អ្នក​វិភាគ​ថា លោក ហ៊ុន ម៉ាណែត កំពុង​បង្កើត​សត្រូវ​មនសិការ​ជាមួយ​ពលរដ្ឋ​ខ្មែរអ្នក​ស្រឡាញ់​ប្រជាធិបតេយ្យ

ដោយ សេក បណ្ឌិត
2019.02.03
ហ៊ុន ម៉ាណែត ៦២២ លោក ហ៊ុន ម៉ាណែត មេ​បញ្ជាការ​កងទ័ព​ជើងគោក នៃ​កង​យោធពល​ខេមរភូមិន្ទ​។ RFA
RFA

កូន​ប្រុស​ច្បងរបស់​​លោក​ ហ៊ុន សែន លោក ហ៊ុន ម៉ាណែត បន្ត​អំពាវនាវ​ដល់​កងទ័ព​ឱ្យ​ការពារ​របប​​ឪពុក​លោក​ តាម​រយៈ​ការ​ទប់​ស្កាត់​ឱ្យ​បាននូវ​ការ​ប៉ុនប៉ង​ផ្តួល​រំលំ​រដ្ឋាភិបាល​។

អ្នក​វិភាគ​ថា លោក​ ហ៊ុន ម៉ាណែត កំពុង​បង្កើត​សត្រូវ​មនសិការ​ជាមួយ​ប្រជាពលរដ្ឋ​ខ្មែរ ដែល​ស្រឡាញ់​លទ្ធិ​ប្រជាធិបតេយ្យ

អ្នក​វិភាគ​នយោបាយ លោក គឹម សុខ ថ្លែង​ថា លោក​ ហ៊ុន ម៉ាណែត កំពុង​ធ្វើ​ខុស​តួនាទី​របស់​ខ្លួន​ក្នុង​នាម​ជា​មេទ័ព​កំពូល​ម្នាក់​របស់​ជាតិ។ លោក​បន្ត​ថា ការ​ប្រកាស​ឱ្យ​កង​ទ័ព​ការពារ​របប​ដឹកនាំ​បច្ចុប្បន្ន​ ដែល​កើត​ចេញ​ពី​ការ​បោះ​ឆ្នោត​បែប​បង្គ្រប់​កិច្ច​នោះ គឺជាការ​បង្កើត​ជម្លោះ​​រវាង​កងទ័ព និង​ពលរដ្ឋ​ខ្មែរ

លោក​ជឿជាក់​ថា គ្មាន​​​បដិវត្ត​ន៍ពណ៌​​នៅ​កម្ពុជានោះឡើយ មាន​តែការ​ស្រេក​ឃ្លាន​ចង់​បានការ​ផ្លាស់​ប្តូរ​​ជា​វិជ្ជមាន​នៅក្នុង​សង្គម«ប្រសិន​បើ​ចរន្ត​នៃ​សកម្ម​ភាព​​តវ៉ា​ចេញ​ជាក់ស្តែង​ នោះ​ក៏​មិន​មែន​ជា​បដិវត្តន៍​ពណ៌​ដែរ គឺ​ជា​ការ​ទាម​ទារ​រក​យុត្តិធម៌​ ដើម្បី​អនុវត្ត​សិទ្ធិគាត់​តាម​រដ្ឋធម្មនុញ្ញ​។ ដូច្នេះ​លោក ហ៊ុន ម៉ាណែត ខ្លួន​ឯង ត្រូវ​យល់​អំពី​ករណី​ហ្នឹង ហើយ​កុំ​លាប​ពណ៌​ប្រជាពលរដ្ឋ​ដែល​ចង់​ងើប​ឡើងថា ជា​អ្នក​​បង្កើត​បដិវត្តន៍​ពណ៌​អ៊ីចឹង។ នោះ​គឺ​ជា​ការ​បង្កើត​នូវ​រូ​បភាព​ជា​ជម្លោះ​អាក្រក់​ណាស់​ក្នុង​តួនាទី​របស់​ខ្លួន​ដែល​ជា​អ្នក​ដឹក​នាំ​កងទ័ព​​ ហើយ​បង្កើត​មនោគម​វិជ្ជា​​​ចិត្ត​សាស្ត្រ​ធ្វើ​ឱ្យ​កង​​ទ័ព​ក្លាយ​ទៅ​សត្រូវ​​នៃ​​ពលរដ្ឋខ្លួន​ឯង​ ដែល​តួ​នាទី​កង​ទ័ព​​ គឺ​ជា​អ្នក​ការពារ​ពលរដ្ឋ​ឯង​សោះ​ហ្នឹង»

