កម្មកររោងចក្រស៊ីម៉ងត៍នៅកំពតទាមទារលក្ខខណ្ឌការងារប្រសើរ
2014.12.30
កម្មកររោងចក្រស៊ីម៉ងត៍ ចក្រីទីង នៅខេត្តកំពត នៅថ្ងៃទី៣០ ខែធ្នូ តវ៉ាទាមទារឲ្យថៅកែក្រុមហ៊ុនដំឡើងប្រាក់ខែ និងធានារ៉ាប់រងសេវាសុខភាព។ ក៏ប៉ុន្តែភាគីរោងចក្រនៅមិនទាន់ឆ្លើយតបទៅនឹងការតវ៉ារបស់កម្មករនៅឡើយទេ។
កម្មករប្រុសស្រីជិត ១០០នាក់ ប្រមូលផ្ដុំនៅមុខការិយាល័យក្រុមហ៊ុន រោងចក្រផលិតស៊ីម៉ងត៍ ចក្រីទីង ទាមទារលក្ខខណ្ឌការងារ ៤ចំណុច។ ការទាមទារទាំងនោះរួមមាន ទាមទារដំឡើងប្រាក់ខែកម្មករក្រោយធ្វើការឲ្យក្រុមហ៊ុនបានរយៈពេលមួយឆ្នាំ ដូចដែលបានចែងក្នុងកិច្ចសន្យាការងារ ទាមទារប្រាក់ឧបត្ថម្ភ ថែរក្សាសុខភាព និងសង្គ្រោះព្យាបាលជំងឺនៅពេលមានគ្រោះថ្នាក់ ពេលបំពេញការងារ ទាមទារប្រាក់បំណាច់ ឬប្រាក់ខែទី១៣ និងទាមទារឲ្យកម្មករបុគ្គលិកខ្មែរមានសិទ្ធិស្មើបុគ្គលិកចិន ធ្វើការក្នុងរោងចក្រនោះដែរ។
លោក ចាន់ ឧត្ដម កម្មករម្នាក់ក្នុងចំណោមកម្មករដទៃទៀតឲ្យដឹងថា កម្មករដែលធ្វើការទាមទារនេះមិនស្ថិតនៅក្រោមឥទ្ធិពលនៃសហជីពណាមួយទេ គឺធ្វើឡើងដោយបានស្រុះស្រួលគំនិតគ្នាឯកឯង។
ទាក់ទងទៅនឹងការទាមទារលើការធានារ៉ាប់រងសុខភាពកម្មករ លោកបញ្ជាក់ថា កម្មករចាំបាច់ត្រូវការសេវាថែរក្សាសុខភាព ព្រោះការងាររោងចក្រផលិតស៊ីម៉ងត៍ប្រឈមនឹងគ្រោះថ្នាក់ និងប៉ះពាល់ដល់សុខភាពខ្លាំងជាងកម្មករដទៃទៀត៖ «អាហ្នឹងការពិតមិនត្រូវជាប្រាក់ក៏បានដែរ ឲ្យតែថា មានរបៀបជា អ៊ិនស៊ូរិន (insurance) ដែលមានពេទ្យសម្រាប់ឲ្យពួកខ្ញុំទៅពិនិត្យសុខភាពប្រចាំខែ ឬមួយប្រចាំត្រីមាស ដូចថា មានគ្រោះថ្នាក់ការងារគ្រោះថ្នាក់អ៊ីចឹងទៅ យើងមានពេទ្យណាខ្លះដែលត្រូវទៅ»។
កបន្តថា បញ្ហាសំខាន់មួយទៀតដែលកម្មករចង់បាននោះ គឺសិទ្ធិស្មើគ្នារវាងបុគ្គលិកខ្មែរ និងចិន ក្នុងរោងចក្រដែលបច្ចុប្បន្នបុគ្គលិកខ្មែរត្រូវបានគេគិតថា ជាកម្មករតូចតាច៖ «ពួកខ្ញុំចង់ទាមទារឲ្យមានតម្លាភាពរវាងបុគ្គលិកជនជាតិចិន និងជនជាតិខ្មែរ ឲ្យមានភាពស្មើគ្នា ដូចថា យើងធ្វើការជាមួយគ្នាចង់ឲ្យចុះសម្រុងគ្នា។ បុគ្គលិកចិន ភាគច្រើនចាត់ទុកថា ខ្លួនឯងជាមេ ហើយពួកបុគ្គលិកខ្មែរជាកម្មករសុទ្ធសាធអ៊ីចឹងណា។ ជួនកាលបុគ្គលិកខ្មែរបុគ្គលិកចិនមានជំនាញដូចគ្នា តែខាងចិន ដូចគេមានអាទិភាពជាងយើង អ៊ីចឹងយើងទាមទារឲ្យមានតម្លាភាព»។
ឆ្លើយតបទៅនឹងការទាមទាររបស់កម្មករនេះ តំណាងភាគីរោងចក្រស៊ីម៉ងត៍ចក្រីទីង ម្នាក់ដែលសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា ភាគីរោងចក្រយកការទាមទារនេះទៅពិភាក្សា និងពិចារណា ហើយនឹងឆ្លើយតបទៅកម្មករវិញឲ្យដឹងពីលទ្ធផលនៅថ្ងៃទី៣១ ធ្នូ។
រោងចក្រស៊ីម៉ង់ចក្រីទីង មានកម្មករប្រមាណជាង ១០០នាក់ ធ្វើការ។ ក្រុមកម្មករដែលចេញមុខតវ៉ាអះអាងថា កម្មករដទៃទៀតដែលមិនបានមកតវ៉ានៅថ្ងៃទី៣០ ធ្នូ គឺដោយសារមានការគាបសង្កត់ពីខាងភាគីរោងចក្រមិនឲ្យចូលរួម។
ទាំងកម្មករទាំងតំណាងរោងចក្រឲ្យដឹងថា មន្ត្រីមន្ទីរសង្គមកិច្ច និងការងារខេត្តកំពត ក៏បានចុះទៅដល់កន្លែងតវ៉ាក្នុងរោងចក្រនោះដែរ។ ក៏ប៉ុន្តែលោក ទូច សុទ្ធា មន្ត្រីមន្ទីរសង្គមកិច្ចខេត្តបដិសេធមិនធ្វើអត្ថាធិប្បាយរឿងនេះ៕