លោក ហ៊ុន សែន បញ្ជា​ឱ្យ​សមត្ថកិច្ច​តាម​ចាប់​ខ្លួន​អ្នក​បើក​រថយន្ត​បុក​និស្សិត​ស្រី​ម្នាក់​ឱ្យ​ស្លាប់

ដោយ ទីន ហ្សាការីយ៉ា
2019-03-27
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
រូបភាពអ្នក​បើក​រថយន្ត​ទំនើប​ម៉ាក់ ឡង់រូវ័រ (Rang Rover) ពណ៌​ខ្មៅ​មួយ​គ្រឿង បើក​បុក​និស្សិត​ស្រី​ម្នាក់​កំពុង​ធ្វើ​ដំណើរ​ពេញ​មួយ​ទំហឹង ដែល​ថត​ដោយ​កាម៉េរាសុវត្ថិភាព កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៩។
រូបភាពអ្នក​បើក​រថយន្ត​ទំនើប​ម៉ាក់ ឡង់រូវ័រ (Rang Rover) ពណ៌​ខ្មៅ​មួយ​គ្រឿង បើក​បុក​និស្សិត​ស្រី​ម្នាក់​កំពុង​ធ្វើ​ដំណើរ​ពេញ​មួយ​ទំហឹង ដែល​ថត​ដោយ​កាម៉េរាសុវត្ថិភាព កាល​ពី​ថ្ងៃ​ទី២៦ ខែ​មីនា ឆ្នាំ​២០១៩។
Screenshot

មេដឹកនាំ​របប​ក្រុងភ្នំពេញ​បញ្ជា​ឱ្យ​តាម​ចាប់​អ្នក​បើក​រថយន្ត​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់​ក្នុង​គ្រោះថា្នក់​ចរាចរណ៍​មួយ​កាលពី​ ថ្ងៃ២៦​ ខែ​មីនា និង​បាន​ឱ្យ​ភាគី​ពាក់ព័ន្ធ​រួមគ្នា​ប្រឆាំង​អ្នកបើកបរ​ដែល​មាន​ឥរិយាបថ​ឃោរឃៅ និង​ធ្វេសប្រហែស​។ អ្នក​ជំនាញ​ផ្នែក​ចរាចរ​ជំរុញ​ឱ្យ​អាជ្ញាធរ​ពង្រឹង​ការអនុវត្ត​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​បន្ថែម​ទៀត​ ទើប​អាច​កាត់បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍​តាម​ដង​ផ្លូវ​មាន​ប្រសិទ្ធភាព។

ភ្លាម​ៗ​ក្រោយ​ពី​លោក ហ៊ុន សែន ប្រកាស​បញ្ជា​ឱ្យ​អាជ្ញាធរ​តាម​ចាប់ខ្លួន​អ្នក​បើក​រថយន្ត​បុក​និស្សិត​ស្រី​ម្នាក់​ស្លាប់​នោះ​នៅ​រសៀល​ថ្ងៃទី២៧​ ខែ​មីនា ម្ចាស់​រថយន្ត​បង្ក​ហេតុ ឈ្មោះ យិន ង្គិច បាន​ចូលខ្លួន​ដោះស្រាយ​នៅ​ការិយាល័យ​ចរាចរណ៍​ផ្លូវ​គោល​រាជធានី​ភ្នំពេញ។ នាយ​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក​រាជធានី​ភ្នំពេញ​លោក​ សែម គន្ធា ប្រាប់​កាសែត​ក្នុង​ស្រុក​ថា​ ម្ចាស់​រថយន្ត​បង្ក​ហេតុ​មិនទាន់​សារភាព​ថា នរណា​ជា​អ្នក​បើក​រថយន្ត​ទៅ​បុក​ជនរងគ្រោះ​នោះ​ទេ​ ហើយ​សមត្ថកិច្ច​ កំពុង​បន្ត​សាក​សួរ​នៅឡើយ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​ចែក​សញ្ញាប័ត្រ​ដល់​គរុសិស្ស និង​សិស្ស​នៃ​វិទ្យាស្ថាន​ជាតិ​អប់រំ​នៅ​ព្រឹក​ថ្ងៃទី២៧​ មីនា​ បាន​ចេញ​បញ្ជា​ឱ្យ​សមត្ថកិច្ច​ ត្រូវតែ​តាម​ចាប់​អ្នក​បើក​រថយន្ត​មួយ​នេះ​ឱ្យ​បាន​ បន្ទាប់ពី​ឃើញ​អ្នកប្រើ​ប្រាស់​បណ្ដាញ​សង្គម​ចែកចាយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ដ៏​រន្ធត់​មួយ​នេះ​ព្រោងព្រាត​ និង​អំពាវនាវ​សុំ​ចាត់វិធានការ​ច្បាប់ និង​ជួយ​រក​ជូន​យុត្តិធម៌​ជូន​ជនរងគ្រោះ​​៖ «ករណី​ចរាចរណ៍​ កាលពី​ម្សិលមិញ​ ឃើញ​គេ​បញ្ចាំង​ចុះ​ បញ្ចាំង​ឡើង​រឿង​បញ្ហា​បុក​និស្សិត​ស្លាប់​ ទៅតាម​រក​ឱ្យ​ឃើញ​បណ្ដាល​មក​ពី​អី​ គឺ​ចេញ​មក​ពី​អត់​គុណធម៌​ហ្នឹងឯង»

