ក្រសួង​មហាផ្ទៃ​ព្រមាន​ចាត់ការ​ក្រុម​អ្នក​បំភ្លៃ​ព័ត៌មាន​មិន​ពិត​ថា​មាន​ករណី​ចាប់​ក្មេង

ដោយ រាជ វិញ្ញូ
2017-07-31
អ៊ីម៉ែល
មតិ
Share
បោះពុម្ព
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួង​មហាផ្ទៃ ចូលរួម​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ពី​ការ​អនុវត្ត​ច្បាប់​ចរាចរណ៍​ដើម​ឆ្នាំ២០១៦ នា​ក្រសួង​មហាផ្ទៃ កាល​ថ្ងៃទី២១ ខែ​មករា ឆ្នាំ​២០១៦។
RFA

មន្ត្រី​ជាន់​ខ្ពស់​ក្រសួង​មហាផ្ទៃ ព្រមាន​ប្រើប្រាស់​ផ្លូវ​ច្បាប់​ដើម្បី​កម្ចាត់​ក្រុម​អ្នក​ចាត់​តាំង ដែល​បាន​បំភ្លៃ​ព័ត៌មាន​មិន​ពិត​កន្លង​ទៅ ថា​កម្ពុជា មាន​មនុស្ស​ដើរ​ចាប់​យក​កូន​ក្មេង។ ក្រោយ​ពី​មាន​ការ​លើក​ឡើង​ពី​មន្ត្រី​ក្រសួង​មហាផ្ទៃ នេះ អាជ្ញាធរ​ខេត្ត​កំពង់ធំ បាន​សម្រេច​បញ្ជូន​ខ្លួន​អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ ម្នាក់ ទៅ​តុលាការ បន្ទាប់​ពី​បាន​បង្ហោះ​ព័ត៌មាន​ផ្សព្វផ្សាយ​តាម​ទំព័រ​ហ្វេសប៊ុក (facebook) របស់​ខ្លួន ថា​មាន​ជនជាតិ​វៀតណាម ចាប់​យក​ក្មេង​វះ​យក​គ្រឿង​ក្នុង។

នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន លោក ខៀវ សុភ័គ អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ សង្ស័យ​ថា អាច​មាន​ក្រុម​អ្នក​ចាត់​តាំង​មនុស្ស​ឲ្យ​ធ្វើ​សកម្មភាព​បង្ហោះ​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​តាម​ទំព័រ​ហ្វេសប៊ុក ថា​កម្ពុជា កំពុង​មាន​មនុស្ស​តាម​ចាប់​យក​កូន​ក្មេង​ដើម្បី​ទម្លាក់​កំហុស​មក​លើ​កម្លាំង​សមត្ថកិច្ច​រដ្ឋាភិបាល ថា​អសមត្ថភាព​ចំពោះ​បញ្ហា​នេះ។

លោក​បន្ត​ថា រដ្ឋាភិបាល​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​ថា ការ​ផ្សាយ​ព័ត៌មាន​មិន​ពិត​បែប​នេះ ជា​រឿង​អាច​ប្រឈម​មុខ​នឹង​ច្បាប់ បន្ទាប់​ពី​រដ្ឋាភិបាល​ស្វែងរក​ឃើញ​ថា​ពុំ​មាន​ករណី​ចាប់​កូន​ក្មេង​ដូច​មាន​ការ​បង្ហោះ​ព័ត៌មាន​ព្រោងព្រាត​តាម​ទំព័រ​ហ្វេសប៊ុក​ទាំងនោះ​ឡើយ។

លោក ខៀវ សុភ័គ សង្កត់​ធ្ងន់​ថា កម្លាំង​អាជ្ញាធរ​នឹង​ជីក​ឲ្យ​ដល់​ឫស ដើម្បី​តាម​ចាប់​មេខ្លោង​មក​ផ្ដន្ទាទោស​តាម​ផ្លូវ​តុលាការ​ឲ្យ​បាន ប្រសិន​បើ​មាន​ក្រុម​ចាត់​តាំង​ដូច​ការ​សង្ស័យ​របស់​លោក​មែន៖ «ប្រសិន​បើ​មាន​មែន​ទោះ​នៅ​កន្លែង​ណា​រក​មេ​ឯង​ទាល់​តែ​ឃើញ»

