ទាហាន​ខ្មែរ​ម្នាក់​របួស​ដោយសារ​ថៃ​បាញ់​រះ​មក​ចំ​កម្លាំង​ដើរ​ល្បាត​ការពារ​ព្រំដែន​ខ្មែរ

ដោយ ហង្ស សាវយុត
2014.09.30
Share on WhatsApp
Share on WhatsApp
ទាហាន​ខ្មែរ ព្រះវិហារ ៣០៥ ទាហាន​ខ្មែរ​​​នៅ​តំបន់​មុខ​ប្រាសាទ​ព្រះវិហារ រូប​ថត​ថ្ងៃ​ទី​៨ ខែ​កុម្ភៈ ឆ្នាំ​២០១១
RFA/Hang Savyouth

ការ​ប្រឈម​មុខ​តានតឹង​ខាង​សព្វាវុធ​ដាក់​គ្នា​រវាង​ទាហាន​ខ្មែរ​ថៃ ក្នុង​រឿង​ជម្លោះ​ព្រំដែន​នៅ​ជុំវិញ​តំបន់​ប្រាសាទ​ព្រះវិហារ បាន​ស្ងប់ស្ងាត់​រយៈពេល​ជាង ៣​ឆ្នាំ​មក​ហើយ។ ក៏ប៉ុន្តែ កាល​ពី​ថ្ងៃ​ត្រង់​ថ្ងៃ​ទី​២៩ ខែ​កញ្ញា ទាហាន​ថៃ ដែល​ប្រចាំ​ការពារ​ព្រំដែន​ស្រុក​ណាំយឺន នៃ​ខេត្ត​អ៊ូប៊ុនរ៉ាត់ថានី បាន​បាញ់​កាំភ្លើង​មក​លើ​ទាហាន​ខ្មែរ​នៅ​ច្រក​អានសេះ បណ្ដាល​ឱ្យ​មាន​ការ​បាញ់​ត​គ្នា​ប្រហែល​ជា ៣​នាទី។

ប្រភព​ព័ត៌មាន​ពី​អាជ្ញាធរ​ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះវិហារ ឱ្យ​ដឹង​ថា យ៉ាង​ហោច​ណាស់​មាន​ទាហាន​ខ្មែរ​ម្នាក់​បាន​រង​របួស កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​កញ្ញា បន្ទាប់​ពី​មាន​ការ​បាញ់​អាវុធ​ចេញ​ពី​ភាគី​ថៃ រះ​មក​ចំ​កម្លាំង​ការពារ​ព្រំដែន​ខ្មែរ ដែល​កំពុង​ដើរ​ល្បាត​នៅ​តាម​បន្ទាត់​ព្រំដែន។

អភិបាល​ស្រុក​ជាំក្សាន្ត នៃ​ខេត្ត​ព្រះវិហារ គឺ​លោក ជា គឹមសេង។ លោក​មាន​ប្រសាសន៍​កាល​ពី​រសៀល​ថ្ងៃ​អង្គារ ទី​៣០ ខែ​កញ្ញា ថា មាន​ហេតុការណ៍​បាញ់​កាំភ្លើង​ត​គ្នា​មួយ​រវាង​ទាហាន​ថៃ និង​ទាហាន​ខ្មែរ នៅ​ម្ដុំ​ច្រក​ព្រំដែន​អានសេះ ចម្ងាយ​ប្រមាណ ៣០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង ឆៀង​ខាង​កើត​ពី​ប្រាសាទ​ព្រះវិហារ កាល​ពី​ម៉ោង ១២ និង ៣០​នាទី​រសៀល​ថ្ងៃ​ទី​២៩ ខែ​កញ្ញា។

អភិបាល​ស្រុក​ដដែល​បញ្ជាក់​ថា ការ​បាញ់​រះ​ដែល​ចាប់​ផ្ដើម​ចេញ​ពី​ភាគី​ថៃ មុន​នោះ បណ្ដាល​ឱ្យ​ទាហាន​ខ្មែរ​ម្នាក់​ក្នុង​ចំណោម ៩​នាក់ ដែល​កំពុង​ដើរ​ល្បាត​ការពារ​ព្រំដែន​រង​របួស។ ក៏ប៉ុន្តែ​ទោះ​យ៉ាង​ណា លោក​មិន​ដឹង​ពី​មូលហេតុ​នៃ​ការ​បាញ់​នោះ​បណ្ដាល​មក​ពី​អ្វី​ឡើយ៖ «ជាទូទៅ ទាហាន​តាម​បន្ទាត់​ព្រំដែន​យើង​តែង​តែ​ដើរ​ល្បាត។ ក្រោយ​ពេល​ដើរ​ល្បាត ហើយ​ត្រឡប់​មក​ដល់​គោលដៅ​វិញ ភាគី​ខាង​ថៃ ផ្ទុះ​អាវុធ​មក​លើ​ទាហាន​ខ្មែរ​យើង បណ្ដាល​ឱ្យ​របួស ប៉ុន្តែ​ទាហាន​ខ្មែរ​យើង​បាន​ត​ទប់ទល់​វិញ​ការពារ​ខ្លួន។ ខ្ញុំ​ដឹង​តែ​ប៉ុណ្ណឹង ហើយ​យោង​តាម​របាយការណ៍​មេ​ទិស គេ​ហ្នឹង​ព្រឹក​មិញ​ក៏​ដូច​គ្នា​ដែរ»

ប្រភព​ព័ត៌មាន​ដែល​អាច​យក​ជា​ការ​បាន ឱ្យ​ដឹង​ថា ទាហាន​ខ្មែរ​ម្នាក់​ដែល​រង​របួស​នៅ​ពេល​ផ្ទុះ​អាវុធ​នោះ នៅ​ក្នុង​វរៈ​លេខ​៤០៥ ចំណុះ​ឱ្យ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ព្រះវិហារ។

កាល​ពី​ព្រឹក​ថ្ងៃ​ទី​អង្គារ ទី​៣០ ខែ​កញ្ញា មេ​បញ្ជាការ​យោធា​ខ្មែរ​សំខាន់ៗ​ទទួល​បន្ទុក​ការពារ​ព្រំដែន​ប្រចាំ​ទិស​ប្រាសាទ​ព្រះវិហារ បាន​ជួប​ប្រជុំ​គ្នា​ដើម្បី​រក​ដើម​ហេតុ​នៃ​ការ​ផ្ទុះ​អាវុធ នៅ​ជិត​ច្រក​ព្រំដែន​អានសេះ នោះ។

ទោះ​យ៉ាង​ណា មេបញ្ជាការ​កង​យោធពល​ខេមរៈ​ភូមិ នៃ​កងពល​ធំ​អន្តរាគមន៍​លេខ​៣ ដែល​គ្រប់គ្រង​ព្រំដែន​ជុំវិញ​ប្រាសាទ​ព្រះវិហារ លោក​ឧត្តមសេនីយ៍ឯក ស្រី ឌឹក មិន​បាន​អធិប្បាយ​ហេតុការណ៍​នោះ​យ៉ាង​ណា​ទេ ដោយ​លោក​បញ្ជាក់​ថា គ្រាន់​តែ​ដឹង​រឿង ហើយ​ជំរុញ​ឱ្យ​សួរ​ទៅ​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ព្រះវិហារ វិញ៖ «អត់​ទាន់​ក្ដាប់​បាន​ទេ ទាល់​តែ​ទាក់ទង​ទៅ​មុខ ទាក់ទង​ទៅ លោក សោម បុប្ផារ័ត្ន ទៅ»

វិទ្យុ​អាស៊ីសេរី មិន​អាច​ទាក់ទង​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​ខេត្ត​ព្រះវិហារ លោក​ឧត្តមសេនីយ៍ សោម បុប្ផារ័ត្ន ដើម្បី​សុំ​ការ​បំភ្លឺ​រឿង​នេះ​បាន​ថា​យ៉ាង​ណា​នៅ​ឡើយ ដោយសារ​តែ​លោក​មិន​ទទួល​ទូរស័ព្ទ។

គេហទំព័រ​ក្នុង​ស្រុក​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ម៉ោង ១០ ​និង ៣៥​នាទី​ថ្ងៃ​អង្គារ ទី​៣០ ខែ​កញ្ញា បាន​ដកស្រង់​សម្ដី​អគ្គ​មេបញ្ជាការ​រង​នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​គ្រប់គ្រង​ព្រំដែន​ប្រចាំ​ទិស​យោធភូមិភាគ​ទី​៤ លោក​ឧត្តមសេនីយ៍ ជា តារា ដោយ​មាន​ប្រសាសន៍​ថា ទាហាន​ខ្មែរ​ម្នាក់​ក្នុង​អង្គភាព​៤០៥ និង​ទាហាន​ថៃ ការពារ​ព្រំដែន​ស្រុក​ណាំយឺន ខេត្ត​អ៊ូប៊ុន ម្នាក់ បាន​រង​របួស​នៅ​ពេល​បាញ់​កាំភ្លើង​ដាក់​គ្នា កាល​ពី​រសៀល​ថ្ងៃ​ទី​២៩ ខែ​កញ្ញា នៅ​ជិត​ច្រក​ព្រំដែន​អន្តរជាតិ​អានសេះ នោះ។

លោក​ឧត្តមសេនីយ៍ ជា តារា បញ្ជាក់​ថា ការ​បាញ់​កាំភ្លើង​ដៃ​ដាក់​គ្នា​រវាង​ទាហាន​ថៃ និង​ទាហាន​ការពារ​ព្រំដែន​ខ្មែរ​នោះ គឺ​ដោយសារ​តែ​មាន​ការ​យល់​ច្រឡំ​គ្នា។ ក៏ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា ក៏​សភាពការណ៍​នៅ​តំបន់​ព្រំដែន​គ្មាន​អ្វី​ប្រែប្រួល​ទេ គឺ​ស្ថិត​ក្នុង​សភាព​ស្ងប់ស្ងាត់៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

រឿង​ដែល​គេ​អាន​​ច្រើន​បំផុត
RFA
ធនាគារ​ABA មិន​ព្រម​បើកប្រាក់​ជាង​១​ម៉ឺន ៥​ពាន់​ដុល្លារ ដែល​ឧបត្ថម្ភ​ដល់​បុគ្គលិក​ណាហ្គាវើលដ៍
បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។