណបក្ស​ខ្មែរ​អភិរក្ស ក្នុង​កិច្ចប្រជុំ​ប្រចាំ​ឆមាស របស់​ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា ឆ្នាំ២០២៤ អំពី​គម្រោង​ព្រែកជីក​ហ្វូណន។ រូបពីហ្វេសប៊ុកលោក ហ៊ុន ម៉ាណែត

យ៉ាង​ណា​ក៏​ដោយ​ចុះ អ្នក​ឃ្លាំមើល​យល់​ឃើញ​ថា ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ អាច​មាន​តួនាទី​ត្រឹមតែ​ជា​អ្នក​ជួយ​ឃោសនា ឱ្យ លោក ហ៊ុន ម៉ាណែត ទាញ​យក​ប្រជាប្រិយភាព ពី​គម្រោង​ព្រែកជីក​ហ្វូណន នេះ​តែ​ប៉ុណ្ណោះ ព្រោះ​រឿង​ព្រែកជីក​មួយ​នេះ បាន​ឆ្លង​កាត់​ការ​ពិគ្រោះ​ជាមួយ​មន្ត្រី​កំពូលៗ របស់​រដ្ឋាភិបាល​រួច​ទៅ​ហើយ។

វិទ្យុ​អាស៊ី​សេរី មិន​អាច​ទាក់ទង អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក ឈឹម ផលវរុណ ដើម្បី​សុំ​សួរ​បន្ថែម​អំពី​ខ្លឹមសារ ក្នុង​កិច្ចប្រជុំ​នេះ​បានទេ នៅ​ថ្ងៃ​ទី២៤ ខែ​ឧសភា។

អ្នក​សិក្សា​ផ្នែក​ច្បាប់ លោក វ៉ន ចាន់ឡូត យល់​ឃើញ​ថា ការ​លើក​យក​បញ្ហា​ព្រែកជីក​ហ្វូណន នៅ​ពិភាក្សា​ក្នុង​កិច្ចប្រជុំ ឧត្ដម​ក្រុម​ប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ គឺ​ធ្វើឡើង​ឱ្យ​តែ​ល្អមើល​ប៉ុណ្ណោះ ព្រោះ​សមាជិក​គណបក្ស​នយោបាយ ទាំង ២៨បក្ស​នេះ ហាក់​អសកម្ម​ក្នុង​កិច្ចការ​ជាតិ និង​គ្មាន​ឥទ្ធិពល ដើម្បី​លើក​ឡើង​ជា​យោបល់​នោះ​ទេ ដោយសារ​ពួក​គេ​ចាំតែ​លើកដៃ​គាំទ្រ​ការ​សម្រេច របស់​គណបក្ស​កាន់​អំណាច​ប៉ុណ្ណោះ។

លោក វ៉ន ចាន់ឡូត៖ «ខ្ញុំ​យល់​ថា​វា​ជា​ការ​ដើរ​ប្រាសចាក​ឆន្ទៈ​ប្រជាពលរដ្ឋ។ ពីព្រោះ​គម្រោង​ធំៗ អ៊ីចេះ វា​គួរតែ​ឆ្លងកាត់​សភា ហើយ​សភា​នៅ​ទីនេះ គឺជា​អ្នក​តំណាង​ឆន្ទៈ​របស់​ប្រជាពលរដ្ឋ។ ទីពីរ គួរតែ​ឆ្លងកាត់​ការ​ធ្វើ​ប្រជាមតិ​ពី​ប្រជាពលរដ្ឋ​តែ​ម្ដង យើង​បើក​ធ្វើ​យ៉ាងម៉េច ឱ្យ​មាន​ការ​ធ្វើ​ប្រជាមតិ​មួយ ដែល​អាច​ស្វែងរក​ទិន្នន័យ​ជាក់លាក់ ពី​ការ​គាំទ្រ ឬ​មិន​គាំទ្រ ឬ​គោលជំហរ​របស់​អ្នក​នៅ​កណ្ដាល​ហ្នឹង»

ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ត្រូវ​បាន​ផ្ដួចផ្ដើម​បង្កើត​ឡើង​ដោយ​អតីត​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន សែន កាលពី​ឆ្នាំ២០១៨ ដើម្បី​ពិគ្រោះ និង​ផ្ដល់​យោបល់ ពី​គណបក្ស​នយោបាយ​ជូន​រាជ​រដ្ឋាភិបាល ក្រៅ​ក្របខ័ណ្ឌ​សភា ក្នុង​គោលដៅ​លើកស្ទួយ​ប្រសិទ្ធភាព​ការងារ ដើម្បី​ជា​ប្រយោជន៍​ដល់​ការ​បម្រើ​សេវា​ជូន​ប្រជាពលរដ្ឋ និង​ការ​អភិវឌ្ឍ​សង្គមជាតិ។ ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ នៅ​ក្នុង​អាណត្តិ​ថ្មី​នេះ មាន​គណបក្ស​នយោបាយ​ចូលរួម​ចំនួន២៩។

ក៏ប៉ុន្តែ​រយៈ​ពេល​មួយ​អាណត្តិ​កន្លងមក​នេះ ឧត្ដម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្ដល់​យោបល់ ហាក់​ពុំ​បាន​បញ្ចេញ​សមិទ្ធផល​ការងារ ឬ​ធ្វើ​ឱ្យ​មាន​ភាព​ផ្លាស់ប្ដូរ​ក្នុង​សង្គម​នោះ​ឡើយ ក្រៅតែ​ពី​ការ​ជួប​មេ​ដឹកនាំ​រដ្ឋាភិបាល​រៀងរាល់ ៦ខែ​ម្ដង និង ប្រើប្រាស់​តួនាទី​ជា​ទីប្រឹក្សា​រាជរដ្ឋាភិបាល ចាំតែ​គាំទ្រ​ការ​សម្រេច​របស់​រដ្ឋាភិបាល​បក្ស​កាន់អំណាច និង​រួមដៃ​គ្នា ប្រឆាំង​សំឡេង​អ្នក​រិះគន់ ដែល​គណបក្ស​ប្រជាជន​កម្ពុជា លាប​ពណ៌​ថា ជា«ចលនា​ជ្រុល​និយម»

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។