ការ​លើក​ឡើង​របស់​នាយ​ឧត្តមសេនីយ៍​ផ្កាយ​បួន​រូប​នេះ ស្រប​ពេល​អាជ្ញាធរ​នៅ​ខេត្ត​កំពង់ធំ កាល​ពី​រសៀល​ម៉ោង​២ ថ្ងៃ​ទី​៣០ កក្កដា បាន​សម្រេច​បញ្ជូន​ខ្លួន​អ្នក​លេង​ហ្វេសប៊ុក​ជា​សកម្មជន​បក្ស​ប្រឆាំង​ម្នាក់​ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ ណៃ ស៊ីណេង (Nay Sineng) ទៅ​កាន់​តុលាការ ដើម្បី​ឲ្យ​ប្រឈម​មុន​នឹង​ផ្លូវ​ច្បាប់ ដោយ​ការ​ចោទ​ថា បាន​បំភ្លៃ​ព័ត៌មាន​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​ភ្ញាក់ផ្អើល។ កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ ណៃ ស៊ីណេង រូប​នេះ​បាន​បង្ហោះ​រូបថត​មួយ​ចំនួន ដែល​បង្ហាញ​អំពី​ការ​ភ្ញាក់ផ្អើល​ចោមរោម​របស់​ប្រជាពលរដ្ឋ​វាយ​បុរស​ពីរ​នាក់ ស្ថិត​នៅ​ភូមិ​អណ្ដូងពោធិ៍ ឃុំ​គ្រើល ស្រុក​បារាយណ៍ ខេត្ត​កំពង់ធំ ព្រម​ទាំង​សរសេរ​រៀបរាប់​ថា បុរស​ទាំង​ពីរ​នាក់​នេះ​គឺ​ជា​ជនជាតិ​វៀតណាម និង​បាន​ដើរ​ចាប់​ក្មេង​ដើម្បី​វះ​យក​ក្រលៀន និង​ភ្នែក ដែល​ជា​ករណី​គួរ​តែ​ប្រជាពលរដ្ឋ​ប្រុង​ប្រយ័ត្ន។

ស្នងការ​រង​ខេត្ត​កំពង់ធំ លោក កែ ខាន់ណារ៉ា ថ្លែង​ប្រាប់​អាស៊ីសេរី​នៅ​ថ្ងៃ​ទី​៣០ កក្កដា ថា ការ​បង្ហោះ​ព័ត៌មាន​របស់​បុរស​រូប​នេះ​មិន​មែន​ជា​ការពិត​សូម្បី​បន្តិច​ឡើយ ហើយ​ព្រះរាជអាជ្ញា​បាន​សម្រេច​ឃាត់​ខ្លួន​រូប​គាត់​បញ្ជូន​ទៅ​តុលាការ បើ​ទោះ​ជា​បុរស​នេះ​ទទួល​ស្គាល់​កំហុស​ថា ការ​បង្ហោះ​ព័ត៌មាន​ចាប់​ក្មេង​នោះ​ជា​ការ​យល់​ច្រឡំ​ក្ដី៖ «ហើយ​គេ​អនុវត្ត​ច្បាប់​យ៉ាង​ម៉េច លោក​សួរ​ទៅ​ខាង​តុលាការ»

សមត្ថកិច្ច​ខេត្ត​កំពង់ធំ រូប​នេះ​បញ្ជាក់​ថា បុរស​ទាំង​ពីរ​នាក់​ដែល​ត្រូវ​ពលរដ្ឋ​ព្រួត​គ្នា​វាយ​ដោយ​ចោទ​ប្រកាន់​ថា​ជា​ជនជាតិ​វៀតណាម និង​បាន​ចាប់​កូន​ក្មេង​នោះ គឺ​តាម​ពិត ពួក​គេ​បាន​ប្រព្រឹត្ត​បទល្មើស​ចោរកម្ម​ប៉ុណ្ណោះ ហើយ​តុលាការ​ក៏​ចេញ​ដីកា​រួច​ហើយ​ដើម្បី​តាម​រក​ចាប់​ខ្លួន។ លោក​បន្ត​ថា បន្ទាប់​ពី​រង​កា​វាយ​ដំ​ពី​ប្រជាពលរដ្ឋ ជន​សង្ស័យ​ទាំង​ពីរ​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ដើម្បី​ព្យាបាល មុន​នឹង​ត្រូវ​បញ្ជូន​ទៅ​តុលាការ​នៅ​ពេល​ក្រោយ។

ទោះ​ជា​យ៉ាង​ណា ប្រធាន​ប្រតិបត្តិ​ខេត្ត​កំពង់ធំ គណបក្ស​សង្គ្រោះ​ជាតិ លោក ស៊ុន ចន្ធី ទទួល​ស្គាល់​ថា លោក ណៃ ស៊ីណេង គឺ​ពិត​ជា​សកម្មជន​គណបក្ស​ប្រឆាំង​ពិត​មែន ប៉ុន្តែ​គ្រាន់​តែ​ជា​អ្នក​គាំទ្រ​ធម្មតា ដែល​តែង​ចូលរួម​សកម្មភាព​ជាមួយ​គណបក្ស​នៅ​ថ្ងៃ​ណា​ទំនេរ​ប៉ុណ្ណោះ និង​មិន​មែន​ជា​មន្ត្រី​ស្ថិត​ក្នុង​រចនាសម្ព័ន្ធ​គ្រប់គ្រង​ដោយ​គណបក្ស​ឡើយ។ លោក ស៊ុន ចន្ធី យល់​ថា ការ​បញ្ជូន​ខ្លួន​អ្នក​គាំទ្រ​គណបក្ស​ប្រឆាំង​ទៅ​តុលាការ​នៅ​ពេល​នេះ អាច​ជា​រឿង​នយោបាយ​ច្រើន​ជាង៖ «គាត់​ទៅ​សាលារៀន​ទេ ហើយ​ត្រឡប់​មក​វិញ គាត់​ឃើញ​ព្រឹត្តិការណ៍​ហ្នឹង គាត់​ចូល​សួរ​ពលរដ្ឋ​ថា មាន​ព្រឹត្តិការណ៍​អី​កើត​ឡើង ហើយ​គាត់​លើក​ឡើង​តាម​ប្រជាពលរដ្ឋ​តែ​ប៉ុណ្ណឹង​ទេ វា​គ្មាន​អី​ទៅ​ធ្ងន់ធ្ងរ​ទេ»

លោក ខៀវ សុភ័គ មន្ត្រី​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ បញ្ជាក់​ទៀត​ថា ក្រៅ​ពី​ករណី​បង្ហោះ​ព័ត៌មាន​មិន​ពិត​ថា​មាន​ការ​ចាប់​កូន​ក្មេង​នៅ​ខេត្ត​កំពង់ធំ និង​នៅ​ទីក្រុង​ភ្នំពេញ​កន្លង​ទៅ ករណី​ផ្សាយ​ព័ត៌មាន​មិន​ពិត​ស្រដៀង​គ្នា​នេះ ក៏​បាន​កើត​មាន​នៅ​ក្នុង​ខេត្ត ក្រុង​មួយ​ចំនួន ដូចជា​នៅ​ខេត្ត​ប៉ៃលិន និង​ខេត្ត​ព្រះសីហនុ ជាដើម ដែល​បង្ក​ឲ្យ​មាន​ក្ដី​ភ័យ​ព្រួយ​ទៅ​ដល់​មាតា​បិតា​ចំពោះ​កូនៗ​ខ្លួន ដែល​ត្រូវ​ចេញ​ទៅ​សាលារៀន។ លោក ខៀវ សុភ័គ បន្ថែម​ថា ការ​បំភ្លៃ​ព័ត៌មាន​របៀប​នេះ តាម​ពិត​កើត​មាន​ឡើង​តាំង​ពី​លោក​នៅ​វ័យ​កុមារ។

ជាមួយ​គ្នា​នេះ កាល​ពី​ថ្ងៃ​ទី​២៩ កក្កដា ស្នងការ​នគរបាល​ខេត្ត​ព្រះសីហនុ លោក ជួន ណារិន្ទ ក៏​បាន​ព្រមាន​ប្ដឹង​បុរស​ម្នាក់​ដែល​មាន​គណនី​ហ្វេសប៊ុក​ឈ្មោះ ពៅ វីរៈបុត្រ (Pov Vireak Bot) ប្រសិន​បើ​ម្ចាស់​គណនី​នេះ​មិន​ចេញ​មក​បកស្រាយ​បំភ្លឺ​ជុំវិញ​ការ​បង្ហោះ​ព័ត៌មាន​តាម​ហ្វេសប៊ុក​របស់​ខ្លួន ថា​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​អ្នក​ចាប់​ក្មេង​វះ​ពោះ​យក​គ្រឿង​ក្នុង​ទៅ​លក់​នៅ​ប្រទេស​វៀតណាម។

លោក​ស្នងការ​បញ្ជាក់​តាម​ហ្វេសប៊ុក​បន្ត​ថា បន្ទាប់​ពី​កម្លាំង​ជំនាញ​ចុះ​ទៅ​ស្រាវជ្រាវ គឺ​ពុំ​ឃើញ​មាន​ករណី​នេះ​កើត​ឡើង​ក្នុង​ខេត្ត​ព្រះសីហនុ ឡើយ ហើយ​ការ​ចុះ​ផ្សាយ​នោះ គឺ​ជា​ការ​បំពុល​បរិយាកាស​នាំ​ឲ្យ​ពលរដ្ឋ​យល់​ច្រឡំ និង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សន្តិសុខ​សង្គម និង​ប្រទេស​ជាតិ។

ថ្វី​បើ​យ៉ាង​នេះ​ក្ដី ប្រធាន​ការិយាល័យ​មេធាវី​ក្រុម​អ្នក​ច្បាប់​អមរិន្ទ្រ លោក​មេធាវី សុក សំអឿន យល់​ឃើញ​ថា អាជ្ញាធរ​គួរ​តែ​ប្រើប្រាស់​វិធីសាស្ត្រ​ហៅ​អ្នក​ដែល​តែង​ផ្សាយ​ព័ត៌មាន​មិន​ពិត​ទាំងនេះ មក​អប់រំ​ទើប​ប្រសើរ​ជាង។ លោក​បន្ត​ថា ការ​ប្រើប្រាស់​ផ្លូវ​ច្បាប់​នៅ​ពេល​នេះ ហាក់​ដូចជា​ការ​បំភ័យ​ទៅ​ដល់​ប្រជាពលរដ្ឋ​ដទៃ​ទៀត​កុំ​ឲ្យ​ចែក​រំលែក​ព័ត៌មាន​គ្នា​តាម​ទំព័រ​ហ្វេសប៊ុក​បន្ត​ទៀត៖ «តាម​ខ្ញុំ​ថា មិន​អី​ទេ បើ​យើង​ឧទាហរណ៍ កាសែត​គេ​ចុះ​វិញ ហើយ​ចុះ​ខុស គេ​ចាប់​ដែរ​ម៉េច​អ្នក​កាសែត​មាន​ការ​ចេះ​ដឹង យល់​ដឹង​ខុស​អត់​អី តែ​ពលរដ្ឋ​ខុស​តិចតួច​ចាប់​ដាក់​គុក​អ៊ីចឹង? អត់​ត្រូវ​ទេ»

កាល​ពី​ពេល​ថ្មីៗ​នេះ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រកាស​លេខ​ទូរស័ព្ទ​របស់​ក្រសួង​មហាផ្ទៃ ចំនួន ២​ខ្សែ​សម្រាប់​ផ្ដល់​ព័ត៌មាន​បន្ទាន់ ទាក់ទង​នឹង​ការ​ចាប់​ក្មេង ឬ​សិស្ស​សាលា គឺ​តាម​រយៈ​ទូរស័ព្ទ​លេខ ០៣១ ២០ ១២៣៤៥ និង​លេខ ០៣១ ៦០ ១២៣៤៥៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

ព័ត៌មាន (1)
Share

អ្នក​អាន​អនាមិក


លោកផ្កាយប្រាំចេញសម្តីមកចាក់ឲ្យដល់ឫស ចុះម្តេចក៍មិនចាក់ឲ្យដល់ឫសផងចំពោះអ្នកនៅពីក្រោយឃាតកម្មវីរះជន កែម ឡី? ចាក់ឲ្យដល់ឫសហើយឬនៅចំពោះអ្នកនៅពីក្រោយការសម្លាប់លោក ជា វិជ្ជា នឹងវីរះជនខ្មែរដ៍អង់អាចក្លាហានដែលត្រូវពួកតិរច្ឆានធ្វើឃាត? សំដីរបស់លោកមិនសមនឹងផ្កាយនៅលើស្មាសោះ តើផ្កាយទាំងប្រាំបីហ្នឹងអស់ដីរាស្ត្រប៉ុន្មានហិកតាដែរលោក?

Jul 31, 2017 09:15 PM

គេហទំព័រ​ទាំងមូល