ពលរដ្ឋ​ធ្វើ​នំបញ្ចុក​ ត្អូញត្អែរ​ពី​ការ​លក់​នំ​ធ្លាក់​ចុះ​ ខណៈ​ពលរដ្ឋ​មិនសូវ​ទៅ​វត្ត​អារាម​ធ្វើបុណ្យ​នៅ​រដូវ​បុណ្យភ្ជុំបិណ្ឌ​

ដោយ សេក បណ្ឌិត
2022.09.19
Share on WhatsApp
Share on WhatsApp
ពលរដ្ឋ​ធ្វើ​នំបញ្ចុក​ ត្អូញត្អែរ​ពី​ការ​លក់​នំ​ធ្លាក់​ចុះ​ ខណៈ​ពលរដ្ឋ​មិនសូវ​ទៅ​វត្ត​អារាម​ធ្វើបុណ្យ​នៅ​រដូវ​បុណ្យភ្ជុំបិណ្ឌ​ ស្ត្រីអ្នកលក់នំបញ្ចុកនៅក្នុងផ្សារមួយក្នុងរាជធានីភ្នំពេញ កាលពីខែមិថុនា ឆ្នាំ២០១៩។
រូប៖ AP

ពលរដ្ឋ​ប្រកប​របរ​ធ្វើ​នំបញ្ចុក​លក់ ត្អូញត្អែរ​ពី​ការ​លក់​នំបញ្ចុក​មិនសូវ​ដាច់​ក្នុង​ឱកាស​បុណ្យ​កាន់​បិណ្ឌ​នេះ ដោយ​សារ​តែពលរដ្ឋ​មិនសូវ​ទៅ​ធ្វើ​បុណ្យ​នៅ​ទី​វត្ត​។ សង្គម​ស៊ីវិល​យល់​ឃើញ​ថា​ ពលរដ្ឋ​ជួប​ទុក្ខ​លំបាក​ក្នុង​ជីវភាព​ប្រចាំថ្ងៃ​ និង​ការ​ជំពាក់​ធនាគារ​ ដូច្នេះ​រដ្ឋាភិបាល​គួរតែ​ដោះស្រាយ​វិបត្តិសេដ្ឋកិច្ច​ និង​បង្កើត​ការងារ​ ដើម្បី​ជួយ​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​។

អ្នក​ប្រកប​របរ​ធ្វើ​នំបញ្ចុក​នៅ​ខេត្ត​ប៉ៃលិន​ ខកចិត្ត​ដែល​ក្នុង​រដូវ​បុណ្យភ្ជុំបិណ្ឌ​និង​កាន់​វេន​នៅ​តាម​វត្ត​អារាម​ និង​មិនសូវ​មាន​ការ​កុម្ម៉ង់​នំបញ្ចុក​។ ពួកគេ​លើកឡើង​ថា​រដូវ​បុណ្យភ្ជុំបិណ្ឌ​ឆ្នាំនេះ​ គឺ​ចំនួន​នំបញ្ចុក​លក់​ចេញ​មិន​ដូច​ឆ្នាំ​មុន​ឡើយ​ និង​លក់​ដូច​ថ្ងៃ​ធម្មតា​ប៉ុណ្ណោះ​។ ពួកគេ​ថា​ សិប្បកម្ម​ផលិត​នំបញ្ចុក​ដោយ​ដៃ​មួយ​ចំនួន​បាន​បោះបង់​មុខរបរ​នេះ​ ដោយសារ​លក់​មិន​ដាច់​ និង​មាន​សិប្បកម្ម​ធំ​ៗ​មួយ​ចំនួន​ងាក​មក​ផលិត​ដោយ​ម៉ាស៊ីន​ស្វ័យ​ប្រវត្តិ​។

