បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​ព្រែកកាំពី​រឹតតែ​កើន​ខ្លាំង​ដោយ​អ្នក​មាន​អំណាច​ជា​បង្អែក

ដោយ ជាតិ ចំណាន
2018-04-04
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
ប្រជា​នេសាទ​នៅ​ខែត្រ​ស្ទឹងត្រែង កំពុង​នេសាទ​ត្រី​នៅ​ទន្លេ​មេគង្គ ក្បែរ​ស្ពាន​មេគង្គ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧។
ប្រជា​នេសាទ​នៅ​ខែត្រ​ស្ទឹងត្រែង កំពុង​នេសាទ​ត្រី​នៅ​ទន្លេ​មេគង្គ ក្បែរ​ស្ពាន​មេគង្គ នៅ​ព្រឹក​ថ្ងៃ​ទី​៨ ខែ​ឧសភា ឆ្នាំ​២០១៧។
Photo: RFA

អាជ្ញាធរ​ឃុំ និង​សហគមន៍​ព្រែក​កាំពី ខែត្រ​ក្រចេះ​សម្ដែង​ក្តី​កង្វល់​ពី​ការ​កើន​ឡើង​បទល្មើស​នេសាទ ក្នុង​តំបន់​អភិរក្ស​ផ្សោត​ព្រែកកាំពី ដោយ​ពុំ​មាន​ការទប់ស្កាត់។ សហគមន៍​ថា ក្រុម​ជនល្មើស​មាន​ខ្នងបង្អែក​អ្នក​មាន​អំណាច បាន​ឃុបឃិត​ជាមួយ​ឆ្មាំ​អភិរក្ស និង​សមត្ថកិច្ច​ពាក់ព័ន្ធ ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ចាប់​ត្រី​មេ​ពូជ​ធំៗ ទៅ​ទីតាំង​ត្រី​កម្រ​រស់នៅ និង​ពង​កូន។

សហគមន៍​អភិរក្ស​ផ្សោត​ព្រែកកាំពី រស់នៅ​ឃុំ​សំបុក ស្រុក​ចិត្របូរី អំពាវនាវ​ឲ្យ​អាជ្ញាធរ​ខែត្រ​ក្រចេះ​លប់​បំបាត់​អំពើពុករលួយ រឿង​បទល្មើស​នេសាទ និង​អនុវត្ត​ច្បាប់​ឲ្យ​បាន​ពេល​ពេញលេញ នៅ​តំបន់​អភិរក្ស​ផ្សោត​ព្រែកកាំពី។ ពួកគាត់​រក​ឃើញ​ថា ក្រុម​ជនល្មើស​មិន​ខ្លាច​អាជ្ញាធរ និង​ឆ្មាំ​អភិរក្ស​នោះ​ទេ ព្រោះ​ពួកគេ​មាន​ខ្នងបង្អែក​ជា​អ្នក​មាន​អំណាច។

ពលរដ្ឋ​រស់នៅ​ឃុំ​សំបុក ស្រុក​ចិត្របូរី ថ្លែង​សុំ​មិន​បញ្ចេញ​ឈ្មោះ នៅ​ថ្ងៃ​អង្គារ​ទី​៣ មេសា នេះ បារម្ភ​ថា ប្រសិនបើ​សមត្ថកិច្ច និង​ឆ្មាំ​អភិរក្ស​ផ្សោត នៅតែ​ទទួល​ប្រយោជន៍​ពី​បទ​ល្មើស​នេសាទ មិន​យូរ​ទេ​សត្វ​ផ្សោត និង​ត្រី​កម្រ​ក្នុង​តំបន់​នឹង​បាត់បង់​ទាំងស្រុង បង្ក​ប៉ះពាល់​ប្រាក់ចំណូល​សហគមន៍។ លោក​ថា ក្រុម​ជនល្មើស​មុខ​ដដែលៗ ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់​ឆក់​ត្រី​នៅ​ពេល​យប់ និង​ពេល​ថ្ងៃ នៅ​ជម្រក​ត្រី​ពង​កូន និង​កន្លែង​ផ្សោត​រស់នៅ ឬ​ឆ្លងកាត់ ពុំ​ឃើញ​មាន​សមត្ថកិច្ច​ចុះ​បង្ក្រាប​នោះ​ទេ ព្រោះតែ​ក្រុម​ជនល្មើស​ទាំងនោះ បាន​បង់​ប្រាក់​ឲ្យ​សមត្ថកិច្ច​ពាក់ព័ន្ធ៖ «ឥឡូវនេះ​ពេញ​ទូក​តែម្ដង ពី​ត្រឹម​ឃុំ​ខាងលើ​រហូត​ដល់​ឃុំ​ក្បាលជួរ និង​ឆ្លង​ត្រើយម្ខាង​ឆក់​ត្រី​ខ្លាំង​តែម្ដង។ បើ​នៅតែ​អ៊ីចឹង​ត្រឹម​ពីរ​ឆ្នាំ ទៅ ៣​ឆ្នាំ​អស់ហើយ»

