របប​ភ្នំពេញ​ចាប់​អនុវត្ត​គោល​នយោបាយ​ស្ត្រី​ក្រីក្រ​ទទួល​បាន​ប្រាក់​ថែទាំ​សុខភាព​ពេល​មាន​ផ្ទៃពោះ

ដោយ សេក បណ្ឌិត
2019-06-05
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ស្ត្រី​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
ស្ត្រី​សម្រាល​កូន​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះសីហនុ នៅ​ថ្ងៃ​ទី​២១ ខែ​កុម្ភៈ ឆ្នាំ​២០១៧។
RFA

របប​ក្រុងភ្នំពេញ ចាប់ផ្ដើម​អនុវត្ត​គោលនយោបាយ​ឧបត្ថម្ភ​ដល់​ស្ត្រី​ក្រីក្រ ឱ្យ​ទទួល​បាន​ប្រាក់​ថែទាំ​សុខភាព​ពេល​ទៅ​ពិនិត្យ​ផ្ទៃពោះ​ចាប់ពី​ខែ​មិថុនា​នេះ​តទៅ។

មេដឹកនាំ​របប​ក្រុងភ្នំពេញ អំពាវនាវ​ឱ្យ​ស្ត្រី​មាន​ផ្ទៃពោះ ទៅ​ពិនិត្យ​សុខភាព​ឱ្យ​ទៀងទាត់ និង​អំពាវនាវ​ឱ្យ​គ្រូពេទ្យ​យកចិត្តទុកដាក់​ខ្ពស់​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ជាពិសេស​អ្នក​ដែល​កាន់​ប័ណ្ណ​មូលនិធិ​សមធម៌ ឬ​ប័ណ្ណ​អាទិភាព សម្រាប់​ស្ត្រី​ក្រីក្រ​ទាំងនោះ។

អ្នកឃ្លាំមើល​សង្គម​យល់ថា បើ​ក្រសួង​សាមី មិន​រឹត​បន្តឹង​វិជ្ជាជីវៈ​គ្រូពេទ្យ ផ្ដល់​ថ្នាំ​សង្កូវ ឧបករណ៍ និង​ថវិកា​ទៀងទាត់​ទេ នោះ​នឹង​មាន​ប្រសិទ្ធភាព​តែ​ពី​ដំបូង​តែប៉ុណ្ណោះ។

របប​ក្រុងភ្នំពេញ​ចាប់ផ្ដើម​អនុវត្ត​ផ្ដល់​ប្រាក់​គោលនយោបាយ ស្ត្រី​មាន​ផ្ទៃពោះ​ក្រីក្រ និង​កុមារ​អាយុ​ក្រោម ​២​ឆ្នាំ ដែល​មាន​ប័ណ្ណ​មូលនិធិ​សមធម៌ និង​មាន​កាន់​ប័ណ្ណ​អាទិភាព (Post-ID) របស់​ក្រសួងសុខាភិបាល ឱ្យ​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ ៧៦​ម៉ឺន​រៀល ក្នុង​ពេល​ពិនិត្យ​ផ្ទៃពោះ សម្រាលកូន និង​ពេល​នាំ​ទារក​ទៅ​ចាក់​ថ្នាំ​បង្ការ (​វ៉ាក់សាំង)

លោក ហ៊ុន សែន ប្រកាស​ថា នេះ​គោលនយោបាយ​គាំពារ​សង្គម ដើម្បី​យកចិត្តទុកដាក់​ដល់​ស្ត្រី និង​កុមារ​ក្រីក្រ គឺ​បាន​ចាប់ផ្ដើម​អនុវត្ត នៅ​ថ្ងៃ​ទី​១ ខែ​មិថុនា។ លោក​ថា ២​ថ្ងៃ​ដំបូង នៅ​ដើមខែ​មិថុនា មាន​ស្ត្រី​មក​ទទួល​សេវា​ព្យាបាល និង​ពិនិត្យ​ផ្ទៃពោះ​​មុន​ឆ្លងទន្លេ ចំនួន ៦៣​ករណី ព្រមទាំង​បាន​ឧបត្ថម្ភ​ប្រាក់​ឱ្យ​ពួកគេ​ចំនួន​ជាង ២​លាន ៥​សែន (.៥២០.០០០) លាន​រៀល​ដល់​ស្ត្រី​ក្រីក្រ​កំពុង​ពពោះ​ទាំងនោះ។

