តើ​ឈ្មោះ ជួប សម្លាប់ ជា​ឃាតក​សម្លាប់​បណ្ឌិត កែម ឡី ពិត​មែន​ឬ​ទេ?

ដោយ ម៉ម មុនីរតន៍ និង ឡេង ម៉ាលី
2016.07.30
ជួប សម្លាប់ ២០១៦ ៨៥៥ ជន​សង្ស័យ​ជា​ឃាតក​សម្លាប់​លោក កែម ឡី ឈ្មោះ ជួប សម្លាប់ (ប៉ូលិស​ថា​មិន​មែន​ជា​ឈ្មោះ​ពិត) ត្រូវ​បាន​សមត្ថកិច្ច​បង្ហាញ​ក្នុង​សន្និសីទ​កាសែត​នា​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។
RFA

ឃាតកម្ម​បាញ់​សម្លាប់​លោក កែម ឡី នៅ​ថ្ងៃ​ទី​១០ កក្កដា រហូត​ដល់​ថ្ងៃ​ទី​២៩ ខែ​កក្កដា បាន​អូស​បន្លាយ​មាន​រយៈ​ពេល ២០​ថ្ងៃ​ហើយ។ រី​ឯ​អាជ្ញាធរ​អះអាង​ថា នៅ​តែ​បន្ត​នីតិវិធី​ស៊ើបអង្កេត​ករណី​នេះ​នៅ​ឡើយ។

ករណី​ឃាតកម្ម​លើ​អ្នក​វិភាគ​ឯករាជ្យ គឺ​បណ្ឌិត កែម ឡី ដោយ​ការ​បាញ់​ប្រហារ​នៅ​ព្រឹក​ថ្ងៃ​ទី​១០ ខែ​កក្កដា ជា​ហេតុការណ៍​ធំ​ជាង​គេ​មួយ​នៅ​ពាក់​កណ្ដាល​ឆ្នាំ​២០១៦ នេះ។ ការ​បាញ់​ប្រហារ​ដែល​កើត​ឡើង​នៅ​ហាង​កាហ្វេ​របស់​ស្ថានីយ​សាំង កាល់តិច (Caltex) បូកគោ រហូត​មក​ដល់​ពេល​នេះ​នៅ​តែ​មិន​ទាន់​មាន​ការ​លាត​ត្រដាង​ពី​អាថ៌កំបាំង​ទេ ដោយសារ​តែ​ករណី​នេះ​អាជ្ញាធរ​កំពុង​បន្ត​ការ​ស៊ើប​អង្កេត​នៅ​ឡើយ។

ក្រោយ​ការ​បាញ់​ប្រហារ​តែ​ប៉ុន្មាន​នា​ទី​ប៉ុណ្ណោះ ជន​សង្ស័យ​ម្នាក់​ត្រូវ​បាន​នគរបាល​ចាប់​ខ្លួន​នៅ​ជិត​វត្ត​ស្វាយពពែ រាជធានី​ភ្នំពេញ។ ក្រោយ​ពេល​ចាប់​បាន ជន​សង្ស័យ​រូប​នេះ​ប្រាប់​អាជ្ញាធរ​ថា ខ្លួន​មាន​ឈ្មោះ ជួប សម្លាប់។ ប៉ុន្តែ​ទាំង​អាជ្ញាធរ និង​សាធារណជន​មិន​ជឿ​ថា ជួប សម្លាប់ ជា​ឈ្មោះ​ពិត​របស់​ជន​សង្ស័យ​ជា​ឃាតក​ទេ។

ទោះ​ជា​យ៉ាង​នេះ​ក្ដី អធិការ​នគរបាល​ស្រុក​អង្គរជុំ ខេត្ត​សៀមរាប គឺ​លោក ម៉ាន់ សុខាត់ បញ្ជាក់​ថា ជន​សង្ស័យ​បាញ់​សម្លាប់​បណ្ឌិត កែម ឡី ជា​ប្រជាពលរដ្ឋ​នៅ​ក្នុង​ស្រុក​របស់​លោក​ដែល​មាន​ឈ្មោះ​ពិត​ប្រាកដ​ថា អឿត អាង គឺ​មិន​មែន​ឈ្មោះ ជួប សម្លាប់ ទេ។

សាធារណជន​ជា​ច្រើន​កំពុង​ទន្ទឹង​រង់ចាំ​លទ្ធផល​ស៊ើប​អង្កេត​របស់​អាជ្ញាធរ​ជា​ខ្លាំង ថា​តើ​ហេតុផល​អ្វី​ដែល​ជំរុញ​ឱ្យ​ឃាតក​បាញ់​សម្លាប់​លោក កែម ឡី?

