ខ្មែរ​ក្រោម​ចង់​ឃើញ​កម្ពុជា​ក្រោម​ទទួល​ប្រយោជន៍​ពី​កិច្ចព្រមព្រៀង​សាសនា​កម្ពុជា-វៀតណាម

ដោយ យាង សុជាមេត្តា
2016-12-22
Share
ថាច់ សេដ្ឋា ៨៥៥ ប្រធាន​សមាគម​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ក្នុង​ពិធី​ខួប ៦៤​ឆ្នាំ ថ្ងៃ​អាណានិគម​និយម​បារាំង កាត់​ទឹកដី​ខ្មែរ​ឲ្យ​វៀតណាម នា​ខណ្ឌ​សែនសុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៤ ខែ​មិថុនា ឆ្នាំ​២០១៣។
RFA/Tin Zakariya

អង្គការ-សមាគម​ខ្មែរ​កម្ពុជា​ក្រោម​នៅ​កម្ពុជា ចង់​ឃើញ​ការ​អនុវត្ត​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា ជាមួយ​ប្រទេស​វៀតណាម ឲ្យ​បាន​ជា​ប្រយោជន៍​ដល់​ព្រះពុទ្ធសាសនា​នៅ​ដែនដី​កម្ពុជា​ក្រោម។ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ទៅ​កាន់​ប្រទេស​វៀតណាម កាល​ពី​ថ្ងៃ​ទី​២០ ដល់​ថ្ងៃ​ទី​២១ ធ្នូ កម្ពុជា-វៀតណាម បាន​ចុះ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា ជាមួយ​គណៈកម្មាធិការ​ជនជាតិ​នៃ​ប្រទេស​វៀតណាម។

ការ​បង្កើត​ឡើង​វិញ​នូវ​ពុទ្ធសាសនបណ្ឌិត្យ​រង​នៅ​ដែនដី​កម្ពុជា​ក្រោម ការ​ផ្តល់​អាហារូបករណ៍​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​អាច​មក​បន្ត​ការ​សិក្សា​នៅ​កម្ពុជា និង​ការ​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​ខ្មែរ អាច​បញ្ជូន​គម្ពីរ​ក្បួន​ខ្នាត​ទៅ​តម្កល់​ទុក​នៅ​តាម​ទី​អារាម​នានា​នៅ​ដែនដី​កម្ពុជា​ក្រោម ដោយ​គ្មាន​ការ​រារាំង​ពី​អាជ្ញាធរ​វៀតណាម សុទ្ធសឹងតែ​ជា​អ្វី​ដែល​ខ្មែរ​ក្រោម​ចង់​ឃើញ​ចេញ​ពី​ការ​អនុវត្ត​នូវ​កិច្ចព្រមព្រៀង​សហប្រតិបត្តិការ​រវាង​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា ជាមួយ​វៀតណាម ដែល​ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ពេល​ថ្មីៗ​នេះ។

ប្រធាន​សហគមន៍​ខ្មែរ​កម្ពុជា​ក្រោម លោក ថាច់ សេដ្ឋា ថ្លែង​ថា កាល​ពី​មុន​ឆ្នាំ​១៩៧៥ ពោល​គឺ​មុន​ពេល​ពួក​កុម្មុយនីស្ត​វៀតណាម គ្រប់គ្រង​ដែនដី​កម្ពុជា​ក្រោម ពុទ្ធសាសនា​ខ្មែរ​នៅ​កម្ពុជា​ក្រោម គឺ​នៅ​ឯករាជ្យ​ដាច់​ដោយឡែក មិន​ឋិត​ក្រោម​ការ​គ្រប់គ្រង​របស់​សមាគម​ពុទ្ធសាសនា​វៀតណាម ដែល​មាន​ការ​ជ្រោមជ្រែង​ពី​រដ្ឋ​អំណាច​វៀតណាម ឡើយ។

លើស​ពី​នេះ លោក​ថា​កាល​ពី​សម័យ​អាណានិគម​បារាំង ពុទ្ធសាសនបណ្ឌិត្យ​រង​ត្រូវ​បាន​បង្កើត​ឡើង​នៅ​ខេត្ត​ឃ្លាំង ដើម្បី​បម្រើ​ដល់​ការ​អភិវឌ្ឍ​វិស័យ​ពុទ្ធសាសនា​នៅ​ដែនដី​កម្ពុជា​ក្រោម។ បន្ថែម​ពី​លើ​នេះ ព្រះសង្ឃ​ខ្មែរ​ក្រោម​ដែល​រៀន​ចប់​នៅ​ដែនដី​កម្ពុជា​ក្រោម ក៏​ត្រូវ​បាន​រដ្ឋាភិបាល​កម្ពុជា ផ្តល់​អាហារូបករណ៍​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​កម្ពុជា ទៀត​ផង។

លោក ថាច់ សេដ្ឋា បញ្ជាក់​ថា នៅ​ពេល​លោក​ឃើញ​កម្ពុជា មាន​កិច្ចព្រមព្រៀង​ជាមួយ​វៀតណាម ពី​វិស័យ​សាសនា​ដូចនេះ លោក​ចង់​ឲ្យ​រដ្ឋាភិបាល​កម្ពុជា យក​ចិត្ត​ទុក​ដាក់​ស្នើ​បង្កើត​ឡើង​វិញ​នូវ​ពុទ្ធសាសនបណ្ឌិត្យ​រង ដែល​ខ្មែរ​ក្រោម​ធ្លាប់​មាន​កន្លង​ទៅ និង​សម្រួល​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​អាច​ឡើង​មក​បន្ត​ការ​សិក្សា​នៅ​កម្ពុជា ឲ្យ​បាន​ខ្ពង់ខ្ពស់។

លោក ថាច់ សេដ្ឋា លើក​ឡើង​បន្ថែម​ថា កន្លង​ទៅ នៅ​ពេល​ព្រះសង្ឃ ឬ​ពលរដ្ឋ​ខ្មែរ​នាំ​យក​ឯកសារ​ផ្សេងៗ ដូចជា​ព្រះ​ត្រៃបិតក ឬ​គម្ពីរ​ក្បួន​ខ្នាត​ផ្សេងៗ​ពី​កម្ពុជា ទៅ​កាន់​ដែនដី​កម្ពុជា​ក្រោម អាជ្ញាធរ​វៀតណាម តែង​រារាំង ឬ​រឹប​អូស​មិន​ឲ្យ​នាំ​ចូល​ឡើយ។ លោក ថាច់ សេដ្ឋា សង្ឃឹម​ថា តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ប្រទេស​វៀតណាម នឹង​អនុញ្ញាត​ឲ្យ​កម្ពុជា បញ្ជូន​គម្ពីរ ឬ​ក្បួន​ខ្នាត​នានា​យក​ទៅ​តម្កល់​ទុក​នៅ​តាម​ទី​អារាម​នៅ​ដែនដី​កម្ពុជា​ក្រោម ដើម្បី​ឲ្យ​ព្រះសង្ឃ​ខ្មែរ​ក្រោម​មាន​ឯកសារ​គ្រប់គ្រាន់​សម្រាប់​សិក្សា​រៀន​សូត្រ៖ «ដូច​ខាង​ក្រោម​ត្រូវ​ការ​គម្ពីរ​ដីកា​ក្បួន​ខ្នាត​ផ្នែក​សាសនា ត្រូវ​បាន​បញ្ជូន​ពី​កម្ពុជា ទៅ​ដោយ​សេរី កុំ​ឲ្យ​មាន​ការ​ឆែកឆេរ​រឹប​អូស​យក​ដូច​ពេល​កន្លង​មក។ អ៊ីចឹង​ហើយ​រដ្ឋាភិបាល​ខ្មែរ​គួរ​ពិនិត្យ​រឿង​នេះ​ឡើង​វិញ បើ​យើង​ធ្វើ​សហប្រតិបត្តិការ​ហើយ ត្រូវ​ធ្វើ​បាន​ដោយ​សេរី ទើប​វា​មាន​ភាព​ស្មើ​គ្នា»

ដែនដី​កម្ពុជា​ក្រោម មាន​ផ្ទៃក្រឡា​ប្រមាណ ៧០​ម៉ឺន​គីឡូម៉ែត្រ និង​មាន​វត្ត​អារាម​សរុប​ប្រមាណ ៥៦០​វត្ត ក្នុង​ខេត្ត-ក្រុង​សរុប​ចំនួន​២១ ក្នុង​នោះ​ខេត្ត​ព្រះត្រពាំង តែ​មួយ​គឺ​មាន​វត្ត​រហូត​ដល់ ១៤២​វត្ត។ វត្ត​ដែល​មាន​វ័យ​ចំណាស់​ជាង​គេ​បង្អស់ គឺ​ឈ្មោះ​វត្ត​សម្បួររង្សី ដែល​ឋិត​នៅ​ស្រុក​កំពង់ស្ពាន ខេត្ត​ព្រះត្រពាំង បច្ចុប្បន្ន​វៀតណាម បាន​ប្ដូរ​ទៅ​ជា​ស្រុក​កូវកែ ខេត្ត​ត្រាវិញ។ វត្ត​នេះ​ត្រូវ​បាន​កសាង​ឡើង​តាំង​ពី​ឆ្នាំ​៣៧៣ នៃ​គ្រិស្តសករាជ។ ទោះ​ជា​បែប​នេះ​ក្តី បើ​និយាយ​ពី​ការ​សិក្សា​របស់​ព្រះសង្ឃ​ខ្មែរ​ក្រោម​បច្ចុប្បន្ន​វិញ ព្រះសង្ឃ​ខ្មែរ​ក្រោម​អាច​រៀន​ខ្ពស់​បំផុត គឺ​បាន​ត្រឹម​ថ្នាក់​គរុកោសល្យ​ទី​៣ ឬ​ប្រហាក់​ប្រហែល​នឹង​ថ្នាក់​ឌីប្លូម​នៅ​កម្ពុជា ប៉ុណ្ណោះ។

ចំពោះ​កិច្ចព្រមព្រៀង​ស្ដីពី​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ធម្មការ និង​សាសនា​កម្ពុជា ជាមួយ​គណៈកម្មាធិការ​ជនជាតិ​វៀតណាម នៅ​ពេល​នេះ ត្រូវ​បាន​អ្នក​នាំ​ពាក្យ​ក្រសួង​ធម្មការ និង​សាសនា លោក សេង សុមុនី អះអាង​ថា គ្រប​ដណ្ដប់​លើ​ចំណុច​សំខាន់​ចំនួន​៣ គឺ​កិច្ច​សហប្រតិបត្តិការ​ស្វែង​យល់​សាសនា និង​ជនជាតិ​រវាង​ប្រទេស​ទាំង​ពីរ ការ​ផ្លាស់ប្ដូរ​ទស្សនកិច្ច​សិក្សា ឬ​ការ​បណ្តុះបណ្តាល និង​ការ​ផ្លាស់ប្ដូរ​ឯកសារ។ ក្រៅ​ពី​នោះ លោក​ថា​ក៏​មាន​កម្មវិធី​ផ្លាស់ប្ដូរ​អាហារូបករណ៍​ផង​ដែរ៖ «កន្លង​មក​ក៏​មាន​សង្ឃ​ខ្លះ​លោក​ទៅ​រៀន​នៅ​ពុទ្ធិកមហាវិទ្យាល័យ​នៅ​វៀតណាម ដែរ មាន​កន្លែង​ស្នាក់នៅ​ធំៗ»

លោក សេង សុមុនី មិន​បញ្ជាក់​ច្បាស់​ឆ្លើយតប​ចំពោះ​ការ​ចង់​បាន​របស់​ខ្មែរ​ក្រោម​ឡើយ ប៉ុន្តែ​លោក​សង្ឃឹម​ថា កិច្ចព្រមព្រៀង​នេះ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​នូវ​កិច្ច​សហប្រតិបត្តិការ​ដែល​ផ្តល់​ប្រយោជន៍​ដល់​ទាំង​កម្ពុជា វៀតណាម និង​ខ្មែរ​ក្រោម​ផង​ដែរ។

ទោះ​ជា​យ៉ាង​ណា លោក ថាច់ សេដ្ឋា កត់​សម្គាល់​ថា កន្លង​ទៅ គេ​ឃើញ​វៀតណាម តែង​មាន​ប្រៀប​លើ​កម្ពុជា ស្ទើរ​គ្រប់​កិច្ច​សហប្រតិបត្តិការ​ទាំងអស់ ដែល​លោក ថាច់ សេដ្ឋា ចាត់​ទុក​ថា ជា​កិច្ច​សហប្រតិបត្តិការ​មិន​មាន​ភាព​ស្មោះ​ត្រង់ ឬ​ជា​កិច្ច​សហប្រតិបត្តិការ​ចាប់​ដៃ​ជាន់​ជើង ជាដើម។ លោក​បញ្ជាក់​ថា ដើម្បី​ឲ្យ​កិច្ច​សហប្រតិបត្តិការ​មួយ​ប្រកប​ដោយ​មិត្តភាព លុះ​ណា​តែ​វា​ជា​កិច្ច​សហប្រតិបត្តិការ​ប្រកប​ដោយ​សមភាព និង​ផ្តល់​ប្រយោជន៍​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (0)

មើល​មតិ​ទាំង​អស់.

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។

គេហទំព័រ​ទាំងមូល