លោក ហ៊ុន សែន ថ្លែង​ក្នុង​ឱកាស​ចែក​សញ្ញាប័ត្រ​ឱ្យ​និស្សិត​សាកលវិទ្យាល័យ​មួយ នៅ​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី៣ មិថុនា​ថា គោលនយោបាយ​គាំពារ​សង្គម​នេះ នឹង​ជំរុញ​ឱ្យ​ស្ត្រី​ក្រីក្រ ដែល​មាន​ផ្ទៃពោះ បាន​ទទួល​សេវា​ពិនិត្យ​សុខភាព និង​ផ្ទៃពោះ ឮ​តាម​មន្ទីរពេទ្យ​រដ្ឋ ឬ​មណ្ឌល​សុខភាព​នានា​នៅ​ទូទាំង​ប្រទេស ដោយ​មិន​គិត​ថ្លៃ​សេវា ថែមទាំង​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ជូន​ពួកគាត់​ត្រលប់​ទៅវិញ ដោយ​ក្នុង​ម្នាក់​ទទួល​បាន​លុយ ៤​ម៉ឺន​រៀល ចំពោះ​ការពិនិត្យ​សុខភាព​ម្ដង៖ «ព្រោះ​ស្ត្រី​ដែល​មក​ឆ្លងទន្លេ (​សម្រាលកូន​) ហើយ យើង​ផ្ដល់​ឱ្យ​គាត់​ ២០​ម៉ឺន​រៀល​។ មិន​ត្រឹមតែ​មិន​យក​លុយ​ទេ ស្ត្រី​មក​ឆ្លងទន្លេ យើង​ផ្ដល់​លុយ​ឱ្យ​ស្ត្រី​ក្រីក្រ»

អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល អ្នកស្រី ឱ វណ្ណឌីន ប្រាប់​អាស៊ីសេរី​បន្ថែម​ថា ប្រាក់​គោលនយោបាយ​នេះ នឹង​ផ្ដល់​ជូន​ស្ត្រី​ក្រីក្រ ដែល​មាន​ប័ណ្ណ​មូលនិធិ​សមធម៌ ឬ​ប័ណ្ណ​អាទិភាព ហើយ​ចែក​ជា ៣​ដំណាក់កាល គឺ ដំណាក់កាល​ពិនិត្យ​ផ្ទៃពោះ​រាល់​ខែ ដំណាក់កាល​សម្រាលកូន និង​ក្រោយ​ពេល​សម្រាល ត្រូវ​នាំ​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ ចំនួន ១០​ដង រហូតដល់​កូន​អាយុ ២ឆ្នាំ។

អ្នកស្រី​ពន្យល់​ថា ដំណាក់កាល​មុន​ពេល​សម្រាល គឺ​ការពិនិត្យ​ផ្ទៃពោះ នឹង​ធ្វើ​ឡើង ៤​ដង តាម​ការ​ណាត់ របស់​គ្រូពេទ្យ ហើយ​រាល់​ការពិនិត្យ​ម្ដង នឹង​ទទួល​បាន​៤​ម៉ឺន​រៀល​។ នៅ​ពេល​ស្ត្រី​សម្រាលកូន នឹង​ទទួល​បាន ២០​ម៉ឺន​រៀល​។ ពេល​សម្រាល​កូន​​រួច ស្ត្រី​ត្រូវ​យក​កូន​តូច​ទៅ​ចាក់​ថ្នាំ​បង្ការ តាម​ការ​ណាត់​របស់​គ្រូពេទ្យ ហើយ​ការ​ទៅ​ទទួល​វ៉ាក់សាំង​ម្ដង នឹង​ទទួល​បាន ​៤​ម៉ឺន​រៀល រហូត​ដល់​កូន​អាយុ ២ឆ្នាំ។ អ្នកស្រី​ថា ថវិកា​សរុប គឺ​ចំនួន ៧៦​ម៉ឺន​រៀល។

អ្នកស្រី​ថា ស្ត្រី​ពពោះ អាច​ស្នើសុំ​ប័ណ្ណ​មូលនិធិ​សមធម៌​ពី​ក្រសួង​សាមី ដែល​ស្ត្រី​កំពុង​បម្រើ​ការងារ​តាម​វិស័យ​នានា។ ចំណែក​ប័ណ្ណ​អាទិភាព ស្ត្រី​ពពោះ​ក្រីក្រ អាច​ស្នើសុំ​តាមរយៈ​គណៈកម្មការ​វាយតម្លៃ នៅ​គ្រប់​មណ្ឌល​សុខភាព​របស់​រដ្ឋ៖ «ការ​ដែល​​ទទួល​​បាន​​នេះ គឺ​​សម្រាប់​ដូច​​ខ្ញុំ​បាន​ជម្រាប​ជូន គឺ​សម្រាប់​ស្ត្រី​ក្រីក្រ មាន​ផ្ទៃពោះ ហើយ​ក្រីក្រ​។ សម្រាប់​ស្ត្រី​មាន​ផ្ទៃពោះ​ក្រីក្រ ដែល​គាត់​មាន​ប័ណ្ណ​មូលនិធិ​សមធម៌ ឬ​ប័ណ្ណ​អាទិភាព»

