មន្ត្រីសង្គមស៊ីវិលថា អាជ្ញាធរខេត្តកំពង់ឆ្នាំង បរាជ័យក្នុងការជម្លៀសពលរដ្ឋវៀតណាមចេញពីលើទឹកបឹងទន្លេសាប

មន្ត្រីសង្គមស៊ីវិលអះអាងថា អាជ្ញាធរខេត្តកំពង់ឆ្នាំង បានបរាជ័យក្នុងការអនុវត្តយន្តការជម្លៀសពលរដ្ឋវៀតណាមចេញពីផ្ទៃបឹងទន្លេសាប។ ពួកគេសង្កេតឃើញថា ពលរដ្ឋវៀតណាមភាគច្រើន នៅតែបន្តរស់នៅលើទឹកក្នុងផ្ទៃបឹងទន្លេសាបដដែល បើទោះបីជា អាជ្ញាធរខេត្តនេះ បានកាត់ឆ្វៀលដីព្រៃលិចទឹកទំហំ ៤០ហិកតារ សម្រាប់ចែកជូនពួកគេក្តី ក៏ពុំឃើញមានអ្នកចូលទៅរស់នៅដែររយៈពេលជាង ២ឆ្នាំមកហើយ។
មន្ត្រីអង្គការការពារសិទ្ធិជនជាតិភាគតិច ប្រាប់ អាស៊ីសេរី នៅថ្ងៃទី០៤ មករា ថា មកទល់ពេលនេះ មានពលរដ្ឋប្រមាណ ១០គ្រួសារប៉ុណ្ណោះ បានទៅតាំងទីលំនៅថ្មី ក្នុងតំបន់៤០ហិកតារដែលអាជ្ញាធរផ្ដល់ដីសម្បទានសង្គមកិច្ចជូនពលរដ្ឋវៀតណាម។ លើសពីនេះទៀត ពលរដ្ឋដែលរស់នៅលើផ្ទះបណ្តែតទឹកក្នុងសង្កាត់ផ្សារឆ្នាំង និងសង្កាត់ខ្សាម ប្រមាណជិត១ពាន់គ្រួសារ ភាគច្រើនមិនទាន់ផ្លាស់ទីលំនៅមករស់នៅលើគោកនៅឡើយទេ។
ប្រធានអង្គការការពារសិទ្ធិជនជាតិភាគតិចប្រចាំខេត្តកំពង់ឆ្នាំង លោក ទត គឹមស្រូន មានប្រសាសន៍ថា ដីសម្បទានសង្គមកិច្ចទំហំ៤០ហិកតារសម្រាប់ចែកជូនពលរដ្ឋរស់នៅលើផ្ទះបណ្តែតទឹក គេឃើញមានការពុះលក់ដោយក្នុងមួយឡូត៍ៗតម្លៃជាង ២ពាន់ដុល្លារ។ លោកថា តំបន់នោះ មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធតិចតួចបំផុត។ ចំណែក អាជ្ញាធរខេត្តនេះ បានដាក់ឱសានវាទជាច្រើនលើកមកហើយឱ្យពលរដ្ឋវៀតណាមផ្លាស់មករស់នៅលើគោកវិញ តែគ្មានលទ្ធផល៖ «មកដល់ថ្ងៃនេះ តាមខ្ញុំមើលមិនទាន់ឃើញមានថា ពួកគាត់ទៅរស់នៅកន្លែងដីប្លុក មានភាគតិចណាស់ប្រហែលខ្ទង់ ១០គ្រួសារ ប៉ុណ្ណឹងទេ។ យើងមើលទៅ ដូចមិនទាន់មានការអភិវឌ្ឍអ្វីទេ មានតែបង្គោលភ្លើងបុកទៅចំលើដីហ្នឹង។ មានបង្គោលភ្លើងគេរៀបចំអស់ហើយ ប៉ុន្តែប្លុកដី ៤០ហិកតារហ្នឹង ត្រង់ណាអន្លង់ គឺនៅអន្លង់ដដែលទេ»។
កាលពីឆ្នាំ២០១៨ រដ្ឋាភិបាលបានធ្វើអនុបយោគកាត់ដីលិចទឹក ទំហំ៤០ហិកតារ ក្នុងភូមិដំបូកកកោះ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ឋិតនៅកៀកបឹងទន្លេសាប ដើម្បីរៀបចំដីសម្បទានសង្គមកិច្ចជូនប្រជាពលរដ្ឋឱ្យបម្លាស់ទីពីផ្ទះទឹកជាង២ពាន់គ្រួសារ ក្នុងនោះភាគច្រើនជាជនជាតិវៀតណាម។
