មន្ត្រីបក្សប្រឆាំងថាអង្គការក្រៅរដ្ឋាភិបាលមួយកាងបទល្មើសនេសាទនៅកំពង់ឆ្នាំង
2014.01.31
នៅក្នុងរបាយការណ៍ស៊ើបអង្កេតរបស់គណបក្សប្រឆាំង ទាក់ទងនឹងបទល្មើសនេសាទស៊ីប និងអួនទំនើប ដោយប្រើកម្លាំងម៉ាស៊ីន បានចង្អុលបង្ហាញចំៗទៅលើឈ្មោះជនល្មើសដែលជាជនជាតិវៀតណាម ចំនួន ១១នាក់ និងមន្ត្រីអង្គការការពារ និងអភិរក្សសត្វព្រៃ ព្រៃឈើ និងជលផលចំនួន ២នាក់ ដែលបានឃុបឃិតគ្នាបង្កឲ្យមានវិនាសកម្មធនធានជលផលនៅកម្ពុជា។
មន្ត្រីក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង មកពីគណបក្ស សម រង្ស៊ី និងជាសកម្មជនគាំទ្រគណបក្សសង្គ្រោះជាតិ លោក ដួង ចន្ដ្រា មានប្រសាសន៍ថា លោក និងក្រុមការងារ បានចំណាយពេលជាច្រើនថ្ងៃ ដើម្បីវែករកមុខជនល្មើស និងអ្នកនៅពីក្រោយខ្នងនៃការប្រព្រឹត្តបទល្មើសយ៉ាងអនាធិបតេយ្យនៅលើផ្ទៃបឹងទន្លេសាប។
លោកបញ្ជាក់ថា ជនល្មើសទាំង ១១នាក់ ដែលក្រុមលោកបានធ្វើការសាកសួរ ក្នុងនោះមាន ៥នាក់រស់នៅភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង និង ៦នាក់ទៀតរស់នៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង សុទ្ធតែបានឆ្លើយថា អាជ្ញាធរមូលដ្ឋាន និងប្រធានប្រចាំតំបន់ឈ្មោះ ស៊ឹម សារ៉ាត់ និងប្រធានប្រចាំខេត្តឈ្មោះ ជា វុត្ថា នៃអង្គការការពារ និងអភិរក្សសត្វព្រៃ ព្រៃឈើ និងជលផល ប្រចាំខេត្តកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងនៃបទល្មើសទាំងនេះ៖ «សព្វថ្ងៃនេះ ចរាចរនៃបទល្មើសកំពុងតែអនុវត្ដនៅកំពង់ឆ្នាំង យើង គឺមាន ១១នាក់។ យើងបានថតរូបបាន ហើយចាប់នៅពេលដែលពួកល្មើសទាំងនេះទៅនេសាទខុសច្បាប់នៅក្នុងដែនខេត្តកំពង់ឆ្នាំង យើង ហើយសព្វថ្ងៃនេះ ក៏មានឧបករណ៍នេសាទចំនួន ២៥ ទៀត ដែលកំពុងតែត្រៀមបង្កើតឡើង ដើម្បីធ្វើការនេសាទខុសច្បាប់នេះផងដែរ»។
ឆ្លើយតបនឹងបញ្ហានេះ ប្រធានប្រចាំតំបន់នៃអង្គការការពារ និងអភិរក្សសត្វព្រៃ ព្រៃឈើ និងជលផល ប្រចាំខេត្តកំពង់ឆ្នាំង លោក ស៊ឹម សារ៉ាត់ បានបដិសេធយ៉ាងខ្លីថា លោកមិនបានជាប់ពាក់ព័ន្ធនឹងបទល្មើសនេសាទអ្វីឡើយ៖ «អូនឯងចង់ធ្វើអីធ្វើទៅ ព្រោះបងអត់មានទេ បងសុំបដិសេធរឿងការងារពាក់ព័ន្ធជាមួយនឹងបទល្មើសនេសាទ ព្រោះបងកំពុងស្អប់អារឿងល្មើសនេសាទ។ អ្នកដែលរាយការណ៍ឲ្យប្អូនឯងស៊ើបអង្កេតតែអាអ្នករាយការណ៍ឲ្យច្បាស់ទៅ មិនបាច់ទាក់ទងមកបងទៀតទេ បានហើយ»។
បទល្មើសនេសាទស៊ីប និងអួនក្រឡាទំនើប ដោយប្រើកម្លាំងម៉ាស៊ីនជាច្រើនគ្រឿង បានកើតមានយ៉ាងអនាធិបតេយ្យនៅលើផ្ទៃបឹងទន្លេសាបប៉ែកខាងជើង នៃក្រុងកំពង់ឆ្នាំង។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងប្រធានរដ្ឋបាលជលផលខេត្តកំពង់ឆ្នាំង លោក សេង ប៊ុនឈឿន ដើម្បីសុំការអត្ថាធិប្បាយបន្ថែមជុំវិញបញ្ហានេះបានទេ នៅថ្ងៃទី៣០ ខែមករា។
មន្ត្រីសម្របសម្រួលសមាគមអាដហុក (Adhoc) ប្រចាំខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ចគា ថ្លែងថា នៅក្នុងរយៈពេលប៉ុន្មានខែក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៥ មន្ត្រីអនុវត្តន៍ច្បាប់ ហាក់មានភាពអសកម្មក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីបម្រើប្រជាពលរដ្ឋ និងទប់ស្កាត់នូវបទល្មើសផ្សេងៗឲ្យមានប្រសិទ្ធភាពឡើយ៖ «ខ្ញុំឃើញការបរាជ័យក្នុងការបង្ក្រាបបទល្មើសផ្សេងៗ ព្រៃឈើ ក៏ដូចជានេសាទនេះ មន្ត្រីថ្នាក់ក្រោមហ្នឹងហាក់ដូចជាលែងគោរព លែងខ្លាចមេដឹកនាំរបស់ខ្លួនហើយ ជាសម្ដីរបស់នាយករដ្ឋមន្ត្រី មកលើមន្ត្រីអនុវត្តន៍ទាំងអស់ហ្នឹងហើយ»។
មន្ត្រីគណបក្សប្រឆាំង បានដាក់របាយការណ៍ស៊ើបអង្កេតទាក់ទងនឹងបទល្មើសនេសាទរបស់ខ្លួន ទៅក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង និងស្នើសុំឲ្យលប់ឈ្មោះអង្គការការពារ និងអភិរក្សសត្វព្រៃ ព្រៃឈើ និងជលផល ចេញពីបញ្ជីរបស់ក្រសួងមហាផ្ទៃ។ មន្ត្រីគណបក្សប្រឆាំង ព្រមានលើកយកបញ្ហាបទល្មើសនេសាទនៅខេត្តកំពង់ឆ្នាំង នេះ ដាក់ទៅអង្គភាពប្រឆាំងអំពើពុករលួយ និងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត ដើម្បីឲ្យចាត់វិធានការតាមផ្លូវច្បាប់ទៅលើអាជ្ញាធរ មន្ត្រីជំនាញ និងអ្នកពាក់ព័ន្ធផ្សេងទៀត ប្រសិនបើគ្មានដំណោះស្រាយក្នុងពេលឆាប់ៗទេនោះ៕