អ្នកស្រី ឱ វណ្ណឌីន បញ្ជាក់​ថា ស្ត្រី​ដែល​ទទួលយក​ការពិនិត្យ​ផ្ទៃពោះ​សម្រាល និង​ចាក់​ថ្នាំ​បង្ការ​នៅ​តាម​មន្ទីរពេទ្យ​ឯកជន ឬ​សម្ភព មិន​ទទួល​បាន​ប្រាក់​គោលនយោបាយ​នេះ​ឡើយ ព្រោះ​ថវិកា​នេះ សម្រាប់​ស្ត្រី​ក្រីក្រ។

ស្ត្រី​ពពោះ​ម្នាក់ ដែល​ទទួលយក​សេវា​ពិនិត្យ​ផ្ទៃពោះ នៅ​មណ្ឌល​សុខភាព​មួយ នៅ​ខេត្ត​ព្រៃវែង ឱ្យ​ដឹង​ថា គាត់​មិន​បាន​ដឹង​ពី​គោលនយោបាយ​សម្រាប់​ស្ត្រី​ក្រីក្រ និង​កុមារ​ទទួល​បានទេ។ អ្នកស្រី ថា ការ​មក​ទទួលយក​សេវា​ពិនិត្យ​សុខភាព​នៅ​មណ្ឌល​​សុខភាព ព្រោះ​មិន​មាន​លទ្ធភាព​ចំណាយ​ថ្លៃ​សេវា​នៅ​សម្ភព​ធំៗ ដូច​គេ និង​ដោយសារ បច្ចុប្បន្ន សេវា​ពិនិត្យ​ផ្ទៃពោះ​នៅ​មណ្ឌល​សុខភាព មាន​ភាព​ល្អ​ប្រសើរ​ជាង​មុន​គ្រាន់បើ៖ «ខ្ញុំ​ដឹង​ថា ខ្ញុំ​មាន​ផ្ទៃពោះ​ដំបូង​ខ្ញុំ​ទៅ​មណ្ឌល​សុខភាព ព្រោះ​អ្វី ខ្ញុំ​ទៅ​ដើម្បី​ពិនិត្យ និង​ជួស​ឈាម និង​ឱ្យ​គេ​តាមដាន​រាល់​ខែ​អ៊ីចឹង​ណា​។ ពេល​ខ្ញុំ​ទៅ​ពិនិត្យ​រាល់ដង​ហ្នឹង លោកគ្រូ អ្នកគ្រូ​ពេទ្យ គាត់​យកចិត្តទុកដាក់​ក្នុង​ការ​ពិនិត្យ​។ ប៉ុន្តែ​ខ្ញុំ​អត់​ទាន់​ដឹង​ព័ត៌មាន​ពី​ការ​ជួយ រដ្ឋាភិបាល​ជួយ​ជន​ក្រីក្រ​។ និយាយ​ទៅ ខ្ញុំ​អត់​ទាន់​បាន​ដឹង​ពី​គោលនយោបាយ​ហ្នឹង​ផង​។ ប្រសិន​ជា​មាន​គោលនយោបាយ​អ៊ីចឹង​មែន គឺ​ពិតជា​ល្អ ដោយសារតែ​ពេល​ដែល​ទៅ​ពិនិត្យ​ហ្នឹង ពេល​ពិនិត្យ​ហើយ អាច​នឹង​បាន​ថវិកា​មកវិញ​ទៀត ហើយ​មួយទៀត បើ​សិន​ជា​មាន​ខ្ញុំ​សប្បាយចិត្ត អ៊ីចឹង​ណា»

សេចក្ដីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៣ មេសា អះអាង​ថា គោលនយោបាយ​នេះ នឹង​ផ្ដល់​ជូន​ស្ត្រី​ក្រីក្រ​ទាំងអស់ ទោះជា​ពលរដ្ឋ កម្មករ ឬ​និយោជិក​គ្រប់​វិស័យ។ លោក ហ៊ុន សែន អំពាវនាវ​ឱ្យ​គ្រូ​ពេទ្យ និង​​ក្រសួង​សុខាភិបាល ត្រូវ​យកចិត្តទុកដាក់​អនុវត្ត​គោលនយោបាយ​នេះ ឱ្យ​មាន​ប្រសិទ្ធភាព។

