លោក ហ៊ុន សែន និង​​លោក កឹម​ សុខា ឆ្លើយឆ្លងគ្នា​ក្នុង​សាររំលែកទុក្ខ​មរណភាព​លោក ហ៊ុន ណេង

ដោយ ខែ សុណង
2022.05.05
Share on WhatsApp
Share on WhatsApp
លោក ហ៊ុន សែន និង​​លោក កឹម​ សុខា ឆ្លើយឆ្លងគ្នា​ក្នុង​សាររំលែកទុក្ខ​មរណភាព​លោក ហ៊ុន ណេង លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ។
រូប៖ ហ្វេសប៊ុកលោកទាំងពីរ។

លោក ហ៊ុន ណេង ដែលជា​បងប្រុស​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ទទួល​មរណភាព ដោយ​ជំងឺ​គាំង​បេះដូង កាលពី​រសៀល​ថ្ងៃទី៥ ខែឧសភា ម្សិលមិញ ក្នុង​អាយុ ៧២ឆ្នាំ។ លោក ហ៊ុន ណេង ធ្លាប់​ជាសមាជិក​អចិន្ត្រៃយ៍​រដ្ឋសភា ជា​អ្នកតំណាង​រាស្ត្រ​មណ្ឌល​កំពង់ចាមនៃ​គណបក្ស​ប្រជាជនកម្ពុជា និង​ជា​អតីត​អភិបាល​ខេត្ត កំពង់ចាម។

លិខិត​របស់​ភរិយាលោក ហ៊ុន ណេង គឺ​លោកស្រី លាង វួចឆេង ​ដែល​ជូនដំណឹង​ពីមរណភាព​នេះ ឱ្យដឹងថា សព​របស់លោក ហ៊ុន ណេង នឹងត្រូវ​តម្កល់​ធ្វើបុណ្យ​នៅ​គេហដ្ឋាន ក្នុង​ភូមិទី៧ សង្កាត់​កំពង់ចាម ក្រុង​កំពង់ចាម រួចដង្ហែរ​ទៅ​បញ្ចុះនៅ​វត្តសុវណ្ណគិរីរតនៈភ្នំប្រុស ស្ថិតនៅ​ភូមិត្រពាំងចារ ឃុំក្រឡា ស្រុកកំពង់សៀម នៅថ្ងៃទី៩ ខែឧសភា។

ទាក់ទង​នឹង​រឿង​នេះ លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន បាន​ឆ្លើយឆ្លង​ថ្លែង​អំណរគុណមេបក្ស​ប្រឆាំង​លោក កឹម សុខា ដែល​បាន​ផ្ញើសារ​ចូលរួម​រម្លែក​ទុក្ខ​មរណភាពបង​ប្រុស​របស់​លោក​ ហ៊ុន សែន ​នេះ។ សារព័ត៌មាន​ ស្និទ​នឹង​លោក ហ៊ុន សែន បាន​ស្រង់​អត្ថន័យ​លិខិត​របស់ លោក កឹម សុខា មក​ចុះផ្សាយ​ថា លោក កឹម សុខា និងភរិយា​សោកស្ដាយ​ និងចូលរួមរម្លែក​ទុក្ខ ព្រមទាំង​បួងសួង​ឱ្យ​វិញ្ញាណ​ក្ខន្ធលោក ហ៊ុន ណេង​ បាន​ដល់​សុគតិភព។

សារព័ត៌មាន​ដដែល​បាន​ស្រង់​​ពាក្យពេចន៍​អរគុណ​របស់​លោក ហ៊ុន សែន មក​ចុះ​ផ្សាយ​ដែរថា​ តាងនាម​គ្រួសារ​ទាំង​មូល លោកថ្លែង​អំណរ​គុណ​ជ្រាលជ្រៅបំផុត​ចំពោះសាររបស់​លោក កឹម សុខា និង​សូម​លោក កឹម សុខា ទទួល​ការស្រឡាញ់​រាប់​អាន​ពី លោក និង​គ្រួសារ។