កាល​ពីថ្ងៃទី២ កុម្ភៈ អគ្គមេបញ្ជាការ​រង​កង​យោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជា​ការ​កង​ទ័ព​ជើង​គោក លោក ហ៊ុន ម៉ាណែត បាន​ប្រាប់​កងទ័ព​ឱ្យ​ស្មោះ​ត្រង់ និង​ការ​ពារ​របប​ដឹក​បច្ចុប្បន្ន​ឱ្យ​បាន​ជាដាច់​ខាត។ លោក​ថ្លែ​ង​ទៀត​ថា កង​ទ័ព​ត្រូវ​ទប់​ស្កាត់​​បដិវត្តន៍​ពណ៌ និង​ការប៉ុន​ប៉ង​ជ្រៀត​ជ្រែក​ចូល​កិច្ច​ការផ្ទៃ​ក្នុង​របស់​​កម្ពុជា​ពី​សំណាក់​ប្រទេស​ដទៃ។

លោក ហ៊ុន ម៉ាណែត ក៏​បាន​ឆ្លៀត​វាយ​ប្រហារ​ដោយ​មិន​បញ្ចេញ​ឈ្មោះ​ទៅលើ​ថ្នាក់​ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ថា ពួក​គេ​មិន​ដែល​បាន​ជួយ​អ្វី​ដល់​កម្ពុជា​នោះ​ទេ ក្រៅ​តែ​ពីការ​បំផ្លិច​បំផ្លាញ​ជាតិ​​ និង​ញុះ​ញង់ឱ្យ​មាន​ការ​ធ្វើបាតុកម្ម​ និង​ការ​ដាក់​ទណ្ឌកម្ម​សេដ្ឋកិច្ច​លើ​ប្រទេសកម្ពុជា។ លោក​បានបន្ថែម​ថា ប្រសិន​បើ​អ្នក​នយោ​បាយ​បក្ស​ប្រឆាំង​​ចង់​ឈ្នះ គួរ​តែ​ខិត​ខំ​បម្រើ​ពលរដ្ឋ​ ដោយ​កុំ​ញុះញង់​ឱ្យ​ពលរដ្ឋ​ និង​កង​កម្លាំង​ប្រដាប់​អាវុធឱ្យ​បំផ្លាញ​ប្រទេស​ខ្លួន​ឯង ដើម្បីបម្រើ​មហិច្ឆតា​នយោយ​បាយ​ផ្ទាល់​ខ្លួន​បែប​នេះ។