អាស៊ីសេរី បានព្យាយាមទាក់ទងអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន តែអ្នកលើកទូរស័ព្ទនិយាយថា ច្រឡំលេខ។ ចំណែកអភិបាលរងខេត្តកំពង់ឆ្នាំងទទួលបន្ទុកជម្លៀសពលរដ្ឋវៀតណាមឡើងគោក លោក ស៊ុន សុវណ្ណារិន ក៏មិនអាចសុំការឆ្លើយតបបានដែរ នៅថ្ងៃទី០៤ មករា ព្រោះគ្មានអ្នកលើកទូរស័ព្ទ។
តែយ៉ាងណា លោក សុវណ្ណារិន ធ្លាប់ប្រាប់ អាស៊ីសេរី ថា នៅខេត្តកំពង់ឆ្នាំង មានផ្ទះបណ្ដែតទឹកជិត ៤ពាន់គ្រួសារ ក្នុងនោះមានជនជាតិវៀតណាមជិត២ពាន់គ្រួសារ។ បច្ចុប្បន្ន នៅខេត្តកំពង់ឆ្នាំង មានជនជាតិវៀតណាមរស់នៅជាង១ម៉ឺននាក់ (១០.០៨៧) ហើយកន្លែងដែលជនជាតិវៀតណាមរស់នៅច្រើនជាងគេ គឺនៅផ្សារក្រោម សង្កាត់កំពង់ឆ្នាំង សង្កាត់ផ្សារឆ្នាំង សង្កាត់ខ្សាម តំបន់ឆ្នុកទ្រូ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ហើយក្រៅពីនោះនៅស្រុកកំពង់ត្រឡាច និងតំបន់ផ្សេងៗទៀត។
ប្រធានសមាគមវៀតណាម លោក ស៊ឹម ជី បដិសេធមិនផ្តល់បទសម្ភាសន៍ដល់ អាស៊ីសេរី ទេ ព្រោះលោកថា កំពុងជាប់រវល់៖ «ខ្ញុំកំពុងជាប់ភ្ញៀវ អធ្យាស្រ័យមានអី ចាំពេលល្ងាចស្អែក ភ្ញៀវកំពុងអង្គុយជុំវិញ... ប៉ុណ្ណឹងសិន»។
កាលពីខែតុលា ឆ្នាំ២០២០ អាជ្ញាធរខេត្តកំពង់ឆ្នាំង បានដាក់ឱសានវាទរយៈពេល ១ខែ ឱ្យពលរដ្ឋវៀតណាម ដែលកំពុងរស់នៅលើផ្ទះបណ្តែតទឹក ក្នុងសង្កាត់ខ្សាម សង្កាត់ផ្សារក្រោម និងតំបន់ផ្សេងទៀតក្នុងក្រុងកំពង់ឆ្នាំង ឱ្យឡើងគោកជាកំហិត។ ក៏ប៉ុន្តែ ឱសានវាទនេះពុំទទួលបានជោគជ័យនោះទេ។
ប្រធានសមាគមបណ្តាញយុវជនកម្ពុជា លោក អ៊ុល វ៉ាន់ យល់ថា អាជ្ញាធរខេត្តកំពង់ឆ្នាំង ត្រូវមានវិធានការម៉ឺងម៉ាត់ ដោះស្រាយរឿងនេះដើម្បីសុវត្ថិភាពបរិស្ថានទន្លេសាប មិនត្រូវពន្យារពេលនោះទេ។ លោកថា ការបណ្ដោយឱ្យពលរដ្ឋវៀតណាមរស់នៅលើទឹកក្នុងផ្ទៃបឹងទន្លេសាបកាន់តែច្រើន នឹងបង្កគ្រោះថ្នាក់ខ្លាំងដល់សុវត្ថិភាពបរិស្ថានទន្លេ ប៉ះពាល់ត្រី និងជីវចម្រុះ៖ «យើងដឹងហើយថា ប្រជាជនរស់នៅលើទឹក គឺមានការបន្ទោរបង់ ឬក៏ប្រើប្រាស់ទឹក ដែលធ្វើឱ្យប៉ះពាល់គុណភាពទឹក និងអនាម័យជីវចម្រុះ ហើយនឹងទន្លេក្នុងបឹងទន្លេសាបរបស់យើង»។
ចំណែកអ្នកនាំពាក្យសមាគមអាដហុក លោក ស៊ឹង សែនករុណា សង្កេតឃើញថា មានពលរដ្ឋវៀតណាមខុសច្បាប់ជាច្រើន មកតាំងទីលំនៅក្នុងប្រទេសកម្ពុជា តែការអនុវត្តច្បាប់របស់អាជ្ញាធរមានតិចតួចប៉ុណ្ណោះ។ លោកថា រដ្ឋាភិបាលគួរតែចុះពិនិត្យពីប្រសិទ្ធភាពការងាររបស់អាជ្ញាធរខេត្តកំពង់ឆ្នាំងឡើងវិញទាក់ទិនការដោះស្រាយបញ្ហានេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។