អ្នក​ធ្វើ​នំបញ្ចុក​ម្នាក់​នៅ​ក្រុង​ប៉ៃលិន​លោក​ ជ្រិន ឈៀង ប្រាប់​វិទ្យុ​អាស៊ី​សេរី​នៅ​ថ្ងៃ​ទី​ ១៨ កញ្ញា​ ថា​ លោក​ប្រកប​របរ​នេះ​ ជិត​ ២០ឆ្នាំ​មក​ហើយ​ និង​តែងតែ​ទទួល​បាន​ការ​គាំទ្រ​ពី​ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​កុម្ម៉ង់​នំបញ្ចុក​ជាប្រចាំ​។ លោក​បន្ត​ថា​ ទិន្នន័យ​លក់​នំបញ្ចុក​សម្រាប់​បុណ្យភ្ជុំបិណ្ឌ​នេះ លក់​មិន​ដាច់​ឡើយ ដោយ​គ្មាន​ការ​កុម្ម៉ង់​ មាន​តែ​តិចតួច​ដូច​ពេល​ធម្មតា​ប៉ុណ្ណោះ គឺ លក់​បាន​ប្រមាណ​២​រយ​គីឡូក្រាម​(២០០)ក្នុង​១ថ្ងៃ​។ លោក​បន្ត​ទៀត​ថា​ ឆ្នាំ​មុន​ស្ថិត​ក្នុង​វិបត្តិ​ជំងឺ​កូវីត​១៩មែន​ ប៉ុន្តែ​ពលរដ្ឋ​ទៅ​ធ្វើ​បុណ្យ​មាន​ចំនួន​ច្រើន​ និង​តម្លៃ​ទំនិញ​នៅ​លើ​ទីផ្សារ​សមរម្យ​។ លោក​ ជ្រិន ឈៀង យល់​ឃើញ​ថា​ ពលរដ្ឋ​ធ្វើ​កសិកម្ម​មិន​សូវ​បាន​ផល​ និង​ជំពាក់​ប្រាក់​ធនាគារ​ ទើប​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​ធ្វើ​បុណ្យ​ជុំ​គ្នា​នៅ​តាម​វត្ត​៖ «វាដូច​អត់​ដាច់​សោះ​ ប្រហែល​ជា​ប្រជាជន​យើង​អត់​សូវ​មាន​លុយ​ដឹង​តាម​មើល​។ ហើយ​ណា​មួយ​ប្រហែល​អាច​ទាក់​នឹង​​ការ​ធ្វើ​របស់​យើង​ហ្នឹង​​វា​ដូច​អត់​កើន​ បើ​ប្រៀប​ធៀប​ទៅ​ឆ្នាំ​មុន​ វា​ដូច​ចាញ់​ឆ្នាំ​មុន​ ធ្វើ​តែ​បន្តិច​ៗ​ហ្នឹង​ តែ​ព្រឹក​ៗ​ឡើង​ ឆ្នាំ​មុន​វា​មាន​បញ្ហា​កូវីត​ ប៉ុន្តែ​ដូច​រាង​ដាច់​គ្រាន់​ជាង​ឆ្នាំ​នេះ​។ ធ្វើ​នៅ​ធម្មតា​ៗ​ដូច​យើង​បោះ​ម៉ូយ​មាន​ប៉ុន្មាន​ធ្វើ​ប៉ុន​ហ្នឹង​ តាម​ម៉ូយ​អី​ អ្នកខ្លះ​គេ​សម្រាក​គេ​អី​ច្រើន​ដែរ​ហ្នឹង​ហាស»

ស្រដៀង​គ្នា​នោះ​ដែរ​អ្នក​ធ្វើ​នំបញ្ចុក​ម្នាក់​ទៀត​នៅ​ស្រុក​សាលាក្រៅ​ លោក​ ណឹង ចំណាន លើក​ឡើង​ថា​ មុខ​របរ​នំបញ្ចុក​បច្ចុប្បន្ន​កាន់​តែ​លំបាក​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ទៅ​ដល់​ជីវភាព​គ្រួសារ​។ លោក​បន្ត​ថា​ រដូវ​បុណ្យ​ភ្ជុំ​នេះ​លោក​គ្មាន​ការ​កុម្ម៉ង់​ពី​ខាង​វត្ត​អារាម​ណា​ឡើយ​ ហើយ​ការ​ធ្វើ​នំ​បញ្ចុក​តាម​លក្ខណៈ​ប្រពៃណី​បច្ចុប្បន្ន​របស់​លោក​ និង​អ្នក​ភូមិ​ អាច​ប្រឈម​បោះបង់​តែ​ម្ដង​ ព្រោះ​មិន​អាច​ទប់​ទល់​នឹង​ការ​ចំណាយ​ប្រចាំថ្ងៃ​បាន​។ លោក​ ណឹង ចំណាន បញ្ជាក់​ថា​នៅ​តំបន់​លោក​ មិន​សូវ​ឃើញ​ពលរដ្ឋ​ទៅ​វត្ត​ឡើយ​ ព្រោះ​ពលរដ្ឋ​ក្នុង​ភូមិ​ភាគ​ច្រើន​មាន​ជីវភាព​ក្រីក្រ​៖ «ខ្ញុំ​ទៅ​វត្ត​ដែរ​ ប៉ុន្តែ​ឃើញ​ចាស់​ៗ​ប្រហែល​៤នាក់​ ឬ​១០នាក់​ ។ ប្រជាពលរដ្ឋ​ជាក់ស្តែង​ឥឡូវ​គាត់​អត់​សូវ​គិត​ពី​រឿង​បុណ្យ​ទៀន​ប៉ុន្មាន​ទេ​ ដោយ​សារ​គាត់​ កត្តា​ទី​១ គឺ​ដោយ​សារ​គាត់​ជំពាក់​អង្គការ​ច្រើន​ អ៊ីចឹង​ទៅ​គាត់​អត់​មាន​ឆ្លៀត​ពេល​វេលា​ណា​ទៅ​វត្ត​បាន​ទេ​ គាត់​គិត​តែ​ពី​រក​ ធ្វើ​ម៉េច​សន្សំ​លុយ​ដល់​ខែ​បង់​អោយ​គេ​។ កត្តា​ទី​២បញ្ហា​ជីវភាព​ក្នុង​គ្រួសារ​វា​ចេះ​តែ​ថយ​ទៅ​ៗ រក​អ្វី​មិន​សូវ​បាន​ អ៊ីចឹង​ទៅ​ គាត់​មិន​សូវ​ហ៊ាន​ចំណាយ​ផ្ដេសផ្ដាស​។ បុណ្យ​ទៀន​ហ្នឹង​ គាត់​លៃលក​ធ្វើ​មិន​ពេញ​ដៃ​ពេញ​ជើង​ដូច​ថា​ធ្វើ​ទាំង​អត់​ មិន​មាន​អ្វី​ហូរ​ហៀរ​ទៅ​ធ្វើ​អ៊ីចឹង​ ធ្វើ​ទាំង​បង្ខំ​ចិត្ត​គាត់​ឥឡូវ»

