លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រៀបចំ​មេធាវី​ការពារ​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ក្រុមហ៊ុន ឡេង ចាន់ណា ក្រោយ​ពលករ​នៅ​កូរ៉េ ត្រៀម​តវ៉ា

ដោយ សុជីវី
2024.05.15
លោក ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រៀបចំ​មេធាវី​ការពារ​ពលរដ្ឋ​រង​គ្រោះ​ដោយសារ​ក្រុមហ៊ុន ឡេង ចាន់ណា ក្រោយ​ពលករ​នៅ​កូរ៉េ ត្រៀម​តវ៉ា រូបឯកសារ៖ (កណ្ដាល) លោក ហ៊ុន ម៉ាណែត និង​អ្នកស្រី ឡេង ចាន់ណា ​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) និង​សហការី​របស់​អ្នកស្រី (ឆ្វេង) នៅ​ក្នុង​ពិធី​បញ្ចូល​សមាជិក​គណបក្សប្រជាជន នៅ​ខេត្តសៀមរាប កាល​ពី​ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៤។
រូប៖ ហ្វេសប៊ុក Oknha Leng Channa

លោក​នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បញ្ជា​ឱ្យ​រៀបចំ​មេធាវី​ការពារ​ក្ដី​ជូន​ពលរដ្ឋ​រង​គ្រោះ ជាមួយ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី (Brilliant City) របស់​អតីត​ឧកញ៉ា ឡេង ចាន់ណា ក្រោយ​ពី​ពលករ​ខ្មែរ​ជា​ច្រើន នៅ​ប្រទេស​កូរ៉េ ត្រៀម​តវ៉ា​ទាមទារ​ឱ្យ​លោក ហ៊ុន ម៉ាណែត ពន្លឿន​ការ​ដោះស្រាយ​ជូន​ពួក​គាត់។

ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់​នៅ​កម្ពុជា កំពុង​ជួប​វិបត្តិ​បំណុល​ធ្ងន់ធ្ងរ ដោយសារ​តែ​ការ​ចាញ់​បោក​ក្រុម​ឧកញ៉ា ដែល​ខ្លះ​ធ្លាប់​អះអាង​ថា ពួក​គេ​មាន​ទំនាក់ទំនង​នឹង​លោក​នាយក​រដ្ឋមន្ត្រី លោក ហ៊ុន ម៉ាណែត ទៀត​ផង។ ជាក់ស្ដែង ពលរដ្ឋ​ជិត ១ពាន់​នាក់ ដែល​រងគ្រោះ ដោយសារតែ ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី នៅ​មិន​ទាន់​ទទួល​បាន​ដំណោះស្រាយ​នៅ​ឡើយ។

ការ​យឺតយ៉ាវ រក​ដំណោះស្រាយ​ពី​សំណាក់​មន្ត្រី​ពាក់ព័ន្ធ បណ្ដាល​ឱ្យ​ពលរដ្ឋ​មួយ​ចំនួន​ផ្ទុះ​ការ​តវ៉ា ជា​បន្ត​បន្ទាប់។ ជាក់ស្ដែង នៅ​ឯ​ប្រទេស​កូរ៉េ មាន​ពលករ​ខ្មែរ​រាប់​រយ​នាក់ ដែល​ចាញ់បោក អតីត​ឧកញ៉ា ឡេង ចាន់ណា ត្រៀម​តវ៉ា ដើម្បី​ស្នើ​លោក ហ៊ុន ម៉ាណែត ឱ្យ​ពន្លឿន​ការ​រក​ដំណោះស្រាយ អំឡុង​ពេល​លោក​កំពុង​មាន​វត្តមាន នៅ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង ។

មុន​ចេញ​ដំណើរ​ទៅ​កាន់​ប្រទេស​កូរ៉េ​ខាង​ត្បូង លោក ហ៊ុន ម៉ាណែត បាន​បង្ហោះ​សារ នៅ​លើ​បណ្ដាញ​សង្គម ហ្វេសប៊ុក (Facebook) របស់​លោក នៅ​ថ្ងៃ​ទី១៤ ខែឧសភា ដោយ បញ្ជា​ឱ្យ​មន្ត្រី​ក្រោម​បង្គាប់ រៀបចំ មេធាវី ដែល​មាន លោក គី តិច ជា ប្រធាន​ក្រុម​មេធាវី​របស់​រដ្ឋាភិបាល ដើម្បី ការពារ​ក្ដី ជូន​ពលរដ្ឋ​រង​គ្រោះ​ជាមួយ អ្នកស្រី ឡេង ចាន់ណា។

