សមត្ថកិច្ច​ពុំ​ទាន់​កំណត់​មុខ​សញ្ញា​ឃាតក​បាញ់សម្លាប់​ឧកញ៉ា​ម្នាក់​នៅ​កណ្ដាល​ក្រុងភ្នំពេញ

ដោយ ទេព សុរ៉ាវី
2014.11.23

សមត្ថកិច្ច​នគរបាល​កំពុងតែ​ស៊ើបអង្កេត រក​ឃាតក​ដែល​បាន​បាញ់សម្លាប់​ឧកញ៉ា​ម្នាក់ ជា​ម្ចាស់​ហាង​ពេជ្រ​មួយ​នៅ​រាជធានី​ភ្នំពេញ។ ជនរងគ្រោះ​ត្រូវ​បាន​សមត្ថកិច្ច​អះអាង​ថា ជា​អ្នក​មាន​ស្ដុកស្ដម្ភ និង​ជា​ម្ចាស់​សហគ្រាស​រកស៊ី​គ្រឿងសំណង់​គ្រប់​ប្រភេទ។

សមត្ថកិច្ច​នៅ​មិនទាន់​កំណត់​មុខសញ្ញា​ឃាតក ដែល​បាន​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ បាន​នៅ​ឡើយ​ទេ រហូតដល់​រសៀល​ថ្ងៃ​ទី​២៣ វិច្ឆិកា ក្រោយពី​ជនរងគ្រោះ ត្រូវ​បាន​ឃាតក​២​នាក់ បាញ់សម្លាប់​ជាច្រើន​គ្រាប់​នៅ​ក្បែរ​ស្តា​ត​អូឡាំពិក។

មន្ត្រី​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា សមត្ថកិច្ច​ជំនាញ​កំពុង​តែ ដុត​ដៃ​ដុត​ជើង ស្វែងរក​ឃាតក​ដែល​បាន​បាញ់សម្លាប់​ឧកញ៉ា អ៊ឹង ម៉េងជឺ។ ប៉ុន្តែ​នៅ​មិនទាន់​អាច ទម្លាយ​ព័ត៌មាន​លំអិត​ពី​ការស៊ើបអង្កេត​នោះ​បាន​នៅឡើយ៖ «ចំពោះ​មុខ​ដែល​យើង​ត្រូវ​ធ្វើ​នេះ​គឺ​ស្វែងរក​ចាប់ខ្លួន​ជនល្មើស​ប៉ុណ្ណឹង​ឯង ស្វែង​រកមើល​អស់ពី​ចិត្ត​ពី​ថ្លើម​បំផុត​ដើម្បី​ធ្វើ​យ៉ាងណា​ស្វែងរក​ឲ្យ​ឃើញ»

ឧកញ៉ា អ៊ឹង ម៉េងជឺ ថៅកែ​ហាង​ពេជ្រ​ហុងកុង នៅ​ក្បែរ​ផ្សារ​ថ្មី ត្រូវ​បាន​ឃាតក​២​នាក់​បាញ់សម្លាប់​ជា ច្រើន​គ្រាប់ កាលពី​ម៉ោង​ប្រមាណ​៧​យប់ ថ្ងៃ​សៅរ៍​ទី​២២ វិច្ឆិកា នៅ​ពេល​ដែល​លោក ចុះ​ពី​ឡាន ដើរ​សំដៅ​ទៅ​រក​ទិញ​ផ្លែឈើ​នៅ​ហាង​លក់​ផ្លែឈើ​មួយ​កន្លែង​យីហោ ឡោ តិចសេង នៅ​ក្បែរ​ស្តាត​អូឡាំពិក។

តាម​វីដេអូ​ឃ្លី​ប​ពី​ការ​បាញ់​សម្លាប់​ជនរងគ្រោះ ដែល​ថត​បាន​ពី​កាមេរ៉ា​សុវត្ថិភាព ហើយ​ត្រូវ​បង្ហោះ តាម​បណ្ដាញ​សង្គម​ហ្វេ​ស​បុក​នោះ ឲ្យ​ដឹង​ថា​ជន​ដៃ​ដល់​នោះ​ពាក់​ឯកសណ្ឋាន​ស៊ីវិល ពាក់មួក​កន្តឹប ខ្មៅ គ្មាន​ម៉ាស់​បិទមុខ មាន​វិទ្យុ​ទាក់ទង​នៅ​ចង្កេះ ប្រើ​កាំភ្លើងខ្លី​បាញ់​ជាច្រើន​គ្រាប់​ទៅលើ​លោក អ៊ឹង ម៉េងជឺ។ លោក អ៊ឹង ម៉េងជឺ បាន​ព្យាយាម​រត់គេច ពី​ការ​បាញ់​ប្រហារ​នោះ តែ​លោក​ត្រូវ​ដួល​ស្លាប់​ផ្កាប់មុខ​នៅ​ក្បែរ​រថយន្ត​ទំនើប របស់​ខ្លួន។

សាក្សី​ម្នាក់​នៅ​ក្បែរ​កន្លែង​កើត​ហេតុ មានប្រសាសន៍​សុំ​មិន​បញ្ចេញ​ឈ្មោះថា នៅ​ពេល​កើតហេតុ នោះ គេ​បាន​លឺ​សំឡេង​គ្រាប់កាំភ្លើង​ជាច្រើន​គ្រាប់​បាញ់​ជាប់ៗ​គ្នា។ ពេល​ដែល​គេ​មក​មើល​ស្រាប់តែ ឃើញ​មនុស្ស​ដេក​ដួល​ស្លាប់​លើ​ដី ហើយ​អ្នក​ជិត​ខាង​បាន​មក​ចោមរោម​មើល​នៅ​កន្លែង​កើត​ហេតុ មុននឹង​សមត្ថកិច្ច​បាន​ទៅដល់៖ «ខ្ញុំ​ឃើញ​មនុស្ស​នៅ​ជុំវិញ​នឹង​ច្រើន (កន្លែង​កើតហេតុ) ហើយ​គាត់​បាន​ដេក​ដួល»

មន្ត្រី​នាំ​ពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័ក នៅ​មិនទាន់​អាច​សន្និដ្ឋាន​ជុំវិញ​មូលហេតុ ដែល​នាំ​ឲ្យ​មាន​ករណី​ឃាតកម្ម បាញ់សម្លាប់​មនុស្ស​កណ្ដាល​ក្រុងភ្នំពេញ​នេះ បាន​នៅឡើយ​ទេ។ តែ​ប្រភព​ពី​សមត្ថកិច្ច បាន​បង្ហើប​ឲ្យ​ដឹង​ថា​ករណី​នេះ អាច​ពាក់ព័ន្ធ​នឹង​បញ្ហា​គំនុំ ព្រោះ​ឃាតក​ក្រោយពី​បាញ់​សម្លាប់​ជនរងគ្រោះ​រួច ក៏​គេច​ខ្លួន​បាត់ ដោយ​មិនបាន​យក​ទ្រព្យសម្បត្តិ អ្វី​របស់​ជន​រង គ្រោះ​ឡើយ។

យ៉ាងណា​ស្ត្រី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ ដែល​ជា​អ្នកជិតខាង​នៃ​ហាង​លក់​ពេជ្រ​របស់​ជនរងគ្រោះ ឲ្យ ដឹង​ថា​ឧកញ៉ា​ដែល​ស្លាប់ និង​ប្រពន្ធ​របស់​លោក គឺជា​មនុស្ស​ស្លូតបូត មិន​ធ្លាប់​មាន​ទំនាស់​ជាមួយ​នរណា។ ស្ត្រី​ដដែល​នោះ​សម្ដែង​ការ​សោកស្ដាយ និង​រន្ធត់ចិត្ត​ចំពោះ​ករណី​បាញ់សម្លាប់​នេះ។ ប្រជាពលរដ្ឋ​រាជធានី​ភ្នំពេញ មាន​ការ​ភ្ញាក់ផ្អើល និង​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព ក្រោយ​មានការ​បាញ់​សម្លាប់​នោះ​កណ្ដាល​ទីប្រជុំជន​នោះ ពីព្រោះ​ពេលវេលា និង​ទីកន្លែង​បាញ់​នោះ ជា​ពេល​មនុស្ស​ធ្វើ​ដំណើរ​កុះករ និង​ចរាចរណ៍​នៅ​ទីនោះ មាន​ភាព​ចង្អៀត​កកស្ទះ តែ​ឃាតក​បាន​រត់​គេច​ចេញ​ទៅ​ដោយ​សុវត្ថិភាព។

បច្ចុប្បន្ន​សព​លោក​ឧកញ៉ា អ៊ឹង ម៉េងជឺ ត្រូវ​បាន​គ្រួសារ​សព យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។

បញ្ចេញ​មតិយោបល់៖

បញ្ចូលមតិរបស់អ្នកដោយបំពេញទម្រង់ខាងក្រោមជាអក្សរសុទ្ធ។ មតិនឹងត្រូវសម្រេចដោយអ្នកសម្របសម្រួល និងអាចពិនិត្យកែប្រែឲ្យស្របតាម លក្ខខណ្ឌនៃការប្រើប្រាស់ របស់វិទ្យុអាស៊ីសេរី។ មតិនឹងមិនអាចមើលឃើញភ្លាមៗទេ។ វិទ្យុអាស៊ីសេរី មិនទទួលខុសត្រូវចំពោះខ្លឹមសារនៃមតិដែលបានចុះផ្សាយឡើយ។ សូមគោរពមតិរបស់អ្នកដទៃ ហើយប្រកាន់ខ្ជាប់នូវការពិត។