ឪពុក​កុមារី​រងគ្រោះ​ដោយ​ប៉ូលិស​ខេត្ត​ព្រះសីហនុ​ចាប់​រំលោភ​បន្ត​ស្វែងរក​យុត្តិធម៌

ដោយ អាស៊ីសេរី
2018.03.27
ឪពុក​កុមារី​រង​ការ​រំលោភ យ៉ង ប៊ុនលី ព្រះសីហនុ ៨៥៥ លោក យ៉ង ប៊ុនលី ឪពុក​កុមារី​រង​គ្រោះ​ដែល​រង​ការ​ចាប់​រំលោភ នៅ​ខេត្ត​ព្រះសីហនុ ផ្ដល់​បទសម្ភាសន៍​កាល​ពី​ថ្ងៃ​ទី​៨ ​ខែ​វិច្ឆិកា ឆ្នាំ​២០១៦។
Photo: RFA

ឪពុក​កុមារី​រងគ្រោះ​អាយុ ១១​ឆ្នាំ ដែល​ត្រូវ​អតីត​នគរបាល​ស្នងការដ្ឋាន​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ​កាលពី​ឆ្នាំ​២០១០ បន្ត​ស្វែងរក​យុត្តិធម៌​ពី​ថ្នាក់ដឹកនាំ​ប្រទេស។

អស់​រយៈពេល ជាង ៨​ឆ្នាំ​ហើយ ដែល​កូនស្រី​លោក​ត្រូវ​ជនល្មើស​ចាប់​រំលោភ ប៉ុន្តែ​សមត្ថកិច្ច​ស្ថាប័ន​ពាក់ព័ន្ធ នៅ​មិនទាន់​ចាប់ខ្លួន​ជនល្មើស យក​មក​ផ្ដន្ទាទោស ដើម្បី​ផ្ដល់​យុត្តិធម៌​ជូន​គ្រួសារ​គាត់​នៅ​ឡើយ​ទេ។

ឪពុក​កុមារី​រងគ្រោះ​លោក យ៉ុង ប៊ុនលី មាន​ទីលំនៅ​ក្នុង​ក្រុងព្រះសីហនុ បាន​សំណូមពរ​ដល់​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍​ទៅ​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​ក្រោម​ឱវាទ ឲ្យ​ជួយ​តាម​ចាប់​ជនល្មើស​មក​ផ្ដន្ទាទោស។ លោក​ក៏​បាន​ស្នើ​ឲ្យ​តុលាការ ជួយ​រឹបអូស​យក​ទ្រព្យសម្បត្តិ​ជនល្មើស ឈ្មោះ កង សុផាត ដើម្បី​ផ្ដល់​សំណង​ជំងឺ​ចិត្ត​ចំនួន ៤០​លាន​រៀល ឲ្យ​ស្របតាម​អំណាច​សាលដីកា​ស្ថាពរ របស់​តុលាការ​កំពូល។

អាណាព្យាបាល​រូប​នេះ បាន​ឲ្យ​ដឹង​ថា កូនស្រី​គាត់​ដែល​កាលណោះ​ទើប​មាន​អាយុ ១១​ឆ្នាំ ត្រូវ​ឈ្មោះ កង សុផាត ជា​អតីត​មន្ត្រី​នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ចាប់​រំលោភ កាលពី​ថ្ងៃ​ទី​១៥ ខែ​សីហា ឆ្នាំ​២០១០។ លោក​ថា គិត​មកដល់​ថ្ងៃ​ទី​២៦ ខែ​មីនា ឆ្នាំ​២០១៨ ជនល្មើស​នៅ​មាន​សេរីភាព​ក្រៅ​សំណាញ់​ច្បាប់​នៅឡើយ ទោះបី​តុលាការ​កំពូល សម្រេច​ចេញ​សាលដីកា​កាលពី​ថ្ងៃ​ទី​១៧ ខែ​តុលា ឆ្នាំ​២០១៦ ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត ជាប់​គុគ ៥​ឆ្នាំ និង​ពិន័យ​ប្រាក់ ៤០​លាន​រៀល​បែប​ណា​ក្ដី។ «»

