ប្រជា​នេសាទ​ខេត្ត​កំពង់ឆ្នាំង​ថា​បទល្មើស​នេសាទ​គ្មាន​សមត្ថកិច្ច​បង្ក្រាប

ដោយ ជិន ជេដ្ឋា
2015.08.31
នេសាទ កំពង់ឆ្នាំង ៦១០ សកម្មភាព​អូស​អួន​របស់​ជនជាតិ​វៀតណាម ពេល​ថ្ងៃ នៅ​ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង កាល​ពី​ថ្ងៃ​ទី​៤ ខែ​ឧសភា ឆ្នាំ​២០១៤។
Provided Photo

ប្រជា​នេសាទ​នៅ​ឃុំ​ពោធិ៍ ស្រុក​កំពង់លែង ខេត្ត​កំពង់ឆ្នាំង ត្អូញត្អែរ​រឿង​ដាក់​មង និង​ចង​សន្ទូច​លែង​បាន​ត្រី ដោយសារ​មាន​បទល្មើស​របាំង​ព្រួល​ដាក់​លប​ច្រើន​នៅ​ក្នុង​មូលដ្ឋាន​របស់​ពួក​គាត់។ បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង អះអាង​ថា ក្រុម​មន្ត្រី​ជំនាញ​នឹង​ចុះ​បង្ក្រាប​បទល្មើស​នៅ​ទីតាំង​នេះ និង​បទល្មើស​ស្បៃ​មុង​នៅ​ក្នុង​បឹង​ទន្លេសាប​ពីរ​ទីតាំង​ផ្សេង​ទៀត ដើម្បី​ទប់ស្កាត់​បទល្មើស​នេះ​ឲ្យ​បាន​ទាន់​ពេលវេលា។

អ្នក​ភូមិ​ពាមទន្លា នៃ​ឃុំ​ពោធិ៍ ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៣០ ខែ​សីហា ថា របាំង​ព្រួល​ដាក់​លប​ចំនួន ៣​ខ្សែ​ប្រវែង​ចន្លោះ​ពី ៣០០​ម៉ែត្រ ទៅ ៤០០​ម៉ែត្រ ចាប់​ពី​ចំណុច​វត្ត​កំពង់បាចិន រហូត​ដល់​ភ្នំ​ត្រង់ ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ការ​នេសាទ​ត្រី​ជា​លក្ខណៈ​គ្រួសារ​របស់​អ្នក​ភូមិ។ ពលរដ្ឋ​បញ្ជាក់​ថា បទល្មើស​របាំង​ព្រួល​នេះ កើត​មាន​តាំង​ពី​រដូវ​ទឹក​ទន្លេ​ឡើង​នៅ​អំឡុង​ខែ​មិថុនា ឆ្នាំ​២០១៥ ប៉ុន្តែ​មិន​ឃើញ​មន្ត្រី​ជំនាញ​ជលផល​ចុះ​បង្ក្រាប​ទេ។

ប្រជាពលរដ្ឋ​ម្នាក់ លោក ស្រី សាវឿន មាន​ប្រសាសន៍​ថា គ្រួសារ​លោក និង​អ្នក​ភូមិ​ក្បែរ​ខាង ត្អូញត្អែរ​ថា ពួក​គាត់​នេសាទ​ជា​លក្ខណៈ​គ្រួសារ​លែង​បាន​ត្រី​ហូប ដោយសារ​របាំង​ព្រួល​បាំង​ជុំ​ជិត ខណៈ​ត្រី​ក្នុង​ទន្លេ​កាន់​តែ​ខ្សត់​នោះ៖ «ខ្ញុំ​សំណូមពរ​ឲ្យ​រដ្ឋាភិបាល ចុះ​មក​មើល​អា​បញ្ហា​លប​រ៉ាវ​ផង ព្រោះ​ប្រជាជន​ដាក់​មង​នេសាទ​តិចតួច​តាម​គ្រួសារ​អត់​បាន​ទេ បើ​លប​រ៉ាវ​យក​អស់​រលីង​ឆិញ ហើយ​ហ្នឹង។ អូ! ដាក់​តាំង​ពី​ទឹក​ឡើង​មក​រហូត​ដល់​សព្វថ្ងៃ​នេះ​ឯង»