កាលពី​ថ្ងៃទី២៦ ខែ​មីនា​ មាន​គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​នៅ​សង្កាត់​បឹងកក់១ ខណ្ឌ​ទួលគោក​ ដោយ​រថយន្តRang Rover​ បើក​ទៅ​បុក​និស្សិត​ស្រី​ម្នាក់​ឈ្មោះ ទុំ រីដា វ័យ ២២ឆ្នាំ​ស្លាប់​ភ្លាម​ៗ ខណៈ​នាង​កំពុង​ជិះ​ម៉ូតូ។ ជនរងគ្រោះ​គឺជា​និស្សិត​ឆ្នាំទី៤ ជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​ និង​ទំនាក់ទំនង​អន្តរជាតិ នៃ​សាកល​វិទ្យាល័យ ផារ៉ាហ្គន និង​ធ្លាប់​ជា​សិស្ស​ពូកែ​អក្សរសាស្ត្រ​ខ្មែរ​ទូទាំង​ប្រទេស​។ជន​រង​គ្រោះ​មាន​ទីលំនៅ​ស្រុក​ខ្សាច់​កណ្ដាល ខេត្ត​កណ្ដាល។

ក្រោយ​គ្រោះថ្នាក់​ចរាចរណ៍​នេះ របប​ក្រុងភ្នំពេញ​ក៏បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពាវនាវ​ឱ្យ​ប្រជារាស្ត្រ​ និង​អាជ្ញាធរ​រដ្ឋ ''រួមគ្នា​ប្រឆាំង​អ្នកបើកបរ​ដែល​មាន​ឥរិយាបថ​ឃោរឃៅ​គ្មាន​គុណធម៌​ សីលធម៌​ ធ្វេសប្រហែស និង​បង្ក​គ្រោះថ្នាក់​ដល់​ជីវិត​សាធារណជន"

អ្នកជំនាញ​ផ្នែក​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​លោក អ៊ា ចរិយា មាន​ប្រសាសន៍​ថា​ ការ​ប្រកាស​ចាត់ វិធានការ​ច្បាប់ ​និង​ការ​ចេញ​សារ​អំពាវនាវ​របស់​រដ្ឋាភិបាល​នេះ គឺជា​រឿង​ត្រឹមត្រូវ​មួយ ប៉ុន្តែ​លោក​មិន​ ដឹង​ថា​ វា​មាន​ប្រសិទ្ធិ​ភាព​កម្រិត​ណា​នោះ​ទេ​ ព្រោះ​កន្លងមក​រដ្ឋាភិបាល​ក៏​ធ្លាប់​ចេញ​សារ​អំពាវនាវ​ជាច្រើន​ដែរ​ ប៉ុន្តែ​គ្រោះថ្នាក់​ចរាចរណ៍​នៅតែ​កើន​ឡើង​ដដែល។លោក​បន្ត​ថា រដ្ឋាភិបាល​ គួរតែ​មាន​វិធានការ​ច្បាប់​ឱ្យ​បាន​តឹងរ៉ឹង​ជាង​ពេល​បច្ចុប្បន្ន​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ចរាចរណ៍ ​ជា​ពិសេស​ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់៖ «ទីមួយ​ត្រូវ​រឹត​បន្តឹង​ច្បាប់​ចរាចរណ៍​ឱ្យ​បាន​តឹងរ៉ឹង​ជាពិសេស​ការ​បើកបរ​ហួស​ល្បឿន​កំណត់​ទាំង​នៅ​ទីប្រជុំជន​ និង​ក្រៅ​ទីប្រជុំជន​។ ទី២ ​ការ​ត្រួតពិនិត្យ​ការ​បើកបរ​ក្រោម​ឥទ្ធិពល​គ្រឿងស្រវឹង​ដែល​ជា​មូលហេតុ ទី២ដែល​ធ្វើ​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​នៅ​ក្នុង​ប្រទេស​កម្ពុជា​។ យើង​សង្កេតឃើញ​ថា​ មូល​ហេ​តុ​ធំៗ​ទាំងនេះ​ នៅ​មានការ​រឹត​បន្តឹង​ជា​លក្ខណៈ​តាម​រដូវ​កាល​នៅឡើយ ជូន​កាល​មាន​ ជូន​កាល​អត់​ ដូច្នេះ​វា​អត់​សូវ​មាន​ប្រសិទ្ធភាព​ទេ។ យើង​ជំរុញ​ឱ្យ​ការ​រឹត​បន្តឹង​ច្បាប់​ទៅលើ​មូលហេតុ​ទាំង​ពីរ​នេះ​ ធ្វើជា​ប្រចាំ​និង​គ្រប់​ទីកន្លែង»

