មន្ត្រី​សហគមន៍​នេសាទ​២​នាក់​នៅ​បាត់ដំបង​ត្រូវ​ទាហាន​សឹក​រង​ខេត្ត​ដេញ​បាញ់

ដោយ ហ៊ុំ ចំរើន
2015-03-17
អ៊ីម៉ែល
មតិ
Share
បោះពុម្ព

មន្ត្រី​សហគមន៍​នេសាទ​ត្រី​នៅ​ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង ចំនួន ២​នាក់ ត្រូវ​ទាហាន​សឹក​រង​ខេត្ត​បាត់ដំបង ដេញ​បាញ់ ដោយសារ​ផ្ដល់​ព័ត៌មាន​ជុំវិញ​បទល្មើស​នេសាទ​ដល់ អ្នកស្រី មូរ សុខហួរ សមាជិក​សភា​តំណាង​រាស្ត្រ​គណបក្ស​ប្រឆាំង​ខេត្ត​បាត់ដំបង។

មន្ត្រី​នេសាទ​ត្រី​ឃុំ​ព្រៃចាស់ លោក សួន ថង ថ្លែង​នៅ​រសៀល​ថ្ងៃ​ទី​១៧ មីនា ថា មន្ត្រី​នេសាទ​ទាំង​ពីរ​រូប​នោះ​រួម​មាន រូប​លោក និង​លោក ហ៊ុន សារី។ ចំណែក​ឯ​ទាហាន​សឹក​រង​ខេត្ត​បាត់ដំបង ដែល​បាញ់​នោះ ឈ្មោះ​លោក ឆៃ លាង។ លោក​បន្ត​ថា លោក ឆៃ លាង បាន​យក​កាំភ្លើង​អាកា (AK) មួយ​ដើម​ដេញ​បាញ់​រូប​លោក​នៅ​រសៀល​ថ្ងៃ​ដដែល នៅ​ចំណុច​ភូមិ​បាក់ព្រា ឃុំ​ព្រៃចាស់ ស្រុក​ឯកភ្នំ ខេត្ត​បាត់ដំបង៖ «បាទ! ដំបូង​ម្នាក់​ទៀត​ឈ្មោះ​លោក​ចង់​គាត់​ជា​ជំនាញ​សង្កាត់​រដ្ឋបាល​ជលផល​ឃុំ​ព្រៃចាស់ ហើយ​ប្រជាពលរដ្ឋ​ពិការ​ជើង​ម្នាក់ បើក​កាណូត​មក​បាញ់​មក​លើ​រូប​ខ្ញុំ​តែ​ម្ដង​ទៅ។ ដោយ​ដំបូង​ឡើយ​គេ​បាញ់​ចំនួន ២​គ្រាប់ ហើយ​ក្រោយ​គេ​បាន​ប្រើ​កាំភ្លើង​អឹមសី​បាញ់​ចំនួន ៣​គ្រាប់​បន្ថែម​ទៀត ដែល​ការ​បាញ់​ទាំងអស់​នោះ គឺ​គេ​បម្រុង​បាញ់​សម្លាប់​ខ្ញុំ​តែ​ម្ដង»

លោក​បន្ត​ថា មន្ត្រី​ទាហាន​សឹក​រង​ដែល​ដេញ​បាញ់​នេះ កើត​មាន​បន្ទាប់​ពី​រូប​លោក​ផ្ដល់​ព័ត៌មាន​ជុំវិញ​បទល្មើស​នេសាទ​ដល់​សមាជិក​សភា​ខេត្ត​បាត់ដំបង។

បច្ចុប្បន្ន មន្ត្រី​នេសាទ​ទាំង​ពីរ​នាក់​នោះ កំពុង​រត់​គេច​ខ្លួន​ពី​ការ​បាញ់​របស់​មន្ត្រី​ទាហាន​នោះ​នៅ​ឡើយ។

ទាក់ទង​នឹង​បញ្ហា​នេះ នាយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ព្រៃចាស់ លោក វាសនា មាន​ប្រសាសន៍​ថា ការ​បាញ់​បោះ​នេះ​ដោយសារ​មន្ត្រី​ទាហាន​រូប​នោះ​ផឹក​ស្រា​ស្រវឹង ហើយ​កើត​រឿង​ជម្លោះ​ពាក្យ​សម្ដី​គ្នា​នៅ​ក្នុង​វង់​ផឹក​ស៊ី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក

ហេតុអី បានជា ទាហានសឹករង លោក ឆៃ លាង ក្បត់ជាតិ បំផ្លាញមច្ឆាជាតិ ខ្លួនអែង ?

Mar 18, 2015 01:20 AM

គេហទំព័រ​ទាំងមូល