ឆ្លើយ​តប​បញ្ហា​នេះ នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​កំពង់ឆ្នាំង លោក សោម ភិរុណ បញ្ជាក់​ថា កាល​ពី​បី​សប្ដាហ៍​មុន ជំនាញ​ខាង​លោក​បាន​ចុះ​ត្រួត​ពិនិត្យ​បទល្មើស​នៅ​តំបន់​នោះ ប៉ុន្តែ​មិន​ឃើញ​មាន​ជា​ទ្រង់ទ្រាយ​ធំ ឬ​របាំង​ប្រវែង​វែង​នោះ​ទេ គឺ​មាន​ពលរដ្ឋ​ដាក់​របាំង​ខ្លីៗ​ប៉ុណ្ណោះ។ យ៉ាង​ណា លោក​ថា ក្រែង​មាន​បទល្មើស ខណៈ​ទឹក​ទន្លេ​ឡើង​វិញ​បន្តិច​នោះ លោក​នឹង​ចុះ​ពិនិត្យ​នៅ​ទីតាំង​នោះ​ម្ដង​ទៀត​នៅ​ថ្ងៃ​ទី​៣១ ខែ​សីហា៖ «ហើយ​ការ​ដាក់​ហ្នឹង​មិន​មែន​ថា​ដាក់​ទៅ​ខុស​ទាំង​ស្រុង​ទេ ព្រោះ​ច្បាប់​ក៏​មាន​ការ​អនុញ្ញាត​អនុគ្រោះ​ឲ្យ​គាត់​ធ្វើ ដើម្បី​ជីវភាព​ប្រចាំ​ថ្ងៃ ប៉ុន្តែ​បើ​លក្ខណៈ​ទ្រង់ទ្រាយ​ធំ យើង​នឹង​ធ្វើ​ការ​អប់រំ និង​កាត់​តម្រឹម​ឲ្យ​នៅ​ខ្លី ហើយ​បើ​អប់រំ​ណែនាំ​គាត់​មិន​ស្ដាប់ យើង​មាន​វិធានការ​រុះរើ​តែ​ម្ដង»

លោក សោម ភិរុណ ឲ្យ​ដឹង​ថា បទល្មើស​នេសាទ​គ្រប់​ប្រភេទ​ក្នុង​ខេត្ត​កំពង់ឆ្នាំង មិន​សូវ​មាន​ច្រើន​ដូច​កាល​ពី​ឆ្នាំ​២០១៤ ឡើយ ដោយសារ​ឆ្នាំ​២០១៥ នេះ ទឹក​ទន្លេ​មិន​ឡើង​ច្រើន​សាយ​ទឹក​ចូល​ព្រែក ឬ​បឹង​ដែល​ជា​ជម្រក​ត្រី​ពង​កូន ហើយ​ជនល្មើស​មិន​អាច​ឆ្លៀត​ឱកាស​ប្រព្រឹត្ត​បទល្មើស​នៅ​តាម​ព្រែក ឬ​បឹង​ទាំង​នោះ​បាន។

មន្ត្រី​អង្គការ​ក្រៅ​រដ្ឋាភិបាល​ធ្វើ​ការ​លើ​វិស័យ​ជលផល និង​ប្រជា​នេសាទ​អះអាង​ថា ទិន្នផល​ត្រី​ក្នុង​បឹង​ទន្លេសាប​បាន​ថយ​ចុះ​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ដោយ​កត្តា​បទល្មើស​ប្រើ​ឧបករណ៍​ទំនើបៗ បម្រែ​បម្រួល​អាកាសធាតុ និង​កត្តា​អ្នក​នេសាទ​មាន​កាន់​តែ​ច្រើន​ឡើង។ បញ្ហា​នេះ បាន​ធ្វើ​ឲ្យ​ប្រជា​នេសាទ​ខ្លះ បង្ខំ​ចិត្ត​ចិញ្ចឹម​ត្រី​នៅ​តាម​បៀ ឬ​ត្រពាំង ដោយ​ផ្ដល់​ចំណី​មាន​សារធាតុ​គីមី​បំប៉ន ដើម្បី​ឆ្លើយ​តប​នឹង​តម្រូវ​ការ​ទីផ្សារ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។