លោក ហ៊ុន សែន ឆ្លើយតបការរិះគន់ពីពលរដ្ឋជុំវិញជំនន់ទឹកភ្លៀងនៅរាជធានីភ្នំពេញថា ជារឿងធម្មតា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃទី២៧ ខែមិថុនា ថ្លែងការពាររបបដឹកនាំរបស់ខ្លួនទាំងញ័រមាត់ ស្របពេលដែលមានការរិះគន់ជាច្រើនពីពលរដ្ឋ តាមរយៈបណ្តាញសង្គមហ្វេសប៊ុក ពាក់ព័ន្ធនឹងការជន់លិចនៅរាជធានីភ្នំពេញ ដែលបង្កដោយជំនន់ទឹកភ្លៀង។
ថ្លែងនៅមុខកម្មករនៅថ្ងៃពុធ ទី២៧ ខែមិថុនា លោក ហ៊ុន សែន បានឆ្លើយតបការរិះគន់របស់ពលរដ្ឋជុំវិញការជន់លិចដោយសារទឹកភ្លៀងនេះ និងចាត់ទុកការជន់លិចនេះថា ជារឿងធម្មតាដោយប្រៀបធៀបការជន់លិចនៅរាជធានីភ្នំពេញ ទៅនឹងបណ្តាប្រទេសផ្សេងទៀត៖ «ប៉ុន្មានថ្ងៃនេះភ្លៀងមហាភ្លៀង តែនៅទីនេះភ្លៀងតិចជាងភ្លៀងនៅភ្នំពេញ។ ភ្នំពេញ ២ថ្ងៃនេះ គឺជាភ្នំពេញពោរពេញដោយទឹកអុំទូកបាន ទោះបីលូប៉ុណ្ណាក៏ទ្រាំមិនរួចដែរ។ មិនមែនតែទីក្រុងប្រទេសយើងទេ ទីក្រុងប្រទេសដទៃក៏ដោយ រាប់ទាំងទីក្រុងរ៉ូមរបស់ប្រទេសអ៊ីតាលី ដែលចាត់ទុកថាទីក្រុងល្បីល្បាញ ទីក្រុងប្រទេសមួយចំនួន អាពេលដែលទឹកវាមកនេះ ឧបមាថាលូវាទទួលបានទឹកត្រឹមតែកម្រិតថា ក្នុងមកមួយពេលហ្នឹង ហាសិបមីលីម៉ែត្រ ដល់ទៅលេងម្តងមួយរយ មួយរយហាសិបមីលីម៉ែត្រ តែមួយប្រឹបមកហ្នឹងវាត្រូវលិច”។
ភ្លៀងធំកាលពីថ្ងៃទី២៥ និង ២៦ ខែមិថុនា នៅរាជធានីភ្នំពេញបានធ្វើអោយជនលិចជាច្រើនម៉ោងទើបទឹកបានស្រកទៅវិញ។ ទោះយ៉ាងណានៅមានកន្លែងមួយចំនួននៅមិនទាន់ស្រកទឹកទៅវិញ តែនៅអាចធ្វើដំណើរបាន។
បន្ទាប់ពីមានការរិះគន់ពីមហាជនជុំវិញការជន់លិចដោយសារទឹកភ្លៀង ដែលកើតឡើងជាញឹកញាប់នៅពេលមានភ្លៀងធ្លាក់ធំម្តងៗ គេសង្កេតឃើញថា សាលារាជធានីភ្នំពេញបានធ្វើការកែសម្រួលប្រព័ន្ធបង្ហូរទឹក និងស្តារប្រព័ន្ធលូឡើងវិញ ដើម្បីសម្រួលដល់ការរំដោះទឹកនៅពេលភ្លៀងធ្លាក់។
ក្រសួងធនធានទឹក និងឧតុនិយមឱ្យដឹងថា កម្ពុជាទទួលរងបាតុភូតបណ្តាលមកពីខ្យល់មូសុងនិរតី ដែលបង្កឱ្យមានភ្លៀងធ្លាក់ស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣០ ខែមិថុនា៕