ទាក់ទង​នឹង​បញ្ហា​នេះ​ប្រធាន​មន្ទីរ​ធម្មការ​ និង​សាសនា​ខេត្ត​ប៉ៃលិន​ លោក​ សំ សាវឿន លើកឡើង​ថា​ វត្ត​នៅ​តាម​ទី​ជនបទ​ មិន​សូវ​មាន​ពលរដ្ឋ​ទៅ​ច្រើន​ ដោយ​សារ​វត្ត​នៅ​ក្បែរ​ៗ​គ្នា​ ហើយ​កម្រិត​ពលរដ្ឋ​មាន​ចំនួន​តិច​ ប៉ុន្តែ​វត្ត​នៅ​តាម​ទី​ប្រជុំ​ជន​ គឺ​មាន​ពលរដ្ឋ​មក​វត្ត​ច្រើន​ធម្មតា​។ លោក​បន្ត​ថា សហគមន៍​ មន្ទីរ​ និង​អង្គភាព​ផ្សេង​ៗ​ក្នុង​ខេត្ត បាន​កាន់​វេន​ទៅ​តាម​វត្ត​នៅ​តាម​ឃុំ​ផ្សេង​ៗ​គ្នា​ ទៅ​តាម​តំបន់​ដែល​ម្ចាស់​ការ​៖ «ប្រជាពលរដ្ឋ​ហ្នឹង​ ខ្លះ​ទៅ​មិនបាន​ទៅ​ទាំងអស់​គ្នា​ប៉ុន្មាន​ទេ​ ព្រោះ​អី​អា​នេះ​កូវីត​វា​នៅ​វាយលុក​នៅ​ឡើយ​ទេ​មិន​ត្រូវ​ទៅ​ច្រើន​​។ ក្នុង​មួយ​ផ្ទះ​អ៊ីចឹង​ទៅ​ គេ​បាន​ទៅ​ម្នាក់​ ២នាក់​ ក្នុង​១គ្រួសារ​អ៊ីចឹង​ហាស​ក្មួយ​ហាស​ មិន​បាន​ទៅ​ទាំងអស់​ ខ្លះ​នៅ​ចាំផ្ទះ​ ខ្លះ​ទៀត​បងប្អូន​យើង​ដែល​ធ្វើ​ចំណាក​ស្រុក​ហ្នឹង​ ក៏​អត់​បាន​មក​ធ្វើ​ដែរ​ បាន​នៅ​ប្រជាពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​មិន​អាច​ទៅ​ធ្វើ​អាជីវករ​មុខ​របរ​អ្វី​ ក៏​បាន​ទៅ​អ៊ីចឹង​ហែ​​មិន​អី​ទេ​លោក​ប្អូន​»