ទោះជាយ៉ាងណា អ្នក​វិភាគ​នយោបាយ​ លោក គឹម សុខ ថ្លែង​ថា សកម្មភាព​របស់​ក្រុម​អ្នក​ដឹក​នាំ​គណបក្ស​ប្រឆាំង​នៅ​ពេល​កន្លង​ទៅ មិន​មែន​ជា​ទង្វើ​បំផ្លាញ​ជាតិ​នោះឡើយ​ ផ្ទុយ​ទៅវិញ​នោះ ​គឺ​ជា​ការ​ប្រើ​ប្រាស់​យន្ត​ការ​អន្តរជាតិ​ ដើម្បីដាក់​សម្ពាធ​ឱ្យ​របប​ក្រុង​ភ្នំពេញ​ងាក​មកស្តារ​ស្ថានការណ៍​​ប្រជាធិបតេយ្យ និង​ការ​គោរពសិទ្ធិមនុស្ស​ឡើង​វិញ។ លោក​ស្នើ​ឱ្យ​លោក​ ហ៊ុន ម៉ាណែត ផ្លាស់​ប្តូរ​ឥរិយាបថ​នយោបាយ​ ដោយ​ត្រូវ​ហ៊ាន​ប្រកួត​ប្រជែង​​ដោយ​យុត្តិធម៌ និង​មិន​ត្រូវ​​យក​គំរូ​ហិង្សា និង​ផ្តាច់​ការ​និយម​ពី​ឪពុក​របស់​លោក​មក​ប្រើដូចពេល​បច្ចុប្បន្ន​នេះឡើយ៖ «អ្វីដែល​គាត់​ធ្វើ​ គឺ​ជា​ទុច្ចរិត​​នយោបាយ​សម្រាប់​អនុវត្ត​​ផែន​ការ​បន្ត​អំណាច​ពី​ឪពុក​ ដែល​ឪពុក​របស់​គាត់​បាន​រៀប​ចំឱ្យ​​យ៉ាង​ម៉ត់​ចត់។​ ក៏ប៉ុន្តែ​កុំ​ធ្វើ​ដូច​ឪពុក​របស់​គាត់​ ដែលមាន​ចំណេះដឹង​ទាប ​រៀន​បាន​តិច ហើយ​ដើម្បី​តែ​បន្ត​អំណាច ​មាន​តែ​ការ​ប្រើ​​ល្បិច​ និង​ហិង្សា​គម្រាម​គេ​ឯង​។ ធ្វើ​បែប​នេះ ​គឺ​ជាការ​បន្សល់​ទុក​នូវ​គម្រូ​អាក្រក់​ ហើយ​ជា​​សត្រូវ​នៃ​ឆន្ទៈ​របស់​ពលរដ្ឋ​​ខ្មែរ​ទួទៅ​ ទាំង​គ្រប់​ទិស​ទី​ ក្នុងនិង​ក្រៅ​ប្រទេស​ ហើយ​ក៏​ជា​អ្នកដែល​មិន​អាច​ចូល​ចុះ​​នៅ​ចំពោះ​មុខ​សហគមន៍​អន្តរជាតិ«

ដោយ​មិន​ខ្វល់​ពី​ឯករាជ្យ​ភាព​របស់​កង​កម្លាំង​ប្រដាប់​អាវុធ ក្រុម​មន្ត្រី​យោធា​កំពូលៗ នៃ​របបក្រុង​ភ្នំពេញ បានចេញ​មុខ​ការពារ​របបនេះ​ជា​បន្ត​បន្ទាប់ ​​ក្នុង​ស្ថានភាព​នៃ​ការ​រង​ទណ្ឌ​កម្ម​ពី​សហគមន៍​អន្តរជាតិ។ ការ​ប្តេជ្ញាការ​ពារ​របបក្រុង​ភ្នំពេញ​នេះ ក៏​ដោយ​សារ​ពួក​គេ​សុទ្ធសឹង​ជា​សមាជិក​នៃ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​មនុស្ស​ជំនិត​របស់​លោក ហ៊ុន សែន ដែល​តែ​ង​តែ​ជួយ​ការពារ​មេ​ដឹក​នាំ​ក្រាញ​អំណាចរូប​នេះ ​ពី​សកម្មភាព​ច្បាម​យក​អំណាច និង​រំលោភសិទ្ធិ​មនុស្ស​គ្រប់​បែប​យ៉ាង។

នៅ​ដំណាក់​កាល​ចុង​ក្រោយ​នេះ មេយោធា​គ្រាក់ៗ នៃ​របបក្រុង​ភ្នំពេញ បាន​ប្រកាស​ថា ពួក​គេ​បាន​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​ក្នុង​ការ​ចាប់​ខ្លួន​លោក សម រង្ស៊ី ប្រសិន​បើ​​ប្រធាន​ស្តីទី​គណបក្ស​សង្រ្គោះ​ជាតិ ​រូប​​នេះ​​ហ៊ាន​វិល​ចូលស្រុក​វិញមែន​​នោះ។ ទង្វើ​នេះ​ត្រូវ​បាន​អ្នកវិភាគ​ចាត់​ទុក​ថា ជា​ការ​រំលោភ​ច្បាប់ និង​បំពាន​លើ​តួនាទី​របស់​​មន្ត្រី​នគរបាល ដែលជា​អ្នក​​ទទួល​ខុស​ត្រូវ​លើ​កិច្ច​ការសន្តិសុខ​ផ្ទៃក្នុង​របស់​ប្រទេស៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។