អ្នក​ខ្លះ​នៅ​តែ​មាន​មន្ទិល​ថា តើ​ជន​សង្ស័យ​ឈ្មោះ ជួប សម្លាប់ ជា​ឃាតក​ដៃដល់​មែន​ទេ? អ្នក​ខ្លះ​ទៀត​យល់​ថា តើ​រូប​ជន​ដៃដល់​ជាប់​នៅ​ក្នុង​ម៉ាស៊ីន​កាមេរ៉ា វីដេអូ​សុវត្ថិភាព​របស់​ហាង​កាហ្វេ នោះ ឬ​ទេ? តើ​ពេល​ណា​ទើប​អាជ្ញាធរ​បញ្ចេញ​វីដេអូ នោះ​ជា​សាធារណៈ?

ឆ្លើយ​តប​បញ្ហា​នេះ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​នៅ​ថ្ងៃ​ទី​២៨ ខែ​កក្កដា ថា វីដេអូ​ភស្តុតាង​នៅ​ក្នុង​ហាង​កាហ្វេ​កាល់តិច ស្តុប​បូកគោ អាជ្ញាធរ​នឹង​បញ្ចេញ​ជា​សាធារណៈ​នៅ​ក្នុង​ពេល​ឆាប់ៗ​នេះ។

លោក​បញ្ជាក់​បន្ថែម​ថា ឃាតក​ដែល​បាញ់​សម្លាប់​លោក កែម ឡី គឺ​ជា​ជន​សង្ស័យ​ឈ្មោះ ជួប សម្លាប់ នោះ​ហើយ៖ «ដូច​បាន​ជម្រាប​ជូន​យើង​បាន​បញ្ជូន​ទៅ​ខាង​ស៊ើប​អង្កេត​ហើយ​លោក​ថា ស្នើ​សុំ​មួយ​រយៈ​ដើម្បី​ដំណើរការ​ស៊ើប​អង្កេត​តិច​សិន។ យើង​អះអាង​ថា ឃាតក​ហ្នឹង​មិន​មែន​ជា​ឃាតក​សិប្បនិមិត្ត​ទេ»

ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា សំពះ​ភ្ញៀវ​នៅ​មុខ​សព​ស្វាមី​នៅ​ក្នុង​មឈូស​កញ្ចក់ ដែល​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។
ភរិយា​លោក កែម ឡី លោកស្រី ប៊ូ រចនា សំពះ​ភ្ញៀវ​នៅ​មុខ​សព​ស្វាមី​នៅ​ក្នុង​មឈូស​កញ្ចក់ ដែល​ត្រូវ​បាន​តម្កល់​ធ្វើ​បុណ្យ​នៅ​វត្ត​ចាស់ ស្ថិត​ក្នុង​សង្កាត់​ជ្រោយចង្វារ នៅ​ថ្ងៃ​ទី​១៣ កក្កដា ឆ្នាំ​២០១៦។

សាក្សី​ខ្លះ​នៅ​ក្នុង​ហេតុការណ៍​បាញ់​សម្លាប់​នោះ មិន​ហ៊ាន​និយាយ​ឡើង​វិញ​ទេ​អំពី​អ្វី​ដែល​បាន​កើត​ឡើង​នៅ​ពេល​នោះ ជា​ពិសេស​អ្នក​លក់​ដូរ​នៅ​ក្នុង​ហាង​កាហ្វេ​នោះ។

សាក្សី​ទី​១ ដែល​ជា​អ្នក​រត់​រ៉ឺម៉កម៉ូតូ នៅ​ហាង​សាំង​ស្តុប​បូកគោ ជាប់​ផ្លូវ​ម៉ៅសេទុង ជិត​ភ្លើង​ស្តុប ឈ្មោះ​ថា តាផាន មាន​ប្រសាសន៍​ថា លោក​បាន​ឃើញ​គេ​ដេញ​ជន​សង្ស័យ​ពេល​លោក​ភ្ញាក់​ពី​ដំណេក៖ «ដេក​ម៉ោង ៩ ស្រាប់​តែ​គេ​ស្រែក​ថា ចោរៗ ក៏​រឭក​ឡើង សើងមម៉ើងៗ ស្រាប់​តែ​ឃើញ​គេ​ដេញ​ចោរ​គ្នា​ពីរ​នាក់​ទៅ​ដល់​ផ្ទះ​តា​តូ (ហ៊ុន តូ)។ (ដឹង) បាន​តែ​ប៉ុណ្ណឹង»

រី​ឯ​សាក្សី​ទី​២ ជា​សន្តិសុខ​យាម​ហាង​លក់​ទំនិញ​ឈ្មោះ ហ្វែរ ម៉ាត (Fare Mart) នៅ​កាច់​ជ្រុង​ស្តុប​ម៉ៅសេទុង និង​ផ្លូវ​លេខ​៦៣ លោក សុខ ខេង ថ្លែង​ថា លោក​បាន​ឃើញ​ជន​ត្រូវ​ចោទ​ឈ្មោះ ជួប សម្លាប់ នោះ​ដើរ​ឆ្លង​ផ្លូវ​ត្រង់​ស្តុប​នោះ៖ «ឃើញ​គេ​ស្រែក​មក​ពី​ខាង​នោះ គេ​ស្រែក​ថា ចោរៗ ខ្ញុំ​ក៏​ដើរ​ទៅ​មើល ក៏​មិន​ហ៊ាន​អី​ដែរ ព្រោះ​គេ​មាន​កាំភ្លើង។ គេ​កាន់​កាំភ្លើង​ដាក់​ខាង​ក្រោម ដូច​កាបូប​លុយ​អ៊ីចឹង។ កាបូប​តូច​មួយ​ដាក់​ខាង​ក្រោម ហើយ​បាំង​អាវ​ដើរ​រហូត​ទៅ។ គេ​ដើរ​ផុត​ទៅ​ខាង​នោះ​ទៅ ខ្ញុំ​ក៏​មិន​បាន​តាម​ទៅ​មើល​ដែរ។ គាត់​ដើរ​មួយៗ អ្នក​ដេញ​បួន​ដប់​នាក់។ មក​ពី​ហ្នុង (ពី​កាល់តិច) ស្រែក​ថា ចោរៗ ហើយ​តាម​ដល់​នោះ​ទៅ ពួក​គាត់​ក៏​ឡប់​មក​វិញ​ដែរ។ មួយ​សន្ទុះ ប្រហែល​ជា ១០​នាទី​ជាង បាន​ឃើញ​ប៉ូលិស​គេ​មក ពួក​ខ្លា​ហោះ​តាម​រហូត​ទៅ។ ខ្ញុំ​ឃើញ​ពួក​ខ្លា​ហោះ​តែ​ពីរ​នាក់​ទេ ជិះ​ម៉ូតូ​មក»

សាក្សី​ទី​៣ ជា​សន្តិសុខ​យាម​នៅ​ហាង​លក់​គ្រឿង​អេឡិចត្រូនិក I One Service Center ខាង​កើត ហ្វែរ ម៉ាត ដែល​នៅ​តាម​បណ្ដោយ​ផ្លូវ​ម៉ៅសេទុង ជិត​ហាង​លក់​ទំនិញ​ឈ្មោះ ហ្វែរ ម៉ាត នោះ​ដែរ លោក យ៉ែម សុខា ថ្លែង​ថា លោក​ក៏​បាន​ឃើញ​ជន​សង្ស័យ​រត់​កាត់​ទី​នោះ​ដែរ៖ «ឃើញ​គេ​តាម​ពី​ណោះ​មក​ដល់​កន្លែង​ស្តុប។ ដល់​ឃាតក​ឆ្លង​ផុត​មក​នេះ អ្នក​តាម​ប្រមាញ់​ហ្នឹង គាត់​បាញ់​ឡើង​លើ​មួយ​គ្រាប់។ (អ្នក​តាម​នោះ) គាត់​ស្លៀកពាក់​ធម្មតា។ ឆ្លង​មក ជន​ល្មើស​ហ្នឹង គាត់​ដើរ។ ដើរ​មក​ដល់​គេ​បាញ់​ទៅ បាន​គាត់​រត់។ ឆ្លង​ស្តុប​មក​គាត់​ដើរ ដើរ​ដល់​ពេល​គេ​បាញ់​ហើយ​ដល់​ត្រង់​នេះ​បាន​គាត់​រត់​ទៅ​មុខ​បន្ត​ទៀត។ គាត់​រត់​ត្បៀត​កាបូប​អ៊ីចេះ ហើយ​គាត់​បញ្ចេញ​កាំភ្លើង​កាន់​រត់​ត​ទៅ​ទៀត។ បាទ! បញ្ចេញ​កាំភ្លើង​កាន់​រត់​ទៅ​មុខ​ទៀត។ មក​ដល់​ត្រឹម​ហ្នឹង​បាន​អ្នក​ប្រមាញ់​ជិះ​ម៉ូតូ​តាម​ត​ទៅ​ទៀត។ មាន​ប្រហែល​ជា​បួន​ដប់​នាក់​ដែរ។ មាន​អ្នក​រត់ មាន​អ្នក​ជិះ​ម៉ូតូ​តាម។ (អ្នក​តាម) ស្លៀក​ពាក់​អាវ​ដៃ​ខ្លី ហើយ​មាន​ក្រមា​បង់​ក ហើយ​គាត់​សក់​ខាង​មុខ​អត់​សូវ​មាន​សក់ គាត់​ឆក​ខាង​មុខ គាត់​ស្រែក​ថា ចោរៗ អ្នក​ដេញ ហើយ​ម្នាក់​ទៀត កាន់​អាកា (កាំភ្លើង AK-47)។ មិន​មែន​ស្លៀកពាក់​ប៉ូលិស​ទេ គឺ​ស្លៀកពាក់​ធម្មតា គឺ​អត់​មាន​ប៉ូលិស​តែម្ដង​ពេល​ដេញ​ហ្នឹង គឺ​មាន​អ្នក​កាន់​អាកា​ហ្នឹង​ស្លៀកពាក់​ធម្មតា»

បុរស​លក់​ផ្កា​នៅ​ម្ដុំ​ភ្លើង​ស្តុប​ចម្ការ​មន​ឃើញ​ឈ្មោះ​ ជួប សម្លាប់ ចេញ​ពី​ទិស​ខាង​លិច

បុរស​វ័យ​ប្រមាណ ២០​ឆ្នាំ ដែល​លក់​ផ្កា​ជា​ប្រចាំ​នៅ​ម្តុំ​ភ្លើង​ស្តុប​ចំការមន និយាយ​សូម​មិន​បញ្ចេញ​ឈ្មោះ​ថា ខ្លួន​ពិត​បាន​ឃើញ​បុរស​ឈ្មោះ អឿត អាង ហៅ ជួប សម្លាប់ មែន។ អ្នក​លក់​ផ្កា​រូប​នេះ រៀបរាប់​ទៀត​ថា ជន​ត្រូវ​ចោទ​នោះ​ក្នុង​ដៃ​មាន​កាន់​កាំភ្លើង​នៅ​ជាប់ និង​ខ្លួន។ បុរស​ម្នាក់​ដែល​សង្ស័យ​ថា ជា​ជន​ដៃ​ដល់​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី គឺ​មាន​អាវ ២​ជាន់ ហើយ​មាន​កូន​កាបូប​តូច​ក្រវាត់​ចង្កេះ ដោយ​នៅ​ក្នុង​កាបូប​នោះ មាន​កាំភ្លើង​ខ្លី​មួយ​ដើម​ផង។

បុរស​ម្នាក់​នោះ ធ្វើ​ដំណើរ​ក្នុង​ល្បឿន​លឿន​គួរ​សម​ឆ្លង​កាត់​ស្តុប​ចំការមន​តាម​ផ្លូវ​សុធារស ផ្នែក​ខាង​ស្តាំដៃ ឆ្ពោះ​ត្រង់​ទៅ​ផ្សារ​ទំនើប អ៊ីអន (AEON)។ ស្រប​ពេល​ជន​សង្ស័យ​កំពុង​ធ្វើ​ដំណើរ​ជិត​មក​ដល់​ភ្លើង​ស្តុប​ចំការមន មាន​ឮ​ស្នូរ​ផ្ទុះ​កាំភ្លើង​មួយ​គ្រាប់​ដែរ ហើយ​ថែម​ទាំង​មាន​ប៉ូលិស​ដេញ​តាម​ពី​ក្រោយ​ចម្ងាយ​ប្រហែល ៥០​ម៉ែត្រ​ផង។ ដំណាក់​គ្នា​នោះ មាន​ប្រជាពលរដ្ឋ​ខ្លះ​ដេញ​តាម​ពីក្រោយ​ហើយ​ស្រែក​ថា​ចោរៗ។

អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពេល​ចុះ​សង្កេត​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ទីតាំង​តំបន់​ថ្ម​៣​ដុំ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth
អ្នក​ស្រាវជ្រាវ​ការ​អភិវឌ្ឍ​សង្គម លោក កែម ឡី ពេល​ចុះ​សង្កេត​ដោយ​ផ្ទាល់​នៅ​តំបន់​ព្រំដែន​ទីតាំង​តំបន់​ថ្ម​៣​ដុំ ខេត្ត​តាកែវ កាល​ពី​ថ្ងៃ​ទី​៥ ខែ​ធ្នូ ឆ្នាំ​២០១៥។ RFA/Morm Moniroth
RFA/Morm Moniroth

ចំណែក​ស្ត្រី​លក់​ទឹក​សុទ្ធ និង​សាំង​នៅ​ម្ដុំ​ទូរ​លក់​ផ្តុំ​ផ្នែក​ខាង​កើត​ភ្លើង​ស្តុប​ចំការមន អះអាង​ថា បុរស​ម្នាក់​ដែល​លោក​ស្រី​បាន​ឃើញ​ក្នុង​ថ្ងៃ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នោះ​គឺ​ជា​មនុស្ស​តែ​មួយ​ដូច​ឈ្មោះ ជួប សម្លាប់ នេះ​មែន។ លោកស្រី​បន្ត​ថា ក្នុង​ពេល​ជន​សង្ស័យ​នេះ ព្យាយាម​រត់​តិចៗ​គេច​ពី​ការ​តាម​ពី​ក្រោយ​ដោយ​ក្រុម​មនុស្ស​មួយ​ចំនួន​ក្នុង​ដៃ​ជន​សង្ស័យ គឺ​មាន​កាន់​កាំភ្លើង​ផង។ ពេល​មាន​អ្នក​តាម​ពី​ក្រោយ​កាន់​តែ​ច្រើន ហើយ​ស្រែក​ថា ចោរៗ បុរស​នោះ​ម្ដង​ទាញ​កាំភ្លើង​ចេញ និង​ម្ដង​ដាក់​ចូល​ក្នុង​កាបូប​ក្រវាត់​ចង្កេះ។ ការ​ទាញ​ចុះ​ទាញ​ឡើង​នេះ លោកស្រី​អះអាង​ជន​សង្ស័យ​នោះ ធ្វើ​ឡើង​ក្នុង​បំណង​កម្លា​អ្នក​តាម​ចាប់​ខ្លួន។

លោកស្រី​បន្ត​ថា៖ «រត់​មក​តាម​ហ្នឹង​ទៅ​បង​ស្មាន​ថា ចោរ​ដូច​ថា ប្លន់​អ៊ីចឹង។ ដល់​ពេល​ចឹង​រត់​ទៅ​ជួយ​គេ​ដែរ ដល់​ពេល​គេ​លើក​កាំភ្លើង​មក​បង​ក៏​មិន​ហ៊ាន​ទៅ​តាម។ ដល់​មាន​ប្អូន​ប្រុស​នោះ​រត់​មក​វិញ បង​សួរ​ថា ប្អូន​ចោរ​លួច​អី សួរ​គេ​អ៊ីចឹង​ទៅ (ថា) បាញ់​លោក​បណ្ឌិត កែម ឡី»

បុគ្គលិក​បម្រើការ​នៅ​ក្នុង​ហាង Star Mart Caltex អះអាង​ថា ភ្លើង​មិន​ដាច់​ទេ​ក្នុង​ថ្ងៃ​បាញ់

សាក្សី​ដែល​សុំ​លាក់​អត្តសញ្ញាណ៖ ពេល​កើត​ហេតុ​ក្នុង​ថ្ងៃ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី លោក​នៅ​ស្ថានីយ​កាល់តិច​ផ្សារ​ដើមគ។ ពេល​លោក​ទៅ​ដល់​កន្លែង​កើត​ហេតុ លោក​ឃើញ​លោក កែម ឡី ស្លាប់​នៅ​ផ្អែក​លើ​កៅអី​នៅ​ឡើយ​ទេ។ លោក​បាន​ផ្ដល់​រូប​ថត ២​សន្លឹក ដែល​លោក​ថត​បាន​មុន​ពេល​ប៉ូលិស​ទៅ​ដល់។ រូបថត​នេះ​ថត​ពី​ទ្វារ​ចូល​ពី​ចំហៀង។

សាក្សី​រូប​នេះ​និយាយ​ថា ក្រុមហ៊ុន​កាល់តិច របស់ ឆេវរ៉ុន (Chevron) ជា​ក្រុមហ៊ុន​អន្តរជាតិ។ ដូច្នេះ​ឧបករណ៍​ថត​វីដេអូ មាន​រូបភាព​ភ្លឺ​ច្បាស់ និង​ពណ៌។ លើក​លែង​តែ​ដាច់​ភ្លើង ទើប​រូប​វីដេអូ ទៅ​ជា​ស​ខ្មៅ (Night Mode)។ លោក​បន្ត​ថា ពេល​ប៉ូលិស​ដក​ហូត​មេម៉ូរី​កាត (Memory Card ពី Security Camera) គឺ​មាន​ចុះ​ហត្ថលេខា​រវាង​អ្នក​ទទួល​ខុស​ត្រូវ​ខាង​កាល់តិច និង​ខាង​​ប៉ូលិស។

បុគ្គលិក​ដែល​បម្រើការ​ឲ្យ​ក្រុមហ៊ុន​សាំង​កាល់តិច នៅ​ស្តុប​បូកគោ ឲ្យ​ដឹង​ថា តាម​ពិត​ភ្លើង​មិន​ដាច់​ដូច​ព័ត៌មាន​ចចាមអារ៉ាម​ឡើយ ក្នុង​ពេល​ដែល​ឃាតក​បាញ់​ប្រហារ​លោក​បណ្ឌិត កែម ឡី។

បុគ្គលិក​ផ្នែក​សន្តិសុខ​ដែល​អ្នក​សារព័ត៌មាន​យើង​ដាក់​ឈ្មោះ​ឲ្យ​ថា សៅ ចិន នោះ​ថ្លែង​ថា ក្នុង​ពេល​របាយការណ៍​ឡើង​ទៅ​ទីចាត់ការ​កណ្ដាល​របស់​ក្រុមហ៊ុន​កាល់តិច គឺ​ព័ត៌មាន​នៅ​ក្នុង​របាយការណ៍​នោះ​ដាក់​ថា​ភ្លើង​មិន​ដាច់​ឡើយ។ លោក សៅ ចិន ដែល​ជា​ឈ្មោះ​ហៅ​ក្រៅ​បន្ត​ថា ច្បាប់​នៅ​ក្នុង​ក្រុមហ៊ុន​កាល់តិច ជា​រៀងរាល់​ថ្ងៃ​គឺ​ត្រូវ​សរសេរ​របាយការណ៍​ឡើង​ទៅ​ទី​ចាត់ការ​ជា​ប្រចាំ ដើម្បី​បញ្ជាក់​ពី​ភាព​អសកម្ម ឬ​ហេតុការណ៍​ដែល​បាន​កើត​ឡើង​ក្នុង​មួយ​ថ្ងៃៗ។

ភាព​ច្បាស់​នៃ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ហាង​ស្តារម៉ាត

បុគ្គលិក​បម្រើការ​នៅ​ក្នុង​ហាង​ស្តារម៉ាត កាល់តិច ម្ដុំ​ស្តុប​បូកគោ អះអាង​ថា រូបភាព​ដែល​ចាប់​បាន​តាមរយៈ​កាមេរ៉ា​សុវត្ថិភាព គឺ​មាន​គុណភាព​កម្រិត​ខ្ពស់​បំផុត។ ជាង​នេះ​ទៀត រូបភាព​ដែល​ថត​បាន​នៅ​ក្នុង​មេម៉ូរី​កាត ឬ​ហៅ​ថា អង្គ​ចងចាំ នោះ​គឺ​មើល​ឃើញ​ច្បាស់​បំផុត រហូត​អាច​មើល​ឃើញ​រោម​មនុស្ស​ថែម​ទៀត​ផង។

អ្នក​ស្ថិត​នៅ​ក្នុង​ហេតុការណ៍ ដូច​ជា​អ្នក​បើក​រ៉ឺម៉ក​កង់​បី អ្នក​កាត់​សក់ និង​អ្នក​មាន​របរ​នៅ​តាម​ដង​ផ្លូវ​ដែល​ជនសង្ស័យ​រត់​គេច​ខ្លួន​នោះ សុទ្ធ​តែ​អះអាង​ថា ឈ្មោះ អឿត អាង ឬ ជួប សម្លាប់ នេះ​ពេល​រត់​គឺ​មាន​មួក​កន្តឹប អាវ ២​ជាន់​ក​ឌុប និង​មាន​កាបូប​តូច​ក្រវាត់​ចង្កេះ​ផង។ ជន​សង្ស័យ​នោះ គឺ​មាន​ភិនភាគ ទ្រង់ទ្រាយ និង​កម្ពស់​ដូច​ជា​ឈ្មោះ ជួប សម្លាប់ នេះ​ហើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។