ទោះ​ជា​យ៉ាង​ណា ក្ដី មន្ត្រី​សង្គម​ស៊ីវិល និង​ពលករ​ខ្មែរ​នៅ​ប្រទេស​កូរ៉េ​យល់​ថា ការ​រៀបចំ មេធាវី​ការពារ​ក្ដី ជូន​ជន​រង​គ្រោះ​នៅ​ពេល​នេះ គឺ​គ្រាន់តែ​ដើម្បី​ស្អំ​ចិត្ត កុំ​ឱ្យ​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ តវ៉ា​ប៉ុណ្ណោះ ដោយ​ពួក​គេ​លើក​ហេតុផល​ថា លោក ហ៊ុន ម៉ាណែត ត្រូវ​បាន​គេ​ដឹង​ថា ជា​អ្នក ដែល​ធ្លាប់​មាន​ទំនាក់ទំនង​ជិតស្និទ្ធ​ជាមួយ​នឹង​ម្ចាស់​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី គឺ អ្នកស្រី ឡេង ចាន់ណា ដោយ ពួក​គេ​ធ្លាប់​ថតរូប និង​វីដេអូ​សន្ទនា​ជុំ​គ្នា​ទៀត​ផង។

ពលករ​ខ្មែរ​ធ្វើការ​នៅ​ប្រទេស​កូរ៉េ ដែល​រងគ្រោះ​ដោយសារ​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី កញ្ញា សាក់ ផាន់ណា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ ខែ ឧសភា ថា បច្ចុប្បន្ន មាន​ពលករ​ខ្មែរ​រាប់​រយ នាក់ រងគ្រោះ ដោយសារ​អ្នកស្រី ឡេង ចាន់ណា។ ក៏​ប៉ុន្តែ មាន​ពលករ​ខ្លះ​ហ៊ាន​ចេញ​មុខ​តវ៉ា ចំណែក​ពលករ​ខ្លះ​ទៀត ពុំ​ហ៊ាន​ចេញ​តវ៉ា ព្រោះ​បារម្ភ​ពី​សុវត្ថិភាព។

ទោះ​ជា​យ៉ាង​ណា​ក្ដី កញ្ញា សាក់ ផាន់ណា បាន​ឱ្យ​ដឹង​ថា មាន​ពលករ​ប្រមាណ​ជិត ១០០នាក់ ត្រៀម ប្រមូល​ម្ដុំ​តវ៉ា ដើម្បី​ស្នើ​លោក ហ៊ុន ម៉ាណែត ឱ្យ​រក​ដំណោះស្រាយ​ អំឡុង​ពេល ដែល​លោក កំពុង​មាន​វត្តមាន​នៅ​ប្រទេស​កូរ៉េ ពេលនេះ។

កញ្ញា សាក់ ផាន់ណា៖ «ពួក​ខ្ញុំ ជា​អ្នក​ឈឺ​ចាប់ អ្នក​ឈឺ​ចាប់ គេ​មើល​មិន​ឃើញ​ពី​ការ​ឈឺ​ចាប់​របស់​ពួក​ខ្ញុំ។ គេ​បោកប្រាស់ ហើយ​ពួក​ខ្ញុំ​ទទួល​រឿង​អយុត្តិធម៌​ច្រើន គេ​អត់​រវល់​ជា​មួយ​នឹង​ពួក​ខ្ញុំ​ទេ។ ដូច្នេះ ពួក​ខ្ញុំ​មាន​តែ​រើ​បម្រះ»

ការ​លើក​ឡើង​នេះ ស្រប​ពេល ដែល​លោក ហ៊ុន ម៉ាណែត កំពុង​ធ្វើ​ដំណើរ​ទស្សនកិច្ច នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង ចាប់​ពី​ថ្ងៃ​ទី១៥ ដល់ ១៨ ខែឧសភា ។