នេះ​ជាការឆ្លើយឆ្លង​គ្នាជា​​ថ្មី​មួយទៀត​រវាង​លោក ហ៊ុន សែន និង​លោក កឹម សុខា នៅ​ក្រោយ​អាជ្ញាធរ​បក្ស​កាន់​អំណាច​របស់លោក ហ៊ុន​​ សែន ​បាន​រម្លាយ​គណបក្ស​សង្រ្គោះ​ជាតិ និង​ចាប់​ខ្លួន លោក កឹម សុខា ដាក់ពន្ធនាគារ កាល​ពី​ចុងឆ្នាំ២០១៧​មក។

កាលពីថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០ លោក ហ៊ុន សែន និងលោក កឹម សុខា ធ្លាប់​បាន​ជជែក​គ្នារយៈពេល​​ជិត​១ម៉ោង នៅ​ពេល​លោក កឹម សុខា ទៅ​ដាក់កម្រងផ្កា​គោរព​វិញ្ញាណ​ក្ខន្ធ ថ្ងៃ​បុណ្យ​សព ម្តាយ​ក្មេក លោក ហ៊ុន​ សែន។ កាលណោះ​អ្នកវិភាគ​នយោបាយ​សុទ្ធ​តែ​បាន​មើល​ឃើញ​ថា​ កិច្ចសន្ទានា​នៅ​ពេល​នោះ​ទំនង​អាច​ឈាន​ទៅ​ដោះ​ស្រាយ​ការជាប់​គាំង​នយោបាយ ឬ​បញ្ចប់​​ជម្លោះ​នយោបាយ​រវាង​​បក្ស​កាន់​អំណាច​ និង​បក្ស​ប្រឆាំង។ តែ​ទោះ​ជាយ៉ាងណា ​រហូត​មក​ដល់​ពេល​នេះ​វិបត្តិ​នយោបាយ​នៅ​តែ​បន្តអូសបន្លាយ ហើយ​មេ​បក្ស​ប្រឆាំង​​នៅ​តែ​ជាប​បណ្ដឹង​នៅ​តុលាការ រី​ឯមន្រ្តី​ជាន់​ខ្ពស់ជាច្រើន​រួមទាំង​លោក សម រង្ស៊ី នៅ​តែ​មិន​អាច​វិលចូលស្រុក រួមនឹង​សកម្មជន​ជាច្រើន​ត្រូវ​ចាប់​ដាក់​ពន្ធនាគារ។​

ពាក់ព័ន្ធ​នឹង​ការសម្រុះសម្រួល​បញ្ហា​នយោបាយក្នុង​ពេល​មាន​ពិធីបុណ្យ​សព​បែប​នេះ​ កាល​ពីខែកក្កដា​ ​ឆ្នាំ​២០១៣ នៅ​ពេល​លោក ហ៊ុន សែន កំពុង​ធ្វើ​បុណ្យ​សពឳពុក​ គឺ លោក ហ៊ុន នាង នោះ លោក ហ៊ុន សែន​ បាន​សរសេរ​លិខិត​ថ្វាយ​ព្រះមហា​ក្សត្រ​​សុំព្រះរាជ​ទាន​ លើក​លែង​ទោស ប្រធាន​គណបក្ស​ប្រឆាំង​លោក សម​​ រង្ស៊ី។ ការសម្រុះសម្រួល​នៅ​ពេលនោះ​ត្រូវ​មន្រ្តី​បក្ស​កាន់អំណាច​អះអាង​ថា ដោយ​សារ​​ លោក សម​ រង្ស៊ី បន្ទន់​ឥរិយាបទ​ចង់​ឱ្យ​មាន​ដំណោះស្រាយ​នយោបាយ​រវាង​ខ្មែរ​ និង​ខ្មែរ និង​ក្រោយ​ពេល​លោក សម សង្ស៊ី ស្នើសុំ​ការលើក​លែងទោស​ពី​ព្រះមហាក្សត្រ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។