ទោះ​ជា​យ៉ាងណា​ប្រជាពលរដ្ឋ​ និង​សង្គម​ស៊ីវិល​ នៅ​តែ​ទទូច​ដល់​រដ្ឋាភិបាល​ស្វែង​រក​វិធី​សាស្ត្រ​ និង​ធ្វើ​ផែនការ​ច្បាស់​លាស់​ ដើម្បី​លើក​កម្ពស់​ជីវភាព​ពលរដ្ឋ​ និង​ដោះស្រាយ​ប្រឈម​នា​នា​ ដែល​កើត​ឡើង​។

ជុំវិញ​រឿង​នេះ​ នាយក​ទទួល​បន្ទុក​កិច្ចការ​ទូទៅ​ អង្គការ​លីកាដូ លោក​ អំ សំអាត មើល​ឃើញ​ថា​ ខេត្ត​នៅ​តាម​ព្រំដែន​ ដែល​សម្បូរ​ទៅ​ដោយ​ពលរដ្ឋ​ចំណាក​ស្រុក​ ហើយ​រដូវ​បុណ្យ​ភ្ជុំបិណ្ឌ មិនសូវ​មាន​ពលករ​ត្រឡប់​មក​វិញ​ពី​ប្រទេស​ថៃ​ឡើយ​។ លោក​បន្ត​ថា​ ពលរដ្ឋ​នៅ​តាម​ទី​ជនបទ​ ភាគ​ច្រើន​មាន​ជីវភាព​ខ្វះខាត​ក្រោយ​ពី​វិបត្តិ​កូវីត​១៩ កសិផល​មាន​តម្លៃ​ថោក​ និង​មាន​ពលរដ្ឋ​ខ្លះ​នៅ​មាន​ការ​បារម្ភ​ពី​កូវីត​១៩ នាំ​អោយ​ពុំសូវ​មាន​មនុស្ស​ច្រើន​នៅ​តាម​វត្ត​អារាម​៖ «បញ្ហា​ដែល​សំខាន់​ គឺ​បញ្ហា​សេដ្ឋកិច្ច​របស់​ពួកគាត់​ទេ​ ទាក់ទង​នឹង​បញ្ហា​ចំណាក​ស្រុក ហើយ​នឹង​បញ្ហា​ប្រកប​របរ​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ភូមិ​។ អ៊ីចឹង​ បើ​សិន​ជា​ចប់​វិបត្តិ​កូវីត​១៩នេះ​ រាជ​រដ្ឋាភិបាល​ពង្រឹង​ឡើង​វិញ​នូវ​សេដ្ឋកិច្ច​នៅ​ក្នុង​ប្រទេស​ ជា​ពិសេស​គឺ​ផលិតផល​ កសិផល​អោយ​មាន​តម្លៃ​ ទីផ្សារ​ ហើយ​មាន​ការងារ​នៅ​ក្នុង​ស្រុក​ច្រើន​។ អា​ហ្នឹង​គឺ​អាច​នឹង​មាន​មនុស្ស​ច្រើន​ ដើម្បី​នៅ​ចូលរួម​ពិធី​បុណ្យ​ផ្សេង​ៗ ឬ​ក៏​មាន​មនុស្ស​ច្រើន​នៅ​ក្នុង​មូលដ្ឋាន​ ឬ​ក៏​ភូមិ​របស់​គាត់​ហ្នឹង​ ដែល​អាច​អោយ​ប្រជាពលរដ្ឋ​ ប្រកប​មុខ​របរ​ផ្សេង​ៗ​ដូច​ជា​ការ​លក់​នំបញ្ចុក​ នំ​អី​នេះ​ វា​មាន​ការ​ដាច់​ហ្នឹង​ឯង»

សង្គម​ស៊ីវិលយល់​ឃើញ​ថា ​រដ្ឋាភិបាល​គួរ​មាន​ផែនការ​ ពង្រឹង​សេដ្ឋកិច្ច​របស់​ពលរដ្ឋ​នៅ​តាម​មូលដ្ឋាន​ ដោយ​បង្កើត​ការងារ​ រក​ទីផ្សារ​កសិផល​ ដើម្បី​ជួយ​ពលរដ្ឋ​អោយ​មាន​ជីវភាព​ប្រសើរ​ឡើង​ ជៀសវាង​ការ​ធ្វើ​ចំណាក​ស្រុក​ទៅ​ប្រទេស​ជិតខាង​៕

កំណត់​ចំណាំ​ចំពោះ​អ្នក​បញ្ចូល​មតិ​នៅ​ក្នុង​អត្ថបទ​នេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។