យ៉ាង​ណា ក៏​ដោយ ក៏​មាន​ពលករ​ខ្មែរ​ចំនួន ២ក្រុម កំពុង​ត្រៀម​ធ្វើ​បាតុកម្ម គឺ​ក្រុម​ទី១ មាន​ពលករ​ជិត ១០០នាក់ ដែល​អ្នក​ទាំង​នោះ ជា​អ្នក​រង​គ្រោះ​ជាមួយ ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី ពួក​គេ​នឹង​តវ៉ា ដើម្បី​ទាមទារ​រដ្ឋាភិបាល​ឱ្យ​ដោះ​ស្រាយ​បញ្ហា​ជាមួយ​ក្រុមហ៊ុន​អ្នកស្រី ឡេង ចាន់ណា។ ចំណែក​ក្រុម​ទី២ ភាគ​ច្រើន​ជា អ្នក​ស្រឡាញ់ ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស ពួក​គេ​នឹង តវ៉ា​នៅ​ថ្ងៃ​ទី១៩ ខែឧសភា ដើម្បី​ឱ្យ​លោក ហ៊ុន ម៉ាណែត ស្ដារ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ឡើង​វិញ។ ក្រៅ​ពី​អ្នក​ត្រៀម​តវ៉ា​ប្រឆាំង ក្នុងពេលជាមួយគ្នា គេ​ក៏​ឃើញ​មាន​ក្រុម​ពលរដ្ឋ​ចេញ​ស្វាគមន៍​ដំណើរ​ទស្សនកិច្ច​របស់​លោក ហ៊ុន ម៉ាណែត នៅ​ទី​នោះ​ដែរ។

ជុំវិញ​បញ្ហា​នេះ ប្រធាន​សមាគម​ការពារ​សិទ្ធិមនុស្ស​អាដហុក (ADHOC) លោក នី សុខា ប្រាប់​វិទ្យុ​អាស៊ី​សេរី នៅ​ថ្ងៃ​ទី១៥ ខែឧសភា​ថា ការ​តវ៉ា​របស់​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ អំឡុង វត្តមាន​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែតនេះ គឺ​ជា​សិទ្ធិ​របស់​ពួក​គាត់។ លោក​បន្ត​ថា រដ្ឋាភិបាល គួរតែ​យក​ក្ដី​កង្វល់ របស់​ពលករ​ទាំង​នោះ ដើម្បី​ពិចារណា​រក​ដំណោះស្រាយ​សមស្រប​ណា​មួយ នោះ​ជា​រឿង​ប្រសើរ ក្នុង​នាម​ជា​មេ​ដឹកនាំ។

លោក នី សុខា៖ «រដ្ឋាភិបាល​ត្រូវ​តែ​ធានា​ធ្វើ​យ៉ាង​ណា ឱ្យ​ប្រជាពលរដ្ឋ​ទទួល​បាន​ យុត្តិធម៌ ឱ្យ​បាន​ស្មើ​ភាព​គ្នា​នៅ​ក្នុង​សង្គម​របស់​យើង។ អ៊ីចឹង​ ចំពោះ​ការ​លើក​ឡើង តវ៉ា​របស់​ប្រជាពលរដ្ឋ​នេះ គឺ​មិន​មាន​ការ​ខុស​ឆ្គង​អ្វី​នោះ​ទេ នេះ​ជា​កាតព្វកិច្ច​ របស់​ពលរដ្ឋ»

កាលពីថ្ងៃទី១២ ខែមីនា សមត្ថកិច្ច​ខេត្តសៀមរាប​បាន​ឃាត់​ខ្លួន​អ្នកស្រី ឡេង ចាន់ណា ដែល​ជា​អគ្គនាយិកា​ក្រុមហ៊ុន ប្រ៊ីលាន ស៊ីធី និង​បក្ខពួក​មួយ​ចំនួន​ទៀត តាម​ពាក្យ​បណ្ដឹង​របស់​ពលរដ្ឋ​ដោយសារ​តែ​ក្រុមហ៊ុន​នេះ​មិន​មាន​លទ្ធភាព​សង​លុយ​ពលរដ្ឋ​វិញ។

ក្រោយ​ការ​ចាប់​ខ្លួន សាលាដំបូង​ខេត្តសៀមរាប​បាន​ចេញ​ដីកា​សម្រេច​រឹបអូស​ទ្រព្យ​សម្បត្តិ​របស់ អ្នកស្រី ឡេង ចាន់ណា ជា​បណ្ដោះអាសន្ន ដើម្បី​លក់​សង​ម្ចាស់​បំណុល។ ប៉ុន្តែ ពលរដ្ឋ​អះអាង​ថា គិត​មក​ទល់ ពេល​នេះ​ពួក​គាត់​នៅ​មិន​ទាន់​ទទួល​បាន​ប្រាក់​សំណង​នៅ​ឡើយ​ទេ។ ការ​យឺតយ៉ាវ​នេះ បណ្ដាល​ឱ្យ​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ ប្រទេស​ថៃ និង​នៅ​កម្ពុជា ដែល​រងគ្រោះ​រាប់​ពាន់​នាក់ កំពុង​ជួប​វិបត្តិ​បំណុល​វ័ណ្ឌ​ក៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។