មន្ត្រី​អង្គការ​ការពារ​សិទ្ធិមនុស្ស​ប្រចាំ​ខេត្ត​ព្រះសីហនុ​មួយ​ចំនួន​រួមមាន៖ សមាគម​អាដហុក (ADHOC) និង​អង្គការ​លីកាដូ (LICADHO) មាន​មន្ទិល​ថា បទល្មើស​ព្រហ្មទណ្ឌ​រំលោភ​ផ្លូវ​ភេទ​អនីតិជន​មួយ​ករណី​នេះ ហេតុអ្វី​បានជា​សាលាដំបូង​ខេត្ត​ព្រះសីហនុ អាច​អនុញ្ញាត​ឲ្យ​ជនល្មើស​ឈ្មោះ កង សុផាត រួច​ផុត​ពី​ការ​ផ្ដន្ទាទោស និង​រស់​នៅ​ក្រៅ​មន្ទីរឃុំឃាំង​បាន​ទៅវិញ ព្រោះ​ជនល្មើស​រូប​នេះ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ចាប់​បញ្ជូន​ខ្លួន មក​បង្ហាញខ្លួន​នៅ​ចំពោះ​មុខ​សាលាដំបូង កាលពី​ឆ្នាំ​២០១០ ក្រោយ​ពេល​បាន​ធ្វើ​សកម្មភាព​ល្មើស។

អ្នកស្រី ជាប សុធារី អ្នក​សម្របសម្រួល​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះសីហនុ សង្ស័យ​ថា សំណុំ​រឿង​នេះ ទំនងជា​អាច​មាន​ជាប់​ពាក់ព័ន្ធ​មាន​អ្នក​រត់ការ ឈាន​ដល់​ផ្ដល់​សំណូក​ពុករលួយ​នៅ​ប្រព័ន្ធ​តុលាការ​ក្នុង​អំឡុង​ពេលនោះ គឺ​កាលពី​ឆ្នាំ​២០១០ ក៏​ថា​បាន ទើប​ជនល្មើស​ឈ្មោះ កង សុផាត មិន​ត្រូវ​បាន​សាលាដំបូង​ខេត្ត​ព្រះសីហនុ ចាប់​ដាក់​ពន្ធនាគារ។

អ្នកស្រី ជាប សុធារី ដែល​បាន​តាមដាន​សំណុំរឿង​ព្រហ្មទណ្ឌ រំលោភ​ផ្លូវ​ភេទ​អនីតិជន​មួយ​ករណី​នេះ យល់ថា រឿង​នេះ មាន​ភាព​អយុត្តិធម៌ ចំពោះ​កុមារី​រងគ្រោះ​ជាទីបំផុត និង​ជា​សំណុំរឿង​ក្ដី​មួយ ក្នុង​ចំណោម​សំណុំរឿង​អយុត្តិធម៌​ច្រើន​ទៀត ដែល​សាធារណជន​រិះគន់ និង​ចោទ​ប្រព័ន្ធ​តុលាការ​ខេត្ត​ព្រះសីហនុ នៅ​ក្នុង​អំឡុង​ពេល​នោះ ថា មិន​មាន​ឯករាជ្យ ពុករលួយ និង​កាត់​ក្ដី​មិន​យុត្តិធម៌​ជាដើម។

ទាក់ទិន​សំណុំរឿង​នេះ​ដែរ កាលពី​ឆ្នាំ​២០១៦ ក្រសួងមហាផ្ទៃ បាន​សម្រេច​អនុវត្ត​វិន័យ​ចំពោះ​អនុសេនីយ៍ទោ កង សុផាត មាន​តួនាទី​នាយរង​ផ្នែក​ព័ត៌មាន​លើ​វិស័យ​សេដ្ឋកិច្ច វប្បធម៌ អប់រំ និង​សង្គម នៃ​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង ចំណុះ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះសីហនុ ដោយ​ដកហូត​មុខតំណែង ឋានន្តរសក្ដិ និង​បណ្ដេញ​ផុត​ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​ជាតិ។

ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ធ្លាប់​បាន​ឲ្យ​ដឹង​ថា ជនល្មើស​ឈ្មោះ កង សុផាត អតីត​ជា​មន្ត្រី​នគរបាល​ខេត្ត​នេះ មិន​មាន​វត្តមាន​នៅ​ក្នុង​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ទៀត​ទេ ហើយ​កម្លាំង​ជំនាញ​ស្ថាប័ន​លោក​បាន​បន្ត​ឃ្លាំមើល និង​ចុះ​ស្រាវជ្រាវ​មុខសញ្ញា​នេះ​ដោយ​យកចិត្តទុកដាក់ ព្រោះ​មាន​ដីកា​ឲ្យ​នាំ​ខ្លួន ឃុំខ្លួន​ជនល្មើស​ឈ្មោះ កង សុផាត ពី​តុលាការ​លើ​សំណុំ​រឿង​នេះ​រួចហើយ។

លោក ជួន ណារិន្ទ បញ្ជាក់​ថា កម្លាំង​ជំនាញ​បាន​តាមដាន និង​ឃ្លាំមើល​ជនល្មើស​ជាប្រចាំ ដើម្បី​ឈាន​ទៅ​ចាប់ខ្លួន​ជនល្មើស​រូប​នេះ មក​ទទួលខុស​ត្រូវ​ចំ​ពោះ​មុខ​ច្បាប់៕

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។