បុរស​ដដែល​បន្ថែម​ថា ត្រី​ក្អែកធំៗ និង​ត្រី​កម្រ​មួយ​ចំនួន​ទៀត ដែល​សហគមន៍​ដាក់​លក់​លើ​ទីផ្សារ និង​លក់​ក្នុង​រមណីយដ្ឋាន​ព្រែកកាំពី សុទ្ធ​សឹង​ជា​ត្រី​ដែល​គេ​ទិញ​ពី​ជនល្មើស​ឆក់។ លោក​បន្ថែម​ថា ជនល្មើស​ជិត ២០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ផង នៅតែ​ប្រើ​ឧបករណ៍​នេសាទ​ខុសច្បាប់ ចាប់​ត្រី​ដោយ​សេរី បើ​ទោះ​បី​ជា​អ្នកភូមិ​បាន​រាយការណ៍​ប្រាប់​សមត្ថកិច្ច ហើយ​សមត្ថកិច្ច​ក៏បាន​បញ្ជូន​ឈ្មោះ​ជន​ពាក់ព័ន្ធ​ទាំងនោះ​ទៅ​តុលាការ​រួចហើយ៖ «គេ​ថា គេ​ក្មួយ គង់ សំអុល នៅ​ហ្នឹង​មក​អះអាង ការពារ​តែ​ជនល្មើស​ទេ ថ្នាក់​មេភូមិ និង​មេឃុំ​ធ្វើ​អី​វា​មិន​បានទេ។ បើ​ជនល្មើស​វា​ការពារ បទល្មើស​ក៏​បង់លុយ​ឲ្យ​វា​ដែរ»

អន្លង់​អភិរក្ស​ផ្សោត​ព្រែកកាំពី ឋិត​ក្រោម​ការគ្រប់គ្រង​របស់​ក្រសួង​កសិកម្ម ដែល​មាន​រដ្ឋបាល​ជលផល និង​ឆ្មាំ​ទន្លេ ជា​ស្ថាប័ន​ស្នូល មាន​កាតព្វកិច្ច​ធានា​កិច្ច​គាំពារ​បរិស្ថាន​អភិរក្ស​ជីវចម្រុះ និង​ទប់ស្កាត់​បទល្មើស​នេសាទ​គ្រប់​ប្រភេទ អនុលោម​តាម​អនុក្រឹត្យ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ចុះ​ថ្ងៃ​ទី​២២ ខែ​កញ្ញា ឆ្នាំ​២០១២។

មេឃុំ​សំបុក លោក ទុយ វណ្ណា ទទួល​ស្គាល់​ថា បទល្មើស​នេសាទ​ក្នុង​តំបន់​អភិរក្ស​ព្រែកកាំពី នៅ​តែ​កើត​មាន​ច្រើន តែ​មន្ត្រី​ជលផល បាន​បញ្ជូន​ឈ្មោះ​ជនសង្ស័យ​ជិត ២០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​វៀតណាម​ផង ទៅ​តុលាការ តែ​មក​ទល់​ពេល​នេះ​ពុំ​ទាន់​ទទួល​លទ្ធផល​នៅឡើយ។ លោក​ថា ជនសង្ស័យ​ជិត ២០​នាក់ ដែល​មន្ត្រី​ជលផល​បញ្ជូន​ឈ្មោះ​ទៅ​តុលាការ​នោះ នៅតែ​បន្ត​សកម្មភាព​ឆក់​ត្រី​ដដែលៗ៖ «រឿង​នេះ​បាន​បញ្ជូន​ទៅ​មួយ​សា​ហើយ លើក​ក្រោយ​បញ្ជូន​ទៅ​មួយ​សា​ទៀត​។ ចំណាត់​ការ​យឺត​មែនទែន។ ខ្ញុំ​ប្រុង​ទៅ​សួរ​ខាងលើ​ដែរ​ចំណាត់​ការ​នេះ»

មន្ត្រី​ស៊ើបអង្កេត​សមាគម​អាដហុក (ADHOC) ខែត្រ​ក្រចេះ លោក មាន ព្រហ្មមុនី យល់ថា ការអនុវត្ត​ច្បាប់​ធូររលុង មិន​ទប់ស្កាត់​បទល្មើស​នេសាទ នឹង​បង្ក​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ជីវចម្រុះ ជាពិសេស​សត្វ​ផ្សោត​ដែល​ជា​ប្រភព​ប្រាក់ចំណូល​ដល់​សហគមន៍។ លោក​ថា ប្រសិន​បើ​តុលាការ​នៅតែ​ពន្យារ​ពេល​មិន​ចាត់វិធានការ​ច្បាប់ នៅ​គ្រា​ដែល​សមត្ថកិច្ច​បញ្ជូន​ឈ្មោះ​ជនសង្ស័យ​ទៅ​ហើយ នឹង​បង្ក​ឲ្យ​ជនល្មើស​មិន​ខ្លាច​ច្បាប់ និង​មើលងាយ​ដល់​ប្រព័ន្ធ​ច្បាប់​នៅ​កម្ពុជា ហើយ​បទល្មើស​នេសាទ​នឹង​ពុំ​ថយ​ចុះ​ទេ៖ «ជន​ប្រព្រឹត្ត​កាល​ណា​បណ្ដែតបណ្ដោយ​បទល្មើស​បែបនេះ ជន​ប្រព្រឹត្ត​នៅតែ​ប្រព្រឹត្ត​អ៊ីចឹង អនាធិបតេយ្យ និង​ធ្វើ​ព្យុះភ្លៀង​បាន»

សហគមន៍​បន្ថែម​ថា កាល​ពី​ពេល​ថ្មីៗ​នេះ សមត្ថកិច្ច​និង​ឆ្មាំ​អភិរក្ស​បាន​ឃាត់ខ្លួន​ជនល្មើស​នេសាទ​ខុសច្បាប់​មួយ​ករណី ដោយ​ពុំ​បញ្ជូន​ជនសង្ស័យ​ទាំងនោះ ទៅ​តុលាការ​នោះ​ទេ ថែមទាំង​ឃុបឃិត​ជាមួយ​ជនល្មើស​មិន​រឹបអូស ឧបករណ៍​ឆក់ ដោយ​គ្រាន់តែ​យក​រឹបអូស​ទូក​នេសាទ​ប៉ុណ្ណោះ៕

កំណត់ចំណាំ​ចំពោះអ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)
Share
គេហទំព័រ​ទាំងមូល