ជនបរទេសដែលអគ្គនាយកដ្ឋានអន្តោប្រវេសន៍របស់ក្រសួងមហាផ្ទៃគ្រោងនឹងចាប់បញ្ជូនចេញនោះ មានជនជាតិឥណ្ឌូណេស៊ី ១៦ នាក់ ជនជាតិចិន ៤ នាក់ និងជនជាតិវៀតណាម ២ នាក់ នឹងបញ្ជូនចេញទៅប្រទេសកំណើតរបស់ខ្លួនវិញក្នុងពេលខាងមុខនេះ ហើយនឹងមិនអនុញ្ញាតឱ្យចូលមកកាន់ប្រទេសកម្ពុជា ម្ដងទៀតទេ។
អ្នកនាំពាក្យអគ្គនាយកដ្ឋានអន្តោប្រវេសន៍នៃក្រសួងមហាផ្ទៃបញ្ជាក់ថា មូលហេតុនៃការយឺតយ៉ាវក្នុងការបណ្ដេញជនបរទេសទាំងនោះចេញពីកម្ពុជា គឺដោយសារតែជាធម្មតាខាងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវរង់ចាំអគ្គស្នងការនគរបាលជាតិបញ្ជូនជនសង្ស័យមកសិន។ ប៉ុន្តែមុននឹងអគ្គស្នងការនគរបាលជាតិចាប់បញ្ជូនមកត្រូវដាក់ឱ្យធ្វើចត្តាឡឺស័កចំនួន ១៤ ថ្ងៃសិន។
លោកបន្ថែមថា នៅពេលណាជនបរទេសទាំងនោះមកដល់នាយកដ្ឋានអន្តោប្រវេសន៍ នាយកកដ្ឋានត្រូវសុំនីតិវិធីប្រកាសពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ហើយចាំរហូតដល់ពេលចេញសេចក្ដីប្រកាសទើប អគ្គនាយកដ្ឋានអន្តោប្រវេសន៍អាចបណ្ដេញចេញពីកម្ពុជាបាន។
ទាក់ទិនទៅនឹងសំនួរដែលសួរថា តើហេតុអ្វីបានជាជនបរទេសទាំងនោះមិនកាត់ឱ្យជាប់ទោសនៅកម្ពុជា។ លោក កែវ វណ្ណថន បញ្ជាក់ថា មានករណីកន្លងមកជនបរទេសជាច្រើន ធ្លាប់កាត់ឱ្យទទួលទោសនៅកម្ពុជា ជាមុនសិន មុននឹងសម្រេចបណ្ដេញចេញ តែលោកមិនបានបញ្ជាក់ថា មានជនបរទេសប៉ុន្មាននាក់ដែលតុលាការកាត់ឱ្យជាប់ទោសនៅកម្ពុជា មុននឹងសម្រេចបណ្ដេញចេញនោះ៖ «កន្លងមកយើងកាត់ទោសជាច្រើនដែលពាក់ព័ន្ធ នឹងបម្រាមរបស់រាជរដ្ឋាភិបាល បម្រាមក្រសួងសុខាភិបាល។យើងកាត់ទោស ក្រោយកាត់ទោសបានយើង បណ្ដេញចេញ។ ប៉ុន្តែករណីខ្លះគ្រាន់តែបទល្មើសអន្តោប្រវេសន៍ស្នាក់នៅលើសទិដ្ឋាការកំណត់ យើងអនុវត្តន៍ច្បាប់អន្តោប្រវេសន៍បណ្ដេញចេញ មិនមែនអត់កាត់ទោសទេ កន្លងមកយើងកាត់ទោសច្រើនដែរ»។
