នាយក​រដ្ឋមន្ត្រី​ប្រកាស​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​បន្ថែម​ទៀត​ចាប់​ពី​ខែ​កញ្ញា

ដោយ វោហារ ជាតិ
2014-08-21
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
គ្រូបង្រៀន​លើក​បដា​តវ៉ា​ទាមទារ​ឡើង​ប្រាក់​ខែ នៅ​វិទ្យាល័យ ជា ស៊ីម ចំរើន​រដ្ឋ នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​៨ មករា ឆ្នាំ​២០១៤។
គ្រូបង្រៀន​លើក​បដា​តវ៉ា​ទាមទារ​ឡើង​ប្រាក់​ខែ នៅ​វិទ្យាល័យ ជា ស៊ីម ចំរើន​រដ្ឋ នៅ​ខណ្ឌ​ឫស្សីកែវ រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃ​៨ មករា ឆ្នាំ​២០១៤។
RFA/Den Ayuthyea

រដ្ឋាភិបាល​គ្រោង​នឹង​រៀបចំ​ដំឡើង​ប្រាក់​ខែ​ឲ្យ​គ្រូបង្រៀន​បន្ថែម​ទៀត ដោយ​ចាប់​ផ្ដើម​នៅ​ខែ​ក្រោយ​នេះ។ ក៏ប៉ុន្តែ ចំពោះ​មន្ត្រី និង​គ្រូបង្រៀន​ដែល​មាន​ប្រាក់​ខែ​ចាប់​ពី ១​លាន​រៀល​ឡើង​ទៅ មិន​ត្រូវ​បាន​ដំឡើង​ឲ្យ​ទេ។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ដំឡើង​ប្រាក់​ខែ​គ្រូបង្រៀន​បន្ថែម​ទៀត ដែល​នឹង​ចាប់​ផ្ដើម​ជា​ដំណាក់​កាលៗ​ចាប់​ពី​ខែ​កញ្ញា ឆ្នាំ​២០១៤ រហូត​ដល់​ខែ​មេសា ឆ្នាំ​២០១៥ រួម​ទាំង​កាត់​បន្ថយ​ចំនួន​ប្រភេទ​ក្របខ័ណ្ឌ ដែល​កំណត់​បែង​ចែក​ប្រាក់​ខែ​គ្រូបង្រៀន​ឲ្យ​ចុះ​មក​កម្រិត​តិច​វិញ។

ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកជន​មួយ​នៅ​រាជធានី​ភ្នំពេញ ថ្ងៃ​ទី​២១ សីហា លោក​នាយក​រដ្ឋមន្ត្រី​ក៏​បាន​ប្រកាស​ថា ការ​កាត់​បន្ថយ​ក្របខ័ណ្ឌ​គ្រូ​នេះ គឺ​ដើម្បី​ជួយ​សម្រួល​ការងារ​គ្រូបង្រៀន​ផង និង​កែ​ទម្រង់​ប្រព័ន្ធ​អប់រំ​ឲ្យ​បាន​ប្រសើរ​ជាង​មុន​ផង៖ «អ៊ីចឹង ដើម្បី​ឲ្យ​មនុស្ស​ធ្វើ​ការ ទម្រាំ​ឆ្លង​កាត់​មួយ​ក្របខ័ណ្ឌ "គ" នេះ ត្រូវ​ធ្វើ​ការ ៦០​ឆ្នាំ អ៊ីចឹង ៦០​ឆ្នាំ មនុស្ស​ខ្លះ​ងាប់​បាត់​ហើយ ២៥​ឆ្នាំ​បាន​ចូល​ធ្វើ​ការ។ ធ្វើ ៦០​ឆ្នាំ​អត់​បាន "គ" មួយ​ផង។ អ៊ីចឹង​កាត់​វា​ក្រវាត់​ចោល​ទៅ ទុក​តែ ១០​កាំ​ទេ។ ដល់​ទៅ "ខ" ៣០​ថ្នាក់ កាត់​ពី ៣០​ថ្នាក់​ទុក ១៤​កាំ ព្រោះ "ខ" ប្រាក់​ខែ​ខ្ពស់។ អា "ក" កាត់​ពី ៣០​កាំ ទុក​នៅ​ត្រឹម ១៤​ថ្នាក់ ព្រោះ​អា​ហ្នឹង​ប្រាក់​ខែ​ខ្ពស់ ប្រាក់​ខែ​ដែល​ទាប​ឲ្យ​ឡើង​បាន​រហ័ស​បន្តិច គឺ​ថ្នាក់ "គ"។ អា​ហ្នឹង​ជា​កំណែ​ទម្រង់​ថ្មី»

តាម​គោលការណ៍​របស់​ក្រសួង​អប់រំ កន្លង​មក ក្របខ័ណ្ឌ​គ្រូបង្រៀន​ត្រូវ​បាន​ចែក​ជា ៤​កម្រិត​ខុស​គ្នា គឺ​ក្របខ័ណ្ឌ ក ខ គ និង ឃ ហើយ​ក្នុង​ក្របខ័ណ្ឌ​នីមួយៗ​ចែក​ចេញ​ជា ៣០​ថ្នាក់។

ចំណែក​ការ​ដំឡើង​ប្រាក់​ខែ​គ្រូ​វិញ លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា បុគ្គលិក​ដែល​មិន​មែន​ជា​គ្រូបង្រៀន​ស្ថិត​ក្នុង​កម្រិត​ទាប នឹង​ត្រូវ​ដំឡើង​ប្រាក់​ខែ​ពី​ជាង ៤២​ម៉ឺន ដល់​ជាង ៥៥​ម៉ឺន​រៀល។ ចំពោះ​គ្រូបង្រៀន​កម្រិត​បឋមសិក្សា ត្រូវ​ដំឡើង​ប្រាក់​ខែ​ពី​ថ្នាក់​ទាប​បំផុត ចាប់​ពី​ជាង ៤៨​ម៉ឺន​ឡើង​ទៅ​ដល់​ជិត ៧០​ម៉ឺន​រៀល។ ចំណែក​គ្រូ​កម្រិត​មធ្យម​សិក្សា​បឋមភូមិ ដែល​សព្វថ្ងៃ​ទទួល​ប្រាក់​ខែ​តិច​បំផុត​ជិត ៥២​ម៉ឺន​រៀល​នោះ នឹង​ត្រូវ​ដំឡើង​ដល់​ជិត ៦៤​ម៉ឺន​រៀល។ រីឯ​គ្រូ​ឧត្ដម​សិក្សា ដែល​សព្វថ្ងៃ​មាន​ប្រាក់​ខែ​ចាប់​ពី​ជិត ៧៣​ម៉ឺន​រៀល នឹង​ត្រូវ​ឡើង​ដល់ ៨៨​ម៉ឺន​រៀល។ ក៏ប៉ុន្តែ ចំពោះ​គ្រូ ឬ​មន្ត្រី​ដែល​មាន​ប្រាក់​ខែ​ចាប់​ពី ១​លាន​រៀល​ឡើង​ទៅ មិន​ត្រូវ​បាន​ដំឡើង​ប្រាក់​ខែ​ឲ្យ​ទេ ដោយ​លោក​នាយក​រដ្ឋមន្ត្រី​បញ្ជាក់​ថា ត្រូវ​រង់ចាំ​អ្នក​មាន​ប្រាក់​ខែ​តិច ឡើង​ជិត​ដល់​កម្រិត​អ្នក​មាន​ប្រាក់​ខែ​ច្រើន​សិន ទើប​ដំឡើង​ឲ្យ​នៅ​ពេល​ក្រោយ។

លោក ហ៊ុន សែន ប្រកាស​ថា ការ​ដំឡើង​ប្រាក់​ខែ​នេះ ធ្វើ​ឡើង​ជា​ពីរ​ដំណាក់​កាល។ ដំណាក់​កាល​ទី​១ មាន​រយៈពេល ៤​ខែ គឺ​ចាប់​ពី​ខែ​កញ្ញា ដល់​ខែ​ធ្នូ ឆ្នាំ​២០១៤។ ដំណាក់​កាល​ទី​២ ចាប់​ពី​ខែ​មករា ដល់​ខែ​មេសា ឆ្នាំ​២០១៥។

ទាក់ទង​ការ​ដំឡើង​ប្រាក់​ខែ​នេះ ត្រូវ​បាន​សមាគម​គ្រូបង្រៀន​អបអរ​ផង និង​អន់​ចិត្ត​ផង។

ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ លោក រ៉ុង ឈុន ដែល​អបអរ​ការ​ដំឡើង​ប្រាក់​ខែ​នេះ ថា​ការ​ដំឡើង​ប្រាក់​ខែ​នេះ​តិច​ពេក ធ្វើ​ឲ្យ​ជីវភាព​គ្រូបង្រៀន​នៅ​តែ​វេទនា​ដដែល បើ​សិន​ជា​រដ្ឋាភិបាល​អាច​ដំឡើង​ដល់ ១​លាន​រៀល ទើប​អាច​ទប់ទល់​នឹង​ទំនិញ​ទីផ្សារ​ដែល​ចេះ​តែ​ឡើង​ថ្លៃ​ដូច​សព្វថ្ងៃ​នេះ​បាន៖ «ការ​ដំឡើង​ប៉ុណ្ណឹង ទីផ្សារ​នឹង​អាច​ឡើង​ខ្ពស់​ជាង​ហ្នឹង បើ​សិន​ជា​លោក​នាយក​រដ្ឋមន្ត្រី​មិន​បាន​គិត​អំពី​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ។ អ៊ីចឹង យើង​ចង់​ឲ្យ​ធ្វើ​ម៉េច​ទន្ទឹម​នឹង​ការ​ដំឡើង​ហ្នឹង ត្រូវ​មាន​វិធានការ​ទប់ស្កាត់​រាល់​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ កុំ​ឲ្យ​ហក់​ឡើង​តាម​ប្រាក់​ខែ​មន្ត្រី​រាជការ​គ្រូបង្រៀន»

លោក​នាយក​រដ្ឋមន្ត្រី​បាន​ប្រកាស​ថា ចំនួន​បុគ្គលិក និង​គ្រូបង្រៀន​មាន​ជាង ១១​ម៉ឺន​នាក់ ស្មើ​ចំនួន ៦០% ប្រៀបធៀប​ចំនួន​មន្ត្រី​រាជការ​សរុប​ទូទាំង​ប្រទេស​ដែល​មាន​ចំនួន ១៨​ម៉ឺន​នាក់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (11)
Share

លោកពូ ម៉ៅ

ពី បន្ទាយមានជ័យ

ប្រាក់ខែដំឡើងដល់២លានរៀល
ក៏បានដែរ សំខាន់ត្រូវបំបាត់អំពើពុករលួយ

Sep 13, 2014 12:27 AM

អ្នក​អាន​អនាមិក

សូមថ្លែងអំណរគុណដ៍ខ្ពង់ខ្ពស់ពីសម្តេច

Aug 25, 2014 03:16 AM

អ្នក​អាន​អនាមិក

តាមពិតការងាររបស់គ្រូបឋមបង្រៀនច្រើនជាងអនុ​ និង វិទ្យា ក្នុង១សប្តាហ៍៣០ម៉​ ចំណែក អនុ និង វីទ្យាតែ១៥ទៅ១៨ម៉ ប៉ុណ្ណោះ ហើយកំរិតវប្បធម៌ក៏មិនចាញ់អស់លោកនោះទេ

Aug 24, 2014 10:09 AM

អ្នក​អាន​អនាមិក

នៅសាលាពុទ្ធិកវិទ្យាល័យសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រុងសួង មិនបាច់និយាយរឿងដំឡើងប្រាក់ខែទេគ្រាន់តែប្រាក់ខែមិនទាន់បានបើកតាំងពី ឧសភា មក គឺ៤ ខែមិនទាន់បានបើកទេ

Aug 24, 2014 09:47 AM

អ្នក​អាន​អនាមិក

មិន​ត្រូវ​ទេ​គ្រូ​កំរិត​បឋម​ដំឡើង​ដល់​៧០​ម៉ុឺន​ រី​ឯ​គ្រូ​កំរិត​មធ្យមបាន​ត្រឹម​តែ​៦៤​ម៉ឺន​ទៅ​វិញ

Aug 23, 2014 02:59 AM

មើល​មតិ​ទាំង​អស់.

គេហទំព័រ​ទាំងមូល