ពលករខ្មែរនិងសកម្មជនគណបក្សប្រឆាំងប្រមាណ៣០០នាក់ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា បានមកជួបជុំគ្នានៅវត្តមួយ កណ្ដាលទីក្រុងបាងកក ប្រទេសថៃ ដើម្បីប្រារព្ធពិធីកាន់បិណ្ឌទី៨ ឬហៅថាវេនបិណ្ឌទី៨ ដែលជាបុណ្យប្រពៃណីជាតិ ដើម្បីឧទ្ទិសកុសលផលបុណ្យជូនទៅដល់ជីដូនជីតាដែលបានលាចាកលោកទៅហើយ។ ពិធីបុណ្យដោយពលករខ្លះមានកូនតូច ខ្លះទៀតមកធ្វើបុណ្យទាំងប្ដីនិងប្រពន្ធ និងមានយុវជនចូលរួមធ្វើបុណ្យជាមួយព្រះសង្ឃខ្មែរយ៉ាងសប្បាយរីករាយ។
ពលករខ្មែរទាំងនោះបាន ប្រគេនចង្ហាន់ព្រះសង្ឃ១១អង្គ មានរាប់បាត្រ ស្ដាប់ព្រះសង្ឃសូត្រធម៌ និងស្ដាប់ព្រះសង្ឃរៀបរាប់ពីប្រវត្តិបុណ្យកាន់បិណ្ឌ និងបុណ្យភ្ជុំបិណ្ឌ។
ពិធីបុណ្យនេះ ដោយពលករខ្មែរបានបបួលមិត្តភ័ក្ដិគ្រប់ទិសទី មកចូលរួមយ៉ាងកុះករ មានគ្រប់វ័យ មានយាយតាចាស់ៗ យុវជន យុវនារី អ្នកខ្លះមានកូនតូចមកតាម និងស្ត្រីមានផ្ទៃពោះ ក៏បានមកចូលរួមដែរ ដើម្បីឧទ្ទិសកុសលផលបុណ្យទៅដល់ជីដូនជីតា ជាពិសេសវីរជនស្នេហាជាតិគ្រប់ជំនាន់ ដែលបានបូជាជីវិតការពារមាតុភូមិ។
តំណាងពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ មានស្រុកកំណើតនៅខេត្តបាត់ដំបង លោក ឆន សុខឿន ប្រាប់វិទ្យុអាស៊ីសេរី នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ថា គោលបំណងរបស់ពលករខ្មែរ ដែលមកធ្វើបុណ្យក្នុងថ្ងៃនេះ ដើម្បីតបស្នងសងគុណដល់បុព្វការីជន មានមាតាបិតាជាដើម និងជាកិច្ចរក្សាទំនៀមទម្លាប់ ប្រពៃណី វប្បធម៌ កុំឲ្យសាបសូន្យ។ លោកបន្តថា ពេលពលករសម្រាកពីការងារ មិនបានវិលត្រឡប់ទៅស្រុកកំណើត លោកក៏បានឆ្លៀតឱកាសអញ្ជើញពលករនៅគ្រប់តំបន់ឲ្យមកជួបជុំគ្នា ដើម្បីបានជជែកសួរសុខទុក្ខគ្នាទៅវិញទៅមកផង និងបានហូបអាហារសាមគ្គីជុំគ្នាផង៖ «រដូវភ្ជុំបិណ្ឌនេះគឺខ្ញុំបាទសូមឧទ្ទិសកុសលផលបុណ្យដែលខ្ញុំបាទ ក៏ដូចជាបងប្អូនពលករជាច្រើនបានធ្វើកុសលក្នុងថ្ងៃនេះ ក៏សូមចែករំលែកទៅដល់បងប្អូនជនរួមជាតិខ្មែរគ្រប់មជ្ឈដ្ឋានទាំងអស់ ទូទាំងពិភពលោកមិនថានៅទីណាទេ ប្រ សិនបើបានស្ដាប់ និងឮ សូមជូនបុណ្យ និងកុសលស្មើៗគ្នា » ។