ករណី​គ្រោះថ្នាក់​ចរាចរណ៍​បុក​ហើយ​រត់​នេះ កំពុង​ក្លាយ​ជា​វប្បធម៌​អាក្រក់​មួយ​នៅ​កម្ពុជា សូម្បីតែ​ លោក ជាម យៀប ជា​សមាជិក​សភា មក​ពី​គណបក្សប្រជាជន​កម្ពុជា​ក៏​ធ្លាប់​បុក​អ្នកធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​ហើយ​រត់ ដែល​បណ្ដាល​ឱ្យ​ស្ត្រី​ជា​ប្រពន្ធ​មាន​ផ្ទៃពោះ​ស្លាប់ និង​ប្ដី​រង​របួសធ្ងន់​ក្នុង​ស្រុក​កៀនស្វាយ​កាលពី​ឆ្នាំ២០១៣។ អង្គការ​ឃ្លាំមើល​សិទ្ធិមនុស្ស​អន្តរជាតិ (Human Rights Watch) បាន​ចាត់​ទុក​ករណី​នេះ​ គឺជា​គំរូ​អាក្រក់​ ជា​អំពើ​និទ្ទណ្ឌភាព​ និង​បង្ហាញ​ថា របប​ក្រុងភ្នំពេញ​ គ្មាន​ឆន្ទៈ​ដោះស្រាយ​បញ្ហា​សុវត្ថិភាព​លើ​ដង​ផ្លូវ​ឡើយ។

អ្នកជំនាញ​ផ្នែក​ចរាចរណ៍​សង្កេត​ឃើញ​ថា​ គ្រោះថ្នាក់​ចរាចរណ៍​ក្នុង ១ថ្ងៃ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ច្រើនជាង ៥​នាក់​ ហើយ​បើ​ប្រៀបធៀប​ពីឆ្នាំ២០១៧ ដល់​ឆ្នាំ២០១៨ គឺ​មានការ​ថយ​ចុះ​តិចតួច​ ប៉ុន្តែ​នៅ​ដើម​ ឆ្នាំ២០១៩​នេះ ​​គ្រោះថ្នាក់​ចរាចរណ៍​កើន​ឡើង​ច្រើន​ជាង​ឆ្នាំ២០១៨។

មាត្រា៨៥ នៃ​ច្បាប់​ចរាចរណ៍​ថ្មី​ចែងថា​ជន​ណា​បើកបរ​ដោយ​ធ្វេស​ប្រហែល ​ខ្ជីខ្ជា​ មិន​ប្រុងប្រយ័ត្ន​បណ្ដាល​ឱ្យ​អ្នកដទៃ​ស្លាប់ ​ត្រូវ​ផ្ដន្ទាទោស​ពី១ឆ្នាំ ទៅ ៣ឆ្នាំ​និង​ពិន័យ​ជា​ប្រាក់ ៤លាន​រៀល​ទៅ១០លាន​រៀល​។ ករណី​ជន​បង្ក​បើកបរ​ដោយ​គ្មាន​ប័ណ្ណ​បើកបរ និង​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ហើយ​បណ្ដាល​ឱ្យ​ស្លាប់​ច្រើន​នាក់ ឬ​បើក​រត់គេច​ពី​កន្លែង​កើតហេតុ​ដើម្បី​គេច​ពី​ការទទួលខុសត្រូវ ​គឺ​ត្រូវ​ផ្ដន្ទាទោស ពី ២ឆ្នាំ ទៅ ៥ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី ១០លាន​រៀល ទៅ ២៥លាន​រៀល​ ព្រមទាំង​ហាម​បើកបរ​រយៈ​ពេល៥ឆ្នាំ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល