ពលរដ្ឋ​ខ្មែរ​ក្រោម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ស្រាបៀ​សៃហ្គន​ដក​រូបភាព​វប្បធម៌​ខ្មែរ​ចេញ​ពី​កំប៉ុង​ស្រាបៀ

ដោយ ទីន ហ្សាការីយ៉ា
2024.12.02
ពលរដ្ឋ​ខ្មែរ​ក្រោម​ទាមទារ​ឲ្យ​ក្រុមហ៊ុន​ស្រាបៀ​សៃហ្គន​ដក​រូបភាព​វប្បធម៌​ខ្មែរ​ចេញ​ពី​កំប៉ុង​ស្រាបៀ រូបភាព​លើកំប៉ូង​ស្រាបៀ សៃហ្គន (BIA SAIGON LAGER) របស់​ប្រទេស​វៀតណាម។
Screenshot

ពលរដ្ឋ​ខ្មែរ​ក្រោម ទាមទារ​ឲ្យ​រដ្ឋាភិបាល​វៀតណាម ជំរុញ​ដល់​ក្រុមហ៊ុន​ស្រាបៀ​សៃហ្គន (BIA SAIGON LAGER) ឲ្យ​ដក​រូបភាព​វប្បធម៌​ខ្មែរ​ចេញ​ពី​កំប៉ុង​ស្រាបៀ​របស់​ខ្លួន ។ ពួកគាត់ រិះគន់​ក្រុមហ៊ុន​ស្រាបៀ​សៃហ្គន​ថា បាន​បន្ទាប​តម្លៃ​វប្បធម៌​ខ្មែរ តាម​រយៈ​ការ​ប្រើប្រាស់​រូបភាព​តំណាង​ឲ្យ​វប្បធម៌​ខ្មែរ ដាក់​នៅ​លើ​កំប៉ុង​ស្រាបៀ ។

ពលរដ្ឋ​ខ្មែរ​ក្រោម​មួយ​ចំនួន​ប្រតិកម្ម​ចំពោះ​ក្រុមហ៊ុន​ស្រាបៀ សៃហ្គន របស់​ប្រទេស​វៀតណាម ដែល​បាន​ប្រើប្រាស់​រូបភាព​តំណាង​ឲ្យ​វប្បធម៌ ទំនៀមទម្លាប់ និង​សាសនា​របស់​ខ្មែរ ដាក់​នៅ​លើ​កំប៉ុង​ស្រាបៀ​របស់​ពួកគេ។

សកម្មជន​ខ្មែរ​ក្រោម លោក ថាច់ ង៉ា ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃទី១ ខែ​ធ្នូ ថា លោក​មិន​អាច​ទទួល​យក​បាន​ទេ ចំពោះ​ការ​ប្រើប្រាស់​រូបភាព​តំណាង​ឲ្យ​វប្បធម៌​របស់​ខ្មែរ ដាក់​នៅ​លើ​កំប៉ុង​ស្រាបៀ​របស់​ក្រុមហ៊ុន​វៀតណាម​បែប​នេះ។ លោក​ចាត់ទុក​រូបភាព​នេះ ជា​ការ​បន្ទាប​តម្លៃ​នៃ​វប្បធម៌​របស់​ខ្មែរ។

លោក ថាច់ ង៉ា៖ «សម្រាប់​ខ្ញុំ​ជា​យុវជន​ខ្មែរ​ក្រោម​មួយ​រូប​ខ្ញុំ​មិន​ពេញចិត្ត ដែល​ក្រុមហ៊ុន​របស់​រដ្ឋាភិបាល​វៀតណាម​ផ្សព្វផ្សាយ​វប្បធម៌​មាន​អប្សរា អុំទូក និង​វត្តអារាម​ជាដើម ខ្ញុំ​បាទ​មិន​ពេញចិត្ត​កន្លែង​ហ្នឹង​ទាល់តែ​សោះ ហើយ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ចំពោះ​ក្រុមហ៊ុន​របស់​យួន​បាទ»

ការ​លើកឡើង​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុមហ៊ុន​ស្រាបៀ សៃហ្គន (BIA SAIGON LAGER) របស់​ប្រទេស​វៀតណាម បាន​ប្រើប្រាស់​រូបភាព​តំណាង​ឲ្យ​វប្បធម៌ ទំនៀមទម្លាប់ ជំនឿ​សាសនា​របស់​ខ្មែរ ដាក់​នៅ​លើ​កំប៉ុង​ស្រាបៀ​របស់​ខ្លួន ហើយ​ស្រាបៀ​នេះ ដាក់​ឲ្យ​ចរាចរណ៍​លើ​ទីផ្សារ​របស់​ប្រទេស​វៀតណាម កាល​ពី​ដើម​ខែ​តុលា ឆ្នាំ២០២៤​កន្លង​ទៅ ។

រូបភាព ដែល​ក្រុមហ៊ុន​វៀតណាម​ដាក់​បង្ហាញ​នៅ​លើ​កំប៉ុង​ស្រាបៀ​សៃហ្គន មាន​ដូចជា រូប​ទូក​ង​ខ្មែរ រូប​អប្សរាក្នុង​ឈុត​សម្លៀក​បំពាក់​ប្រពៃណី និងកំពុងតែ​រាំ​របាំ និង​រូប​ព្រះវិហារ​ពុទ្ធសាសនា​រចនាបថ​ខ្មែរ​ជាដើម។

គេ​សង្កេត​ឃើញ រូបភាព​អប្សរា នៅ​លើ​កំប៉ុង​ស្រាបៀ សៃហ្គន នោះ គឺ​ហាក់​ដូចគ្នា​ទៅ​នឹង​តួអង្គ​អប្សរា នៅ​ក្នុង​របាំ​ព្រះរាជទ្រព្យ ឬ​របាំ​ក្បាច់​បុរាណ​ខ្មែរ ដែល​កម្ពុជា បាន​ចុះ​របាំ​នេះ ក្នុង​បញ្ជី​បេតិកភណ្ឌ​វប្បធម៌​អរូបី នៃ​មនុស្សជាតិ របស់​អង្គការ​យូណេស្កូ (UNESCO) កាល​ពី​ខែ​វិច្ឆិកា ឆ្នាំ២០០៣ ។

ជុំវិញ​រឿង​នេះ អនុ​ប្រធាន​សមាគម​ខ្មែរ​កម្ពុជា ក្រោម​ដើម្បី​សិទ្ធិ​មនុស្ស និង​អភិវឌ្ឍន៍ លោក​បណ្ឌិត សឺន ជុំជួន មាន​ប្រសាសន៍​ថា ក្រុមហ៊ុន​ស្រាបៀ​របស់​វៀតណាម មិន​គួរ​ប្រើប្រាស់​រូបភាព ដែល​តំណាង​ឲ្យ​វប្បធម៌​ខ្មែរ​ដាក់​នៅ​លើ​កំប៉ុង​ស្រាបៀ​របស់​ខ្លួន​ឡើយ ។ លោក​ថា អាជ្ញាធរ​វៀតណាម គួរតែ​ពិនិត្យ និង​មាន​វិធានការ​លើ​ក្រុមហ៊ុន​ស្រាបៀ​វៀតណាម​មួយ​នេះ។

បណ្ឌិត សឺន ជុំជួន៖ «ខ្ញុំ​យល់​ថា ការ​ផលិត​ស្រាបៀ​ដែល​យក​វប្បធម៌​របស់​ខ្មែរ​ដាក់​នៅ​លើ​កំប៉ុង​នេះ គឺ​ត្រូវ​តែ​មាន​ការ​ឆ្លងកាត់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ដូចជា ក្រសួង​វប្បធម៌ និង​ក្រសួង​ពាណិជ្ជកម្ម​របស់​វៀតណាម​ហ្នឹង មិន​គួរ​អនុញ្ញាត ឲ្យ​ក្រុមហ៊ុន​ផលិត​ស្រាបៀ​យក​រូបភាព​បែប​នេះ មក​ដាក់​នៅ​លើ​កំប៉ុង​ស្រាបៀ​ទេ»

វិទ្យុ​អាស៊ីសេរី​នៅ​មិន​ទាន់​អាច​ទាក់ទង​តំណាង​ក្រុមហ៊ុន​ស្រាបៀ​សៃហ្គន និង​ស្ថានទូត​វៀតណាម ប្រចាំ​នៅ​កម្ពុជា ដើម្បី​សុំ​ការ​ឆ្លើយតប​ជុំវិញ​បញ្ហា​នេះ បាន​នៅ​ឡើយ​ទេ នៅ​ថ្ងៃទី១ ខែ​ធ្នូ ។ ចំណែកឯ ប្រធាន​ក្រុម​អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ ស៊ុំ ម៉ាប់ ក៏​មិន​អាច​ទាក់ទង​បាន​ដែរ នៅ​ថ្ងៃ​ដដែល​នេះ។

នៅ​លើ​កំប៉ុង​ស្រាបៀ ក្រុមហ៊ុន​ស្រាបៀ​សៃហ្គន ក្រៅតែ​ពី​បង្ហាញ​រូបភាព​វប្បធម៌​ខ្មែរ ពួកគេ​ក៏​បាន​ដាក់​ឈ្មោះ​ខេត្ត​សុកត្រាំង (Soc Trang) ដែល​មាន​ឈ្មោះ​ដើម​ថា ខេត្ត​ឃ្លាំង នៅ​លើ​សំបក​កំប៉ុង អម​ដោយ​ពាក្យ​ថា ចូល​ឆ្នាំ​វៀតណាម​ឆ្នាំ ២០២៥ (Tet 2025)។ 

ពលរដ្ឋ​ខ្មែរ​ក្រោម​យល់​ថា ក្រុមហ៊ុន​ស្រាបៀ​វៀតណាម​ដាក់​រូបភាព​ដែល​បង្ហាញ​ពី​វប្បធម៌​ខ្មែរ និង​ឈ្មោះ​ខេត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម​នៅ​លើ​កំប៉ុង​ស្រាបៀ មិន​មែន​ជា​ការ​ជួយ​លើកស្ទួយ​តំលៃ​វប្បធម៌ ឬ​មុខមាត់​របស់​ខេត្ត​ខ្មែរ​នៅ​កម្ពុជា​ក្រោម​នោះ​ទេ ផ្ទុយ​ទៅ​វិញ ជា​រូបភាព នៃ​ការ​បន្ទាបបន្ថោក​ទៅ​វិញ។ ពួកគាត់​ថា បើ​វៀតណាម​ពិត​ជា​ចង់​លើក​កំពស់​តំលៃ​វប្បធម៌​ខ្មែរ​មែន​នោះ វៀតណាម​ត្រូវ​ផ្តល់​នូវ​សិទ្ធិ​សេរីភាព​ឱ្យ​ខ្មែរ​ក្រោម​ជា​ជនជាតិ​ដើម​មាន​សិទ្ធិ​ស្វ័យ​សម្រេច​ក្នុង​ការ​គ្រប់គ្រង ការ​ប្រតិបត្តិ​ជំនឿ​សាសនា និង​ការ​ធ្វើ​ពិធីបុណ្យ​ប្រពៃណី​ដោយ​គ្មាន​ការ​រំខាន ឬ​លូកលាន់​ពី​សំណាក់​អាជ្ញាធរ វៀតណាម​ជាដើម មិនមែន​យក​តំលៃ​វប្បធម៌​ខ្មែរ​មក​លូក​ឡំ​ជាមួយ​គ្រឿង​ស្រវឹង​នោះ​ទេ៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

អត្ថបទពេញនិយម
RFA
លោក ឃួង ស្រេង ពី​មន្ត្រី​ខណ្ឌ​តូច​តាច​ទៅ​ជា​អភិបាល​ក្រុង​ភ្នំពេញ​ដោយសារ​ស្នាដៃ​បម្រើ​គ្រួសារ​ត្រកូល​ហ៊ុន
អត្ថបទពេញនិយម
សង្គម
មនុស្ស ៤​នាក់​ស្លាប់ និង​ ៥​នាក់​ទៀត​របួស​ធ្ងន់ ពេល​ប្រជ្រៀតគ្នា​យក​អាំងប៉ាវ​នៅ​ភូមិគ្រឹះ​លោក សុខ គង់
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។