ដោយឡែកអតីតសមាជិកក្រុមប្រឹក្សាក្រុងកំពង់ចាម ខេត្តកំពង់ចាម គណបក្សសង្គ្រោះជាតិ ដែលកំពុងភៀសខ្លួននៅប្រទេសថៃ និងបានចូលរួមធ្វើបុណ្យដែរនោះ អ្នកស្រី គិន ស្រីអូន ឲ្យដឹងថា ពលករខ្មែរនៅគ្រប់ទិសទី មិនបានភ្លេចអត្តសញ្ញាណរបស់ខ្លួនទេ ទោះជាពួកគាត់ទៅនៅប្រទេសណាក៏ដោយ នៅតែខំថែរក្សាប្រពៃណី ទំនៀមទម្លាប់ ដែលដូនតាបន្សល់ទុកមក។ អ្នកស្រីបន្ថែមថា អ្នកស្រីសប្បាយរីករាយ ពេលឃើញពលករខ្មែរចេះសាមគ្គីគ្នា ចេះគោរពគ្នា ចេះជួយយកអាសាគ្នា ជាពិសេសពេលបុណ្យទានគ្រប់គ្នាខ្នះខ្នែងមិនខ្លាចនឿយហត់។ អ្នកស្រីមកចូលរួមបុណ្យកាន់បិណ្ឌទី៨នេះ ដើម្បីឧទ្ទិសដល់ជីដូនជីតា និងវីរបុរស ដែលបានពលីជីវិតការពារជាតិ និងសាសនា គង់វង្សមកដល់សព្វថ្ងៃ៖ « ចាសគាត់មកធ្វើបុណ្យសាមគ្គីកាន់វេនបិណ្ឌទី៨នេះ គឺគាត់ធ្វើបុណ្យដើម្បីឧទ្ទិសកុសលដល់ញាតិកាទាំង៧សន្ដាន ដែលចែកឋានទៅ ហើយនឹងបុព្វបុរសខ្មែរយើង ដែលគាត់ពលីជីវិតដើម្បីការពារជាតិ ហើយពួកខ្ញុំសូមឧទ្ទិសកុសលផលបុណ្យទៅដល់ពួកគាត់ដែរ ឲ្យបានស្មើៗគ្នា » ។
ជុំវិញរឿងនេះដែរ ព្រះសង្ឃខ្មែរ ដែលគង់នៅប្រទេសថៃ មានស្រុកកំណើតនៅខេត្តសៀមរាប ភិក្ខុ ថង យូ មានថេរដីកាថា ពលករខ្មែរ និងពលរដ្ឋខ្មែរភៀសខ្លួន បានចាត់ពិធីបុណ្យកាន់បិណ្ឌទី៨នេះឡើង ជាកិច្ចរំលឹកដល់បុព្វការីជន ដែលបានចែកឋានទៅ ក្នុងនោះមានជីដូនជីតា និងវីរជនស្នេហាជាតិគ្រាប់រូប តស៊ូច្បាំងការពារប្រទេសជាតិ។ ព្រះអង្គយល់ឃើញថា បុគ្គលដែលបានរំលឹកដឹងគុណបុព្វការីជន បុគ្គលទាំងនោះ ហៅថា ជាជនកតញ្ញូ រមែងចម្រុងចម្រើន ក្នុងការរស់នៅប្រចាំថ្ងៃ ហើយកាលដែលមនុស្សគ្រប់រូបខំថែរក្សាប្រពៃណីដ៏ល្អពីដូនតាឲ្យឋិតថេរ គឺជាបុណ្យកុសលរបស់ពួកគេ៖ « ហើយមួយវិញទៀតគឺឧទ្ទិសបុណ្យកុសលជូនដល់ហៅថា វីរបុព្វការីជន ដែលលោកមានគុណូបការៈ គុណបំណាច់ចំពោះជាតិមាតុភូមិ។ គុណបំណាច់ចំពោះជាតិមាតុភូមិ លះបង់នូវកម្លាំងញើស កម្លាំងឈាម សាច់ស្រស់ឈាមស្រស់ហ្នឹងណា ដើម្បី ការពារនូវប្រទេសជាតិ ការពារនូវប្រយោជន៍ប្រទេសជាតិយើង ដើម្បីធ្វើក្នុងថ្ងៃនេះ បុណ្យកុសលជូនដល់បុព្វការីជន » ។
ពិធីបុណ្យកាន់បិណ្ឌទី៨នេះ មានការចូលរួមពីពលករខ្មែរ សកម្មជនគណបក្សសង្គ្រោះជាតិ និងពលរដ្ឋខ្មែរក្រោម ដែលកំពុងរស់នៅនៅភៀសខ្លួន និងធ្វើការក្នុងប្រទេសថៃ ពួកគាត់តែងតែរំលឹកពិធីបុណ្យនេះជារៀងរាល់ឆ្នាំ ដើម្បីឧទ្ទិសបុណ្យកុសលដល់ជីដូនជីតា ជាពិសេសដើម្បីបង្ហាញពីទំនៀមទម្លាប់ប្រពៃណីខ្មែរ ឲ្យជនជាតិដទៃបានស្គាល់។
របាយការណ៍របស់អង្គការសង់ត្រាល់ (Central) ឱ្យដឹងថា បច្ចុប្បន្នមានពលករខ្មែរធ្វើការងារស្របច្បាប់ និងមិនស្របច្បាប់ជិត ២លាននាក់នៅប្រទេសថៃ ហើយភាគច្រើនពួកគាត់មិនបានវិលត្រឡប់ទៅស្រុកកំណើត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះទេ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។