សមត្ថកិច្ចខេត្តកំពង់ស្ពឺកាលពីថ្ងៃទី២១ ខែមេសា បានចាប់ឃាត់ខ្លួនជនជាតិឥណ្ឌូណេស៊ីចំនួន ១៦ នាក់ និងជនជាតិខ្មែរ ២ នាក់ក្រោយពីបានធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅខេត្តមួយ ដែលបំពានបម្រាមបិទខ្ទប់របស់រដ្ឋាភិបាល។ ចំណែកជនជាតិចិន ៤ នាក់ និងជនជាតិវៀតណាម ២ នាក់ ត្រូវសមត្ថកិច្ចក្រុងភ្នំពេញ និងខេត្តព្រះសីហនុចាប់ខ្លួនពីបទបំពានបម្រាមរដ្ឋាភិបាលដូចគ្នានេះដែរ។
នាយករងអង្គការលីកាដូទទួលបន្ទុកសិទ្ធិមនុស្សលោកអំ សំអាត និយាយថា បើជនបរទេសណាបានប្រព្រឹត្តខុសច្បាប់កម្ពុជា អគ្គនាយកដ្ឋានអន្តោប្រវេសន៍ត្រូវតែអនុវត្តន៍ច្បាប់ឱ្យបានតឹងរឹង ដោយមិនប្រកាន់ជនជាតិណាទេ ដើម្បីឱ្យមានភាពស្មើគ្នាចំពោះមុខច្បាប់៖ «វាទាក់ទងនៃការរីករាលដាលនៃជំងឺកូវីដអីចឹង។ អាជ្ញាធរក៏មានការប្រយ័ត្នប្រយែងជាងមុនដែរ ហើយក៏វាពិបាក នៅក្នុងការបណ្ដេញចេញលឿនៗអីចឹង ហើយឧបសគ្គទាំងអស់នេះ ដែលអាជ្ញាធរត្រូវអនុវត្តច្បាប់អន្តោប្រវេសន៍ហើយត្រូវបណ្ដេញចេញ»។
សមត្ថកិច្ចខេត្តស្វាយរៀង កាលពីថ្ងៃទី២ ខែឧសភា បានបញ្ជូនជនជាតិចិន និងវៀតណាមចំនួនជាង ១៣០នាក់ ឱ្យទៅធ្វើចត្តាឡឺស័កក្រោយពីបានឆ្លងដែនពីប្រទេសវៀតណាមតាមច្រកព្រំដែនបាវិតខេត្តស្វាយរៀង ក្នុងពេលដែលកម្ពុជាកំពុងរឹតបណ្ដឹងការធ្វើដំណើរដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ចូលទៅក្នុងសហគមន៍។
ទាក់ទិននឹងសំណុំរឿងជនជាតិចិននេះផងដែរ សមត្ថកិច្ចខេត្តស្វាយរៀង កាលពីថ្ងៃទី២២ ខែមេសា បានឃាត់ខ្លួន មន្ត្រីយោធាពាក់ផ្កាយ២ ឈ្មោះ ស៊ុំ ពៅ អនុប្រធានក្រុមការងារស្រាវជ្រាវយុទ្ធសាស្ត្រយោធានៃអគ្គបញ្ជាការកងយោធពលខេមរភូមិន្ទ និងបក្ខពួកចំនួន ៦ នាក់ ផ្សេងទៀត ជាជនជាតិខ្មែរបញ្ជូនទៅតុលាការ ដោយសារជាប់ចោទពីរត់ពន្ធជនជាតិចិន ២៨នាក់ បម្រុងលួចដឹកឆ្លងដែន ទៅប្រទេសវៀតណាម។ បច្ចុប្បន្ន មន្ត្រីយោធា ផ្កាយ២ និងបក្ខពួក ត្រូវបានតុលាការខេត្តស្វាយរៀងឃុំខ្លួនបណ្ដោះអាសន្ន ពាក់ព័ន្ធនឹងល្មើសបម្រាបបិទខ្ទប់។ ចំណែកជនជាតិចិន ទាំង ២៨ នាក់អាជ្ញាធរតម្រូវឲ្យធ្វើចត្តាឡឺស័កនៅក្រុងបាវិត មុននឹងសម្រេចបញ្ជូនទៅជំនុំជម្រះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។