ជនជាតិ​ចិន​ជាង​១០០​នាក់​ទៀត​ត្រូវ​ចាប់​ខ្លួន​ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​​អ៊ីនធឺណិត

ដោយ ម៉ៅ សុធានី
2018-04-24
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ជនជាតិ​ចិន ២២​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៥។
ជនជាតិ​ចិន ២២​នាក់​ដែល​សមត្ថកិច្ច​ចាប់​ខ្លួន​បាន​នៅ​ខេត្ត​ស្វាយរៀង កាល​ពី​ថ្ងៃ​ទី​២៩ ខែ​សីហា ឆ្នាំ​២០១៥។
រូបថត​ប៉ូលិស​ខេត្ត​ស្វាយរៀង

សមត្ថកិច្ច​បាន​បញ្ជូន​ជនជាតិ​ចិន​ជាង​១០០​នាក់ ទៅ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ដើម្បី​សាកសួរ​តាម​នីតិវិធី​ច្បាប់ ពី​បទ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត នៅ​ខណ្ឌ​ទួលគោក និង​ខណ្ឌ​សែន​សុខ។

ក្រុម​ជនជាតិ​ចិន​ដែល​ឃាត់ខ្លួន​កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា ទាំង ១១៩​នាក់​នោះ រួមមាន​ស្ត្រី ១៩​នាក់ សុទ្ធ​តែ​មាន​លិខិតឆ្លងដែន​ចូល​កម្ពុជា ជា​អ្នកទេសចរ។

នេះ​មិនមែន​ជា​លើក​ទី​១​ទេ ដែល​សមត្ថកិច្ច​បាន​ចុះ​បង្ក្រាប​ជនជាតិ​ចិន ដែល​រកស៊ី​ខុសច្បាប់​នៅ​កម្ពុជា តាមរយៈ​ការ​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ពី​ពលរដ្ឋ​ចិន​ដូចគ្នា នៅ​ប្រទេស​ចិន។

ប្រធាន​នាយកដ្ឋាន ស៊ើបអង្កេត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​ក្រសួង​មហាផ្ទៃ លោក អ៊ុក ហៃសីឡា បាន​ឲ្យ​ដឹង​ថា ប្រតិបត្តិការ​បង្ក្រាប​នេះ​ធ្វើឡើង ដោយមាន​កិច្ចសហការ​ជាមួយ​ប៉ូលិស​ចិន ជាច្រើន​ខែ​មក​ហើយ។

កាលពី​ថ្ងៃ​ទី​២២ ខែ​មេសា អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ សហការ​ជាមួយ​ព្រះរាជអាជ្ញា​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​សមត្ថកិច្ច​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ បាន​ចុះ​ត្រួត​ពិនិត្យ ឆែកឆេរ​ទីតាំង បទល្មើស​ល្បែង​អនឡាញ និង​ចាប់​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ិនធឺណិត នៅ​ទីតាំង​ពីរ​កន្លែង គឺ​ខណ្ឌ​ទួលគោក ឃាត់​បាន​ជនជាតិ​ចិន ៧០​នាក់ ក្នុង​នោះ​ស្ត្រី ៤​នាក់ និង​នៅ​ទីតាំង​ខណ្ឌ​សែនសុខ ឃាត់ខ្លួន​ជនជាតិ​ចិន ៤៩​នាក់ ក្នុង​នោះ​ស្ត្រី ១៥​នាក់។

លោក អ៊ុក ហៃសីឡា បន្ត​ថា ជនល្មើស​ចិន​ដែល​ជំរិត​ទារ​ប្រាក់​ទាំងនោះ ច្រើនតែ​ចូល​មក​ប្រទេស​កម្ពុជា តាមរយៈ​ទិដ្ឋាការ​ជា​អ្នកទេសចរ។ លោក​អះអាង​ថា បទល្មើស​ជំរិត​ទារ​ប្រាក់​នេះ ពុំ​មែន​ជា​បញ្ហា​ធ្ងន់ធ្ងរ​ទេ ដោយសារ​សមត្ថកិច្ច​អាច​មាន​លទ្ធភាព​បង្ក្រាប និង​តាមដាន​ពី​សកម្មភាព​ខុស​ច្បាប់​របស់​ពួកគេ​បាន​ទាំងស្រុង។

ក្នុង​ជំនួប​កាល​ពី​ពេល​ថ្មីៗ​នេះ រវាង​នាយ​អគ្គស្នងការ​នគរបាល​ជាតិ លោក នេត សាវឿន ជាមួយ​ប្រធាន​អគ្គនាយក​សហប្រតិបត្តិ​ការ​អន្តរជាតិ​ចិន លោក លីវ ជុងរ៉ុង ភាគី​ចិន​បាន​ស្នើ​ឲ្យ​មានការ​ផ្ដល់​សន្តិសុខ​បន្ថែម ដល់​ពលរដ្ឋ​ចិន​ណា​ដែល​គោរព​ច្បាប់​របស់​ចិន និង​កម្ពុជា ជាពិសេស​គឺ​អ្នក​វិនិយោគ​ចិន។

សមត្ថកិច្ច​កម្ពុជា កាលពី​ខែ​មិនា បាន​ឃាត់ខ្លួន ជនជាតិ​ចិន ចំនួន ១០០​នាក់ នៅ​អគារ​ខ្ពស់​មួយ ជាន់​ទី​៧ ពី​បទ​ជំរិត​ទារ​ប្រាក់ តាម​ប្រព័ន្ធ​អ៊ីនធឺណិត ហើយ​កាលពី​ខែ​តុលា​ឆ្នាំ ២០១៧ សមត្ថកិច្ច​ក៏បាន​ចុះ​បង្ក្រាប​ជនជាតិ​ចិន ប្រមាណ​៧០​នាក់ ទាក់ទង​បទល្មើស​ដូចគ្នា​នេះ នៅ​រាជធានី​ភ្នំពេញ និង​នៅ​ខេត្ត​កណ្តាល។

កាលពី​ចុងខែ​កុម្ភៈ​ឆ្នាំ​២០១៨​កន្លង​មក​នេះ អភិបាលខេត្ត​ព្រះសីហនុ លោក យន់ មីន បាន​ចេញ​របាយការណ៍​មួយ ចោទ​ប្រកាន់​ថា ការ​ហូរ​ចូល​នៃ​ភ្ញៀវ​ទេសចរ​ចិន និង​ឧក្រិដ្ឋជន​ចិន បាន​បង្ក​ឱ្យ​មាន​អស្ថិរភាព​នៅ​ក្នុង​ទីក្រុង និង​នាំ​ឱ្យ​មាន​ការ​ខ្វះខាត​កន្លែង​ស្នាក់នៅ​ក្នុង​ខេត្ត​ព្រះសីហនុ។

ចាប់​តាំង​ពី​ឆ្នាំ​២០១២​មក យ៉ាងហោចណាស់​មាន​ជនជាតិ​ចិន និង​ចិន​តៃវ៉ាន់ ជាង ១​ពាន់​នាក់​ហើយ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​បញ្ជូន​ចេញពី​កម្ពុជា ពាក់ព័ន្ធ​នឹង​ករណី​លួច​បន្លំ និង​ជំរិត​ទារ​ប្រាក់​តាម​ប្រព័ន្ធ​អ៊ីនធឺណិត៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល