អ្នក​ច្បាប់​ទាមទារ​ឲ្យ​តុលាការ​កោះ​ហៅ​អ្នក​ពាក់ព័ន្ធ​ក្នុង​ឃាតកម្ម​លោក កែម ឡី មក​សួរ​នាំ​បន្ថែម

ដោយ ទីន ហ្សាការីយ៉ា
2016.08.12
ដង្ហែ​សព កែម ឡី ទៅ​តាកែវ ២០១៦ ៨៥៥ រូបថត​បណ្ឌិត កែម ឡី ត្រូវ​បាន​គេ​តុបតែង​ភ្ជាប់​នឹង​រូប​ទង់ជាតិ​​នៅ​ក្នុង​ពិធី​ដង្ហែ​សព​លោក​ទៅ​ខេត្ត​តាកែវ នៅ​ថ្ងៃ​អាទិត្យ ទី​២៤ ខែ​កក្កដា ឆ្នាំ​២០១៦។
Photo: RFA

សំណុំរឿង​ឃាតកម្ម​លោក​បណ្ឌិត កែម ​ឡី សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​អ្នក​ពាក់ព័ន្ធ​ផ្សេង​ទៀត​ដើម្បី​ឃាត់​ខ្លួន​យក​មក​សួរ​នាំ​នៅ​ឡើយ​ក្នុង​រយៈពេល​ជាង ១​ខែ​មក​នេះ។ ទោះបីជា​យ៉ាង​នេះ​ក្ដី ក្រុម​អ្នក​ច្បាប់​លើក​ឡើង​ថា ដើម្បី​ឲ្យ​រក​ឃើញ​តម្រុយ​ថា នរណា​ជា​ឃាតក​ពិត ហើយ​នរណា​នៅ​ក្រោយ​ខ្នង​ឃាតកម្ម​នេះ គឺ​គេ​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​តុលាការ​ត្រូវ​ចេញ​ដីកា​កោះហៅ​មនុស្ស​មួយ​ចំនួន​ដែល​ជា​សាក្សី​ដាក់​បន្ទុក។

ក្រុម​អ្នក​ច្បាប់​ទាមទារ​ឲ្យ​ក្រសួង​មហាផ្ទៃ និង​តុលាការ​ត្រូវ​កោះហៅ​មនុស្ស​មួយ​ចំនួន​មក​សួរនាំ​អំពី​ឃាតកម្ម​លើ​លោក​បណ្ឌិត កែម ឡី កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ កក្កដា ដើម្បី​ឈាន​ទៅ​រក​ចាប់​ឃាតក​ពិត និង​អ្នក​នៅ​ពី​ក្រោយ​ខ្នង។

មនុស្ស​មួយ​ចំនួន​ដែល​អ្នកច្បាប់​ទាមទារ​ឲ្យ​សមត្ថកិច្ច​នាំ​ខ្លួន​មក​សួរនាំ​បន្ថែម​នោះ គឺ​បុគ្គលិក​បម្រើ​ការងារ​នៅ​ក្នុង​ស្តារម៉ាត កាល់តិច (Star Mart, Caltex) អ្នក​ចូល​ផឹក​កាហ្វេ​ក្នុង​ម៉ាត​ដែល​ឃើញ​សកម្មភាព​បាញ់​ក្រុម​គ្រួសារ​ជនសង្ស័យ ឈ្មោះ ជួប សម្លាប់ នៅ​ខែត្រ​សៀមរាប អ្នក​ដែល​ផ្ដល់​កន្លែង​ស្នាក់​នៅ​ឲ្យ​ជួប​សម្លាប់​នៅ​ទីក្រុង​ភ្នំពេញ ការ​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព​នៅ​ក្នុង​ម៉ាត និង​កាំភ្លើង​ខ្លី​ទំនើប​ម៉ាក​ឡុក ដែល​ជនសង្ស័យ​ប្រើប្រាស់​ថា ​តើ​កាំភ្លើង​នោះ​នៅ​ក្នុង​ស្ថាប័ន​ណា? ឬ​ក៏​ជនសង្ស័យ​ទិញ​ពី​ណា​មក​ជា​ដើម?

អ្នក​ជំនាញ​ខាង​វិទ្យាសាស្ត្រ​នយោបាយ និង​ច្បាប់ លោក​បណ្ឌិត ហ៊ាង ឫទ្ធី មាន​ប្រសាសន៍​ថា ប្រសិន​បើ​សមត្ថកិច្ច ឬ​តុលាការ​ឯករាជ្យ គឺ​ត្រូវ​កោះហៅ​អ្នក​ពាក់ព័ន្ធ​ទាំង​អស់​នេះ​យក​មក​សួរ​នាំ ពីព្រោះ​ថា ពួកគេ​ទាំង​នេះ​ជា​សាក្សី ឬ​ជា​អ្នក​ដឹង​ឮ​សំខាន់​ក្នុង​រឿង​ឃាតកម្ម​នេះ និង​ជា​ជំនួយ​ដល់​ដំណើរការ​ស៊ើប​អង្កេត​របស់​សមត្ថកិច្ច និង​តុលាការ៖ «អ្នក​ដែល​មិន​ដឹង​ថា​ពិបាក ប៉ុន្តែ​បើ​យើង​គិត​ឲ្យ​ដល់​មែន​ទែន​ជា​បន្ទុក​របស់​រដ្ឋាភិបាល​ត្រង់​ថា រដ្ឋាភិបាល​ជា​អ្នក​គ្រប់គ្រង​កងកម្លាំង​ប្រដាប់​អាវុធ ហើយ​លោក ជួប សម្លាប់ មាន​អាវុធ​ថ្លៃ​ម៉ាក​ឡុក តើ​គាត់​ទិញ​ពី​ណា? ហើយ​ក្រុម​ចោរ​ប្លន់​ក៏ដោយ អ្នក​បាញ់​សម្លាប់ ឈុត វុទ្ធី ជា​វិជ្ជា​ក៏ដោយ តើ​អ្នក​ទាំង​នោះ​បាន​អាវុធ​ពី​ណា​មក ហើយ​ស្រុក​យើង​នេះ​គ្មាន​ស្ថាប័ន​ចោរ​ទេ»

ថ្ងៃ​ទី​១០ សីហា គឺ​ជា​ខួប ១​ខែ​នៃ​ការ​បាញ់​សម្លាប់​លោក​បណ្ឌិត កែម ឡី នៅ​កណ្ដាល​ទីក្រុង​ភ្នំពេញ។ ក្នុង​រយៈពេល ១​ខែ​មក​នេះ​អ្វី​ដែល​សាធារណជន​លើក​ជា​ចម្ងល់​នោះ​តើ​មូល​ហេតុ​អ្វី​បាន​សមត្ថកិច្ច​មិន​បញ្ចេញ​ជា​សាធារណៈ​ដើម្បី​ឲ្យ​មហាជន​បាន​ឃើញ​ថា តើ​អ្នក​ណា​ជា​ឃាតក​ពិត​ប្រាកដ?

អ្នក​លេង​ហ្វេសប៊ុក ជា​ច្រើន បាន​លើក​ជា​ចម្ងល់​ថា ហេតុអ្វី​បាន​ឃាតកម្ម​លើ​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ កាមេរ៉ា​សុវត្ថិភាព​ត្រូវ​បាន​គេ​បញ្ចេញ​ជា​សាធារណៈ​លឿន​ម្ល៉េះ?

ទាក់ទង​និង​បញ្ហា​នេះ លោក​បណ្ឌិត ហ៊ាង ឫទ្ធី លើក​ឡើង​ថា ប្រសិនបើ​តុលាការ​មិន​បញ្ចេញ​កាមេរ៉ា​សុវត្ថិភាព​ក្នុង​ម៉ាត​ជា​សាធារណៈ​ទេ ខ្លាច​ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត​នោះ គឺ​តាម​ច្បាប់​តុលាការ​អាច​បញ្ចេញ​ឲ្យ​ក្រុម​គ្រួសារ​លោក​បណ្ឌិត កែម ឡី មើល​បាន៖ «ប្រពន្ធ​កំពុង​វ៉ល់វ៉ក់​ការ​បាត់បង់​ស្វាមី​របស់​គាត់ ដូច្នេះ​គាត់​អាច​ពឹង​ពាក់​មេធាវី​ដែល​ទុក​ចិត្ត ដើម្បី​មើល​ខ្សែ​វីដេអូ​នោះ គឺ​មិន​ប៉ះពាល់​ដល់​ការ​ស៊ើប​អង្កេត​ទេ»

​លោក​មេធាវី សេក សុភ័ណ្ឌ មាន​ប្រសាសន៍​ថា មក​ទល់​ពេល​នេះ ការ​ស៊ើប​អង្កេត​របស់​តុលាការ​គឺ​មិន​ទាន់​ព័ត៌មាន​ណា​មួយ​ជាក់លាក់​នោះ​ទេ​ទាក់ទង​នឹង​ជនសង្ស័យ​ឈ្មោះ ជួប សម្លាប់ ថា​តើ ជួប សម្លាប់ ប្រកប​របរ​អ្វី​ខ្លះ? មក​ភ្នំពេញ មក​ធ្វើ​អ្វី? លោក​បញ្ជាក់​ថា ករណី​សួរនាំ​ជនសង្ស័យ​នេះ ស្ថិត​នៅ​ក្នុង​ភាព​អាថ៌កំបាំង ហើយ​តុលាការ​ក៏​មិន​ទាន់​កោះហៅ​អ្នកណា​យក​មក​សួរ​នាំ​ទៀត​ដែរ៖ «មក​ដល់​ឥឡូវ​នេះ មិន​ទាន់​មាន​ព័ត៌មាន​អ្វី​ទាល់​តែ​សោះ ថា​តើ​គាត់​ជា​អ្នក​ណា? ធ្វើ​ការ​ឲ្យ​អ្នក​ណា? រស់​នៅ​ឯ​ណា នៅ​ភ្នំពេញ​ហ្នឹង? ទាក់ទង​ចៅក្រម​ស៊ើបសួរ​ស៊ើបអង្កេត​ជា​រឿង​មួយ​ផ្សេង​ទៀត ប៉ុន្តែ​ក៏​ត្រូវ​មាន​ការ​ជំរុញ​តំណាង​អយ្យការ​ដែរ តំណាង​អយ្យការ​ត្រូវ​មាន​ភស្តុតាង​ផ្សេង​ទៀត»

អាស៊ីសេរី មិន​អាច​ទាក់ទង​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សុំ​ការ​បំភ្លឺ​បន្ថែម​ទាក់ទង​ការ​ស៊ើបអង្កេត​លើ​ឃាតកម្ម​នេះ​បាន​ទេ នៅ​ថ្ងៃ​ទី​១១ សីហា។

ប៉ុន្តែ​មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ លោក ខៀវ សុភ័គ ថ្លែង​ប្រាប់​អ្នក​សារព័ត៌មាន​ក្នុង​សន្និសីទ​សារព័ត៌មាន​នៅ​ព្រឹក​ថ្ងៃ​ទី​១១ សីហា ថា មក​ទល់​ពេល​នេះ សមត្ថកិច្ច​មិន​ទាន់​រក​ឃើញ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ឃាតកម្ម​នេះ​ផ្សេង​ទៀត​ទេ ក្រៅ​ពី ជួប សម្លាប់។ លោក​បញ្ជាក់​ថា មូលហេតុ​សំខាន់​ជនសង្ស័យ​រឹងរូស​មិន​ឆ្លើយ​សារភាព៖ «ដល់​សួរ​ទៅ​គាត់​មិន​ស្គាល់​ប្រពន្ធ ម្ដាយ​គាត់​ទេ គាត់​បដិសេធ រឹងរូស​មែន​ទែន មិន​សារភាព ដោយសារ​អី? ដោយសារ​ច្បាប់​យើង​មិន​អាច​ចាប់​បង្ខំ​ក្នុង​ការ​សារភាព ប្រហែលជា​ហៅ​សមមិត្ត ឌុច មក​សួរ​ទើប​បាន (សើច)»

ទោះបីជា​បែប​នេះ​ក្ដី លោក​មេធាវី សេក សុភ័ណ្ឌ បញ្ជាក់​ថា តំណាង​អយ្យការ​មាន​តួនាទី​សំខាន់​ណាស់​ក្នុង​ការ​ដាក់​ពាក្យ​បណ្ដឹង​បន្ថែម ពីព្រោះ​ថា លោក​ជា​ដើម​បណ្ដឹង​អាជ្ញា​ដើម្បី​ស្វែង​រក​អ្នក​ពាក់ព័ន្ធ​ឃាតកម្ម​នេះ​បន្ថែម៖ «គាត់​ជាដើម​បណ្ដឹង​អាជ្ញា គ្មាន​អ្នក​ជា​បណ្ដឹង​ផ្សេង​ទេ បើ​គាត់​មិន​ប្ដឹង​ទេ គ្មាន​អ្នក​ណា​ស៊ើបអង្កេត​បន្ថែម​ទេ ហើយ​បើ​គាត់​ស៊ើបអង្កេត​រក​ឃើញ​ជនសង្ស័យ​មួយ​ផ្សេង​ទៀត ចោទ​មួយ​ទៀត​ទៅ តែ​បើ​គាត់​មិន​រក​ទេ អ៊ីចឹង​រឿង​នៅ​តែ​ជម្រេញ​តែ​រឿង ជួប សម្លាប់ ដដែល។ ខ្ញុំ​ស្ដាប់​ខាង​ក្រសួង​មហាផ្ទៃ គាត់​ថា ជួប សម្លាប់ ហ្នឹង​មិន​សហការ​ជាមួយ​សមត្ថកិច្ច​ទេ តែ​នេះ​ជា​ជំនាញ​របស់​ចៅក្រម​ស៊ើបសួរ ថា​តើ​គាត់​ប្រើ​បច្ចេកទេស​អី​ដើម្បី​ឲ្យ​ជនសង្ស័យ​ឆ្លើយ»

​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក មក​ពី​គណបក្ស​ប្រជាធិបតេយ្យ លោក អាឡាន់ ឡូវ៉ិនថល (Alan Lowenthal) ចាត់​ទុក​ឧក្រិដ្ឋកម្ម​លោក​បណ្ឌិត កែម ឡី នេះ វា​ពិតជា​អាក្រក់​ខ្លាំង​ណាស់។ លោក​បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​អំពី​បញ្ហា​នេះ ហើយ​បាន​ជជែក​ជាមួយ​តំណាងរាស្ត្រ​សហរដ្ឋអាមេរិក ដទៃ​ទៀត និង​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក អំពី​បញ្ហា​ដ៏​រន្ធត់​នេះ​ដែរ។ លោក​គិត​ថា វា​ពិតជា​ឃាតកម្ម​ដ៏​អាក្រក់​ជា​ទី​បំផុត​ដែល​ជា​ឧទាហរណ៍​មួយ​ទៀត​សម្រាប់​ការ​យាយី និង​សម្ពាធ​ផ្នែក​នយោបាយ។ លោក​ក៏​មិន​ដឹង​ថា នរណា​ជា​អ្នក​បញ្ជា​ពីក្រោយ​ឃាតកម្ម​នេះ​ទេ ប៉ុន្តែ​មើល​ទៅ​ដូចជា​មាន​ការ​សង្ស័យ​ច្រើន។

គិត​ចាប់​តាំង​ពី​ឆ្នាំ​១៩៩៣ មក យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ជាង ១០០​នាក់ ត្រូវ​បាន​គេ​ធ្វើ​ឃាត​ដោយសារ​ការ​បំពេញ​មុខ​ងារ​របស់​ខ្លួន ការ​បញ្ចេញ​មតិ ការ​ជាប់​ពាក់ព័ន្ធ​ជាមួយ​អ្នក​នយោបាយ និង​ហេតុផល​ផ្សេង​ទៀត។ អ្នក​ទាំង​នោះ​រួម​មាន​អ្នក​សារព័ត៌មាន សកម្មជន​គណបក្ស​នយោបាយ សកម្មជន​បរិស្ថាន សកម្មជន​ការពារ​ដីធ្លី សិល្បករ សហជីព កម្មករ​រោងចក្រ និង​ចុង​ក្រោយ​គឺ​អ្នក​វិភាគ​បញ្ហា​សង្គម និង​នយោបាយ។ ក៏ប៉ុន្តែ​ឃាតក​ពិត និង​អ្នក​នៅ​ពីក្រោយ​ខ្នង​ឃាតកម្ម​ទាំង​នោះ មក​ទល់​ពេល​នេះ មិន​ត្រូវ​បាន​សមត្ថកិច្ច​របស់​រដ្ឋាភិបាល​ចាប់​ខ្លួន​យក​មក​ផ្ដន្ទាទោស​តាមច្បាប់​នៅ​ឡើយ។

សហ​ស្ថាបនិក និង​នាយក​អង្គការ​ឃ្លាំមើល​ពិភពលោក លោក ផាទ្រីក អាឡេយ៍ (Patrick Alley) បាន​ផ្ញើ​លិខិត​ចំហ​ផ្ញើ​ជូន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន កាល​ពី​ដើម​ខែ​សីហា បាន​រៀបរាប់​ថា ឃាតកម្ម​សម្លាប់​លោក កែម ឡី គឺ​ជា​ព្រឹត្តិការណ៍​ថ្មី​បំផុត​នៃ​បណ្ដា​អំពើ​ហិង្សា​នានា ប្រឆាំង​នឹង​សមាជិក​គណបក្ស​ប្រឆាំង សកម្មជន និង​អ្នក​សារព័ត៌មាន ហើយ​កំពុង​ធ្វើ​ឲ្យ​អាប់ឱន​ដល់​ដំណើរ​ការ​លទ្ធិប្រជាធិបតេយ្យ និង​នីតិរដ្ឋ​នៅ​កម្ពុជា។ លិខិត​នេះ​បាន​ចាត់​ទុក​ថា ដំណាក់កាល​ដំបូង​នៃ​ការ​ស៊ើបអង្កេត​លើ​ឃាតកម្ម​លោក កែម ឡី មិន​បាន​ធ្វើ​អ្វី​ទាល់តែសោះ​ដើម្បី​កាត់​បន្ថយ​ការ​ភ័យខ្លាច​ដែល​ថា ការ​ស៊ើប​អង្កេត​នេះ នឹង​ត្រូវ​បរាជ័យ​ដោយ​មិន​អាច​កំណត់​រក ឬ​ផ្ដន្ទាទោស​អ្នក​ដែល​បញ្ជា​លើ​បទឧក្រិដ្ឋ​បាន​ដូច​លើក​មុនៗ​ដែរ។

លិខិត​នេះ បាន​សរសេរ​ទៀត​ថា នេះ​ជា​ភារកិច្ច​របស់​រដ្ឋាភិបាល​ក្នុង​របប​ប្រជាធិបតេយ្យ​ដែល​ការពារ​សិទ្ធិ និង​សន្តិសុខ​របស់​ប្រជាពលរដ្ឋ​ខ្លួន រួម​ទាំង​អ្នក​រិះគន់​ផង និង​ក្នុង​នាម​ជា​ហត្ថលេខី​លើ​សន្ធិសញ្ញា​សិទ្ធិមនុស្ស​ជាច្រើន រួម​ទាំង​កតិកាសញ្ញា​អន្តរជាតិ​ស្ដីពី​សិទ្ធិ​ពលរដ្ឋ និង​សិទ្ធិ​នយោបាយ​ផង។ អង្គការ​ឃ្លាំមើល​ពិភពលោក បាន​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​របស់​លោក ហ៊ុន សែន ធ្វើ​ការ​ធានា​លើ​សុវត្ថិភាព​របស់​បុគ្គល​ទាំង​នេះ និង​អ្នក​ដែល​គាំទ្រ​ពួកគេ ហើយ​គោរព​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​របស់​ពួកគេ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
សង្គម
ការ​អំពាវនាវ​ឱ្យ​ប្រើ CoolApp ជា​ការ​«ដាក់​សម្ពាធ​ទៅ​លើ​សមាជិក​បក្ស​ និង​មន្ត្រី​រាជការ​សាធារណៈ »
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។