ថវិកាជាតិ ដែល​នឹង​ត្រូវ​យក​មក​អនុវត្ត​គោលនយោបាយ​ជួយ​ស្ត្រី​ពពោះ​ក្រីក្រ នៅ​ឆ្នាំ​ទី​១ គឺ​ពេញ​មួយ​ឆ្នាំ​២០១៩ នឹង​ត្រូវ​ចំណាយ​សរុប​ប្រហែល​ជាង ៤​លាន​ដុល្លារ ហើយ​នៅ​ឆ្នាំ​២០២០ អាច​នឹង​កើន​ឡើង​ជាង​លាន​ដុល្លារ ( ,៧​លាន​ដុល្លារ​) ហើយ​នឹង​បន្ត​កើន​ឡើង​រហូត​ជាង ​១០​លាន​ដុល្លារ ​នៅ​ក្នុង​ឆ្នាំ​២០២១ សម្រាប់​ជួយ​ទ្រទ្រង់​ផ្នែក​សុខភាព​របស់​ស្ត្រី​មាន​ផ្ទៃពោះ​ក្រីក្រ​ទូទាំង​ប្រទេស​។​

គោលនយោបាយ ផ្ដល់​ប្រាក់​ថែទាំ​សុខភាព​សម្រាប់​ស្ត្រី​ក្រីក្រ​ដែល​មាន​ផ្ទៃពោះ និង​កុមារ​នេះ ធ្វើឡើង​ក្រោយ​ពេល របប​ក្រុងភ្នំពេញ បាន​ដាក់​ចេញ​គោលនយោបាយ​ផ្ដល់​ថវិកាជាតិ ជួយ​កម្មករ​រោងចក្រ និង​មន្ត្រីរាជការ ជា​ស្ត្រី ដែល​មាន​ផ្ទៃពោះ កាល​ពី​​ចុង​ឆ្នាំ​២០១៧។ ស្ត្រី​មាន​ផ្ទៃពោះ ដែល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​កងកម្លាំងប្រដាប់អាវុធ និង​មន្ត្រីរាជការ​ស៊ីវិល ត្រូវ​ទទួល​បាន​ថវិកា​ ៨០​ម៉ឺន​រៀល នៅ​ពេល​សម្រាលកូន។ ចំណែក​កម្មការិនី​រោងចក្រ សម្រាលកូន ​១​នាក់ ទទួល​បាន​ថវិកា ​៤០ម៉ឺន​​រៀល កូនភ្លោះ​ទទួល​បាន​ថវិកា​ ៨០​ម៉ឺន​រៀល និង​កូនភ្លោះ​បី ទទួល​បាន ១​លាន ២​សែន​រៀល​។ គោលនយោបាយ​នេះ ប្រើ​អស់​ថវិកា​ជាង ១០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​។ គោលនយោបាយ​ទាំងនេះ មិន​ទទួល​បាន​ការរិះគន់​ពី​ពលរដ្ឋ​ឡើយ​។ ប៉ុន្តែ​សម្រាប់​គោលនយោបាយ ផ្នែក​ថែទាំ​ង​សុខភាព​ដល់ ពលរដ្ឋ​ក្រីក្រ កម្មករ មន្ត្រីរាជការ​ទូទៅ ដែល​កាន់​ប័ណ្ណ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម ទទួលរង​ការ​រិះគន់​ថា គ្មាន​ប្រសិទ្ធភាព​ទេ។

នាយិកា​ប្រតិបត្តិ​អង្គការ​សីលការ កញ្ញា សេង រាសី គាំទ្រ​គោលនយោបាយ ដែល​ជួយ​ស្ត្រី​ក្រីក្រ​ទូទៅ ដោយ​គ្មាន​ការរើសអើង​។ ប៉ុន្តែ កញ្ញា​ចង់​ឃើញ​គោលនយោបាយ​នេះ មាន​ប្រសិទ្ធភាព​ល្អ គឺ​ធានា​ថា ស្ត្រី​ក្រីក្រ​គ្រប់រូប​នឹង​ទទួល​បាន​កញ្ចប់​សេវា​របស់​រដ្ឋាភិបាល ដោយមាន​ប្រសិទ្ធភាព និង​គ្មាន​ការរើសអើង។

កញ្ញា សេង រាសី យល់ថា ដើម្បី​ឱ្យ​គោលនយោបាយ​នេះ បម្រើ​ផលប្រយោជន៍​ស្ត្រី​ក្រីក្រ មាន​ប្រសិទ្ធភាព រដ្ឋាភិបាល​ត្រូវ​អនុវត្ត​យន្តការ​ដែល​មាន​ស្រាប់ និង​ពង្រឹង​ក្រមសីលធម៌ វិជ្ជាជីវៈ​គ្រូពេទ្យ​ឱ្យ​បាន​ល្អ និង​ត្រូវ​បន្ថែម​យន្តការ​តាមដាន​ការអនុវត្ត និង​ទទួលយក​ការវាយតម្លៃ​ពី​ក្រុម​ស្ត្រី ដែល​ទៅ​ទទួលយក​សេវា​គោលនយោបាយ​នេះ​។ កញ្ញា​បន្ត​ថា សំខាន់​បំផុត គឺ​រដ្ឋាភិបាល​ត្រូវ​ហ៊ាន​ទទួលយក​មតិ​រិះគន់ និង​ហ៊ាន​កែ​លម្អ​ ប្រសិនបើ​ការអនុវត្ត​មិនបាន​ល្អ ឬ​គ្មាន​ប្រសិទ្ធភាព៖ «អ៊ីចឹង សំខាន់​បំផុត ខ្ញុំ​នៅតែ​ទទូច​ម្ដង​ហើយ ម្ដងទៀត​ថា ការ​ប្រើប្រាស់​យន្តការ​ដែល​មាន​ស្រាប់ ហើយ​និង​យន្តការ​បន្ថែម ដើម្បី​ធានា​អំពី​ប្រសិទ្ធភាព និង​ប្រសិទ្ធផល ក្នុង​ការ​ផ្ដល់​សេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ជាពិសេស​សេវា​សុខភាព​នេះ គឺ​សំខាន់​ទៅលើ​យន្តការ​ក្នុង​ការ​តាមដាន និង​វាយតម្លៃ ហើយ​នឹង​ការ​ដោះស្រាយ​បញ្ហា​ឱ្យ​មាន​ប្រសិទ្ធភាព។ នេះ​ជា​រឿង​សំខាន់​។ សូម​កុំ​ឱ្យ​គិត​ថា សុខភាព​របស់​ប្រជាពលរដ្ឋ​ទាល់តែ​មាន​លុយ ​ទើប​អាច​រស់រាន​មាន​ជីវិត​បា​ន ហើយ​យើង​អត់​ចង់​ឱ្យ​ក្នុង​បរិបទ​នេះ សម័យនេះ ពេលវេលា​នេះ អ្នកណាម្នាក់​ត្រូវ​បាន​រងគ្រោះ ដោយសារតែ​គាត់​មិន​មាន​ថវិកា ងាយ​នឹង​ស្លាប់ ឬ​ងាយ​នឹង​រង​គ្រោះ ដោយសារតែ​មិន​មាន​ថវិកា​ក្នុង​ការ​ព្យាបាល ឬមួយ​ក៏​ទទួល​បាន​សេវា​សុខភាព​ពេញលេញ ដែល​នេះ គឺជា​សេវា​សុខភាព​​របស់​​រដ្ឋ»

យ៉ាងណា​ក្ដី លោក ហ៊ុន សែន អំពាវនាវ​ដល់​​ក្រុម​គ្រូពេទ្យ​​ឱ្យ​អនុវត្ត​ក្រមសីលធម៌​របស់​ខ្លួន​ឱ្យ​បាន​ខ្ជាប់ខ្ជួន ដើម្បី​អនុវត្ត​គោលនយោបាយ​ផ្ដល់​ប្រាក់​ថែទាំ​សុខភាព​ដល់​ស្ត្រី​ក្រីក្រ ដែល​មាន​ផ្ទៃពោះ ឱ្យ​មាន​ប្រសិទ្ធភាព។ ប៉ុន្តែ​ស្ត្រី​មាន​ផ្ទៃពោះ​ខ្លះ និង​សង្គម​ស៊ីវិល​យល់ថា ស្ត្រី​មាន​ផ្ទៃពោះ​ភាគច្រើន នៅតែ​ព្យាយាម​រក​សេវា​ពិនិត្យ​ផ្ទៃពោះ នៅ​គ្លីនិក​ឯកជន តាម​ដែល​អាច​ធ្វើ​ទៅ​បាន បើ​ទោះ​ពួកគេ​ក្រីក្រ​ក៏ដោយ ព្រោះ​ពួកគេ​មិនទាន់​ទុកចិត្ត​សេវា​នៅ​មណ្ឌល​សុខភាព​សាធារណៈ​របស់​រដ្ឋ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល