ជនជាតិ​ដើម​ភាគ​តិច​ខេត្ត​រតនគិរី​ចាត់​ទុក​បណ្ឌិត កែម ឡី ថា​ជា​អ្នក​ស្នេហា​ជាតិ​ស្រឡាញ់​ទឹក​ដី

ដោយ រដ្ឋា វិសាល
2016.07.24
ដង្ហែ​សព កែម ឡី ទៅ​តាកែវ ២០១៦ ៨៥៥ ទិដ្ឋភាព​នៃ​ពិធី​ដង្ហែ​សព​បណ្ឌិត កែម ឡី ទៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA

ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី ភាគ​ច្រើន​មិន​បាន​រៀបចំ​ពិធី​បុណ្យ ឬ​ចូលរួម​ជូន​ដំណើរ​ចុង​ក្រោយ​នៃ​បុណ្យ​សព​បណ្ឌិត កែម ឡី ដែល​ត្រូវ​បាន​មនុស្ស​រាប់​សែន​នាក់​នាំ​គ្នា​ដង្ហែ​ទៅ​កាន់​ខេត្ត​តាកែវ នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា នេះ​ទេ ក៏ប៉ុន្តែ​ទាំង​ប្រជាពលរដ្ឋ តំណាង​គណបក្ស​នយោបាយ និង​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន បង្ហាញ​សមាន​ចិត្ត​ជា​សារ​ចូលរួម​មរណភាព​បណ្ឌិត កែម ឡី សម្រាប់​កូន​ខ្មែរ​គ្រប់​រូប​ចងចាំ។

ប្រជាពលរដ្ឋ​នៅ​ខេត្ត​រតនគិរី នៅ​តែ​ប្រកប​របរ​ចិញ្ចឹម​ជីវិត​ដូច​ធម្មតា​នៅ​ថ្ងៃ​ទី​២៤ ខែ​កក្កដា មិន​ឃើញ​មាន​សកម្មភាព​ធំ​ដុំ​ណា​ពាក់ព័ន្ធ​ទៅ​នឹង​ការ​ចូលរួម​ជូន​ដំណើរ​សព​បណ្ឌិត កែម ឡី នៅ​ថ្ងៃ​ចុង​ក្រោយ​នៃ​បុណ្យ​សព​លោក​ឡើយ។

សភាព​ស្ងប់ស្ងាត់​នេះ មិន​មែន​មាន​ន័យ​ថា ប្រជាពលរដ្ឋ​មិន​បាន​ចាប់​អារម្មណ៍ ឬ​ឈឺ​ឆ្អាល​ចំពោះ​ការ​បាត់បង់​ធនធាន​មនុស្ស​ដ៏​សំខាន់ គឺ​បណ្ឌិត កែម ឡី នោះ​ទេ។ តាម​រយៈ​ការ​ជជែក​គ្នា​ជា​លក្ខណៈ​មិត្តភាព​នៅ​តាម​ហាង​កាហ្វេ នៅ​ការិយាល័យ​ធ្វើ​ការ ឬ​ការ​បង្ហោះ​ទស្សនៈ​នៅ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក (Facebook) ប្រជាពលរដ្ឋ​មួយ​ចំនួន​បង្ហាញ​ការ​ឈឺ​ចាប់ ខ្លះ​ស្ដាយ​ស្រណោះ ខ្លះ​ទៀត​ស្រែក​ទាមទារ​ឲ្យ​រាជ​រដ្ឋាភិបាល ស្វែងរក​ឃាតក និង​អ្នក​ពាក់ព័ន្ធ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី មក​ផ្ដន្ទាទោស។

ជនជាតិ​ដើម​ភាគ​តិច​គ្រឹង រស់នៅ​ឃុំ​អូរជុំ ស្រុក​អូរជុំ លោក ជុ សាវាត ចាត់​ទុក​បណ្ឌិត កែម ឡី ថា​ជា​ខ្មែរ​ស្នេហា​ជាតិ​ស្រឡាញ់​ទឹក​ដី ព្រំដែន ព្រៃ​ឈើ និង​ជាពិសេស​បាន​ចូលរួម​ផ្សព្វផ្សាយ​អប់រំ​ជនជាតិ​ដើម​ភាគ​តិច​ឲ្យ​យល់​ដឹង​សិទ្ធិ​មនុស្ស និង​ការ​អភិវឌ្ឍ។ លោក​សម្ដែង​ការ​សោកស្ដាយ​ចំពោះ​ការ​បាត់បង់​កុលបុត្រ​ខ្មែរ​ដ៏​ថ្លៃថ្លា ដែល​ជានិច្ចកាល ការងារ​របស់​លោក​បាន​បម្រើ​ផល​ប្រយោជន៍​ប្រជាពលរដ្ឋ​ពិត​ប្រាកដ៖ «មិន​ថា​គ្រឹង ទំពួន ព្រៅ កាវេត ព្នង នៅ​ខេត្ត​រតនគិរី គេ​សោកស្ដាយ​ថា​មនុស្ស​ដឹក​នាំ​ប្រទេស​ជាតិ​ឲ្យ​រីក​ចម្រើន គេ​សម្លាប់​ចោល​ទៅ​វិញ ធ្វើ​ឲ្យ​ហិនហោច​ប្រទេស​កម្ពុជា។ ភាសា​ខ្មែរ​គាត់​ថា​ការពារ​ព្រៃ​ឈើ ព្រំដែន​ដី​យើង​ឲ្យ​បាន​គង់វង្ស។ គំនិត​ខ្ញុំ ថ្ងៃ​របស់​គាត់​អត់​ចេះ​ភ្លេច​ទេ ឲ្យ​ត​ពូជ​កូន​ចៅ​រៀន​សូត្រ​ដូច​គាត់​ឲ្យ​ខ្មែរ​រីក​ចម្រើន»

បណ្ឌិត កែម ឡី ធ្លាប់​បាន​ធ្វើ​ដំណើរ​មក​កាន់​ខេត្ត​រតនគិរី ជាពិសេស​នៅ​អំឡុង​ឆ្នាំ​២០១៤។ លោក​បាន​ស្រាវជ្រាវ​ទៅ​លើ​លំហូរ​ចូល​នៃ​ពលរដ្ឋ​វៀតណាម ជា​អន្តោប្រវេសន៍​ខុស​ច្បាប់​កាន់​តែ​ច្រើន​នៅ​ខេត្ត​ដែល​មាន​ព្រំដែន​ជាប់​នឹង​ប្រទេស​វៀតណាម មួយ​នេះ។ លើស​ពី​នេះ​ទៀត លោក​ក៏​បាន​វិភាគ​រិះគន់​ធ្ងន់ៗ​ទៅ​លើ​នយោបាយ​កាន់​កាប់​ដី​សម្បទាន​សេដ្ឋកិច្ច​របស់​ក្រុមហ៊ុន​វៀតណាម ថា​ជា​ចេតនា​លេប​ត្របាក់​ទឹក​ដី​ប្រទេស​កម្ពុជា។

មន្ត្រី​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​សមាគម​អាដហុក (ADHOC) ខេត្ត​រតនគិរី លោក ឆាយ ធី ក្រៅ​ពី​បង្ហោះ​ក្នុង​បណ្ដាញ​ហ្វេសប៊ុក ពី​ទស្សនៈ​សោកស្ដាយ និង​ចាត់​ទុក​បណ្ឌិត កែម ឡី ជា​វីរជន​ហ៊ាន​វិភាគ​រិះគន់​ដោយ​មិន​សំចៃ​មាត់​ពី​បញ្ហា​អសកម្ម​របស់​រាជ​រដ្ឋាភិបាល និង​មន្ត្រី​ស្ថាប័ន​រដ្ឋ​មួយ​ចំនួន​នោះ លោក​ប៉ង​ប្រាថ្នា​ចង់​ឲ្យ​កូន​ខ្មែរ​ស្នេហា​ជាតិ​ផ្សេង​ទៀត ធ្វើ​តាម​វីរភាព​របស់​បណ្ឌិត កែម ឡី ជា​ជាង​ឆ្លៀត​កេង​ចំណេញ​ពី​មរណភាព​របស់​បណ្ឌិត កែម ឡី ដើម្បី​ប្រយោជន៍​ផ្ទាល់​ខ្លួន ឬ​ប្រយោជន៍​បក្ស​នយោបាយ​ណា​មួយ​នោះ៖ «បណ្ឌិត កែម ឡី គាត់​និយាយ​ក្នុង​ន័យ​ផ្តល់​មតិ​យោបល់ ដើម្បី​ប្រយោជន៍​ជាតិ​ទេ មិន​មែន​ដើម្បី​បក្ស​នយោបាយ​ណា​មួយ​ឡើយ ប៉ុន្តែ​នៅ​ពេល​គាត់​ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់ ស្ថាប័ន​មួយ​ចំនួន​ដែល​គាត់​គិត​ថា​អាច​ទាញ​យក​ប្រយោជន៍​ពី​សព​បណ្ឌិត កែម ឡី ក្នុង​ការ​ប្រកួត​ប្រជែង​ផ្នែក​នយោបាយ»

បណ្ឌិត កែម ឡី ត្រូវ​បាន​ឃាតក​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា នៅ​ស្ដារ​ម៉ាត (Star Mart) នៃ​ស្ថានីយ​ប្រេង​ឥន្ធនៈ​កាល់តិច (Caltex) ស្តុប​បូកគោ ខណ្ឌ​ចំការមន ក្រុង​ភ្នំពេញ។ បន្ទាប់​ពី​មរណភាព​ដ៏​រន្ធត់​នេះ មជ្ឈដ្ឋាន​ប្រជាពលរដ្ឋ អ្នក​នយោបាយ មន្ត្រី​សង្គម​ស៊ីវិល និង​មជ្ឈដ្ឋាន​អន្តរជាតិ​ខ្លះ ផ្ដោត​ការ​ទទួល​ខុស​ត្រូវ​បញ្ហា​នេះ​ទៅ​លើ​រាជ​រដ្ឋាភិបាល​នៃ​គណបក្ស​ប្រជាជន​កម្ពុជា។ ចំណែក​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​មន្ត្រី​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា ភ្ជាប់​ហេតុការណ៍​នេះ​ទៅ​លើ​គណបក្ស​ប្រឆាំង ថា​ល្បិច​ស្វា​លួច​ស៊ី​បាយ ហើយ​លាប​មាត់​ពពែ និង​ដោយឡែក​មជ្ឈដ្ឋាន​មួយ​ចំនួន​ទៀត ក៏​បាន​បំផុស​ឲ្យ​ខ្មែរ​ប្រុង​ប្រយ័ត្ន​ទៅ​ក្រុម​ជន​បរទេស​ដែល​ហៅ​ថា​បាត​ដៃ​ទី​បី បង្កើត​បញ្ហា​នេះ​ឡើង​ដើម្បី​បំបាក់​បំបែក​លាប​ពណ៌​ឲ្យ​ខ្មែរ​ឈ្លោះ​គ្នា ហើយ​ពួក​គេ​កេង​យក​ចំណេញ​ពី​បញ្ហា​នេះ។

អនុប្រធាន​គណៈកម្មាធិការ​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​រតនគិរី លោក អ៊ឹម អឿន ចាត់​ទុក​ការ​លាប​ពណ៌​គ្នា​ទាក់ទិន​គណបក្ស​នយោបាយ ឬ​ការ​ចោទ​ប្រកាន់​ទៅ​លើ​រាជ​រដ្ឋាភិបាល ទាក់ទិន​អំពើ​ឃាតកម្ម​ទៅ​លើ​បណ្ឌិត កែម ឡី ថា​ជា​រឿង​បុគ្គល មិន​ឆ្លុះ​បញ្ចាំង​ពី​ការ​ពិត​នោះ​ទេ។ លោក​ថា អ្វី​ដែល​ពលរដ្ឋ​ខ្មែរ​គួរ​ធ្វើ គឺ​ទឹក​ចិត្ត​ស្ដាយ​ស្រណោះ​កុលបុត្រ​ខ្មែរ គឺ​បណ្ឌិត កែម ឡី ដែល​បាន​បន្សល់​នូវ​គុណធម៌ និង​គុណ​ប្រយោជន៍​ជា​គំរូ​សម្រាប់​អ្នក​ជំនាន់​ក្រោយ​ប្រតិបត្តិ​តាម៖ «រដ្ឋាភិបាល​គាត់​គ្រប់គ្រង​ដឹក​នាំ​ប្រទេស​ជាតិ អ្វី​កើត​ឡើង​គេ​ទម្លាក់​ទៅ ខ្ញុំ​មិន​ថា​ម៉េច​ធ្ងន់ធ្ងរ​ទេ។ គេ​អ្នក​ថា​អ្វី​ដែល​គេ​យល់​ថា ត្រូវ​គេ​ថា​ទៅ​សម្រាប់​ខ្ញុំ ខ្ញុំ​មិន​ថា ហើយ​ខ្ញុំ​មិន​ប៉ះ ខ្ញុំ​មិន​ដុត​ថែម។ ខ្ញុំ​ចូលរួម​សោកស្ដាយ​ប្រជាពលរដ្ឋ​អ្នក​ចេះ​ដឹង​យើង​ម្នាក់ ចង់​បាន​ឲ្យ​ខ្មែរ​យើង​មាន​អ្នក​ចេះ​ដឹង​ដូច​បណ្ឌិត កែម ឡី បន្ត​ជំនាន់​ក្រោយ​ទៀត»

មនុស្ស​រាប់​សែន​នាក់​បាន​ចូលរួម​ដង្ហែ​សព​លោក​បណ្ឌិត កែម ឡី ទៅ​កាន់​ស្រុក​កំណើត​នៅ​ខេត្ត​តាកែវ ដែល​អ្នក​ចូលរួម​ទាំងអស់​ទាមទារ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​តែ​ស្វែងរក​យុត្តិធម៌​ជូន​លោក។ វិយោគកថា​ដែល​បន្សល់​សម្រាប់​ពលរដ្ឋ​ខ្មែរ ពោល​គឺ​បណ្ឌិត កែម ឡី ចាកចោល​យើង​ទៅ​មែន ក៏ប៉ុន្តែ​មតិ​យោបល់​ទស្សនៈ​ជាតិ​និយម​របស់​លោក នឹង​នៅ​ជាមួយ​យើង​រៀង​រហូត៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។